ប្រជាសហគមន៍ជនជាតិដើមភាគតិចព្នងរស់នៅសហគមន៍ភូមិរយ៉លើ ដែលជាតំបន់ដាច់ស្រយាលមួយ ស្ថិតក្នុងខេត្ដមណ្ឌលគិរី បានស្រាក់ដៃគ្នាសាងសង់ផ្ទះបែបបុរាណមួយខ្នងដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង ៧០ នាក់ពួតដៃគ្នាធ្វើដោយសាមគ្គីភាព។ ជនជាតិដើមភាគតិចព្នងសង់ផ្ទះបុរាណនេះឡើង ដើម្បីជាតំណាងឲ្យឲ្យយុវជនជំនាន់ក្រោយៗបានស្គាល់និងជួយថែរក្សាកុំឲ្យបាត់បង់ប្រពៃណីទំនៀមទម្លាប់របស់ខ្លួន ដ្បិតបច្ចុប្បន្នរបៀបនេះការរស់នៅ ទាំងការសង់ផ្ទះ ការប្រាស្រ័យទាក់ទងគ្នាក្នុងជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចកាន់តែបាត់បង់បន្តិចម្តងពីមួយជំនាន់ទៅមួយជំនាន់។
តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ឃ្វិះ ផល្លា ជនជាតិដើមភាគតិចព្នងដូចតទៅ!
ផ្ទះបុរាណរបស់ជនជាតិដើមភាគតិចព្នងមានឈ្មោះថា«ផ្ទះជៃ»ហើយខ្មែរកណ្តាលនិយមហៅផ្ទះបុរាណនេះថា«ផ្ទះផ្សិតឬផ្ទះអណ្តើក»។ ការហៅតាមភាសា ខ្មែរកណ្តាលបែបនេះ ដ្បិតថា រូបរាងខាងក្រៅរបស់ផ្ទះនេះស្រដៀងទៅនឹងផ្សិតចម្បើងមួយដ៏ធំ ហើយក៏ស្រដៀងទៅនឹងស្នូកអណ្តើកមួយដ៏ធំមានរាងមូលដែលទំហំអង្កត់ផ្ចត់ប្រវែងជាង៥ម៉ែត្រនិងកម្ពស់ប្រហែល៤ម៉ែត្រ ស្រដៀងទៅនឹងតង់ជំរុំជនភៀសខ្លួនដូច្នោះដែរ។
ដោយឡែកដំបូលផ្ទះវិញ ធ្វើពីស្បូវ ហើយជញ្ជាំងនិងសសរធ្វើពីដើមឫស្សីដែលបងប្អូនជនជាតិដើមភាគតិចអាចទៅរកតាមព្រៃក្បែរភូមិជិតៗផ្ទះ។
ឈរនៅទីតាំងក្នុងតំបន់ដាច់ស្រយោលមួយស្ថិតនៅកណ្តាលសហគមន៍ភូមិរយ៉លើ ឃុំរយ៉ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី ផ្ទះបុរាណរបស់ជនជាតិដើមភាគតិចព្នងមួយនេះ ធ្វើឡើងមានតែមួយគត់ ហើយក៏ជាផ្ទះសម្រាប់ជានិមិត្តរូបតំណាងក្នុងសហគមន៍ និងទុកសម្រាប់រៀបចំពិធីសែនព្រេនជួបជុំគ្នារបស់អ្នកភូមិស្រុកផងដែរ។ ហើយអ្វីកាន់តែពិសេសគឺផ្ទះមួយនេះធ្វើឡើងជាទឹកតាងទុកឱ្យយុវជនជំនាន់ក្រោយបានស្គាល់ពីប្រពៃណីទំនៀមទម្លាប់ ការរស់នៅរបស់ជនជាតិដើមភាគតិចព្នង។
នេះជាសម្តីរបស់លោក លីន ម៉ៅ ជនជាតិដើមភាគតិចព្នងនិងជាប្រធានសហគមន៍រយ៉លើ៖«នៅស្រុកកោះញែកគ្រាន់ផ្ដើមគំនិតនៅភូមិពួកខ្ញុំមួយទេក្រៅពីនិង ភូមិខ្លះនិងចាំថ្ងៃក្រោយពួកគាត់ចង់បានដែរ។ កម្ពស់និងពីម៉ែត្រកន្លះ បណ្ដោយប្រាំម៉ែត្រ ទទឹងបួនម៉ែត្រ ផលប្រយោជន៍សព្វថ្ងៃបុរាណពីមុននិងសែនព្រេនយើង រកជ័រ រកឃ្មុំចង់បានចឹង រកត្រី»។
