en     km
en     km

អភិបាលស្រុកបន្ទាយស្រីថា សហគមន៍ទេសចរណ៍បឹងឈូក៖ជាគំរូនៃសហគមន៍ទេសចរណ៍

Share

សហគមន៍ទេសចរណ៍បឹងឈូកជាតំបន់ទេសចរណ៍បែបធម្មជាតិ និងកែច្នៃមួយកន្លែងដែលមានទេសចរប្រមាណ៥០០ ទៅ១០០០នាក់ ក្នុងមួយថ្ងៃទៅលេងកម្សាន្ដ។ រមណីយដ្ឋាននេះត្រូវបានចាត់ទុកជាសហគមន៍គម្រូមួយ ពីលោកអភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប។

សហគមន៍ទេសចរណ៍បឹងឈូក ជាសហគន៍ទេសចរណ៍ដែលអាចធានាបាននូវការរីកចម្រើនប្រកបដោយបរិយាប័ន ការពារផលប្រយោជន៍រួមនៅក្នុងសហគមន៍ និងចូលរួមការអភិវឌ្ឍប្រកបដោយចីរភាព ហើយសហគមន៍នេះ ត្រូវបានចាត់ទុកជាគំរូនៃសហគមន៍ទេសចរណ៍មួយផងដែរក្នុងស្រុកបន្ទាយស្រី។ នេះបើតាមហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។

នៅក្នុងឱកាសចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់សហគមន៍ទេសចរណ៍បឹងឈូក លោក ឃឹម ហ្វីណង់បានឱ្យដឹងថា សហគមន៍ទេសចរណ៍នេះជា សហគមន៍បង្គោលមួយនៅក្នុងស្រុកបន្ទាយស្រី ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលស្រុកលើការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍។

លោកបន្ដថា ភាពជោគជ័យនៃសហគមន៍បឹងឈូកក៏បាននិងកំពុងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ជាគំរូដល់ការបង្កើតសហគមន៍ផ្សេងៗទៀតនៅក្នុងស្រុកបន្ទាយស្រី ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍនៅក្នុងមូលដ្ឋានមួយ ដែលមាននិរន្តភាព និងប្រកបដោយចីរភាព។

       

សហគមន៍បឹងឈូង សហគមន៍ដែលមានសមាជិកមកពីប្រមាណ៣០០គ្រួសារនេះ មានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ មានលក្ខន្តិកៈច្បាស់លាស់ មានរបបប្រជុំទៀងទាត់ និងមានការបោះឆ្នោតជ្រើសរើសតំណាងដឹកនាំរបស់ខ្លួនជាប្រចាំ។

សហគមន៍នេះបានបង្កើតកាងារ និងប្រាក់ចំណូលដល់សមាជិក សហគមន៍ក៏បានបង្ហាញពីការទទួលខុសត្រូវខាងផ្នែកសង្គម តាមរយៈការបង្កើតមូលនិធិផ្ទាល់ខ្លួនដាច់ដោយឡែក ដើម្បីចូលរួមយ៉ាងសកម្មលើការងារអភិរក្សជីវៈចម្រុះរបស់បឹង ឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ ឬទន្ទ្រានយកដី និងចូលរួមថែរក្សាបរិស្ថានអនាម័យជាមួយរដ្ឋបាលស្រុកជាប្រចាំ។

យ៉ាងណាមិញ ផ្អែកតាមរមណីយដ្ឋានទេសចរណ៍សហគមន៍បឹងឈូក ក៏មានកម្មវិធីបណ្តុះកូនកោងកាង ក្នុងព្រៃសហគមន៍ដែរ ដោយកូនកោងកាង១ដើមមានតម្លៃ ១០០០រៀល។

 

សូមបញ្ជាក់ថា សហគមន៍ទេសចរណ៍បឹងឈូក គឺជាប្រតិបត្តិករនៃរមណីយដ្ឋានបឹងឈូកបន្ទាយស្រី ដែលកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តពី៥០០នាក់ទៅ១០០០នាក់ក្នុងមួយថ្ងៃៗ ដោយសារតំបន់បឹងឈូកនេះ មានសម្រស់ធម្មជាតិព្រៃភ្នំដ៏ស្រស់ស្អាត ផ្ទៃបឹងធំល្វឹងល្វើយ ខ្យល់អាកាសល្អបរិសុទ្ធ មានរៀបចំជាកញ្ចុះបណ្តែតទឹក និងសេវាម្ហូបអាហារគ្រប់ប្រភេទ រួមនឹងការជិះទូកកម្សាន្តទស្សនាព្រៃកោងកាង សត្វស្លាប និងជីវៈចម្រុះច្រើនប្រភេទ៕

 

Share

ព័ត៌មានទាក់ទង

Image