en     km
en     km

កម្មការិនីកាត់ដេរនិងអ្នកពាក់ព័ន្ធជំរុញពន្លឿនការផ្លាស់ប្តូរររថយន្តសុវត្ថិភាពដឹកកម្មករទៅមកធ្វើការ

Share

ភ្នំពេញ៖  កម្មការិនីនិងអ្នកពាក់ព័ន្ធមួយចំនួនដែលធ្វើការងារក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលវិទ្យុស្រ្តីបានជួបសម្ភាសន៍បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេចង់ឱ្យកម្មករ កម្មការិនី រោងចក្រអាចធ្វើដំណើរទៅមកធ្វើការប្រកបដោយសុវត្ថិភាព និងផាកសុភាព ពោលគឺកម្មករអាចជិះលើរថយន្តដែលមានកៅអី និងមានដំបូលត្រឹមត្រូវ។ យ៉ាងណាភាគីខាងរោងចក្រថា រោងចក្របានអភិវឌ្ឍន៍ខ្លួនពីការដឹកកម្មករដោយឈរ មកជាការដឹកកម្មករដោយអង្គុយបានមួយផ្នែកធំហើយ ខណៈកំពុងបន្តការប្រឹងប្រែងបន្ថែមជួយឱ្យកម្មករងាយស្រួលធ្វើដំណើរមកធ្វើការ។

តទៅនេះសូមនាងកញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍ដែលរៀបចំដោយអ្នកស្រីវ៉ាយ វត្តី ដូចតទៅ!

«សម្រាប់ការធ្វើដំណើរបំពេញការងាររាលថ្ងៃរបស់ខ្ញុំគឺមានការភ័យខ្លាច និងព្រួយបារម្ភជាខ្លាំងដោយសារថាជារៀងរាល់ថ្ងៃនេះនាងខ្ញុំធ្វើដំណើរដោយរថយន្តទ្រុងជារថយន្តដឹកទំនិញហើយធ្វើជារថយន្តដឹកកម្មករហើយក្នុងចំណោមរថយន្តដឹកកម្មករនីមួយៗចាប់ពី៥០ ៦០ទៅ៧០នាក់ឡើងទៅពេលខ្លះខ្ញុំមានផលលំបាកយ៉ាងខ្លាំងទី១ការធ្វើដំណើរខែក្តៅហុយគឺយើងក្តៅផង​ ហុយផង ខែភ្លៀង យើងទទឹកដោយសារអត់មានដំបូល»។

«សំណូមពរខ្ញុំចង់មានការផ្លាស់ប្តូររថយន្តដែលអត់មានសុវត្ថិភាពឡានឈរ ចង់ឱ្យមានការផ្លាស់ប្តូរជាឡានដែលមានសុវត្ថិភាពវិញ ដូចជាឡានតួរីស ឬជាឡានក្រុងតែបើមិនទាន់បានដំណាក់កាល១ហ្នឹងទេក៏អាចជាឡានដែលកែច្នៃមានកៅអីអង្គុយហើយមានប្រក់ដំបូល»។

«ពាក់ព័ន្ធមូលហេតុ ដែលមិនទាន់មានការផ្លាស់ប្តូរពីរថយន្តបែនទៅរថយន្តក្រុងមានសុវត្ថិភាពទី១កត្តាផ្លូវជាធម្មតាហើយយើងយករថយន្តក្រុងមកដឹកកម្មករកន្លែងដែលផ្លូវគ្រលុកឆ្ងាយ ផ្លូវតូចចង្អៀតអ៊ីចឹងរថយន្តដែលអាចធ្វើដំណើរទៅបានគឺរថយន្តបែន ដោយសារវាធន់នឹងកត្តាផ្លូវ រាល់កតា្តផ្លូវដែលមានផ្អៀងផ្អង លិច កើតវាអាចធុនបាន តែរថយន្តក្រុងវាពិបាកក្នុងការធ្វើដំណើរជាបញ្ហាប្រឈមដែរ»។

«ដោយសារយើងធ្លាប់បើកឡានធំ២តោនកន្លះដឹកទំនិញ យើងគិតថាដឹកទំនិញនិងដឹកមនុស្សវាខុសគ្នា​បើកាលណាយើងបើកឡានទ្រុងប្រភេទឡានកូរ៉េ១តោនឬ២តោនកន្លះដឹកមនុស្ស កាលណាបើកបរលឿន ឬផ្លូវកោងវាយោល វាឃ្លោងមិនដូចទំនិញនៅ១កន្លែងទេ កាលណាយើងប្រើឡានវែនប្រភេទឃ្លប់វាមានលំនឹងជាង ហើយសុវត្ថិភាពជាង»។

