en     km
en     km

ស.រ.អ និងចិនជជែកគ្នាពីរឿងអ៊ុយក្រែន ដោយជំរុញឲ្យបន្ធូរស្ថានការណ៍

Share

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនថូនី ប្លីងឃិន បានសន្ទនាគ្នាតាមទូរស័ព្ទនាល្ងាចថ្ងៃពុធម្សិលមិញ អំពីប្រទេសអ៊ុយក្រែន។

លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានរើយធើ …

 

 

ប្រទេសចិនបានប្រាប់សហរដ្ឋអាមេរិកថា ខ្លួនចង់ឃើញភាគីទាំងអស់ ដែលពាក់ព័ន្ធនឹងបញ្ហាប្រទេសអ៊ុយក្រែន រក្សាភាពស្ងៀមស្ងាត់ ហើយជៀសវាងបង្កើនភាពតានតឹង។ សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់លើការបន្ធូរស្ថានការណ៍ និងបានព្រមានឱ្យដឹងពីការប្រឈមនានាផ្នែកសន្តិសុខនិងសេដ្ឋកិច្ច បើប្រទេសរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។

ការពិភាក្សាគ្នារវាងប្រទេសមហាអំណាចទាំងពីរបានកើតឡើងកាលពីល្ងាចថ្ងៃពុធម្សិលមិញ ពេលដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនថូនី ប្លីងឃិន បានសន្ទនាគ្នាតាមទូរស័ព្ទ អំពីប្រទេសអ៊ុយក្រែន។

លោក វ៉ាង បានប្រាប់លោក ប្លីងឃិន តាមសម្ដីដើមថា៖ «យើងអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពស្ងៀមស្ងាត់ ហើយកាត់បន្ថយសកម្មភាពណាដែលនាំឱ្យមានភាពតានតឹង និងដែលបង្កើនវិបត្តិ»។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសចិន។

រុស្ស៊ី​ ដែល​បាន​និង​កំពុង​បង្កើនកងទ័ព​របស់​ខ្លួន​នៅតាម​ព្រំដែនប្រទេស​អ៊ុយក្រែន​អស់រយៈពេល​ជាច្រើន​ខែ​មក​ហើយនោះ បាន​ទាមទារ​ឲ្យអង្គការ​ណាតូ​ដក​ទ័ព​និង​សព្វាវុធ​ចេញពីតំបន់​អឺរ៉ុប​ខាង​កើត និងទាមទារឱ្យអង្គការនេះរារាំងប្រទេស​អ៊ុយក្រែន​ ​ដែល​ជា​អតីត​រដ្ឋមួយរបស់សហភាព​សូវៀត ​ កុំឱ្យចូល​ជាសមាជិក​ក្នុង​អង្គការនេះ។

សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងអង្គការ​ណាតូ ​បាន​ច្រានចោលសំណើខាងលើរបស់ប្រទេស​រុស្ស៊ី ប៉ុន្តែ​អះអាង​ថា​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​ពិភាក្សា​អំពី​ប្រធានបទ​ផ្សេងៗទៀត ​ដូចជា​ការគ្រប់គ្រង​អាវុធ និង​វិធានការកសាង​ទំនុកចិត្ត។

សេចក្ដីប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានស្រង់សម្ដីរបស់លោក ប្លីងឃិន ដែលនិយាយទៅកាន់លោក វ៉ាង ​ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទម្សិលមិញនោះ មកបង្ហាញថា៖ «រដ្ឋមន្ត្រី ប្លីងឃិន ​បានលើកឡើងថា ​ការ​បន្ធូរស្ថានការណ៍ និង​កិច្ចការទូត ​គឺ​ជា​ដំណើរប្រកបដោយទំនួល​ខុស​ត្រូវឆ្ពោះ​ទៅ​មុខ»។

ក្រសួងដដែលនេះបានបន្តថា សន្តិសុខសកល និងហានិភ័យផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងដោយការឈ្លានពានបន្ថែមទៀតពីសំណាក់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន បានលេចឡើងនៅក្នុងកិច្ចពិភាក្សាកាលពីពីថ្ងៃពុធម្សិលមិញនោះ។

