en     km
en     km

យុវជនសម្តែងការព្រួយបារម្ភចំពោះសិទ្ធិការងាររបស់សហជីពក្នុងឱកាសទិវាពលកម្មអន្តរជាតិឆ្នាំ២០២៤នេះ

Share

ភ្នំពេញ៖យុវជនមួយចំនួនដែលបានចូលរួមកម្មវិធីទិវាពលកម្មអន្តរជាតិឆ្នាំ២០២៤ ខួបលើកទី១៣៨ នៅមុខក្រសួងការងារកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២៤ បានលើកឡើងប្រហាក់ប្រហែលគ្នាថា សិទ្ធិការងារចំពោះកម្មករនៅមិនទាន់មានភាពល្អប្រសើរនៅឡើយ។ ដោយឡែកសម្រាប់សហជីពវិញ សិទ្ធិរបស់ពួកគេហាក់មិនទាន់ត្រូវបានលើកស្ទួយ ខណៈការតស៊ូមតិរបស់សហជីពខ្លះមិនសូវមានការយកចិត្តទុកដាក់ ហើយសហជីពខ្លះរងការគម្រាមកំហែង និងធ្វើទុក្ខបុកម្នេញនៅឡើយ។​

តទៅនេះលោក កែវ​ សុខា ជូនសេចក្តីរាយការណ៍ព័ត៌មានដែលជាស្នាដៃរបស់កញ្ញា សួ សុវណ្ណិកា សិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាក្នុងគម្រោងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ដូចតទៅ!

ទិវាពលកម្មអន្តរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយឆ្នាំ២០២៤នេះ​ ជាខួបលើកទី ១៣៨។ ដោយឡែកនៅកម្ពុជាទិវាពលកម្មអន្តរជាតិនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អនុវត្តសេរីភាពមូលដ្ឋានដើម្បីយុត្តធម៍សង្គម»ហើយមានការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ ៤០០នាក់ ក្នុងនោះមាន តំណាងអង្គការសង្គមស៊ីវិល សហភាពសហជីព សហព័ន្ធសហជីព សមាគម ដែលធ្វើការងារនៅក្នុងវិស័យសិទ្ធិមនុស្ស វិស័យការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផលិតផលធ្វើដំណើរ វិស័យសំណង់ សេវាកម្ម សណ្ឋាគារ ចំណីអាហារ កសិករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបណ្តាញយុវជនផងដែរ។

សកម្មភាពថ្ងៃទិវាពលកម្មអន្តរជាតិនៅមុខក្រសួងការងារ។រូបភាពពីហ្វេសប៊ុកអង្គការសង់ត្រាល់។

ដោយឡែកក្រសួងការងារនិងដៃគូអភិវឌ្ឍន៍វិញ ក៏បានចូលរួមប្រារព្ធទិវាពលកម្មអន្តរជាតិនេះដូចគ្នាក្នុងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។នៅពីមុខក្រសួងការងារអ្នកចូលរួមដែលបានប្រមូលផ្តុំគ្នា បានសម្តែងមតិតាមឃោសនស័ព្ទ លើកឡើងនូវបញ្ហារបស់កម្មករ និងសហជីពដែលរងការធ្វើទុក្ខបុកម្នេញ ការបំពានសិទ្ធិ និងមិនគោរពសិទ្ធិនាពេលកន្លងមក។

សម្រាប់ការចូលរួមរបស់យុវជនភាគច្រើនជានិស្សិតកំពុងសិក្សានៅភ្នំពេញវិញ ពួកគេយល់ថា ការចូលរួមរំលឹកខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិឆ្នាំ២០២៤នេះ ជាផ្នែកមួយនៃការចូលរួមជំរុញឱ្យរាជរដ្ឋាភិបាលបង្កើនការទទួលខុសត្រូវចំពោះកម្មករនិយោជិតឲ្យមានប្រសិទ្ធភាព និងបង្ហាញពីតម្រូវការចាំបាច់នានារបស់កម្មករគ្រប់វិស័យដល់រដ្ឋាភិបាលក្នុងការធានាឲ្យមានការគោរពសិទ្ធិការងារ និងសិទ្ធិពលរដ្ឋ ដែលជាសេចក្ដីត្រូវការអាទិភាពដាក់ជូនភាគីពាក់ព័ន្ធ។

សកម្មភាពថ្ងៃទិវាពលកម្មអន្តរជាតិនៅមុខក្រសួងការងារ។រូបភាពពីហ្វេសប៊ុកអង្គការសង់ត្រាល់។

