en     km
en     km

វិភាគ​៖​ តើ​កត្តា​អ្វី​នាំ​ឱ្យ​អំពើ​ឆក់​ប្លន់​កើនឡើង​?

Share

រូបតំណាង
រូបតំណាង

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​  អំពើ​ឆក់​ប្លន់​បាន​កក្រើក​ឡើង​ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទូ​ទាំង​ប្រទេស​។​ ក្នុង​អំពើ​ឆក់​ប្លន់​ទាំងនោះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ និង​បាត់បង់​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​។​ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​លើក​ជា​ច​ម្ង​ល់​ថា​ ហេតុ​អ្វី​ក៏​មាន​ អំពើ​ចោរកម្ម​កើតឡើង​ផ្ទួនៗ​ម្ល៉េះ​?​

​ខ្លះ​សរសេរ​ថា​ ទីក្រុង​ភ្នំពេញ​គួរ​ឱ្យ​ខ្លាច​នៅ​ពេល​រាត្រី​។​ ចំណែក​សមត្ថកិច្ច​វិញ​ ក៏​បាន​ចេញ​បង្ក្រាប​ក្រុម​ចោរឆក់​ប្លន់​ទាំងនោះ​ ដោយ​បាន​ចាប់ខ្លួន​ និង​បាញ់​សម្លាប់​អ្នក​តដៃ​ផង​ដែរ​។​ តើ​កត្តា​អ្វីខ្លះ​នាំ​ឱ្យ​អំពើ​ឆក់​ប្លន់​កើនឡើង​ខ្លាំង​បែប​នេះ​?
​សូម​ស្ដាប់​បទ​វិភាគ​រៀបរៀង​ជូន​ដោយ​លោក​ ណុ​ល​ ដា​រ៉ា​ ដូច​តទៅ​៖

​មួយ​រយៈ​ចុង​ក្រោយ​នេះ​ អំពើ​ឆក់​ និង​ប្លន់​ប្រដាប់​អាវុធ​ បាន​កំពុង​កើតឡើង​យ៉ាង​ផុលផុស​ ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ទាំង​នៅ​តាម​បណ្ដា​ខេត្ត​នានា​។​ អំពើ​ឆក់​ប្លន់​ទាំងនោះ​ ក្រៅពី​ធ្វើ​ឱ្យ​បាត់បង់​ទ្រព្យសម្បត្តិ​ ក៏​ធ្វើ​ឱ្យ​ម្ចាស់ទ្រព្យ​ទាំងនោះ​របួស​ ពិការ​ ឬ​ស្លាប់​ទៀត​ផង​។​

​កាលពី​ខែ​ចុង​វិច្ឆិកា​កន្លង​មកនេះ​ នៅ​ខេត្តកំពង់ស្ពឺ​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​ ដូច​ជា​ប្លន់​ផ្ទះ​ជាងកាត់សក់​របស់​លោកនាយក​រដ្ឋមន្ត្រី​ និង​ប្លន់​ផ្ទះ​ប្រធាន​ពន្ធដារ​ខេត្តកណ្ដាល​ ដែល​មា​នទី​តាំងនៅ​ភូមិ​ព្រៃ​រកា​ ឃុំ​រកា​កោះ​ ស្រុក​គងពិសី​។​

​ចំណែកឯ​នៅ​រាជធានី​ភ្នំពេញ​ អំពើ​ឆក់​កាបូប​ និង​ទូរ​សព្ទ​ដៃ​ បណ្ដាល​ឱ្យ​ស្ត្រី​ជា​ច្រើន​រង​របួស​ ពិការ​ ឬ​ស្លាប់​។​ ក្នុង​ចំណោម​ជន​រង​គ្រោះ​ដោយសារ​អំពើ​ឆក់​កាបូប​ និង​ឆក់​ទូរ​សព្ទ​ដៃ​ទាំងនោះ​ មាន​ស្ត្រី​អ្នក​សារព័ត៌មាន​របស់​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ចំនួន​ ៣​ នាក់​ផង​ដែរ​ ធ្វើ​ឱ្យ​បាត់បង់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចំនួន​ ៤​ គ្រឿង​ និង​លុយ​ជិត​៣​ពាន់​ដុល្លារ​។​