«ផ្ទះជៃ»ខ្មែរកណ្តាលនិយមហៅថា«ផ្ទះផ្សិត ឬផ្ទះអណ្តើក»។
ដោយឡែកបើពិនិត្យមើលសភាពក្នុងផ្ទះបុរាណនេះវិញ គឺគ្មានការតាំងលម្អអ្វីច្រើននោះទេ គឺមានតែសម្ភារៈប្រើប្រាស់បម្រើក្នុងជីវភាពរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះ។ ក្នុងនោះគេសង្កេតឃើញមានដាក់តាំងសម្ភារៈផ្ទះបាយ ដូចជា ចង្ក្រាន ឆ្នាំង ចាន ល្អី ស្លាបព្រា និងសម្ភារៈប្រើប្រាស់ដែលមាន កាផាស្ពាយ បំពង់ឫស្សីសម្រាប់ដាក់ទឹកទទួលទាន និងឧបករណ៍នេសាទមួយចំនួនទៀតតែប៉ុណ្ណោះ។រីឯជ្រុងម្ខាងទៀតគេឃើញមានរៀបចំគ្រែដេកដោយមិនមានទូដាក់សម្លៀកបំពាក់អ្វីធំដុំច្រើននោះទេ។
តាមការឱ្យដឹងពីចាស់ព្រឹទ្ធចារ្យក្នុងស្រុកភូមិឱ្យដឹងបន្ថែមថា ដើម្បីការពារទឹកភ្លៀងហូរចូលផ្ទះគេយកដីឥដ្ឋពូនព័ន្ធជុំវិញតាមកែមជញ្ជាំងផ្ទះផ្នែកខាងក្រោម ដោយការធ្វើបែបនេះមិនចាំបាច់ចំណាយថវិកាអ្វីច្រើនទិញសម្ភារៈដូចការសង់ផ្ទះរបស់ជនជាតិដើមភាគតិចសម័យថ្មីនេះទេ។
សម្ភារៈប្រើប្រាស់ក្នុងផ្ទះបុរាណជនជាតិដើមភាគតិច។
នៅតាមភូមិសាស្រ្តដែលមានជនជាតិដើមភាគតិចរស់នៅក្នុងស្រុកមួយចំនួនក្នុងខេត្តមណ្ឌលគីរី គេពុំសូវប្រទះឃើញការសាងសង់ផ្ទះបែបបុរាណរស់នៅដូចជំនាន់ដើមនោះទេ ហើយភាគច្រើនជនជាតិដើមភាគតិចច្រើនតែសង់ផ្ទះដូចខ្មែរកណ្តាលដែរ ដោយខ្លះមានផ្ទះថ្ម ខ្លះផ្ទះឈើប្រក់ស័ង្កសី ឬក្បឿង តាមធនធានរៀងៗខ្លួន។ ប្រការនេះបានញុំាឱ្យលោក លីន ម៉ៅ ប្រធានសហគមន៍ភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្ដមណ្ឌលគិរីសម្តែងការបារម្ភពីការបាត់បង់អត្តសញ្ញាណរបស់ជនជាតិដើមភាគតិចព្នងពីមួយជំនាន់ទៅមួយចំនួន។ លោក លីន ម៉ៅ ដែលជាជនជាតិដើមភាគតិចព្នងផងនោះបានរៀបរាប់ថា ប្រជាពលរដ្ឋក្នុងភូមិប្រមាណ៧០នាក់បានស្រាក់ដៃគ្នាធ្វើផ្ទះបុរាណនេះឡើង ដោយអ្នកខ្លះទៅរកច្រូតស្បូវ ខ្លះទៅកាប់ឫស្សី តាមព្រៃតាមវាល។ចំណែកស្រ្តីៗវិញជួយត្បាញស្លឹកធ្វើដំបូងនិងជញ្ជាំង ពិសេសគឺរកម្ហូបអាហារដើម្បីរៀបចំក្នុងកម្មវិធីធ្វើផ្ទះបុរាណនេះ កាន់តែមានភាពសប្បាយរីករាយប្រកបដោយស្មារតីសាមគ្គី។ ទោះបែបនេះក្តីប្រធានសហគមន៍ភូមិរយ៉រូបនេះនៅតែបង្ហាញកង្វល់ ដ្បិតសម័យបច្ចុប្បន្នប្រជាពលរដ្ឋមានទំនោរសង់ផ្ទះតាមបែបសម័យទំនើបវិញ ដោយផ្ទះបុរាណមួយនេះសង់ឡើងដើម្បីតែទុកគ្រាន់រំលឹកដល់ក្មេងៗ ទុកជាកន្លែងរៀបចំពិធីសែនព្រេននិងសម្រាប់ឱ្យអ្នកទេសចរឬ អ្នកធ្វើដំណើរឆ្លងកាត់បានទស្សនាស្វែងយល់ពីបែបបទរស់នៅរបស់មនុស្សជំនាន់មុនតែប៉ុណ្ណោះ។
លោក លីន ម៉ៅ បន្ដថា៖« ផ្ដើមគំនិតអស់ម៉ាភូមិនិងចាស់ទុំខ្លះក្មេងខ្លះ នៅបុរម្យបុរាណយើងពីមុន កុំឲ្យភ្លេចផ្ទះសំបែង ជនជាតិហៅថា ច្វាញ់ជៃ ។គេនិងហៅផ្សេងគ្នាមិនដឹងខាងនេះគេហៅថា ច្វាញ់ជៃ ។ផ្ទះនិងយើងមានភ្ញៀវអីគេចូលដើរលេង ។ យើងមានភ្ញៀវជួនកាលមកពីស្រុកខេត្ដណាខេត្ដណាទៅ ចូលលេងឬខាងក្រសួងអីគាត់មើលជនជាតិដើមភាគតិចយើងមើលទំនៀមទម្លាប់ពីបុរម្យបុរាណពូនង។ កម្មសិទ្ធខ្លួនឯងយើងអត់មានលិទ្ធភាពធ្វើទេចំណាយច្រើនទើបធ្វើផ្ទះរួមបានម្នាក់ ជួយស្បូវ ម្នាក់ជួយទាំទៅ ខ្លះជួយរកសសរ បានគ្នាច្រើនជួយសាមគ្គីគ្នា អ្នកខ្លះរកត្រី ខ្លះដាំបាយ។ ផ្ទះនិងយើងដាក់ស្បូវត្រជាក់ធម្មតាផ្ទះយើងបុរម្យបុរាណអត់ក្ដៅទេ»។
លោក លីន ម៉ៅ ប្រធានសហគមន៍ភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។
ក្នុងវ័យ៤៤ឆ្នាំ លោក លីន ម៉ៅ ដែលជាប្រធានសហគមន៍មានគំនិតផ្តួចផ្តើមមួយចំនួនដើម្បីអភិរក្សអត្ថសញ្ញាណរបស់ជនជាតិដើមភាគតិចព្នងដូចជាការរៀបចំជាកន្លែងបិទស្រាពាង វិធីត្បាញសម្លៀកបំពាក់ជនជាតិដើមភាគតិច ការរកឃ្មុំជាដើម ដោយគំនិតនេះជាផ្នែកមួយដើម្បីផ្សព្វផ្សាយវប្បធម៌ទៅកាន់មជ្ឈដ្ឋានខាងក្រៅឱ្យបានកាន់តែទូលាយ។
លោក លីន ម៉ៅ បន្ដថា៖«គិតពិភាគ្សាយោបល់សួរចាស់ៗថាចង់ធ្វើផ្ទះនៅមួយកន្លែងទៀត មានលទ្ធភាពចង់បិទស្រាពាង ហើយចេះរកទឹកឃ្មុំ ត្បាញសាស ដូចជនជាតិត្បាញខោ អាវ យើងដូចឥលូវនៅខេត្ដមណ្ឌលគិរីចឹងណាស់។គេចេះត្បាញចង់ឲ្យមានម្នាក់ណែនាំអីទៅមកត្បាញកុំឲ្យភ្លេចសាសនាយើងពីមុន ត្បាញពឹង ត្បាញអាវចឹងណាស់។ហើយសាងសង់ផ្ទះនិងដើម្បីសែនអារក្សអ្នកតាតាមព្រៃភ្នំ ដងអូរ ទឹកច្រប់តាមប្រពៃណីលក្ខណៈជនជាតិដើមភាកតិចយើង នៅកន្លែងណាសែនសែនកន្លែងនិង។
សម្ភារផ្ទះបាយក្នុងផ្ទះបុរាណជនជាតិដើមភាគតិចព្នង។
