en     km
en     km

ពលរដ្ឋប្រមាណ ២០០នាក់នៅខេត្តសៀមរាបស្នើឱ្យក្រុមហ៊ុនឯកជនមួយបញ្ឈប់សកម្មភាពហ៊ុមព័ន្ធឃ្លាំងទឹកទំនប់៧៨

Share

ភ្នំពេញ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ ២០០នាក់ មកពី ៣សង្កាត់នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការតវ៉ាស្នើឱ្យក្រុមហ៊ុនឯកជនបញ្ឈប់សកម្មភាពហ៊ុមព័ន្ធឃ្លាំងទឹកទំនប់៧៨ ខណៈដែលទំនប់នេះ ត្រូវបានពលរដ្ឋអាស្រ័យផលធ្វើការស្រែចំការជាប្រចាំ និងផ្ដល់ទីជម្រកដល់សត្វស្លាបជាច្រើនប្រភេទផងដែរ។

អត្ថបទដោយកញ្ញា ជា សុខនី ,ជូនសេចក្តីរាយការណ៍ដោយលោក កែវ សុខា

លោក គ្រុំ វេត ជាពលរដ្ឋម្នាក់រស់នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋប្រមាណ ២០០នាក់ មកពី៣សង្កាត់ ក្នុងនោះមានសង្កាត់សៀមរាប សង្កាត់ស្វាយដង្គំ និងសង្កាត់សំបួរ បានមកចូលរួមធ្វើការតវ៉ានៅភូមិភ្នំក្រោម។  លោកបន្តថា ការតរ៉ារបស់ប្រជាពលរដ្ឋនេះ គឺដើម្បីស្នើឱ្យក្រុមហ៊ុនឯកជន ដែលបានកំពុងកាយដីហ៊ុមព័ន្ធជាប្រព័ន្ធលើទំនប់ ៧៨ ត្រូវកាយ ដីបើកទំបន់ឡើងវិញ និងស្នើមិនឱ្យចេញប្លង់កម្មសិទ្ធិលើដីសាធារណៈដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់។

លោកថ្លែងថា៖ «ស្នើសុំឱ្យក្រុមហ៊ុនកាយដី ដែលហ៊ុមព័ន្ធជាប្រព័ន្ធហ្នឹង គឺឱ្យគាត់ត្រូវកាយបើកមកវិញ និងឱ្យអ្នកដែលធ្វើស្រែនៅក្នុងឃ្លាំងទាំងប៉ុន្មានហ្នឹង ត្រូវបញ្ឍប់ការធ្វើ។ ជាងនេះពលរដ្ឋស្នើសុំមិនឱ្យចេញប្លង់កម្មសិទ្ធិនៅក្នុងដីសាធារណៈដែលយើងប្រើប្រាស់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃ»។

រូបភាពសកម្មភាពប្រជាពលរដ្ឋតវ៉ានៅទំនប់៧៨។រូបភាពពីហ្វេសប៊ុក។

បើតាមលោក គ្រុំ វេត បានអះអាងថា សកម្មភាពទន្ទ្រានរបស់ឯកជនលើឃ្លាំងទឹកទំនប់៧៨នេះ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ពលរដ្ឋនៅទីនោះ ជាពិសេសការជីកកាយហ៊ុមព័ន្ធបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋឈ្លោះទាស់ទែងគ្នា ដោយសារខ្វះខាតទឹកធ្វើស្រែចំការ។ មួយវិញទៀត នៅពេលរដូវប្រាំង ទំនប់ទឹកនេះនឹងរីងគោកទឹកដែលផ្ដល់លទ្ធភាពទៅដល់ក្រុមឈ្មួញខិលខូច អាចចូលមកកាយទន្ទ្រានយកដីទំបន់ និងឈ្មួញខ្លះលួចឃុបឃិតធ្វើប្លង់ ដើម្បីទិញ-លក់ដីទាំងនោះផងដែរ។

លោកបានថ្លែងបញ្ជាក់ថា៖ «គាត់ជីកកាយហ៊ុមព័ន្ធមិនឱ្យទឹកចូល ដើម្បីកាយយកអាចម៍ដីទៅលក់។ សរុបទៅគាត់មកកាយឃ្លាំងទឹក មកកាយអាចម៍ដីនៅកន្លែងដីសាធារណៈដែលប្រជាពលរដ្ឋប្រើប្រាស់នេះ មិនថែមទាំងកាយហ៊ុមព័ន្ធនោះទេ តែជាផលប្រយោជន៍អាចម៍ដីដែលកាយបានហ្នឹង សូម្បីតែចាកលើខ្នងទំនប់៧៨ដែលវាចេះតែរាបទៅៗតាំងពីយើងប្រើពីឆ្នាំ៧៩រហូតមកឥលូវ ក៏វាមិនបានជួយអ្វីដល់ប្រជាពលរដ្ឋ និងសហគមន៍នេះដែរ។ អ៊ីចឹងហើយបានថាវាអត់បានប្រយោជន៍អី»។

