en     km
en     km

កម្មករនិយោជិតភាគច្រើនជាស្រ្តីនៅតែប្រឈមនឹងបញ្ហាសុវត្ថិភាពពេលធ្វើដំណើរតាមរថយន្តដឹកមកធ្វើការ

Share

កម្មករនិយោជិត ជិត៣សែននាក់ធ្វើដំណើរតាមរថយន្តប្រភេទដឹកទំនិញទៅមកដើម្បីបំពេញការងារជារៀងរាល់ថ្ងៃ ហើយការធ្វើដំណើរបែបនេះ នាំមកនូវបញ្ហាប្រឈមខ្លាំងទាក់ទងនឹងសុវត្ថិភាព និងបញ្ហាសុខភាព ដ្បិតងាយឆ្លងនឹងជំងឺផ្សេង ដោយសារតែការធ្វើដំណើរដោយឈរប្រជ្រៀតគ្នា។អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

ក្នុងចំណោមកម្មករនិយោជិតក្នុងចំនួនខាងលើ ដែលភាគច្រើនលើសលុបគឺជាស្រ្តី កម្មការិនីខ្លះត្រូវចំណាយពេលជាច្រើន ខ្លះដល់ទៅ១ម៉ោងឬ២ម៉ោងនៅពេលព្រឹក ដើម្បីធ្វើដំណើរទៅបំពេញការងារនៅរោងចក្ររបស់ខ្លួន ដោយភាគច្រើនត្រូវឈរ ហើយអ្នកខ្លះមានកន្លែងអង្គុយ ប៉ុន្តែត្រូវប្រជ្រៀតគ្នាណែនតាន់តាប់ ហាលខ្យល់និងធូលីហុយ។

បន្ថែមពីនេះបន្ទាប់ពីបំពេញការងារអស់រយៈពេល ៧ម៉ោង ឬច្រើនជាងនេះ កម្មករកាត់ដេរត្រូវបន្តចំណាយពេលវេលាដូចខាងលើ ឬយូរជាងនេះ ធ្វើដំណើរតាមរថយន្តប្រភេទដឹកទំនិញបន្តទៀត ទម្រាំបានមកដល់ផ្ទះជួបជុំគ្រួសារ កូនៗ ឬឪពុកម្តាយរបស់ពួកគេ។

អង្គការសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធ រួមមាន ថ្នាក់ដឹកនាំសហជីព តំណាងសមាគមអ្នកបើកបររថយន្តដឹកកម្មករនិយោជិត តំណាងភាគីរោងចក្រ និងក្រុមការងារសុវត្ថិភាពចរាចរណ៍នៅតាមរោងចក្រមួយចំនួន ក្រុមអ្នកបញ្ជាទិញ វិស័យឯកជនតំបន់សេដ្ឋកិច្ចពិសេស បានមកជួបជុំគ្នានៅក្នុងសិក្ខាសាលាថ្នាក់ជាតិលើកទី២ស្តីពី “រថយន្តដឹកកម្មករនិយោជិតដែលមាន សុវត្ថិភាពប្រសើរជាង ជួយសង្រ្គោះជីវិត – បង្កើនសកម្មភាពរួមគ្នា និងការវិនិយោគក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា” ដែល រៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី កាលពីព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង- បន្តធ្វើការពិភាក្សាអំពីលទ្ធភាពជំរុញការ ផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតពីប្រភេទរថយន្តដឹកទំនិញ មកជារថយន្តមានសុវត្ថិភាពប្រសើរជាងដែលមានកៅអីអង្គុយសមរម្យសម្រាប់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងនៅកម្ពុជាឱ្យបានឆាប់រហ័ស និងផ្តល់ជាដំណោះស្រាយ និងអនុសាសន៍សម្រាប់ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតរោងចក្រ ដោយមានការព្រមព្រៀងអំពីផែនការសកម្មភាពក្នុងការជំរុញការផ្លាស់ប្ដូររថយន្តដឹកកម្មករនិយោជិត មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ពីភាគីពាក់ព័ន្ធ  ជាពិសេសនៅតាមតំបន់គោលដៅអាទិភាពមួយចំនួន។

កម្មការិនីមួយរូប គឺកញ្ញា សេង ស្រីនិច ដែលបានចូលរួមក្នុងកម្មវិធីនិយាយថា បច្ចុប្បន្នកញ្ញានៅតែបន្តជិះរថយន្តដឹកកម្មករដែលមានសភាពចង្អៀតណែន គ្មានដំបូល ទៅមកធ្វើការដែលប្រការនេះបង្កបញ្ហាសុខភាពដល់កញ្ញា។ កញ្ញាចង់ឱ្យខាងរោងចក្រ គិតគូពីមធ្យោបាយដឹកជញ្ជូនដែលសមរម្យបង្កផាសុកភាព ពិសេសគឺសុវត្ថិភាពដល់កម្មករ។

