en     km
en     km

សហគមន៍ព្រៃឈើចំនួន ៥ ប្រមូលគ្រាប់ត្នោតដាំធ្វើជាបង្គោលព្រំសហគមន៍

Share

សហគមន៍ព្រៃឈើចំនួន៥ ស្ថិតនៅក្នុងទឹកដីនៃខេត្តកំពង់ធំ និងខេត្តព្រះវិហារ បានជ្រើសរើសគ្រាប់ត្នោតសម្រាប់ដាំ ធ្វើជាបង្គោលព្រំសហគមន៍របស់ខ្លួន។ ការផ្តើមគំនិតយកគ្រាប់ត្នោតដាំធ្វើជារបងព្រំបែបនេះ ព្រោះសហគមន៍មានបំណងចូលរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាស បង្កើនជីវជាតិដី ក៏ដូចជាជួយដល់សេដ្ឋកិច្ចរបស់សមាជិកសហគមន៍ព្រៃឈើនីមួយៗបានថែមទៀតផង។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

អ្នកស្រី សន សុភាព ប្រធានសហគមន៍ព្រៃឈើអូសោម ស្ថិតនៅក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំប្រាប់វិទ្យុស្រ្តី នៅថ្ងៃ២៣ ខែមេសានេះថា សហគមន៍ចំនួន៥ បានធ្វើយុទ្ធនាការប្រមូលគ្រាប់ត្នោតចំនួន២០០០០គ្រាប់ ដើម្បីដាំធ្វើជាព្រំបង្គោលសហគមន៍ព្រៃឈើនីមួយៗ។ អ្នកស្រីបន្តថា ការផ្តើមគំនិតយកដើមត្នោតធ្វើជារបងព្រំបែបនេះ គឺក្នុងគោលបំណងបង្កើនជីវជាតិដី និងកាត់បន្ថយការប្រែប្រួលបរិស្ថាន។ បន្ថែមពីលើនេះ ដើមត្នោតអាចហច់ផលឱ្យសមាជិកសហគមន៍ទាញយកប្រយោជន៍បានច្រើនយ៉ាង ដូចជា ដើម ស្លឹក ធាង និងផ្លែ អាចយកទៅលក់ ឬកែច្នៃទៅជាផលិតផលផ្សេងៗ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ។

ប្រធានសហគមន៍ព្រៃឈើអូសោមរូបនេះ បញ្ជាក់ពីគុណភាពនៃរបងដើមត្នោតបើធៀបនិងរបងបង្គោលស៊ីម៉ង់តិ៍ថា ដើមត្នោតអាចមានភាពធន់ជាងស៊ីម៉ង់តិ៍ មិនងាយពុកផុយ បាក់បែកហើយអាចប្រើប្រាស់បានជាង៥០ឆ្នាំ ខណៈបង្គោលស៊ីម៉ង់តិ៍វិញប្រើបានត្រឹមប្រមាណ១០ទៅ២០ឆ្នាំតែប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា  « ដើមត្នោតជាកេរដំណែលរបស់ដូនតាយើងប្រទេសកម្ពុជាយើង យើងមានដើមត្នោតជាកេរតំណែលរបស់ប្រទេសខ្មែរ អ៊ីចឹងយើងត្រូវការដាំ នៅថ្ងៃអនាគត នៅតាមភូមិ ស្រុកនីមួយៗអាចបាត់បង់ ដោយសារតែរាលថ្ងៃហ្នឹងគាត់កំពុងតែកាប់ចោល គាត់មិនថែរក្សាទេ»។

ប្រធានសហគមន៍ព្រៃឈើអូសោម រូបនោះបានបញ្ជាក់ឱ្យដឹងទៀតថា សព្វថ្ងៃនេះនៅក្នុងសហគមន៍ព្រៃឈើអូសោមមានសមាជិក៣០០គ្រួសារ នៅលើផ្ទៃដី៣៥០ហិកតា ប្រកបមុខរបរប្រមូលអនុផលព្រៃឈើ ដូចជាប្រមូលផ្លែគុយ ដាំបន្លែកសិកម្មចម្រុះ នៅតាមលក្ខណៈគ្រួសារ ចិញ្ចឹម មាន់ ចិញ្ចឹមត្រី រួមទាំងធ្វើជាក្រុមឥណទានក្នុងភូមិថែមទៀតផង។អ្នកស្រីបន្តឱ្យដឹងទៀតថា នៅក្នុងសហគមន៍មានហេដ្ឋារចនាសម័ន្ធខ្លះដែរ តែផ្លូវចូលទៅសហគមន៍មិនទាន់មានក្រាលគ្រួសក្រហម មានតែផ្លូវធម្មតាពិបាកធ្វើដំណើរចូលទៅថែរក្សាព្រៃក្នុងរដូវវស្សា។