«អ៊ីចឹងចំណុចនេះខ្ញុំអំពាវនាវឱ្យសហគ្រាសនៅស្រុកខ្មែរ ឬក្រុមហ៊ុនបញ្ជាទិញទាំងអស់ត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុវត្ថិភាពរបស់បងប្អូនកម្មករជាពិសេស ទាក់ទងកំដៅ ឡានអត់ដំបូលវាក្តៅ ពាក់ព័ន្ធការធ្វើដំណើរមិនមានសុវត្ថិភាព ខ្ញុំចង់ឱ្យអ្នកបញ្ជាទិញ និងរោងចក្រផ្ទាល់ធ្វើម៉េចត្រូវបើកចិត្តឬក៏តាំងចិត្តកែប្រែរឿងនេះឱ្យវា បង្ហាញពីការយកចិត្តទុកដាក់ដល់កម្មកររបស់ខ្លួន»។​​

នេះជាការលើកឡើងរបស់កម្មការិនី កម្មករដឹកជញ្ជូន រដ្ឋបាលរោងចក្រ និងសហជីព ដែលបានលើកឡើងជាមតិនៅក្នុងសិក្ខាសាលាថ្នាក់ជាតិលើកទី២ស្តីពី«រថយន្តដឹកកម្មករនិយោជិតដែលមានសុវត្ថិភាពប្រសើរជាងជួយសង្គ្រោះជិវិត បង្កើនសកម្មភាពរួមគ្នា និងការវិនិយោគក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា» កាលពីថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤កន្លងទៅ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។ សិក្ខាសាលាដែលរៀបចំដោយអង្គការមូលនិធិបង្ការរបួសអាស៊ីកម្ពុជា នាពេលនោះបានផ្តោតសំខាន់លើកិច្ចគាំទ្រឱ្យមានសេវាដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូប ប្រកបដោយសុវត្ថិភាពពេលធ្វើដំណើរតាមរថយន្តទៅមកក្នុងការបំពេញការងារជាប្រចាំថ្ងៃ។

អ្នកស្រី ញ៉ឹម មុនី កម្មការិនីរោងចក្រ វីនីងដ្រាហ្គន ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺបានបង្ហាញពីការព្រួយបារម្ភនៅពេលជិះរថយន្តទ្រុងឈរដែលមានគ្នាច្រើនទៅមកធ្វើការថា សព្វថ្ងៃអ្នកស្រីខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត ដ្បិតរថយន្តដឹកកម្មករកាត់ដរមិនទាន់មានកន្លែងអង្គុយត្រឹមត្រូវ ហើយកម្មករត្រូវឈរដោយគ្មានអ្វីសម្រាប់តោងទប់លំនឹងខ្លួននៅឡើយ។ ប្រការនេះអ្នកស្រី បារម្ភពីសុវត្ថិភាព ពេលអ្នកបើកបរមានបញ្ហាខុសបច្ចេកទេសកើតឡើង។

 « បើសិនជាតៃកុងឡានគាត់អត់មានបច្ចេកទេសក្នុងការបើកបរ ឬក៏គាត់ពិសារគ្រឿងស្រវឹងក៏ងាយនិងមានបញ្ហាទី១តាមផ្លូវនីមួយៗតែងតែមានផ្លូវកោង អ៊ីចឹងបើធ្វើដំណើរដោយរថយន្តទ្រុងគឺឈរ វាផ្លូវកោងងាយធ្វើឱ្យក្រឡាប់ ដោយសារតែវាចាកផ្ចិតអ៊ីចឹងវាអត់ដូចដែលយើងមានកៅអីអង្គុយទេ រាល់ថ្ងៃក្នុងនាមខ្ញុំជាកម្មការធ្វើដំណើរដោយរថយន្តទ្រុងគឺមានការព្រួយបារម្ភជាខ្លាំង»។