យុវតី អ៊ី រស្មី៖«ខ្ញុំទៅចូលរួមទិវាពលកម្មអន្តរជាតិ ព្រោះខ្ញុំចង់ដឹងថា ថាពួកគាត់ដាក់ញាត្តិជូនក្រសួងគាត់ធ្វើបែបម៉េច គាត់រៀបចំបែបម៉េច ហើយមួយទៀត ចង់ដឹងពីស្ថានភាពសិទ្ធិការងារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នតើថា មានបងប្អូនប្រជាពលរដ្ឋប៉ុន្មាននាក់រងការរំលោភសិទ្ធិការងារ»។

នេះជាការលើកឡើងរបស់យុវតី អ៊ី រស្មី វ័យ២១ឆ្នាំ សិក្សានៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ជំនាញទំនាក់ទំនងអន្តជាតិ។​កញ្ញា រស្មី បានប្រាប់សិក្ខាកាមរបស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាថា ការចូលរួមនេះជាលើកទីមួយសម្រាប់កញ្ញា ហើយកញ្ញាបានស្វែងយល់ពីមូលហេតុ និងរបៀបដែលកម្មករ សហជីព ចេញតវ៉ា ដើរដាក់ញាត្តិ និងបញ្ហាប្រឈម បំពានសិទ្ធិនិងការធ្វើទុក្ខបុកម្នេញទៅលើក្រុមសហជីពជាដើម។ សម្រាប់កញ្ញាយល់ថា ការចូលរួមសកម្មភាពសង្គម ពិសេសកម្មវិធីទិវាពលកម្មអន្តរជាតិបែបនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កញ្ញាជាយុវជនជំនាន់ក្រោយ ដ្បិតកញ្ញាបានឃើញពីទិដ្ឋភាពជាក់ស្តែងដែលកំពុងកើតមានក្នុងសង្គមការងារ បញ្ហាប្រឈមរបស់អ្នកធ្វើការងារលើកស្ទួយសិទ្ធិ ដែលការចូលរួមនេះនឹងក្លាយជាធាតុចូលឱ្យកញ្ញាមានបទពិសោធន៍សម្រាប់ការប្រឡូកក្នុងវិស័យការងារនាពេលអនាគត។

យុវតី អ៊ី រស្មី ៖«ទីមួយខ្ញុំអាចយល់ដឹងថាតើក្នុងប្រទេសកម្ពុជាមានការរំលោភសិទ្ធិការងារប៉ុណ្ណា។ ទី២បានមើលឃើញពីការតវ៉ាទៅលើនិយោជកដែលគាត់រំលោភសិទ្ធិការងារ។និងទី៣បានឃើញពីភាពតស៊ូរបស់ពួកគេ ដែលប្រការនេះធ្វើឱ្យខ្ញុំយល់ដឹងថាពីការរំលោភសិទ្ធិការងារ និងយល់ដឹងពីសិទ្ធិការងារ ព្រោះមិនដឹងទៅថ្ងៃអនាគត យើងអាចត្រូវបានគេរំលោភសិទ្ធិការងារឬក៏អត់ទេ »។

យុវតី អ៊ី រស្មី សិក្សានៅសកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

យុវជនមួយរូបទៀតគឺលោក ហូយ ពិសាល និស្សិតផ្នែកភាសាបរទេស ដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ បានលើកឡើងពីសារ:សំខាន់ ដែលបានចូលរួមទិវាពលកម្មអន្តរជាតិនេះថា កម្មវិធីនេះបានផ្តល់គុណតម្លៃល្អដល់លោក ពិសេសលោកបានរួមចំណែកលើកទឹកចិត្តនិងគាំទ្រទៅដល់សហជីពដែលកំពុងរងការបំពានសិទ្ធិ ពីសំណាក់អ្នកមានអំណាចមួយចំនួន។ យុវជនរូបនេះបន្ថែមថា ការចូលរបស់លោកពេលនេះ គឺជាកម្លាំងចិត្តដល់អ្នកស្រលាញ់យុត្តិធម៌ អ្នកឈឺឆ្អើលបញ្ហាសង្គមឱ្យមានទឹកចិត្តបន្តដំណើរទៅមុខទោះបីជាកំពុងជួបបញ្ហាក្នុងបេសសកម្មខ្លះៗយ៉ាងណាក្តី។

«ព្រោះកន្លងមកដូចករណីណាហ្គាល់វើល(Naga World)អញ្ចឹង ទាក់ទងនឹងការរំលោភសិទ្ធិការងារមិនទាន់ឃើញមានរដ្ឋាភិបាលឬក្រសួងការងារដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើការនៅខាងហ្នឹងនោះទេ។ស្ថានភាពការងារបច្ចុប្បន្នគឺមិនទាន់មានភាពទ្រលំទូលាយ ទីផ្សារការងារជាពិសេសច្បាប់ការងារឃើញថានៅមានការរំលោភសិទ្ឋិច្រើននៅកន្លែងការងារដូចជា ការធ្វើការងារលើសម៉ោងធ្វើការថែមម៉ោងដោយមិនមានប្រាក់ឈ្នួលហើយមិនឲ្យទទួលបានការគាំកាតគាំពារ ជាពិសេសបានប.ស.ស។»