«ពិបាកធ្វើដំណើរមែនទែន ពេលដែលយើងធ្វើដំណើរទៅលក្ខណៈថា ​វាអត់មានសុវត្ថិភាពពេលដែលចេញពីធ្វើការមកវិញក៏ត្រូវឈរ ពេលដែលយើងនៅកន្លែងធ្វើការ ពេលខ្លះក៏ឈរអ៊ីចឹងទៅ ពេលជិះឡានធ្វើដំណើរមកផ្ទះក៏ត្រូវឈរទៀត​ ណាមួយបញ្ហាប្រឈមវាច្រើនត្រូវក្តៅ ត្រូវភ្លៀង ហើយណាមួយរៀងពិបាលមែនទែន ពេលយើងជិះទៅ ឡានរេទៅណា យើងក៏ត្រូវរេប៉ះគ្នាអីអ៊ីចឹងទៅ ហើយងាយនឹងឆ្លងជំងឺ ហើយសម្រាប់ខ្ញុំៗចង់ឱ្យមានការផ្លាស់ប្តូរឡានហ្នឹងទៅជាឡានដែលមានសុវត្ថិភាពវិញ អាចកែច្នៃមានកៅអីអង្គុយសិនក៏បាន ហើយបើអាចទៀតជាឡានសុវត្ថិភាពតូរីស ឬឡានក្រុងគឺល្អ»។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការផ្តល់មធ្យោបាយធ្វើដំណើរសមរម្យ និងមានសុវត្ថិភាពដល់កម្មករនិយោជិត គឺពិតជាមានសារៈសំខាន់ណាស់ដែលមិនត្រឹមតែជួយបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិតទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលជាវិជ្ជមានយូរអង្វែង ចំពោះកិច្ចខិតខំដើម្បីកាត់ន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ព្រមទាំងរួមចំណែកជួយដល់ប្រទេសកម្ពុជាឱ្យសម្រេចបាននូវគោលដៅសង្រ្គោះជីវិតដែលបានកំណត់ និងគោលដៅអភិវឌុ្ឍន៍ប្រកបដោយចីរភាព។ « តាមរយៈសិក្ខាសាលារយៈពេលពេញមួយថ្ងៃនេះ ឯកឧត្តម លោក លោកស្រី អ្នកនាងកញ្ញា និងបានស្វែងយល់ និងធ្វើការពិភាក្សាបន្តបន្ទាប់អំពីលទ្ធផលសម្រេចបានបញ្ហាប្រឈម និងដំណោះស្រាយនៃការផ្លាស់ប្តូររថយន្តដឹកកម្មករ ផែនការសកម្មភាពក្នុងការផ្លាស់ប្តូររថយន្តមិនមានសុវត្ថិភាពប្រភេទដឹកទំនិញមកជារថយន្តដឹកអ្នកដំណើរ ហើយនិងការពិភាក្សាអំពីតើភាគីពាក់ព័ន្ធណាអាចចូលរួមគាំទ្រ ឬផ្តល់ការគាំទ្របែបណាដើម្បីឱ្យការជំរុញការផ្លាស់ប្តូរ រថយន្តដឹកកម្មករមកជារថយន្តមានសុវត្ថិភាពប្រសើរជាងនិងសម្រេចបានយ៉ាងឆាប់រហ័ស»

លោក គឹម បញ្ញា បញ្ជាក់ទៀតថា កិច្ចខិតខំដោះស្រាយលើបញ្ហានេះ នឹងជួយដល់ប្រទេសកម្ពុជាក្នុងការបន្តកាត់បន្ថយភាពក្រីក្រដែលអាចបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅលើកម្មករ និយោជិត ដែលជាអ្នកផ្តល់ប្រភពចំណូលដ៏សំខាន់ដល់ក្រុមគ្រួសារ។

តាមរបាយការណ៍ដែលផ្សព្វផ្សាយដោយបេឡាជាតិសន្តិសុខសង្គមក្នុងពេលកន្លងមកបានឱ្យដឹងថា នៅក្នុងចំណោមរថយន្តដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារ នៅក្នុងឆ្នាំ២០២២ដែលមានប្រមាណជិត៣០០០គ្រឿង ប្រហែលជាង ៥៤ភាគរយ គឺជារថយន្តប្រភេទដឹកទំនិញ។

របាយការណ៍ជាមួយគ្នានេះ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមរថយន្តដឹកកម្មករនិយោជិតបានកើតឡើងក្នុងតួលេខខ្ពស់ឡើងវិញក្នុងឆ្នាំ២០២៣កន្លងទៅនេះ ដែលបញ្ហាទាំងនេះទាមទារឱ្យចាត់វិធានការដ៏មានប្រសិទ្ធភាពបន្ថែមទៀត និងឱ្យមានសកម្មភាពរួមគ្នាដើម្បីអាចជំរុញទាំងការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត មកជារថយន្តដែលមានសុវត្ថិភាពប្រសើរជាងផង និងបង្ការគ្រោះថ្នាក់ចរាចរណ៍ និងផលប៉ះពាល់ដែលកើតមានពីគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិតដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត៕

Share

ព័ត៌មានទាក់ទង

Image