en     km
en     km

រុស្ស៊ីនិង ស.រ.អ ប៉ះទង្គិចគ្នានៅអង្គការសហប្រជាជាតិ អំពីរឿងអ៊ុយក្រែន

Share

ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក បានដំឡើងសរសៃកដាក់គ្នា លើបញ្ហាអ៊ុយក្រែន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញ។ ភាគីទាំងពីចោទប្រកាន់គ្នាទៅវិញទៅមកថា«បង្ករឿង»។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

ភាពតានតឹងរវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក ពីរឿងដែលរដ្ឋាភិបាលរុស្ស៊ីបង្កើនកងទ័ពនៅក្បែរប្រទេសអ៊ុយក្រែន បានហៀរចូលដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទម្សិលមិញ។ ប្រទេសមហាអំណាចទាំងពីរនោះបានចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នក«បង្ករឿង»។

ការប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិម្សិលមិញ ជាពេលដែលតំណាងប្រទេសរុស្ស៊ី និងតំណាងសហរដ្ឋអាមេរិក ប្រឈមមុខដាក់គ្នាជាសាធារណៈ លើបញ្ហាដែលសហរដ្ឋអាមេរិកនិងប្រទេសដទៃៗទៀតបានចាត់ទុកថាជាការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស-ហ្គ្រីនហ្វៀល បានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិក 15 ប្រទេសនោះតាមសម្ដីផ្ទាល់ថា៖ «ការគំរាមឈ្លានពាននៅតាមព្រំដែនប្រទេសអ៊ុយក្រែនគឺជាការបង្កហេតុ។ ការទទួលស្គាល់របស់យើងចំពោះការពិតនៅលើផ្ទៃដី គឺមិនមែនជាការបង្កហេតុទេ។»

«ការបង្កហេតុគឺមកពីប្រទេសរុស្ស៊ី មិនមែនមកពីសហរដ្ឋអាមេរិក ឬមកពីប្រទេសផ្សេងណាដែលស្ថិតក្នុងក្រុមប្រឹក្សាសន្តិសុខនេះទេ»។ លោកស្រី ថូម៉ាស-ហ្គ្រីនហ្វៀល បានអះអាងបន្ថែមយ៉ាងដូច្នេះ ដោយបន្ទរតាមទឡ្ហីករណ៍ស្នូលរបស់រដ្ឋាភិបាលនៅទីក្រុងវ៉ាស៊ីនតោន ស្របពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីបានបន្តធ្លាក់ចុះថែមទៀត។

លោកស្រី ថូម៉ាស-ហ្គ្រីនហ្វៀល បានចោទប្រកាន់ប្រទេសរុស្ស៊ីថាមានទាហានលើសពី 1 សែននាក់នៅតាមព្រំដែនជាប់ប្រទេសអ៊ុយក្រែន ហើយថាប្រទេសរុស្ស៊ីនិងប្រទេសបេឡារុស្សកំពុងរៀបចំ«ធ្វើសកម្មភាពវាយលុកប្រទេសអ៊ុយក្រែន»។ លោកស្រីបាននិយាយទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឃើញភស្តុតាងដែលថាទីក្រុងមូស្គូគ្រោងនឹងពង្រាយទាហានចំនួន 3 ម៉ឺននាក់បន្ថែមទៀត នៅក្នុងប្រទេសបេឡារុស្សនាដើមខែកុម្ភៈនេះ។

 

Vassily Nebenzia, Permanent Representative of the Russian Federation to the United Nations, addresses the Security Council meeting on threats to international peace and security (Ukraine).

