ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីអបអរសាទរដល់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកាស៊ីណូ ណាហ្គាវើល ដែលត្រូវទទួលបានពានរង្វាន់នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ជាអ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២៤ ពីរដ្ឋាភិបាលប្រទេសស៊ុយអ៊ែត។ បក្សប្រជាធិបតេយ្យមូលដ្ឋានក៏ជំរុញដល់ស្ថាប័នមានសមត្ថកិច្ចពិចារណាដោះលែងកញ្ញា ស៊ីថរ ឱ្យមានសេរីភាព ហើយទម្លាក់ចោលបទចោទប្រកាន់ទាំងអស់ដោយឥតលក្ខខណ្ឌ។
កញ្ញា សៃ ចន្ធី ជូនសេចក្តីរាយការណ៍
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានកម្រាស់មួយទំព័របានលើកឡើងពីវីរភាព និងភាពអង់អាចក្លាហានរបស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកាស៊ីណូ ណាហ្គាវើល ដែលពិតជាសាកសមទទួលពានរង្វាន់ជាអ្នកការពារសិទ្ធិមនុស្សតាមរយៈការហ៊ានតស៊ូមតិស្វែងរកភាពយុត្តិធម៌ជូនបុគ្គលិកនៃកាស៊ីណូដ៏ធំមួយកណ្តាលរាជធានីភ្នំពេញ។
តាមរយៈសេចក្តីថ្លែងការណ៍ បក្សប្រជាធិបតេយ្យមូលដ្ឋាន បានបញ្ជាក់ថា ការទទួលបានពានរង្វាន់នេះ ដ្បិតស្រ្តីប្រធានសហជីបរូបនេះ ពិតជាមាន ភស្តុតាងយ៉ាងច្បាស់ ចំពោះការប្តេជ្ញា ចិត្តឥតងាករេក្នុងបុព្វហេតុពុះពារ រកយុត្តិធម៌ ការពារសិទ្ធិកម្មករ និងលើកកម្ពស់ប្រជាធិបតេយ្យ នៅប្រទេស កម្ពុជា។
តែយ៉ាងណាបក្សបានសម្តែងការសោកស្តាយព្រោះកញ្ញា ស៊ីថរពុំអាចទៅទទួលពានរង្វាន់បានដោយផ្ទាល់ដោយសារតែគ្រានេះ នៅជាប់ពន្ធនាគារនៅឡើយនិងដោយអយុត្តិធម៌។
សម្រាប់បក្សប្រជាធិបតេយ្យមូលដ្ឋាន ការបន្តឃុំខ្លួនកញ្ញា ស៊ីថរ គឺបង្ហាញនូវ ភាពមិនច្បាស់លាស់ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែអះអាងថា ប្រទេស កម្ពុជាជាប្រទេសអនុវត្តនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស។
បក្ស គ ប ម ចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង មិនចេះនឿយហត់របស់កញ្ញា ក្នុងការការពារសិទ្ធិកម្មករខ្មែរ។ បក្សមិនអាចទទួលយកបានឡើយ ដែលអ្នកតស៊ូមតិ ដោយសន្តិវិធី ដើម្បីលក្ខខណ្ឌការងារប្រសើរឡើង ត្រូវបានទទួលទោសព្រហ្មទណ្ឌ ខណៈអ្នករំលោភសិទ្ធិមនុស្ស ពិតប្រាកដ នៅបន្តមានសេរីភាព រួចផុតពីការផ្តន្ទាទោសទៅតាមច្បាប់។
នៅចុងក្រោយនៃសេចក្តីថ្លែងការណ៍របស់បក្សប្រជាធិបតេយ្យមូលដ្ឋាន បក្សស្នើឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ និងអ្នកដឹកនាំសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំនៅក្នុង ពន្ធនាគារ ជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។ បក្សចាត់ទុកថា ការឃុំឃាំងអ្នកការពារសិទ្ធិមនុស្ស សិទ្ធិការងារនៅក្នុងពន្ធនាគារបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់លើគោលការណ៍សេរីភាពបង្កើតសមាគម និងសិទ្ធិបញ្ចេញមតិ ដែលជាមូលដ្ឋានគ្រឹះនៃ លទ្ធិប្រជាធិបតេយ្យ។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយលើគេហទំព័រ វេទិកាសម្រាប់ប្រវត្តិសាស្រ្តរស់នៅរបស់ប្រជាជនសព្វថ្ងៃ (The Forum För Levande Historia) កញ្ញា ឈឹម ស៊ីថរ ត្រូវបានផ្តល់ជូនពានរង្វាន់ជាអ្នកការពារសិទ្ធិមនុស្ស និងលិទ្ធប្រជាធិបតយ្យ ឈ្មោះថា The Per Anger Prize នៅឆ្នាំនេះ «សម្រាប់ការងារមិនចេះនឿយហត់ និងប្តេជ្ញាចិត្តរបស់នាង ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»។
នេះជាពានរង្វាន់ទី២ដែលមេដឹកនាំសហជីពរូបនេះទទួលបានពីប្រទេសប្រជាធិបតេយ្យ បន្ទាប់ពីពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ដែលកញ្ញាទទួលបានពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
សូមរំលឹកថា កញ្ញា ឈឹម ស៊ីថរ ដែលលេចធ្លោក្នុងការតស៊ូមតិជូនកម្មករត្រូវបានអាជ្ញាធរចាប់ខ្លួនជាលើកទីពីរនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីចុង ខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលដែលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅក្នុងប្រទេសអូស្ត្រាលី។៕