កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ គឺជាទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២៨ ប្រទេសជាច្រើនជុំវិញពិភពលោក ក៏ដូចជាកម្ពុជាប្រារព្ធទិវានេះក្រោមប្រធានបទផ្សេងៗគ្នា។ ការណ៍នេះនាំឱ្យយុវតីជនជាតិដើមភាគតិចមួយរូបមកពីភាគឦសាន្តនៃប្រទេសកម្ពុជាប្ដេជ្ញាចិត្តអភិរក្សនិងផ្ទេរចំណេះដឹងប្រពៃណីជនជាតិខ្លួនដល់យុវជនជំនាន់ក្រោយ។
កញ្ញា អ៊ុក រមនា ជូនសេចក្ដីរាយការណ៍!
ភ្នំពេញ៖ យុវតីលេខ ការី ជាជនជាតិដើមភាគតិចព្រៅម្នាក់មកពីខេត្តរតនគិរី ប្រាប់វិទ្យុស្ត្រីក្នុងទិវាជនជាតិដើមភាគតិចលើកទី២៨ នេះថា ស្ត្រីនិងក្មេងស្រី ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍ និងអភិរក្សវប្បធម៌ជនជាតិដើមភាគតិច។ ហើយនៅក្នុងទិវាជនជាតិភាគតិចឆ្នាំនេះ រូបនាងបានប្ដេជ្ញាចិត្ត និងប្រើប្រាស់សមត្ថភាព របស់នាងតាមរយៈការងារស្ម័គ្រចិត្តក្នុងគម្រោងជាច្រើន ដើម្បីធ្វើយ៉ាងណាកៀងគរ និងប្រមូលផ្តុំយុវជនជនជនជាតិដើមភាគតិចមកពីតំបន់ផ្សេងៗរួមគ្នាសិក្សានិងចងក្រង សិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ដល់យុវជនជំនាន់ក្រោយ។
“ខ្ញុំសូមប្ដេជ្ញាចិត្តថា នឹងខិតខំថែរក្សាអត្តសញ្ញាណ ខិតខំផ្សព្វផ្សាយវប្បធម៌ដើម្បីឱ្យជាតិសាសន៍ផ្សេងៗឱ្យបានដឹងអំពីវប្បធម៌ប្រពៃណីទំនៀមទំលាប់ជ.ជដើមភាគតិច ដើម្បីឱ្យពួកគេឃើញថាជនជាតិដើមភាគតិចក៏មានសក្ដានុពលក្នុងការចូលរួម និងបញ្ចេញសំលេងក៏ដូចជាដើម្បីការពារសិទ្ធិ និងលើកម្ពស់ជនជាតិដើមភាគតិចផងដែរ ”
ជាងនេះទៅទៀត យុវតីមកពីភូមិភាគឦសាន្តនៃប្រទេសកម្ពុជារូបនេះ ក៏បានបន្ថែមដោយក្ដីបារម្មណ៍ផងដែរ ចំពោះការបាត់បង់ប្រពៃណីវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចបន្តិចម្ដងៗ ដែលបង្កឡើងដោយយុវជនមួយចំនួនតូចដែលមានទំនោរទៅរកវប្បធម៌ខាងក្រៅ។ ជាមួយនឹងក្ដីបារម្មណ៍ យុវតីវ័យ១៩ឆ្នាំរូបនេះ សូមឱ្យយុវជនជនជាតិភាគតិចងាកមកមើលអ្វីដែលជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចឡើងវិញ។
“ក្នុងនាមជាយុវតីជនជាតិដើមភាគតិច ខ្ញុំមានសារមួយទៅកាន់យុវតីផ្សងៗទៀតដែលជាជ.ជដើមភាគតិចដូចគ្នា សូមកុំឱ្យពួកគាត់ទំនោរទៅតាមបច្ចេកវិទ្យាទំនើបពេក។ ចេះស្រឡាញ់វប្បធម៌ ចេះសិក្សាយល់ដឹងេពីវប្បធម៌ប្រពៃណីរបស់យើងខ្លះផង សូមឱ្យចូលរួមថែរក្សា និងអភិរក្សវប្បធម៌របស់យើងតាមរយៈការរៀនសូត្រចំណេះជំនាញរបស់ខ្លួនឯង។ ពេលដែលមានចំណេះដឹង យើងអាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការអភិរក្សវប្បធម៌ជនជាតិភាគតិចរបស់ខ្លួនឯង”
តាមរយៈសេចក្ដីថ្លែងការណ៍រួមកម្រាស់៣ទំព័ររបស់សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាដែលបានចុះផ្សាយក្នុងថ្ងៃទិវាជនជាតិដើមភាគតិចពិភពលោកលើក២៨ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានរំលេចពីសក្ដានុពលភាពដ៏សំខាន់របស់ស្ត្រីជនជាតិដើមភាគតិចក្នុងកិច្ចការងារអភិវឌ្ឍន៍នានាទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។ មិនតែប៉ុណ្ណោះ ស្ត្រីជាធនធានមនុស្សដ៏សំខាន់បំផុតក្នុងការដឹកនាំ គ្រប់គ្រង ថែរក្សានូវអត្តសញ្ញាណ វប្បធម៌ ប្រពៃណី ដីធ្លី និងធនធានធម្មជាតិ ជាសមូហភាពរបស់សហគមន៍ជនជាតិជាតិដើមភាគតិច ក៏ដូចជាសង្គមជាតិទាំងមូល៕
#លេកការី #ទិវាជនជាតិដើមភាគតិចពិភពលោកលើកទី២៨