 

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស្ស៊ីលី នីបិនស្យា បាននិយាយថា «មិនមានភស្តុតាង»បញ្ជាក់ពីការរៀបចំផែនការសកម្មភាពយោធារបស់រដ្ឋាភិបាលរុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែនទេ ហើយថាប្រទេសរុស្ស៊ីតែងតែបានច្រានចោលការចោទប្រកាន់បែបនេះជានិច្ច។

លោក នីបិនស្យា បាននិយាយតាមសំដីដើមថា៖ «សហសេវិករបស់យើងខាងបស្ចិមលោក កំពុងនិយាយអំពីតម្រូវការកាត់បន្ថយភាពតានតឹង។ ប៉ុន្តែ ជាបឋមនិងជារឿងសំខាន់បំផុត ពួកគេខ្លួនឯងកំពុងបង្កើនភាពតានតឹង និងវោហាស័ព្ទ ហើយកំពុងបង្កឱ្យមានភាពតានតឹង»។

លោក នីបិនស្យា បានគូសបញ្ជាក់ទៀតថា៖ «ការពិភាក្សាអំពីការគំរាមធ្វើសង្គ្រាមគឺជាការបង្កហេតុនៅក្នុងហ្នឹងតែម្ដង។ អ្នកសឹងតែអំពាវនាវឱ្យមានសង្គ្រាមហើយ។ អ្នកចង់តែឱ្យវាកើតឡើងទេ។ អ្នកកំពុងរង់ចាំឱ្យវាកើតឡើង គឺដូចជាអ្នកចង់ធ្វើឱ្យពាក្យរបស់អ្នកក្លាយជាការពិតអ៊ីចឹង»។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចចាត់វិធានការណាមួយ ឱ្យលើសពីការនិយាយអំពីស្ថានភាពបានទេ ដោយសារតែរុស្ស៊ីជាប្រទេសមួយ ក្នុងចំណោមប្រទេសមហាអំណាចទាំង ៥ ដែលមានសិទ្ធិខ្ទាស់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សានេះ ដូចសហរដ្ឋអាមេរិក ចិន បារាំង និងអង់គ្លេសដែរ។

ក្រុមប្រឹក្សាសន្តិសុខបានជួបប្រជុំរាប់សិបដងមកហើយ ជុំវិញវិបត្តិនៅអ៊ុយក្រែន ចាប់តាំងពីពេលដែលប្រទេសរុស្ស៊ីបញ្ចូលតំបន់គ្រីមៀររបស់អ៊ុយក្រែនមកក្នុងទឹកដីរបស់ខ្លួនវិញនាឆ្នាំ២០១៤។

ប្រទេសចិន​គាំទ្រ«ការទូត​បែបស្ងៀមស្ងាត់»។ លោក ចាង ជុន ឯកអគ្គរដ្ឋទូតចិនប្រចាំ​អង្គការ​សហ​ប្រជាជាតិ ​បាន​និយាយ​ថា​៖ «​អ្វី​ដែល​ត្រូវ​ការ​ជា​បន្ទាន់​នៅ​ពេល​នេះ​គឺ​ការ​ទូតបែបស្ងៀមស្ងាត់​ មិន​មែន​ជា​ការ​ទូត​តាមឧគ្ឃោសនាសព្ទ​នោះ​ទេ»។ ប្រទេសចិនធ្លាប់បានស្នើឱ្យភាគីជម្លោះនៅក្នុងវិបត្តិអ៊ុយក្រែនវិលទៅរកកិច្ចព្រមព្រៀងទីក្រុងមីន ដែលសម្រេចបាននៅឆ្នាំ២០១៤ និងឆ្នាំ២០១៥ វិញ។

លោក នីបិនស្យា បានពិពណ៌នាវិបត្តិនៅអ៊ុយក្រែនបច្ចុប្បន្នថាជា«រឿងក្នុងស្រុក» ហើយបាននិយាយថា វាអាចត្រូវបានធ្វើឱ្យប្រសើរឡើងដោយការអនុវត្តកិច្ចព្រមព្រៀងទីក្រុងមីន។ កិច្ចព្រមព្រៀងនេះមានគោលបំណងបញ្ចប់សង្គ្រាមបំបែកទឹកដីដោយអ្នកនិយាយភាសារុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។ រដ្ឋាភិបាលរុស្ស៊ីបានអះអាងជាយូរមកហើយថា ខ្លួនមិនមែនជាភាគីនៃជម្លោះនោះទេ៕

យោង៖

១) https://www.reuters.com/world/europe/russia-fails-keep-un-security-council-debate-ukraine-closed-2022-01-31/

២) https://www.reuters.com/world/europe/uss-blinken-holds-talks-with-chinas-wang-ukraine-situation-2022-01-27/

Share

Image
Image
Image