ងាកមកលោក តាំ យេន ពលរដ្ឋជនជាតិដើមភាគតិចព្នងវ័យកណ្តាលមួយរូបដែលបានចូលរួមសង់ផ្ទះបុរាណខាងលើនិយាយថា ការស្ម័គ្រចិត្តចូលរួមសង់ផ្ទះបុរាណនេះ លោកចង់ឃើញមានផ្ទះបុរាណមួយទុកសម្រាប់ជាអត្ដសញ្ញាណ ទុកសម្រាប់យុវជនជនដើមភាគតិចព្នងបានស្គាល់ពីប្រពៃណីរបស់ខ្លួន។ លោកបន្ដថា នៅតំបន់ខ្លះគ្មានការសង់ផ្ទះបុរាណនេះទេ ដោយសារតំបន់ខ្លះជាតំបន់ខ្ពង់រាប ដោយការសង់ផ្ទះបុរាណមានបញ្ហាប្រឈមនឹងការលិចទឹកភ្លៀង។
លោក តាំ យេន បន្ដថា៖«សង់ផ្ទះនិងដើម្បីអត្ដសញ្ញាណជនជាតិដើមភាគតិចឲ្យក្មេងជំនាន់ក្រោយកុំឲ្យគាត់អត់ស្គាល់ទៀត យើងធ្វើឲ្យមានក្នុងភូមិមួយអីចឹងទៅ ក្មេងជំនាន់និងខ្លះគេអត់ស្គាល់អត់ដឹង ពីដើមចាស់ៗពួកគាត់ធ្លាប់ធ្វើផ្ទះអញ្ចឹង នៅខេត្ដមណ្ឌលគីរីគេទួលទៅគេចូលចិត្ដធ្វើផ្ទះនិង នៅយើងនិងវាច្រើនទឹកចឹងទៅយើងធ្វើផ្ទះឈើផ្ទះឈើផ្ទះអីចឹងទៅ ។ ដល់យើងសែនទៅដូចជារួចបោកបែនស្រូវយើងសែននាំគ្នាសែននៅផ្ទះនិងទៅ មានឆាស មានស្នាមានគ្រប់ប្រភេទ តែបើភាសាជនជាតិ មានឈូង មានគ្រប់សព្វបែបនៅក្នុងនិងហាសយើងដាក់តាំងនៅក្នុងនិងហាស។ ខ្ញុំសូមសំណូមពរដល់យុវជនជំនាន់ក្រោយបានឃើញបានដឹងអត្ដសញ្ញាណរបស់យើងពីដើមឲ្យស្គាល់ទាំងអស់គ្នា ខ្ញុំចង់ផ្ដាំយុវជនផ្ទះនិងជនជាតិគេហៅថាផ្ទះជៃៗ។ធ្វើពីរបីអាទិត្យដែរ ខ្ញុំផ្ទាល់ក៏ខ្ញុំធ្វើដែរ ធ្វើនៅខែ៧ ឆ្នាំ ២០២៣»។
លោក តាំ យេន ពលរដ្ឋជនជាតិដើមភាគតិចព្នងវ័យកណ្តាលមួយរូបដែលបានចូលរួមសង់ផ្ទះបុរាណខាងលើ។
ដោយឡែកយុវតីជនជាតិដើមភាគតិចព្នង រស់នៅភូមិរយ៉លើ ឃុំរយ៉ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី គឺកញ្ញា ចេម សារាយ វ័យ២០ឆ្នាំ បានបង្ហាញទស្សនៈតាមរយៈអ្នកសារព័ត៌មានវិទ្យុស្រ្តីថា ការសាងសង់ផ្ទះបុរាណនេះពិតជាមានសារៈសំខាន់ណាស់ក្នុងនាមកញ្ញាជាយុវជនជំនាន់ក្រោយ ព្រោះកញ្ញាអាចចូលរួមពេលមានពិធីបុណ្យក្នុងភូមិ និងអាចចង់ចាំដឹងពីប្រវត្តិសាវតាដែលចាស់បានដំណាលប្រាប់ពីការរស់នៅរបស់មនុស្សជំនាន់មុន។ កញ្ញាថា ផ្ទះបុរាណនេះជាផ្នែកមួយនៃការអភិរក្សប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចព្នង និងជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។