ទន្ទឹមនឹងនេះ អ្នកស្រីអំពាវនាវឱ្យប្រជាជននៅតាមជុំវិញខេត្ត ចូលរួមដាំត្នោតទាំងអស់គ្នា។«ក្នុងការដាំត្នោតជាមួយសហគមន៍ ដើម្បីយើងលើកកម្ពស់សមាជិកសហគមន៍នីមួយៗ នៅតាមតំបន់។អ៊ីចឹងយើងចង់ឃើញព្រៃយើងលូតលាស់ល្អ យើងចង់ឃើញដី និងព្រៃនៅតាមសហគមន៍នីមួយៗគង់វង្ស មិនមានជនល្មើសណា រុករានបានដោយសារយើងមានបង្គោលព្រំរស់ជាភស្តុតាង ថាហ្នឹងជាដីរបស់សហគមន៍នីមួយៗ»។

សម្រាប់សហគមន៍ព្រៃឈើសាមគ្គីត្រពាំងទទឹម ស្ថិតនៅភូមិត្រពាំងទទឹម ស្រុករវៀង ខេត្តព្រះវិហារ លោក ទន់ មៀន បានឱ្យដឹងថា ការប្រមូលគ្រាប់ត្នោតដាំធ្វើបង្គោលព្រំនេះ ដោយសារមើលឃើញអំពីសារៈសំខាន់នៃដើមត្នោត ដ្បិតដើមត្នោតមិនងាយបាត់បង់ទៅណា ធន់នឹងអាកាសធាតុ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុបាន។ មួយវិញទៀតដោយសារតែសហគមន៍បានស្នើសុំទៅអង្គការដៃគូឱ្យធ្វើបង្គោលព្រំ ហើយបង្គោលព្រំទាំងនោះជាឈើ ឬស៊ីម៉ង់តិ៍ច្រើនតែខាងជនល្មើសមួយចំនួន កាប់បំផ្លាញដុតចោល ឬបំបែកបំបាក់ចោលជាដើម។

ប្រធានសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទទឹម បន្តថា «ព្រំបង្គោលវាអាចប្រឈមនិងការបាត់បង់ដីសហគមន៍ របស់យើង អ៊ីចឹងយើងមានយុទ្ធសាស្រ្តមួយ បើកប្រមូលគ្រាប់ត្នោតដាំ​​​​ កន្លែងណាក្ងិកក្ងក់១ម៉ែត្រ១ដើម ២ម៉ែត្រ១ដើម កន្លែងណាត្រូវ១០ម៉ែត្រ១ដើម ឬ៥ម៉ែត្រ១ដើម អ៊ីចឹងវាបានរឹងមាំ ព្រៃសហមគមន៍យើងបានរឹងមាំដោយសារបង្គោលព្រំដើមត្នោត រឹងមាំជាងស៊ីម៉ងតិ៍​ ជាងឈើ និងសំខាន់ជាងនេះដល់ពេលត្នោតធំ វាអាចផ្តល់អនុផលពីដើមត្នោតដល់ប្រជាសហគមន៍ទាំងមូល»។

គួរបញ្ជាក់បន្ថែមថា សហគមន៍ព្រៃឈើចំនួន៥រួមមាន  សហគមន៍ព្រៃឈើ អូសោម សហគមន៍ព្រៃឈើអូអង្គុំធំ សហគមន៍ព្រៃឈើកន្សែងវាល ស្ថិតនៅក្នុងខេត្តកំពង់ធំ និងសហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ និងសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទទឹមស្ថិតនៅក្នុងខេត្តព្រះវិហារ៕

Share

Image
Image
Image