en     km
en     km

កិច្ចការសម្របសម្រួលគណនេយ្យភាពជួយពលរដ្ឋនិងអាជ្ញាធរងាយស្រួលយល់ដឹងតម្រូវការនិងឆ្លើយតបតម្រូវការបានកាន់តែប្រសើរ

Share

ភ្នំពេញ៖ អង្គការសម្ព័ន្ធសុខភាពកុមារ និង សុខភាពបន្តពូជ(RACHA)កាលពីថ្ងៃទី១០ ខែមេសា​ឆ្នាំ២០២៤កន្លងទៅបានបើកកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារប្រចាំឆមាសឆ្នាំ២០២៤របស់ខ្លួននៅសាកលវិទ្យាល័យប្រៀលប្រាយសៀមរាប។ តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមដំណាក់កាលទី២ នៃគម្រោងការច្នៃប្រឌិតថ្មីនេះ ទាំងអ្នកសម្របសម្រួលគណនេយ្យភាពក្នុងសហគមន៍និងប្រជាពលរដ្ឋសុទ្ធតែបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពលរដ្ឋនិងអាជ្ញាធរកាន់តែបានដឹងពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមកិច្ចការអភិវឌ្ឍសហគមន៍ ហើយអាជ្ញាធរក៏ងាយស្រួលឆ្លើយតបតាមតម្រូវការបានងាយស្រួលផងដែរ។

តទៅនេះសូមស្តាប់លោក កែវ សុខា ជូនសេចក្តីរាយការណ៍ពិស្តារពីអត្ថបទព័ត៌មានរបស់កញ្ញា សូរ សែន សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី«អក្ខរកម្មព័ត៌មាន»របស់អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាប្រចាំខេត្តសៀមរាបដូចតទៅ!។

តាមរយៈកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារសម្របសម្រួលគណនេយ្យភាពក្នុងឃុំ-សង្កាត់មួយចំនួនស្ថិតក្នុងខេត្តសៀមរាបដែលអង្គការ RACHA អនុវត្តរយៈ ៦ ខែសម្រាប់ឆ្នាំ២០២៤ អង្គការ RACHA ពិនិត្យឃើញថា ភ្នាក់ងាររបស់ខ្លួនកាន់តែមានសមត្ថភាពជាងមុនក្នុងការធ្វើការងារក្នុងសហគមន៍ ពិសេសគឺសមត្ថភាពផ្សារភ្ជាប់រវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានដឹងពីសិទ្ធិ តួនាទី កាតព្វកិច្ច ក្នុងការលើកឡើងនូវក្តីកង្វល់ ដើម្បីឱ្យអាជ្ញាធរងាយស្រួលបានដឹងនឹងឆ្លើយតបផ្តល់សេវាទាន់ពេល និងចំគោលដៅដែលពលរដ្ឋចង់បាន។

សកម្មភាពកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារប្រចាំឆមាសឆ្នាំ២០២៤របស់អង្គការរ៉ាឆានៅសាកលវិទ្យាល័យប្រៀលប្រាយសៀមរាប។ 

លោក ប៉ូច គុណ អ្នកសម្របសម្រួលគម្រោង ISAC តំណាងអង្គការ សុខភាពគ្រួសារអន្តរជាតិ(FHI360) និយាយថា ការជួបប្រជុំឆ្លុះបញ្ចាំងពីលទ្ធផល ការងារប្រចាំឆមាសនេះ មានអ្នកចូលរួមសរុប៥៤នាក់ ក្នុងនោះមានស្រ្តីចំនួន៣៤នាក់។ ការប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងលើកឡើងនូវលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយរបស់គម្រោង “ISAC” គិតចាប់ពីខែ តុលាឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤។ក្នុងនោះអ្នកចូលរួមមានឱកាសរៀនសូត្រពីភាពវិជ្ជមាន ភាពជាគំរូ របស់អង្គភាពក្នុងការផ្តល់សេវា និង អ្នកទទួលសេវា។ មួយទៀតនោះអង្គប្រជុំ ក៏បន្តលើកឡើងនូវផែនការអនុវត្តគម្រោង ការច្នៃប្រឌិតថ្មី សម្រាប់គណនេយ្យភាពសង្គមក្នុងប្រទេសកម្ពុជា ពីខែមេសា ឆ្នាំ២០២៤ ដល់ខែធ្នូ ឆ្នាំ២០២៤ផងដែរ។

