ភ្នំពេញ៖ សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្តមួយចំនួនបានប្រាប់សិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាថា ពួកគេបានទទួលចំណេះដឹងល្អៗដែលជាបទពិសោធន៍ជាក់ស្តែងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោយពីពួកគេបានចុះទស្សនកិច្ចសិក្សាផ្ទាល់តាមរយៈការជិះរថភ្លើងទៅតាមទីតាំងមួយចំនួនដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជាកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។
អត្ថបទដោយ ជួន រក្សា សិក្ខាកាមរបស់WMC លោក កែវ សុខា ជូនសេចក្តីរាយការណ៍
កាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) បានរៀបចំដំណើរទស្សនកិច្ចសិក្សាមួយ ស្ដីអំពីឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ លទ្ធិប្រជាធិបតេយ្យសម្រាប់យុវជន ការជម្លៀសដោយបង្ខំ និងការជម្លៀសលើកទីពីរនៅក្នុងរបបខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥-១៩៧៩។
កម្មវិធីទស្សនកិច្ចសិក្សានេះ ធ្វើឡើងជាលើកទី៨ហើយ ដោយមានយុវជនស្ម័គ្រចិត្តចំនួន ៣២០០នាក់ចូលរួម ហើយពួកគេមកពីគ្រប់បណ្ដាខេត្តរាជធានីទូទាំងប្រទេស និងបែងចែកជា ១០ក្រុមផ្សេងៗគ្នា។ ក្នុងពេលបច្ចុប្បន្ននេះមានចំនួន ៦ក្រុមហើយដែលបានបញ្ចប់។
ក្រុមយុវជនចុះសិក្សាជាមួយDC-Cam តាមរថភ្លើង។រូបភាពពីDC-Cam។
លោក ឆាំង យុ នាយកនៃមជ្ឈមណ្ឌលឯកសាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃព្រះរាជបណ្ដាល័យហ្លួងម៉ែ មានប្រសាសន៍ឱ្យដឹងថា កម្មវិធីទស្សនកិច្ចសិក្សានេះធ្វើឡើងក្នុងគោលបំណង ផ្ដល់ការសិក្សាក្រៅប្រព័ន្ធមួយ អំពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម តាមរយៈរថភ្លើងដើម្បីផ្សារភ្ជាប់ប្រវត្តិសាស្រ្ត និងឆ្លុះបញ្ចាំងពីបច្ចុប្បន្នកាល។ ជាងនេះកម្មវិធីនេះ ក៏ផ្ដល់ឱកាសដល់យុវជនបង្កើតទំនាក់ទំនងតាំងពីវ័យក្មេង និងបណ្ដុះស្មារតីយុវជនឱ្យចេះជួយគ្នាទៅវិញទៅមក ជាពិសេសលើកទឹកចិត្តឱ្យយុវជន ចេះជ្រើសរើសប្រធានបទ ធ្វើការសិក្សាស្រាវជា្រវលើប្រធានបទដែលបានជ្រើសរើស តាមតំបន់ ទីតាំងដែលបានចុះទៅផ្ទាល់ និងចេះធ្វើការងារជាក្រុម។