​កាលពី​ថ្ងៃ​សុក្រ​ ទី​១១​ ខែធ្នូ​ កន្លង​មក​ថ្មីៗ​នេះ​ មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​មួយ​នៅ​ក្នុង​សង្កាត់​បឹង​កក់​២​ ខណ្ឌ​ទួល​គោល​ បាន​បណ្ដាល​ឱ្យ​ស្លាប់​យុវជន​ម្នាក់​។​ នៅ​ថ្ងៃ​ទី​១២​ ខែធ្នូ​ អំពើ​ប្លន់​ទ្រង់ទ្រាយ​ធំ​ចំនួន​បី​ករណី​ទៀត​នៅ​ខេត្តកណ្ដាល​ ពោធិ៍សាត់​ និង​បាត់ដំបង​ ក្នុង​នោះ​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ និង​បាត់បង់​ទ្រព្យសម្បត្តិ​ជាង​ ៣០​ ម៉ឺន​ដុល្លារ​។​

​តើ​កត្តា​អ្វីខ្លះ​បណ្ដាល​ឱ្យ​អំពើ​ឆក់​ប្លន់​កើនឡើង​?

លោក​ មាស​ នី អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​
លោក​ មាស​ នី ​

​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​ មាស​ នី​ មាន​ប្រសាសន៍​ថា​ តាម​ការ​សង្កេត​នា​ពេល​កន្លង​មក​ អំពើ​ឆក់​ប្លន់​ច្រើន​កើតឡើង​នៅ​មុន​ពេល​បោះ​ឆ្នោត​។​ ទាក់ទង​នឹង​អំពើ​ចោរកម្ម​កើតឡើង​ច្រើន​នេះ​ លោក​ថា​ មាន​ពាក្យ​ចចាមអារ៉ាម​ថា​ នៅ​ជិត​ពេល​បោះ​ឆ្នោត​ រដ្ឋាភិបាល​ច្រើន​តែ​បង្ហាញ​សាច់ដុំ​ឱ្យ​មហាជន​ឃើញ​ តាម​រយៈ​ការ​បង្កើន​ក្រុម​សន្តិសុខ​ចល័ត​ ហើយ​នៅ​ពេល​ដែល​ក្រុម​សន្តិសុខ​ចល័ត​ចេញ​ច្រើន​ អំពើ​ចោរកម្ម​ក៏​មាន​ច្រើន​ដែរ​។​

​លោក​ មាស​ នី​ បន្ត​ថា​ ពាក្យ​ចចាមអារ៉ាម​បន្ថែម​ថា​ ការ​កើត​មាន​អសន្តិសុខ​ច្រើន​នេះ​ ក៏​អាច​ជា​ផ្នែក​មួយ​ដែល​រដ្ឋាភិបាល​ចង់​បង្ហាញ​ថា​ បើកាលណា​មិន​មានការ​គ្រប់គ្រង​ត្រឹមត្រូវ​ រដ្ឋាភិបាល​ណា​ដែល​មិន​មាន​សមត្ថភាព​ គឺ​ពិតជា​មិន​អាច​គ្រប់គ្រង​អំពើ​ចោរកម្ម​បាន​ទេ​។​

​លោក​ មាស​ នី​ មាន​ប្រសាសន៍​ថា​៖​ «​នៅ​ក្នុង​ពេល​តាំងពី​រដ្ឋាភិបាល​ចាប់ផ្ដើម​បង្កើត​នូវ​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​មក​ យើង​ឃើញ​ថា​ តាំងពី​ពេល​នោះ​មក​ គឺ​អាវុធ​ហ្នឹង​ហាក់ដូចជា​មាន​ចរាចរណ៍​នៅ​ខាងក្រៅ​ច្រើន​ជាង​មុន​។​ អ៊‍ីចឹង​បាន​ ដល់​អ៊‍ីចឹង​ទៅ​ចោរប្លន់​ក៏​វា​កើត​ទៅ​តាម​ សកម្មភាព​របស់​កង​សន្តិសុខ​ហ្នឹង​ដែរ​ ប៉ុន្តែ​ត្រង់​ថា​វា​ទាក់ទង​គ្នា​យ៉ាងម៉េច​ អាហ្នឹង​យើង​អត់​ហ៊ាន​ថា​ទេ​ណា៎​!​ ដោយសារ​យើង​គ្មាន​ភស្តុ​តាង​»​។​