សកម្មភាពអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍របស់អង្គការរ៉ាឆាធ្វើការងារក្រុមក្នុងកិច្ចប្រជុំប្រចាំឆមាស។

អ្នកសម្របសម្រួលគម្រោង ISAC រូបនេះសង្កេតឃើញថា តួអង្គសំខាន់គឺអ្នកសម្របសម្រួលការងារគណនេយ្យភាពក្នុងឃុំ-សង្កាត់ មានការវិវត្តន៍ជាវិជ្ជមាននូវចំណេះ ជំនាញ ភាពក្លាហាន និងសមត្ថភាពក្នុងការតាមដាន អង្កេត និងពាំនាំយកបញ្ហា តម្រូវការ សំណើសំណូមពររបស់ប្រជាពលរដ្ឋ​ ជូនដល់អាជ្ញាធរមូលដ្ឋានបានដឹងនិងដោះស្រាយទាន់ពេល។ លោកថា ការងារជាអ្នកសម្របសម្រួលគណនេយ្យភាពក្នុងសហគមន៍ពិតជាមានសារៈសំខាន់ណាស់ក្នុងការដើរតួនាទីកែលម្អមូលដ្ឋានកាន់តែប្រសើរតាមរយៈការតភ្ជាប់រវាងប្រជាជននិងអាជ្ញាធរអាចអង្គុយរួមតុគ្នា ជជែក ពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហារួមគ្នាឈានទៅរកវឌ្ឍនភាពមួយល្អប្រសើរ។

ប្រសាសន៍របស់លោក ប៉ូច គុណ ៖

 

លោក ប៉ូច គុណ អ្នកសម្របសម្រួលគម្រោង ISAC តំណាងអង្គការ សុខភាពគ្រួសារអន្តរជាតិ(FHI360)ថ្លែងក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលការងារប្រចាំឆមាសឆ្នាំ២០២៤។

លោក ពិក រុំ ជាអ្នកធ្វើការងារផ្នែកសម្របសម្រួលគណនេយ្យភាពសហគមន៍ប្រចាំសង្កាត់សៀមរាប ខេត្តសៀមរាបតាំងពីឆ្នាំ២០២០។ លោកនិយាយថា ការងារផ្សព្វផ្សាយកញ្ចប់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋក្នុងតំបន់គោលដៅតែងជួបឧបសគ្គមួយចំនួន ដ្បិតប្រជាពលរដ្ឋខ្លះនៅមានកម្រិតវប្បធម៌តិចនៅឡើយ ពុំទាន់អាចមានលទ្ធភាពយល់ដឹងពីសេវាកម្មនានាដែលខ្លួនមានសិទ្ធិអាចទទួលពីអាជ្ញាធរក្នុងមូលដ្ឋានដែលពួកគេរស់នៅ។ យ៉ាងណាដំណោះស្រាយចំពោះមុខ លោកក្នុងនាមជាអ្នកសម្របសម្រួលគឺប្រឹងប្រែងពន្យល់តាមវិធីសាមញ្ញា ងាយស្រួលយល់ដើម្បីឱ្យប្រជាពលរដ្ឋអាចចូលរួមក្នុងកិច្ចការងារអភិវឌ្ឍ។ លោកបន្តថា អ្នកសម្របសម្រួលការងារគណនេយ្យភាពបានដើរនាទីយ៉ាងសំខាន់និងប្រៀបដូចជាភ្នែក ច្រមុះ របស់អាជ្ញាធរដែនដីផងដែរ ដ្បិតការងារឬបញ្ហាមួយចំនួនអាជ្ញាធរពុំអាចដឹងបានសព្វគ្រប់នោះទេ ដូច្នេះការងារអភិវឌ្ឍសហគមន៍ទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ។