លោក ឆាំង យុ លើកឡើងថា៖«អំពើប្រល័យពូជសាសន៍ពិបាកនឹងពណ៌នាជាភាសា ជាការសរសេរ ដោយសារវាលំបាកខ្លាំងពេក បើគាត់ចង់បំភ្លេចប្អូនគួរតែគាំទ្រ បើសិនពួកគាត់អាចបំភ្លេចបាន ហើយការជួបពួកគាត់គឺជាសារមន្ទីររស់ គឺជាប្រវត្តិសាស្រ្តរស់ ព្រោះគាត់ទោះបី១០ ទៅ២០ឆ្នាំទៀតគាត់លែងនៅជាមួយយើង គាត់នៅតែរស់នៅក្នុងការចងចាំរបស់យើង ចឹងហើយ ពូសុំឱ្យសិស្សានុសិស្សមានភាពគោរពចំពោះមនុស្សដែលរស់រានមានជីវិត ចំពោះអ្នករស់រានមានជីវិត យើងជំពាក់ការគោរព ចំពោះអ្នកស្លាប់ យើងជំពាក់ការពិត»។
លោក ឆាំង យុ ណែនាំដល់ក្រុមនិស្សិត។រូបភាពពីDC-Cam។
លោក លី ហាន់ណាហ្វី ជាយុវជនស្ម័គ្រចិត្តជំនាន់ទី១ នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា មកពីខេត្តពោធិ៍សាត់ លើកឡើងថា ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហមនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងនាមលោកជាអ្នកសិក្សាផ្នែកប្រវត្តិសាស្រ្ត ដ្បិតសិស្សនិស្សិតបានសួរនាំ និងបានស្តាប់ការនិទានរៀបរាប់ពីជីវិតពិតរបស់អ្នកដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហម។
លោក លី ហាន់ណាហ្វី៖«រំលងផុត ២០ ៣០ឆ្នាំក្រោយពួកយើងហ្នឹងត្រូវបានបាត់បង់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមហើយ ដោយសារតែគាត់ដល់វ័យមួយដែលអាចត្រឡប់ទៅវិញ អ៊ីចឹងយើងបានចូលរួមដូចឥលូវនេះ គឺធ្វើឱ្យយើងទទួលបាននូវបទពិសោធ៍ ក៏ដូចជាចំណេះដឹងដែលយើងបានស្ដាប់សាច់រឿងគាត់ផ្ទាល់ អត់មានអីដែលយើងបានដឹងច្បាស់ជាងយើងបានស្ដាប់សាច់រឿងគាត់ផ្ទាល់ៗទេ។»
លោក ហាន់ណាហ្វី បានបង្ហាញក្តីមោទនដែលមជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្កើតជាគម្រោងទាក់ទងជាមួយខ្មែរក្រហមនេះឡើង ដែលបង្កបរិយាកាស ឱ្យយុវជនជំនាន់ក្រោយអាចបានដឹងពីជីវិតពិតរបស់អ្នកឆ្លងកាត់របរខ្មែរក្រហម។ក្នុងនាមជាអ្នកសិក្សាផ្នែកប្រវត្តិសាស្រ្តមួយរូប ហាន់ណាហ្វី សន្យានឹងចែករំលែកបទពិសោធន៍ទៅកាន់ប្អូនៗជំនាន់ក្រោយ ពិសេសលោកនឹងចងក្រងជាឯកសារមួយតម្កល់ទុកដើម្បីឱ្យអ្នកជំនាន់ក្រោយអាចស្រាវជ្រាវបន្ថែមទៀតបាន។
លោក លី ហាន់ណាហ្វី ។រូបភាពពីជួប រក្សា។
ងាកមកយុវជនស្ម័គ្រចិត្តមួយរូបទៀតមកពីខេត្តកំពង់ឆ្នាំងគឺ កញ្ញា ម៉ាត់ អាស៊ីនីន យល់ថា កញ្ញាបានទទួលចំណេះដឹងជាច្រើនអំឡុងពេលចុះទស្សនកិច្ចសិក្សានេះ។ យុវតីរូបនេះបន្ថែមទៀតថា កញ្ញាបានយល់ដឹងកាន់តែច្បាស់ពីទុក្ខវេទនា ភាពជូរចត់ ការធ្វើទារុណកម្ម ឬការធ្វើបាប ការបង្ខំធ្វើការហួសកម្លាំង ការបង្អត់អាហារមិនឱ្យទទួលទានគ្រប់គ្រាន់ និងការកាប់សម្លាប់ជីវិតប្រជាជនស្លូតត្រង់ក្នុងរបបអាវខ្មៅ ប៉ុល ពត បន្ថែមលើសពីឯកសារដែលខ្លួនធ្លាប់បានអាន។