​លោក​ មាស​ នី​ មាន​ប្រសាសន៍​បន្ថែម​ ដោយ​កត់​សម្គាល់ថា​ តាម​ធម្មតា​ បើសិនជា​មានការ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ច្រើន​ គួរ​ណាស់​តែ​អំពើ​ចោរកម្ម​ឆក់​ប្លន់​ថយ​ចុះ​ តែ​ជា​រឿង​ដែល​ចម្លែក​ ព្រោះ​នៅ​ពេល​កម្លាំង​សន្តិសុខ​កើនឡើង​ អំពើ​ចោរកម្ម​ក៏​កើនឡើង​ដែរ​។​

​លោក​ មាស​ នី​ មាន​ប្រសាសន៍​បន្ត​ថា​៖​ «​យើង​ដឹង​ហើយ​ថា​ ស្រុក​ខ្មែរ​យើង​កន្លង​មក​ហើយ​អាវុធ​ហ្នឹង​បាន​ប្រមូល​អស់ហើយ​ រហូត​ដល់​យើង​មាន​សុវត្ថិភាព​សង្គម​ហ្នឹង​ស្ទើរតែ​ ១០០%​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ប៉ុន្តែ​ឥឡូវនេះ​វា​ស្រាប់តែ​ជា​កើត​ទៀត​ ហើយ​កើត​ច្រើន​ហ្នឹង​គឺ​ប្រដំ​ត្រសង​គ្នា​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ចាប់ផ្ដើម​បង្កើន​សាច់ដុំ​ ពិសេស​គឺ​ការ​បង្កើន​កម្លាំង​សន្តិសុខ​អី​សម្រាប់​ការពារ​អ្នក​ធ្វើ​បាតុកម្ម​ស្អីៗ​ផ្សេងៗ​ហ្នឹង​។​ អ៊‍ីចឹង​ក្នុង​ស្ថានភាព​បែប​ហ្នឹង​ បើ​យើង​និយាយ​អំពី​ការ​បង្ហាញ​ជា​សាធារណៈ​សាច់ដុំ​នៃ​កម្លាំង​សន្តិសុខ​ វា​គួរ​ណាស់​តែ​ចោរ​ហ្នឹង​ថយ​ …​ »​។​

លោក សន ជ័យ តំណាងបណ្តាញគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា
លោក សន ជ័យ

ចំណែកឯ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ វិញ​ មាន​ប្រសាសន៍​ថា​ មាន​មូលហេតុ​ពីរ​ ដែល​នាំ​ឱ្យ​មាន​អំពើ​ចោរកម្ម​កើនឡើង​ខ្លាំង​ គឺ​ល្បែងស៊ីសង​ និង​គ្រឿងញៀន​។​

​លោក​ សន​ ជ័យ​ បាន​លើក​ឧទាហរណ៍​ករណី​នៅ​ខេត្តកោះកុង​ថា​ នៅ​ទីនោះ​ពី​មុន​មក​មិនសូវ​មាន​អំពើ​ឆក់​ប្លន់​ទេ​ ប៉ុន្តែ​ចាប់តាំងពី​រដ្ឋាភិបាល​ឱ្យ​មាន​ល្បែង​ជល់​មាន់នៅ​កន្លែង​ស្វា​វ៉ៃ​បុក​នោះ​មក​ អំពើ​ឆក់​ប្លន់​បាន​កើត​មាន​គួរ​ឱ្យ​បារម្ភ​។​ លោក​ថា​ មូលហេតុ​ធំ​បំផុត​ ដែល​នាំ​ឱ្យ​មាន​អំពើ​ឆក់​ប្លន់​កាប់សម្លាប់​កើតឡើង​ គឺ​ល្បែងស៊ីសង​នេះ​តែ​ម្ដង​។​