លោក ហូយ ពិសាល និស្សិតផ្នែកភាសាបរទេស។

រីឯយុវតី រស់ ស្រីរ័ត្ន ជានិស្សិតឆ្នាំទី៣ ផ្នែកសង្គមវិទ្យា ក៏មានមតិមិនខុសគ្នាពីយុវជន និងយុវតីខាងលើដែរ ព្រោះកញ្ញាទើបបានការចូលរួមជាលើកទី១។ ជាលើកទី១ ​សម្រាប់ស្រីរ័ត្ន ក៏ពិតមែន តែយុវតីរូបនេះមានទឹកចិត្តចង់ចូលរួម ចង់លើកទឹកចិត្តដល់សហជីពឱ្យប្រឹងប្រែងតស៊ូមតិ ដើម្បីទទួលបានសិទ្ធិការងារនិងទទួលបានការងារត្រឡប់មកវិញ ហើយក៏ដើម្បីខ្លួនឯងនិងសង្គមជាតិផងដែរ។

«ចំពោះស្ថានភាពការងារនៅពេលបច្ចុប្បន្នគឺមិនសូវផ្ដល់នូវការគោរពសិទ្ធិច្រើនទេដោយសារបច្ចុប្បន្នយើងឃើញថាមានការចាប់ខ្លួនទៅលើមេសហជីពការងារហើយកន្លែងធ្វើការងារភាគច្រើនមិនបានផ្ដល់បានសសសម្រាប់សហជីពឬក៏បុគ្គលិកនោះទេ។ស្ថានភាពសិទ្ធការងារមាននៅប្រទេសយើងកាន់ស្ថានភាពសិទ្ធិការងារនៅប្រទេសយើងមានច្បាប់ការងារក៏ពិតមែនក៏ប៉ុន្តែមិនបានផ្ដល់សហដល់សហជីពទាំងអស់នោះទេ។ក្រសួងការងារជាផ្នែកមួយសំខាន់ក្នុងការជំរុញឲ្យមានការគោរពសិទ្ធិការងារឡើងវិញសម្រាប់សហជីពទាំងអស់ដែលពួកគាត់បាត់បង់ការងារឬក៏ពួកគាត់ទទួលបានការរំលោភសិទ្ធិពីសហគ្រាសណាមួយ។»

យុវតី រស់ ស្រីរ័ត្ន ឈរកាន់បដាពាក់មួករូបទង់ជាតិកម្ពុជា។

និស្សិតឆ្នាំមូលដ្ឋានមួយរូបទៀតគឺលោក ឈី ឡាយហៀង ជំនាញវេជ្ជសាស្រ្ត នៃសកលវិទ្យាល័យអន្តរជាតិ បានបង្ហាញការយល់ឃើញថា ក្នុងនាមជាយុវជនត្រូវចូលរួមចំណែកឱ្យបានសកម្មក្នុងសកម្មភាពតស៊ូបញ្ចេញមតិរបស់ខ្លួន។ លោកថា ការអនុវត្តសិទ្ធិការងារនៅកម្ពុជាមួយចំនួនគឺប្រជាពលរដ្ឋមិនទាន់ទទួលបានស្មើភាពគ្នានោះទេ ហើយករណីមួយចំនួនទៀតត្រូវបានអនុវត្តផ្ទុយពីច្បាប់ការងារនិងរដ្ឋធម្មនុញ្ញថែមទៀតផង។​«ក្នុងច្បាប់ការងារប្រជាពលរដ្ឋក៏ដូចជាកម្មករនិយោជកគាត់មានសិទ្ធិក្នុងការបង្កើតជាសហជីពក៏ប៉ុន្តែជាក់ស្ដែងតាមរោងចក្រខ្លះកាលណាពួកគាត់បង្កើតជាសហជីពបែរជាថៅកែបញ្ឈប់ការងាររបស់ពួកគាត់ ធ្វើឲ្យពួកយើងមានអារម្មណ៍ថាពលរដ្ឋអត់មានសិទ្ធិពេញលេញនៅក្នុងការបង្កើតសហជីពឬក៏បង្កើតជាសហគមន៍ឬក៏ការជួបជុំប្រជុំផ្សេងៗ»។