នៅព្រឹកដដែលលោកមិនទាន់អាចបញ្ជាក់បានថា ក្រុមហ៊ុនឯកជនដែលកំពុងធ្វើសកម្មភាពកាយយកអាចម៍ដីនេះ មានឈ្មោះអ្វីនោះទេ។ ក៏ប៉ុន្តែក្រុមហ៊ុនឯកជននេះ បានចូលទន្រ្ទានដីទំនប់ឃ្លាំងទឹក៧៨ ចាប់ផ្តើមកើតមានតាំងពីឆ្នាំ២០១៤ និង២០១៥ មកដល់បច្ចុប្បន្ន។ ហើយកន្លងមក លោកថា ពលរដ្ឋក៏បានចុះទប់ស្កាត់ និងតវ៉ាជារឿយៗផងដែរ ប៉ុន្តែនៅពេលស្ងប់ស្ងាត់ការវ៉ាបន្ដិច ក្រុមហ៊ុនទាំងនោះ បានមកបន្តសកម្មភាពដដែល ដោយគ្មានខ្លាចរអាអាជ្ញាធរឡើយ។

ទន្ទឹមនឹងនេះ លោកបន្ថែមថា អាជ្ញាធរក្រុង ក៏បានចូលរួមដោះស្រាយម្ដងម្កាលផងដែរ ដោយចុះមកធ្វើការហាមឃាត់ និងទប់ស្កាត់សកម្មភាពការទន្ទ្រានរបស់ក្រុមហ៊ុនឯកជនមួយនេះដែរ។ ចំណែកអាជ្ញាធរឃុំ-ភូមិវិញ គឺមិនបានចូលរួមដោះស្រាយវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនឯកជនលើទម្នាស់រឿងកម្មសិទ្ធិលើទំនប់ទឹកនេះនោះទេ។

ជុំវិញការតវ៉ានេះ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប ប្រាប់​ឱ្យដឹងថា ការតវ៉ាទាមទាររបស់ប្រជាពលរដ្ឋទាំងនោះ​ គឺថ្នាក់ដឹកនាំខេត្តបានទទួលព័ត៌មានរួចហើយ ដោយបានប្រគល់ការងារនេះជូនដល់រដ្ឋបាលក្រុងធ្វើការដោះស្រាយលើគម្រោងស្ដារប្រព័ន្ធអាងទឹកទំនប់៧៨នេះ។ លោកបន្តទៀតថា ការដោះស្រាយបញ្ហាតវ៉ារបស់ប្រជាពលរដ្ឋទាំងនោះ គឺរដ្ឋបាលក្រុងបានសម្របសម្រួលជាមួយក្រុមហ៊ុនដែលទទួលបានអនុញ្ញាតលើគម្រោងស្ដារប្រព័ន្ធទំនប់៧៨នេះ ក៏ដូចជាសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាអាចឱ្យប្រជាកសិករអាស្រ័យផលបាន និងអាចឱ្យក្រុមហ៊ុនដំណើរការគម្រោងស្ដារនេះទៅមុខបានផងដែរ។

លោកបានបញ្ជាក់ថា៖ «គម្រោងរប​ស់យើង គឺដើម្បីរក្សាឃ្លាំងទឹក ទុកទឹកសម្រាប់ប្រើប្រាស់ អញ្ចឹងទាំងអស់ហ្នឹង គឺដើម្បីបងប្អូនប្រជាពលរដ្ឋដដែលទេ គឺអត់មានដើម្បីអ្នកណានោះទេ។ អ៊ីចឹង! យើងគ្រាន់តែត្រូវការពិភាក្សាជាមួយអ្នកអភិវឌ្ឍគម្រោង ដើម្បីឱ្យគាត់ធ្វើលក្ខណៈបច្ចេកទេសណាមួយ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគាត់បានប្រើប្រាស់ទឹកបានផងដែរ»។

បើតាមលោក លី វណ្ណៈ បញ្ជាក់ថា គម្រោងស្ដារប្រព័ន្ធអាងទឹកទំនប់៧៨នេះ គឺត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនឯកជនមួយ ដោយលោកប្រាប់ថាមិនបានចាំឈ្មោះក្រុមហ៊ុននេះឡើយ។ ហើយគម្រោងស្ដារទំនប់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរក្សាប្រភពទឹកទុកឱ្យបានគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការ និងធ្វើការអភិវឌ្ឍឱ្យក្លាយជាតំបន់អេកូទេសចរណ៍សម្រាប់សហគមន៍អាចរកចំណូលបានបន្ថែមទៀត។

យោងតាមពលរដ្ឋដែលរស់នៅក្នុងសង្កាត់សៀមរាប បានបញ្ជាក់បន្ថែមទៀតថា ឃ្លាំងទឹកទំនប់៧៨នេះ ត្រូវបានប្រជាពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ ១៩៧៩មក ដែលទំនប់នេះមានទំហំ ១,០៩៦ហិកតា ក្នុងនោះមានប្រជាពលរដ្ឋចំនួន ៣សង្កាត់បានអាស្រ័យផលលើទំនប់នេះជាប្រចាំ ទាំងការងារបង្កបង្កើនផងស្រែចម្ការ ក៏ដូចជាការប្រកបមុខរបរជាលក្ខណៈគ្រួសារ មានរបរនេសាទត្រី រើសខ្យង បេះត្រកួន និងកាប់កំប្លោកធ្វើអង្រឹងជាដើម។ ក្រៅពីនេះ ឃ្លាំងទឹកទំនប់៧៨ ក៏បានចូលរួមផ្ដល់ផលប្រយោជន៍ផ្សេងទៀតដូចជា ផ្ដល់ប្រភពទឹកសម្រាប់សត្វចិញ្ចឹម និងផ្ដល់ទីជម្រកសម្រាប់សត្វស្លាបជាច្រើនប្រភេទផងដែរ៕

Share

ព័ត៌មានទាក់ទង

Image