ងាកមកកម្មការិនីរោងចក្រផលិតកាបូបមួយរូបទៀត កញ្ញា សេង ស្រីនិច សង្កេតឃើញថា សព្វថ្ងៃមានកម្មករ កម្មការិនីខ្លះ ត្រូវជួបការលំបាកពីរដងដើម្បីធ្វើដំណើរទៅមកធ្វើការនៅរោងចក្រ។ទីមួយគឺត្រូវធ្វើដំណើរដោយម៉ូតូចេញពីភូមិមកលើផ្លូវជាតិ និងត្រូវធ្វើដំណើរដោយឈរប្រជ្រៀតគ្នាលើឡានមករោងចក្រ។ កញ្ញាបញ្ជាក់បន្ថែមថា បើសិនមានការផ្លាស់ប្តូររថយន្ត ដោយត្រូវដំឡើងថ្លៃឈ្នួលរថយន្តបន្តិចបន្តួច នាងក៏ស្ម័គ្រដែរ ដើម្បីធ្វើយ៉ាងណាឱ្យបានឡានដែលមានសុវត្ថិភាពក្នុងការធ្វើដំណើរ ពិសេសមានកន្លែងអង្គុយស្រួលជាងសព្វថ្ងៃនេះ។«សម្រាប់ខ្ញុំស្ម័គ្រចិត្តអាចបន្ថែមបន្តិចបន្តួចឱ្យតៃកុងឡានបានដើម្បីឱ្យងាយស្រួលអ៊ីចឹងខ្ញុំអាចកាត់បន្ថយហូបកាហ្វេ១ថ្ងៃដើម្បីទុកលុយហ្នឹងយកទៅបន្ថែមឱ្យតៃកុងឡានសំខាន់ឱ្យតែបានឡានដែលមានសុវត្ថិភាពដើម្បីធ្វើដំណើរ»។

ទាក់ទងរឿងនេះម្ចាស់រថយន្តវែន១៥កៅអី ដែលជាអ្នករកស៊ីដឹកកម្មករ កម្មការីនីជារៀងរាល់ថ្ងៃតាមផ្លូវជាតិលេខ៤ គឺលោក សេង សុខលីម បានឱ្យដឹងថា ទាក់ទងរឿងតម្លៃឈ្នួលរថយន្តសម្រាប់ដឹកកម្មករ កម្មការិនី គឺគិតទៅតាមទីជិតទីឆ្ងាយ។«កាលពីដំបូងយើងដឹកបានត្រឹមតែ៧រៀល ៦រៀល (ដុល្លារ)តាមជិត តាមឆ្ងាយ យើងមិនអាចកំណត់យកទៅលើកម្មករម្នាក់ប៉ុន្មានទេ សំខាន់យើងនិយាយអំពីទីតាំង ដោយសារសេដ្ឋកិច្ចប្រែប្រួលក៏អាចឡើងបាន១០ដុល្លារ ណាមួយសាំង និងប្រេងក៏ឡើងថ្លៃ»។

ជុំវិញការចង់ផ្លាស់ប្តូររថយន្តទ្រុងឈរដឹកទំនិញ មករថយន្តទ្រុងដែលមានកៅអីអង្គុយ ឬរថយន្តក្រុងដែលមានសុវត្ថិភាពសម្រាប់ដឹកកម្មការិនីរោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបនេះ លោក វី ច័ន្ទតារា រដ្ឋបាលរោងចក្រឡឺក្រោន ស្ថិតនៅក្នុងខេត្តកំពង់ចាមបានឱ្យដឹងថា រោងចក្រឡឺក្រោន បានផ្លាស់ប្តូរការដឹកកកម្មករពីរថយន្តដែលគ្មានកៅអី មកមានកៅអីអង្គុយតាំងពីឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្ននេះម្ល៉េះ។ លោកថា រោងចក្រមានរថយន្តវែនចំនួន១៥គ្រឿង រថយន្តក្រុង២៥គ្រឿង និងរថយន្តទ្រុងអង្គុយ៧៥គ្រឿង។

លោក វី ច័ន្ទតារា បានបញ្ជាក់បន្ថែមថា ចាប់តាំងពីមានការផ្លាស់ប្តូររថយន្តពីឈរមកជារថយន្តមានកៅអីអង្គុយឃើញថា បងប្អូនកម្មករមានទំនុកចិត្ត មានលំនឹង និងមានសុវត្ថិភាពជាងមុនពេលធ្វើដំណើរមកធ្វើការ។

