en     km
en     km

ប្រជាពលរដ្ឋធ្លាប់រងគ្រោះពីការវាយប្រហារដោយដំរីព្រៃ អំពាវនាវអាជ្ញាធរមានវិធានការល្អប្រសើរបន្ទាប់ពីមានករណីស្រ្តីម្នាក់បាត់បង់ជីវិត

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅមណ្ឌលគិរីដែលធ្លាប់រងការយាយីពីហ្វូងដំរីព្រៃជារឿយៗ បានអំពាវនាវទៅកាន់អាជ្ញាធរពាក់ព័ន្ធ និងថ្នាក់ដឹកនាំ យកចិត្តទុកដាក់ពីសុខសុវត្ថិភាព និងផលដំណាំប្រជាជន ដោយបង្ការការពារការវាយប្រហារពីហ្វូងដំរីព្រៃ។

(កញ្ញា ងិន ស៊ាងលីម ជូនសេចក្តីរាយការណ៍​​​)​

នាពេលថ្មីៗនេះហ្វូងដំរីព្រៃ ឬដំរីអាស៊ីជាច្រើនហ្វូង បានបង្ហាញខ្លួនដូចបណ្ដាឆ្នាំកន្លងទៅ ដែលនេះជាសញ្ញាបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់។ ប៉ុន្តែ ចំពោះវត្តមានរបស់ដំរីព្រៃ ឬដំរីអាស៊ីមួយហ្វូងនៅស្រុកកែវសីមា ហាក់មានភាពខុសប្លែកពីឆ្នាំមុនៗ ព្រោះឆ្នាំនេះ ហ្វូងដំរីមានចរិតកាចសាហាវ រហូតរុំបោកស្ត្រីម្នាក់បណ្តាលឱ្យស្លាប់។

ករណីនេះ កើតឡើងនៅអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរ ស្ត្រីម្នាក់ដែលចូលទៅរកទំពាំងឬស្សីក្នុងព្រៃ ត្រូវដំរីមួយក្បាលរុំបោកស្លាប់ភ្លាមៗ ត្រង់ចំណុចអូរប៉ាម ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

យ៉ាងណាចំពោះមុខបញ្ហានេះ មិនមែនជាថ្មីនោះទេ។ ប្រជាពលរដ្ឋម្នាក់ដែលធ្លាប់រងគ្រោះដោយសារដំរីនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា គឺលោក លី មាន់ផា ប្រាប់វិទ្យុស្ត្រីថា កន្លងមកវត្តមានដំរីព្រៃបានបំផ្លិចបំផ្លាញដំណាំផ្សេងៗរបស់លោកនិងអ្នកភូមិមិនតិចនោះទេ ពិសេសគឺចូលទៅស៊ីក្នុងចំការដំណាំចន្ទី។ លោកថា បញ្ហានេះតែងបង្កការភ័យតក់ស្លុតដល់ប្រជាពលរដ្ឋ និងបាក់ស្បាតមិនសូវហ៊ានចេញទៅមើលថែរចម្ការនោះទេ។ តួយ៉ាងសមាជិកគ្រួសាររបស់លោក សឹងតែមិនហ៊ានចុះទៅក្រោមផ្ទះនៅពេលយប់ ដ្បិតខ្លាចដំរីយាយី។

លោក លី មាន់ផា

«ដាំស្វាយចន្ទីនៅក្រោយផ្ទះហ្នឹង រួចទៅដំរីគាត់ចេញមក ខ្ញុំពីរនាក់ប្រពន្ធខ្ញុំដាំដាំស្វាយចន្ទីនៅក្បែរផ្ទះហ្នឹងហាស! ចេញពីព្រៃមកដេញខ្ញុំពីរនាក់ប្តីប្រពន្ធហ្នឹង ខ្ញុំក៏រត់ៗរកម៉ូតូ បញ្ឆេះម៉ូតូ បញ្ឆេះអត់ទាល់ផង វាមកដល់ៗ វាជាន់ម៉ូតូ។ ខ្ញុំកាន់ដៃពីរនាក់ប្តីប្រពន្ធខ្ញុំរត់ទៅ ដល់ពេលហើយរត់មានរួចណា ប្រពន្ធខ្ញុំគាត់ឃើញ គាត់ទន់ដៃទន់ជើងហ្មង គាត់ក្រាបទៅនឹងដីហ្នឹងហាស! ហើយខ្ញុំក៏រត់ទៅម្ខាងទៅ រត់ទៅរកចូលព្រៃឫស្សីហ្នឹង! ហើយវាក៏ ឃើញប្រពន្ធខ្ញុំដួលហើយ វានៅឈរមើលៗហើយ តែវាអត់ធ្វើអីយើងអ៊ីចឹងដែរហ្នឹងហាស!។»