លោក វ៉ាង ដែលប្រហែលជានិយាយសំដៅដល់ការជំទាស់របស់រុស្ស៊ី ចំពោះការពង្រីកខ្លួនរបស់អង្គការណាតូទៅតំបន់អឺរ៉ុបខាងកើត បានប្រាប់លោក ប្លីងឃិន ថា សន្តិសុខរបស់ប្រទេសមួយមិនអាចជាបន្ទុកផ្នែកសន្តិសុខរបស់ប្រទេសដទៃទេ រីឯសន្តិសុខក្នុងតំបន់ក៏មិនអាចត្រូវបានធានាដោយការពង្រឹងឬការពង្រីកសម្ព័ន្ធភាពយោធាទេ។

សហរដ្ឋអាមេរិកបានព្រមានប្រទេសរុស្ស៊ីកុំឱ្យឈ្លានពានប្រទេសអ៊ុយក្រែន ហើយបានជំរុញឱ្យប្រទេសទាំងពីរវិលត្រលប់ទៅកាន់កិច្ចព្រមព្រៀងពីមុនៗ ដែលគេឱ្យឈ្មោះថាពិធីសារទីក្រុងមីនទី១ ឆ្នាំ២០១៤ និងពិធីសារទីក្រុងមីនទី២ ឆ្នាំ២០១៥ វិញ ដើម្បីបញ្ចប់សង្គ្រាមអបគមន៍ឬសង្គ្រាមបំបែកទឹកដី ដោយអ្នកនិយាយភាសារុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែន។

ប៉ុន្តែ​ជំហានជាបន្តបន្ទាប់ ក្នុងផ្នែក​យោធា និងក្នុងផ្នែក​នយោបាយ ​ដែល​កំណត់​ដោយ​កិច្ចព្រមព្រៀង​ទីក្រុងមីនទី២ ​នៅតែ​មិនទាន់​ត្រូវបានយកមក​អនុវត្ត ​ដោយសារការខ្ទាស់ពីភាគីរុស្ស៊ី។ ប្រទេស​រុស្ស៊ី​ទទូចថា​ ខ្លួន​មិន​មែន​ជា​ភាគី​នៃ​ជម្លោះទេ ហេតុដូច្នេះ​ហើយ មិន​ជាប់កាត្វកិច្ចកំណត់ក្នុងកិច្ចព្រមព្រៀងនោះទេ។

លោក វ៉ាង បាននិយាយថា «ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន យើងនៅតែត្រូវវិលត្រលប់ទៅរកកិច្ចព្រមព្រៀងទីក្រុងមីនថ្មីនោះ ដែលជាចំណុចចាប់ផ្តើម»។

លោក វ៉ាង លើកឡើងតាមសម្ដីផ្ទាល់ថា៖ «កិច្ចព្រមព្រៀងទីក្រុងមីនថ្មីនោះ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺជាឯកសារនយោបាយដ៏សំខាន់ ដែលគ្រប់ភាគីបានទទួលស្គាល់ ហើយគួរតែត្រូវបានគេយកមកអនុវត្តឱ្យមានប្រសិទ្ធភាព។ ដរាបណាការខិតខំប្រឹងប្រែងត្រូវបានធ្វើឡើងស្របតាមទិសដៅ និងស្មារតីនៃកិច្ចព្រមព្រៀងនោះ ប្រទេសចិននឹងគាំទ្រភាគីទាំងអស់»។

ប្រទេសចិនបាននិងកំពុងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ខណៈដែលភាពតានតឹងរវាងប្រទេសចិននិងសហរដ្ឋអាមេរិក បាននិងកំពុងកើនឡើងលើបញ្ហាជាច្រើន រាប់ចាប់ពីពាណិជ្ជកម្ម រហូតដល់សិទ្ធិមនុស្ស បញ្ហាកោះតៃវ៉ាន់ និងការវាតទីលើដែនសមុទ្រដោយប្រទេសចិន៕

យោង៖ https://www.reuters.com/world/europe/uss-blinken-holds-talks-with-chinas-wang-ukraine-situation-2022-01-27/

Share

Image
Image
Image