លោកបានសំណូមពរបន្ថែមថា « រដ្ឋាភិបាលគិតគូរកត្តាផ្លូវទី១ ពាក់ព័ន្ធកត្តាផ្លូវលំ សម្រាប់ផ្លូវដែលធ្វើដំណើរដោយរថយន្តក្រុង រថយន្តវែន ក៏ដោយដែលដឹកកម្មករមកកន្លែងធ្វើការភាគច្រើនកត្តាផ្លូវមានលក្ខណៈតូចចង្អៀត ជង្ហុកច្រើនអ៊ីចឹងសុំឱ្យអាជ្ញាធរដែលពាក់ព័ន្ធសុំជួយសម្រួលអាទិភាពទី១ ផ្លូវដែលដឹកកម្មករមកធ្វើការ តែម្តង បើសិនកត្តាផ្លូវល្អគាត់ចំណេញពេលវេលា ទី២ពាក់ព័ន្ធការគ្រោះថ្នាក់គឺមានកតា្តទាបបំផុត បើផ្លូវស្អាត កត្តាគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះដែរ»។

ក្នុងនាមជាប្រធានសម្ព័ន្ធសហជីពកម្មករ លោក ប៉ាវ ស៊ីណា បានឱ្យដឹងថា រដ្ឋបានដាក់ចេញនូវគោលការណ៍ កែប្រែការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពគ្រោងនឹងធ្វើនៅក្នុងឆ្នាំ២០២៧តាមគោលការណ៍រដ្ឋាភិបាលអណត្តិថ្មី «ប៉ុន្តែអ្វីដែលAIPបានធ្វើគឺជារឿងមួយដែលល្អបំផុតដែលបាននឹងកំពុងជំរុញឱ្យភាគីនិយោជក អ្នកបញ្ជាទិញ និងតៃកុងឡាន រួមទាំងកម្មករផងដែរត្រូវធ្វើការគិតរួមគ្នាធ្វើ ធ្វើម៉េចផ្លាស់ប្តូរការដឹកជញ្ជូនប្រភេទឡានទ្រុង ឡានដឹកទំនិញមកជាប្រភេទឡានដឹកមនុស្សវិញ ដើម្បីធានាដល់សុវត្ថិភាពពួកគាត់ដូច្នេះអ្វីដែលខ្ញុំ មើលឃើញបញ្ហាសុវត្ថិភាពចរាចរណ៍នៅកម្ពុជា យើងនៅតែជាបញ្ហាប្រឈម»។

លោក ប៉ាវ ស៊ីណា បានបន្តថា ប្រសិនបើរោងចក្រគាត់មានលទ្ធភាពផ្តល់ជាមធ្យោបាយដឹកជញ្ជូនដោយផ្ទាល់ដល់កម្មករ នោះជារឿងមួយល្អ ព្រោះលោកសង្កេតឃើញមានរោងចក្រមួយចំនួនក៏បានផ្តល់ការដឹកជញ្ជូនទៅដល់បងប្អូន កម្មករ ដោយផ្ទាល់ដែរ  ប៉ុន្តែមិនមានចំនួនច្រើនបើធៀបនឹងរថយន្តឈ្នួលដែលកម្មករប្រើប្រាស់សព្វថ្ងៃនេះ។

ទន្ទឹមនឹងនេះការជិះរថយន្តដាក់ខែ រីកសាយភាយច្រើន ដូចជានៅតំបន់ផ្លូវជាតិលេខ៥ លេខ៤ លេខ ៣ និងលេខ១ជាដើម។ ភាគច្រើនប្រើប្រាស់ឡានទ្រុងទាំងអស់ ដោយឡែកការប្រើប្រាស់ឡានក្រុងមានចំនួនទាប បើធៀបជាមួយឡានទ្រុងដែលដឹកកម្មករមានប្រមាណជាង៥០០០រថយន្ត។ លោកប្រធានសម្ព័ន្ធសហជីពកម្មករបន្ថែមថា ទាំងបញ្ហាសុវត្ថិភាពប្រឈមទៅលើការធ្វើដំណើរ រួមទាំងបញ្ហាសុខភាពទាក់ទងទៅនឹងកម្តៅប្រែប្រួសអាកាសធាតុផងនោះ បងប្អូនកម្មករពិតជាចង់ជិះរថយន្តដែលមានសុវត្ថិភាពនិងផាសុកភាព ដែលមានទាំងកៅអី និងដំបូលផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image