លោក ឈី ឡាយហៀង ។

ប៉ុន្តែសម្រាប់អ្នកនាំពាក្យក្រសួងការងារ គឺលោក កត្តា អ៊ន យល់ឃើញថា កម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងទទួលបានសិទ្ធិយ៉ាងទូលំទូលាយ ពិសេសកម្មករ និងសហជីព អាចប្រើប្រាស់បានដោយសេរីទាំងការប្រមូលផ្តុំ ការហែរក្បួន និងការដាក់ញាត្តិ ការសម្តែងមតិជាដើមមិនត្រូវបានរឹតត្បឹតអ្វីនោះទេ។ លោកថា កន្លងមកមានករណីការអនុវត្តផ្លូវច្បាប់លើកម្មករ ឬសហជីពមួយចំនួនដែលពួកគេបានប្រព្រឹត្តិផ្ទុយពីច្បាប់ ដោយករណីនេះធ្វើឱ្យមានរូបភាពចោទប្រកាន់ថារដ្ឋាភិបាលបំបិទសិទ្ធិសេរីភាពកម្មករ ឬសហជីព។

លោក កត្តា អ៊ន ៖«ជាក់ស្តែងយើងឃើញថ្ងៃទី០១ ឧសភានេះ ការប្រើប្រាស់សិទ្ធិសេរីភាពសហជីពដោយសេរី ការប្រមូលផ្តុំ ការដាក់ញាត្តិដោយសេរី នេះហើយជាលំហរប្រជាធិបតេយ្យ វាមិនមែនជាការរឹតត្បិត និងមិនមែនជាការគម្រាមកំហែងដូចការលើកឡើងរបស់គណបក្សមួយចំនួន របស់សង្គមស៊ីវិលមួយចំនួន និងសហជី មួយចំនួននោះទេ។ វាជាសិទ្ធិសេរីភាពធានាដោយច្បាប់។ ច្បាប់ការពារអ្នកគោរពច្បាប់ តែផ្ទុយទៅវិញជនណាមិនគោរពច្បាប់ ជនដែលបំពានច្បាប់ ទោះបីជននោះជានរណាក៏ដោយ ជាសហជីពក៏ដោយ ជាអង្គការសង្គមស៊ីវិលក៏ដោយ ជាតំណាងរាស្រ្តក៏ដោយ ឱ្យតែប្រព្រឹត្តិខុសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ចឹងការអនុវត្តប្រឆាំងនឹងជនល្មើសដែលជាសកម្មជនសហជីព ឬក៏សកម្មជនអង្គការផ្សេងៗគឺជាសកម្មភាពប្រឆាំងចំពោះជនល្មើស មិនមែនជាការរឹតបណ្តឹងសេរីភាពបញ្ចេញមតិ ការប្រមូលផ្តុំ របស់សហជីព អង្គការសង្គមស៊ីវិលនោះទេ»។

អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន។រូបពីតេឡេក្រាម។

សូមជម្រាបជូនថា ការ​ជួប​ប្រជុំ​នៅមុខក្រសួងការងារនៅថ្ងៃទិវាពលកម្មអន្តរជាតិ គឺ​ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ក្នុង​គោលបំណង ទី​១ ​ចូលរួម​រំឭក​ខួប​លើក​ទី​១៣៨ នៃ​ទិវាពលកម្មអន្តរជាតិ​ឆ្នាំ​២០២៤ ទី២ ស្នើសុំ​ក្រសួង​ពន្លឿន​លើ​ការ​ដោះស្រាយ​សំណើ​រួម​របស់​សហជីព និង​ស្នើ​សុំឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហជីព ដែល​ជា​ឧបសគ្គ​ដល់ការ​អនុវត្ត​សិទ្ធិសេរិភាព​របស់​សហជីព និង​សមាគម។ ទី៣ បង្ហាញ​ពី​សារៈសំខាន់​របស់​កម្មករ​ក្នុង​ការ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ រួម​ទាំង​ជំរុញ​ទៅ​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួង​ការងារ ដោះស្រាយ​នូវ​ក្តីកង្វល់​របស់​កម្មករ​និយោជិត​ឱ្យ​មាន​ប្រសិទ្ធិភាព។ និងទី៤ ដើម្បី​បង្ហាញ​ពី​តម្រូវការ​ចាំបាច់​នានា​របស់​កម្មករ​គ្រប់វិស័យដល់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ឱ្យ​មាន​ការ​គោរព​សិទ្ធិការងារ សេរីភាព​ខាង​សហជីព និង​សិទ្ធិពលរដ្ឋ ដែល​ជា​សេចក្តីត្រូវការ​អទិភាព​របស់​កម្មករ​ដើម្បី​ដាក់​ជូន​ភាគឺ​ពាក់ព័ន្ធ៕

អត្ថបទខ្លីសរសេរកញ្ញា សួ សុវណ្ណិកា សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

ព័ត៌មានទាក់ទង

Image