កញ្ញា ចេម សារាយបន្ដថា ៖ «ការសាងសង់ផ្ទះដើម្បីកុំឲ្យក្មេងៗជំនាន់ក្រោយពួកគាត់ភ្លេចសាសនាចាស់បរមបុរាណពីមុនគឺពួកគាត់រស់នៅបែបនិងតែឥលូវនិង ពួកយើងមានការអភិវឌ្ឍន៍ធ្វើផ្ទះធម្មតា តែបើសិនអត់ធ្វើផ្ទះជនជាតិដើមភាគតិចអាចនិងប្រឈមនិងការបាត់បង់ប្រពៃណីសាសនា។ ពេលមានកម្មវិធីចឹងទៅពួកខ្ញុំតែងតែធ្វើនៅផ្ទះនោះ ការសាងសង់ផ្ទះនេះមានរយៈពេលជិតបានមួយឆ្នាំហើយ គឺបានការចូលរួមពីក្រុមសមាជិកសហគមន៍ទាំងអស់នៅក្នុងភូមិគឺពួកគាត់ជួយទាំងអស់ រលឹកអំពីវប្បធម៍ និងបង្ហាញឲ្យគេបានឃើញបើមិនសាងសង់ខ្លាចបាត់បង់។ ជនជាតិបរទេសបើសិនមកលេងគឺពួកខ្ញុំស្វាគមន៍ជានិច្ច មកថតបានទាំងអស់ ហើយមានដូចជា ប្រដាប់លេងភ្លេងរបស់ជនជាតិដើមភាគតិច»។
កញ្ញា ចេម សារាយ យុវតីជនជាតិដើមភាគតិចព្នង រស់នៅភូមិរយ៉លើ ឃុំរយ៉ ស្រុកកោះញែក ខេត្ដមណ្ឌលគិរី។
សម្រាប់យុវតីជនជាតិដើមភាគតិចព្នងរូបនេះ សំណូមពរដល់យុវជនដែលជាជនជាតិដើមភាគតិចព្នងទាំងអស់ ប្រើប្រាស់ភាសាខ្លួនឯងឱ្យបានញឹកញាប់និងបង្រៀនក្មេងៗឱ្យបានច្រើន ព្រោះបើពុំដូច្នេះទេការប្រើប្រាស់ភាសាជនជាតិដើមភាគតិចក៏អាចបាត់បង់គ្មានអ្នកចេះនោះទេទីថ្ងៃអនាគត។ មួយទៀតនោះ កញ្ញាចង់ឱ្យយុវជនជំនាន់ក្រោយព្យាយាមបង្ហាញអ្វីដែលជាអត្តសញ្ញាណរបស់ខ្លួនឱ្យបានច្រើនតាមរយៈការស្លៀកពាក់ ការនិយាយសន្ទនាជាដើម។
កញ្ញា ចេម សារាយ បន្ដថា៖«ជាចុងក្រោយខ្ញុំផ្ដាំទៅប្អូនៗជំនាន់ក្រោយឬក៏ជំនាន់រួមមួយខ្ញុំទេគឺខ្ញុំចង់ប្រាប់ពួកគាត់ថា កុំឲ្យប្រើប្រាស់ភាសាគេជាធំ ភាសារបស់យើងប្រាប់ទៅកូនឬក៏ក្មួយៗបង្រៀនពួកគាត់ឲ្យនិយាយជាភាសាជនជាតិដើមភាគតិចពូនង ឲ្យគាត់យល់ដឹងពីព្រពៃណីវប្បធម៍សាសនា។ ពេលខ្លះ មិនចាំបាច់ស្លៀកពាក់ជនជាតិដើមភាគតិចនោះទេគឺ គ្រាន់តែនិយាយជាភាសា គឺចាត់ទុកថា បានចូលរួមលើកតំកើងវប្បធម៍ ។ ខ្ញុំសូមសំណូមពរឲ្យពួកគាត់ថែរក្សាប្រពៃណីទំនៀមទម្លាប់ពូនងឲ្យបានគង់វង់ តែបើមិនអភិវឌ្ឍន៍ឬថែរក្សារនោះទេគ្មានអ្នកណាគេមកថែរក្សាជំនួសនោះទេ គឺមានតែយើងខ្លួនឯងងើបឈរផ្សព្វផ្សាយឲ្យគេបានដឹង ត្រូវនិយាយភាសាយើងជាគោល ។យើងត្រូវនិយាយភាសាកុំខ្មាស់អៀនព្រោះអីការខ្មាសអៀនគ្មានអីរីកចម្រើននោះទេ ទទួលស្គាល់ថាយើងជាជនជាតិដើមភាគតិច ត្រូវតែហ៊ានបង្ហាញឲ្យគេបានឃើញបានដឹងពីអត្ដសញ្ញាណរបស់យើង»៕
ផ្ទះជនជាតិដើមភាគតិចសម័យបច្ចុប្បន្ន។
អត្ថបទខ្លី សរសេរដោយយុវតី ឃ្វិះ ផល្លា សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។