​លោក​ សន​ ជ័យ​ មាន​ប្រសាសន៍​ថា​៖​ «​សំខាន់​គឺ​ត្រូវ​តែ​បង្ក្រាប​ល្បែងស៊ីសង​ទាំងឡាយ​ណា​ដែល​ខុសច្បាប់​ ហើយ​ល្បែង​ដែល​ស្របច្បាប់​ហ្នឹង​ ត្រូវ​ធានា​ថា​ហាម​មិន​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​លេង​ហ្នឹង​ គឺ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ល្អ​ ព្រោះ​កន្លង​មក​ដូច​ជា​ល្បែង​ស្អី​ប្រជល់​បក្សី​កីឡា​ ឬ​ក៏​ជល់​មាន់​ជល់​អីហ្នឹង​ ទៅ​ជា​ល្បែង​ខុសច្បាប់​ ប៉ុន្តែ​ឥឡូវនេះ​វា​ទៅ​ជា​ល្បែង​ស្របច្បាប់​នៅ​តាម​កាស៊ីណូ​មួយ​ចំនួន​។​ អ៊‍ីចឹង​ ត្រូវ​ធានា​ថា​ល្បែង​នៅ​ក្នុង​កាស៊ីណូ​ហ្នឹង​ ពិតជា​មិន​មាន​ជនជាតិ​ខ្មែរ​លេង​ទេ​»​។​

​លោក​ សន​ ជ័យ​ ក៏​កត់សម្គាល់​ដែរ​ថា​ អំពើ​ឆក់​ប្លន់​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​បង្ក្រាប​ ។​

​យ៉ាងណា​ក៏​ដោយ​ ក្រោយ​ពេល​មាន​អំពើ​ប្លន់​សម្លាប់​យុវជន​ម្នាក់​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​ ទី​១១​ ខែធ្នូ​នោះ​ សមត្ថកិច្ច​រាជធានី​បាន​ចាប់ខ្លួន​ជនសង្ស័យ​បាន​ ៥​នាក់​ និង​បាញ់​សម្លាប់​ជនសង្ស័យ​ ២​នាក់​ ដែល​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​។​ ចំណែក​ជនសង្ស័យ​ប្លន់​អ្នកលក់​គ្រឿងអលង្កា​នៅ​ខេត្តបាត់ដំបង​ ក៏​សមត្ថកិច្ច​បាន​ចាប់ខ្លួន​បាន​ចំនួន​២​នាក់​ផង​ដែរ​ នៅឡើយ​តែ​ចោរប្លន់​ម្ចាស់ផ្ទះ​ផ្ទេរ​ប្រាក់​នៅ​ខេត្តកណ្ដាល​ និង​ខេត្តពោធិ៍សាត់​ ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​នោះ​តែ​ប៉ុណ្ណោះ​។​

​តាម​ចម្លើយ​ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​ និង​សម្លាប់​យុវជន​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​ ទី​១១​ ខែធ្នូ​នោះ​ ឱ្យ​ដឹង​ថា​ ពួក​គេ​មុន​នឹង​ចេញ​ប្លន់​ តែងតែ​ជក់​គ្រឿងញៀន​។​ យ៉ាងនេះ​ក្ដី​ នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់លាក់​ ថា​តើ​ពួក​គេ​សម្រេចចិត្ត​ចេញ​ប្លន់​នេះ​ដោយសារ​មូលហេតុ​អ្វី​ឱ្យ​ប្រាកដប្រជា​នោះ​ទេ​។​

​ប៉ុន្តែ​បើ​ផ្អែក​តាម​អ្នកវិភាគ​ទាំង​ពីរ​ខាងលើ​ឃើញ​ថា​ អំពើ​ចោរកម្ម​ដែល​កើនឡើង​នេះ​អាច​ដោយសារ​ ល្បែងស៊ីសង​ គ្រឿងញៀន​ និង​អាច​ដោយសារ​ជន​ឱកាសនិយម​៕

Share

Image
Image
Image