យ៉ាងណា លោកបានបញ្ជាក់ទៀតថា នៅឆ្នាំនេះពុំទាន់ឃើញហ្វូងដំរីដែលគេបានរកឃើញនាពេលថ្មីៗនេះ ចូលមកដល់តំបន់លោកនៅឡើយ ដ្បិតមិនសូវមានដំណាំច្រើន។ លោកយល់ថា បញ្ហាដំរីព្រៃយាយីក្នុងភូមិស្រុកនិងចម្ការអ្នកស្រុកបែបនេះ ធ្វើឱ្យខាតប្រយោជន៍ពលរដ្ឋ និងធ្វើឱ្យពលរដ្ឋភ័យខ្លាច លែងហ៊ានបង្កបង្កើនផលដំណាំតទៅទៀត។

«ឥឡូវឆ្នាំហ្នឹងតាំងពីនេះមក អត់ទាន់ចូលទេ និយាយតាមការពិត កុំឱ្យថាយើងចេះតែនិយាយ។ ប៉ុន្តែដូចថាអស់ដំណាំដែលវាបំផ្លាញហ្នឹង វារេចអស់ហើយ លែងមានចូលហើយ ដាំអីអត់នៅផង។ ខ្ញុំគិតថាវានឹងមកទៀត មិនថានេះទេ មិនគិតថាមិនមកទេ។»

រីឯលោក ដេន ណារ៉ា ជាប្រធានភូមិនៅ ភូមិស្រែអំពិល ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឯនេះវិញលោកបានប្រាប់វិទ្យុស្តីថា ភូមិរបស់លោកនៅពេលនេះ ពុំទាន់មានលេចនូវវត្តមានដំរីនៅឡើយទេ។ ប៉ុន្តែ នៅភូមិក្បែរៗនេះចាប់មានលេចវត្តមានដំរីព្រៃស៊ីដំណាំអ្នកស្រុកជាបណ្តើរៗហើយៗដោយលោកគិតថា ឆាប់ៗនេះហ្វូងដំរីព្រៃនឹងមកដល់ភូមិរបស់លោក។

«នៅខាងដូចជា សែនមនោរម្យ ម្តុំហ្នឹងហើយ ម្តុំសែនមនោរម្យហ្នឹង ខាងហ្នុងបាទ! នៅក្រុងតែម្តង នៅផ្សារកែវសីមាមានតើស៍ៗ។ បាទ! បើនៅខាងស្រែអំពិលនេះ វារាងឆ្ងាយៗពីតំបន់ហ្នឹង។ ព្រំប្រទល់នេះ ជាប់ជាមួយ…អត់ទាន់ដល់ទេ ចាំមើលតិចទៀតប្រហែលជាដល់ហើយណា។»

ចំពោះមុខបញ្ហានេះលោក លី មាន់ផា សំណូមពរដល់ថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចឱ្យជួយអន្តរាគមន៍លើរឿងនេះ ព្រោះក្រៅពីខាតប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ធ្វើឱ្យប្រជាពលរដ្ឋរស់នៅទាំងការភ័យខ្លាចផងដែរ។

«បាទ! ខ្ញុំសំណូមពរដែរ និយាយឱ្យចំ សូមសំណូមពរអាជ្ញាធរជួយ ទុកដាក់ថែរក្សានេះផង ព្រោះប្រជាជនមានពឹងទេ មានតែដំណាំហ្នឹងហើយ យើងនៅស្រុកស្រែចំការ ដាំអីក៏អត់នៅដែរនិយាយទៅ ជួយទប់ស្កាត់សត្វដំរីហ្នឹងឲ្យមានកន្លែងស្រួលបួលទៅ។ សំណូមឱ្យរដ្ឋាភិបាលជួយមើលផង។»

ទាក់ទងករណីនេះ លោក សុះ មីឡែម អភិបាលរងស្រុកកែវសីមា បញ្ជាក់ទៅកាន់សារព័ត៌មានក្នុងស្រុកថា រដ្ឋបាលស្រុកកែវសីមា កំពុងចាត់វិធានការណែនាំ ដល់មេភូមិ មេឃុំ ចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋមូលដ្ឋាន ត្រូវប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចូលក្នុងព្រៃស្វែងរកបន្លែ ក្បែរតំបន់មានវត្តមានដំរី ត្រង់ចំណុចអូរប៉ាម ដើម្បីបង្ការជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ បន្ថែមពីនេះ លោកក៏ស្នើសុំដល់មន្រ្តីជំនាញពាក់ព័ន្ធតាមដានយកចិត្តទុកដាក់ទៅលើសុខភាព និងជំងឺរបស់ដំរីផងដែរ ។

គួរបញ្ជាក់ថា ជារឿយៗសត្វដំរីព្រៃតែងតែបង្ហាញវត្តមានជារៀងរាល់ឆ្នាំ។ ប៉ុន្តែឆ្នាំនេះ វត្តមានរបស់ពួកវាមានលក្ខណៈ កាចសាហាវខុសធម្មតា ហើយវាតែងតែបំផ្លិចបំផ្លាះដំណាំនានារបស់អ្នកភូមិជារឿយៗ រហូតតំបន់ខ្លះប្រជាជនលែងហ៊ានដាំដំណាំដែលខ្លួនពឹងអាស្រ័យជីវភាពបន្តទៅទៀត៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

ព័ត៌មានទាក់ទង

Image