តូក្យូ៖ យោងតាមការចេញផ្សាយរបស់រ៉យទ័រ អនុប្រធានាធិបតីអាមេរិក Kamala Harris នឹងធ្វើទស្សនកិច្ចនៅតំបន់គ្មានយោធា (DMZ) ខណ្ឌចែកប្រទេសកូរ៉េទាំងពីរនៅថ្ងៃព្រហស្បតិ៍ ក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសន្តិសុខកូរ៉េខាងត្បូង នេះបើយោងតាមមន្ត្រីអាមេរិក និងកូរ៉េខាងត្បូង។
ដំណើរទស្សនកិច្ចដែលបានប្រកាសកាលពីថ្ងៃអង្គារ ធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរំលងសមុទ្រ និងចំពេលមានការភ័យខ្លាចពីការសាកល្បងនុយក្លេអ៊ែរ ខណៈដែលការប៉ុនប៉ងរបស់រដ្ឋបាលលោក Biden ក្នុងការទប់ស្កាត់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Unមិនអោយសាកល្បងមីស៊ីលបានបរាជ័យ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Harris ត្រូវបានបញ្ជាក់ជាសាធារណៈដោយនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអនុប្រធានាធិបតីអាមេរិកនៅទីក្រុងតូក្យូ ហើយក្រោយមកត្រូវបានបញ្ជាក់ដោយមន្ត្រីសហរដ្ឋអាមេរិក។
អនុប្រធានាធិបតីអាមេរិកកំពុងដឹកនាំគណៈប្រតិភូចូលរួមពិធីបុណ្យសពអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នៅថ្ងៃអង្គារ។មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា “ជិត 70 ឆ្នាំចាប់តាំងពីមានបទឈប់បាញ់នៃកូរ៉េទាំងពីរ ដំណើរទស្សនកិច្ចនេះនឹងបញ្ជាក់ពីភាពរឹងមាំ” នៃ “សម្ព័ន្ធភាព” រវាងទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន “ក្នុងការប្រឈមមុខនឹងការគំរាមកំហែងណាមួយដែលបង្កឡើងដោយកូរ៉េខាងជើង” ។
លោកស្រី Harris នឹងធ្វើទស្សនកិច្ចនៅតំបន់គ្មានយោធា (DMZ ដើម្បីឆ្លុះបញ្ចាំងពីការលះបង់រួមគ្នារបស់ទាហានអាមេរិក និងកូរ៉េខាងត្បូង ហើយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត “យ៉ាងរឹងមាំ” ចំពោះសន្តិសុខ
កូរ៉េខាងត្បូង។
លោក Han Duck-soo បាននិយាយថា “ដំណើរទស្សនកិច្ចរបស់លោកស្រី Harris ទៅកាន់តំបន់ DMZ និងទីក្រុងសេអ៊ូល នឹងបង្ហាញជានិមិត្តរូបនៃការប្តេជ្ញាចិត្តដ៏រឹងមាំរបស់អាមេរិកចំពោះសន្តិសុខ និងសន្តិភាពនៅឧបទ្វីបកូរ៉េ” ។
ប្រភព៖ Reuyers ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២២