ប្រសាសន៍របស់លោក ពិក រុំ ៖

សកម្មភាពលោក ពិក រុំ (អ្នកលើកក្រដាស)ឡើងធ្វើបទបង្ហាញរបស់អ្នកសម្របសម្រួលនៃអង្គការរ៉ាឆា។

ដោយឡែកអ្នកស្រី  សំ ស៊ីណាន ប្រជាពលរដ្ឋនៅភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាបដែលមានចូលរួមសកម្មភាពជាមួយគម្រោងរបស់អង្គការ RACHA និយាយថា អ្នកស្រីមានការវិវត្តន៍ផ្លាស់ប្តូរក្លាយជាមនុស្សម្នាក់ដែលហ៊ាននិយាយជាសាធារណៈ ក្នុងអង្គប្រជុំនានានៅមូលដ្ឋាន និងចេះតាមដានបញ្ហាក្នុងសហគមន៍រាយការជូនអាជ្ញាធរដើម្បីដោះស្រាយ។ តាមរយៈកិច្ចការដែលអ្នកស្រី ស៊ីណាន ចូលរួមនៅមូលដ្ឋាន មានការលើកឡើងពីកង្វះខាតសម្ភារៈក្នុងសាលារៀន និងបាតុភាពក្មេងទំនើងក្នុងសាលាជាដើម។អ្នកស្រីយល់ថា ការចូលរួមចំណែកក្នុងកិច្ចការងារសហគមន៍តាមរយៈកិច្ចសម្របសម្រួលរបស់ភ្នាក់ងារអង្គការ RACHA បានជួយឱ្យអ្នកស្រីហាក់ទទួលបានសិទ្ធិនិងមានតម្លៃក្នុងនាមជាពលរដ្ឋ ហើយសំឡេងរបស់អ្នកស្រីនិងពលរដ្ឋត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ស្តាប់ជាងមុន។

ប្រសាសន៍របស់អ្នកស្រី  សំ ស៊ីណាន ៖

អ្នកស្រី  សំ ស៊ីណាន ប្រជាពលរដ្ឋនៅភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប។

សូមជម្រាបជូនថា លទ្ធផលនៃការអនុវត្តសកម្មភាពរបស់គម្រោង RACHA គិតចាប់ពីខែ តុលាឆ្នាំ២០២៣ដល់២០២៤នេះមាន១០ចំណុចសំខាន់ៗរួមមាន៖ ទី១.អ្នកសម្របសម្រួលគណនេយ្យភាពសង្គម (CAFs)បានជួយបញ្ចូលទិន្នន័យក្នុងប្រព័ន្ធកូបូ ទី២.វគ្គបណ្តុះបណ្តាលស្តីពី តួនាទី ភារកិច្ចរបស់គណៈកម្មធិការ ផ.ស.រ.គ ទី៣.កិច្ចប្រជុំប្រចាំត្រីមាសនៃគណៈកម្មធិការ ផ.ស.រ.គ ទី៤. ផ្សព្វផ្សាយផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមតាមសង្កាត់ និង ក្រុង ទី៥. ការងាររបស់អ្នកសម្របសម្រួលចុះណែនាំប្រជាពលរដ្ឋនិងទាញប្រជាពលរដ្ឋចូលក្នុងក្រុមតេឡេក្រាម ទី៦.ការធ្វើទស្សនកិច្ចសិក្សារបស់ម្ចាស់ជំនួយ FHI360 ៧.ផ្តល់ការបណ្តុះបណ្តាលសម្រាប់អ្នកសម្របសម្រួលចាស់និងថ្មី ទី៨.ការងារចុះផ្សព្វផ្សាយកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ(I4Cs)របស់រដ្ឋបាលថ្នាក់ក្រុងនិងសង្កាត់ និងចុះតាមខ្នងផ្ទះពលរដ្ឋ ទី៩. កិច្ចប្រជុំផ្សព្វផ្សាយទូទៅនៅរដ្ឋបាលក្នុងនិងសង្កាត់ និងទី១០.ការផលិតព័ត៌មានតាមទូរស័ព្ទដៃ៕

អត្ថបទខ្លី សរសេរដោយយុវតី សូរ សែន សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

 

Share

ព័ត៌មានទាក់ទង

Image