អាស៊ីនីន យល់ថា តាមរយៈការសិក្សាផ្ទាល់ពីសាក្សីរស់ដែលនៅរស់រានមានជីវិតនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជន និងសម្រាប់ខ្លួនឯងដែលជាអ្នកសិក្សាផ្នែកប្រវត្តិសាស្រ្ត ដ្បិតអាចទទួលបានបទពិសោធន៍ជាច្រើន ដែលប្រការជាចំណែកមួយអភិវឌ្ឍខ្លួនឱ្យមានភាពក្លាហានជាងមុនផងដែរ។
ម៉ាត់ អាស៊ីនីន។រូបភាពពី ជួប រក្សា។
រីឯយុវតី លាង ដាលីន ជាអ្នកស្ម័គ្រចិត្តមកពីខេត្តសៀមរាប ក៏បានបង្ហាញពីចំណាប់អារម្មណ៍ប្រហាក់ប្រហែលយុវជនទាំងពីខាងលើផងដែរ ដោយជំរុញឱ្យយុវជនជំនាន់ក្រោយ គួរតែត្រូវបានចូលរួមឱ្យបានម្តងក្នុងមួយជិវីតរបស់ខ្លួនសិក្សាពីប្រវត្តិសាស្រ្តខ្មែរក្រហមនេះ។ ការជំរុញបែបនេះ ដ្បិត ដាលីន យល់ថាការចុះទស្សនកិច្ចសិក្សាអាចធ្វើឱ្យយុវជនមានទំនាក់ទំនងថ្មីៗ មានមិត្តភាពថ្មី បទពិសោធ៍ជីវិតល្អៗ ជួបការលំបាកលាយឡំការសប្បាយ អាចមានឱកាសជួបអ្នករស់រានពីការជម្លៀសតាមរថភ្លើង ព្រោះមានខេត្តតិចណាស់ដែរមានរថភ្លើងសម្រាប់ជម្លៀស។ ពិសេសមួយទៀតនោះ ឱកាសចុះសិក្សាផ្ទាល់បែបនេះ បានផ្តល់ការលំហែរ ការរៀនសូត្រ ការតស៊ូ ការតាំងចិត្ត ឱ្យកញ្ញាបានកាន់តែជាច្រើន។
កញ្ញា លាង ដាលីន។រូបភាពពីជួប រក្សា។
លោក ឆាំង យុ មានប្រសាសន៍បន្ថែមទៀតថា រថភ្លើងគឺជាការចាប់ផ្តើមនៃរបបប្រល័យពូជ សាសន៍ខ្មែរក្រហម ដែលខ្មែរក្រហមបានធ្វើការជម្លៀសប្រជាជនដោយបង្ខំពីភូមិភាគបូព៌ា និង ទីក្រុងភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលជា ចំណតរថភ្លើងចុងក្រោយបង្អស់។
សកម្មភាពក្រុមនិស្សិតសម្ភាសន៍អ្នកធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។រូបភាពពីDC-Cam។
គួរបញ្ជាក់ដែរថា កម្មវិធីទស្សនកិច្ចនេះបានចាប់ផ្ដើមចេញដំណើរពីទីក្រុងភ្នំពេញ តាមរយៈរថភ្លើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
តាមរយៈកម្មវិធីនេះ លោក ឆាំង យុ និយាយថាលោកចង់ឱ្យយុវជនបានយល់ពីតម្លៃនៃក្រុមគ្រួសារ សីលធម៌ក្នុងសង្គម និងដើម្បីរក្សាការចងចាំ ដូច្នេះជនរងគ្រោះទាំងអស់នឹងមិនស្លាប់នៅក្នុងការចងចាំរបស់យុវជនជំនាន់ក្រោយនោះឡើយ៕
ក្រុមយុវជនស្ម័គ្រចិត្តចុះទស្សនកិច្ចសិក្សាប្រវត្តិសាស្រ្តខ្មែរក្រហម។រូបភាពពីDC-Cam។
អត្ថបទខ្លីសរសេរកញ្ញា ជួន រក្សា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