សវនាការនៅក្រុមប្រឹក្សាធម្មនុញ្ញ (ក.ប.ធ) ស្ដីពីបណ្ដឹងរបស់ប្រជាជន៥នាក់ ដែលតវ៉ាពីរឿងលុបឈ្មោះពួកគេចេញពីបញ្ជីបោះឆ្នោត បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយពុំមានវត្តមានភាគីដើមបណ្ដឹង។
លោក ឯម មាឃ ជូនសេចក្ដីរាយការណ៍ …
ក្រុមប្រឹក្សាជំនុំជម្រះរបស់ក្រុមប្រឹក្សាធម្មនុញ្ញ (ក.ប.ធ) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា បានបើកសវនាការជាសាធារណៈ ដើម្បីពិនិត្យនិងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាជន៥នាក់ ដែលត្រូវបានសង្កាត់ផ្សាចាស់ក្រុងភ្នំពេញ លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត។
បណ្ដឹងតវ៉ារបស់លោក ដួង វិចិត្រ ដែលជាដើមបណ្ដឹងផ្ទាល់ និងជាតំណាងទទួលសិទ្ធិពីឈ្មោះ អ៊ុន សុគន្ធី ឈ្មោះ ដួង ចិន្តាមុនី ឈ្មោះ ដួង វិរៈ និងឈ្មោះ ដួង វិសាល បានដាក់នៅក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃសៅរ៍ ទី២២ ខែមករា ដើម្បីជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃអង្គារ ទី១៨ ខែមករា និងដើម្បីទាមទារសិទ្ធិបោះឆ្នោត ព្រមទាំងសញ្ជាតិជាប្រជាពលរដ្ឋខ្មែរ។
កាលពីសប្ដាហ៍មុន ក្រុមប្រឹក្សាជំនុំជម្រះនៃ គ.ជ.ប បានតម្កល់សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ផ្សារចាស់ ដែលបានលុបឈ្មោះដើមបណ្ដឹងទាំង៥នាក់ខាងលើ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅសង្កាត់នេះ ដោយសារប្រជាជនទាំងនេះបានផ្លាស់ទីលំនៅមកសង្កាត់ស្ទឹងមានជ័យទី១។ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប យល់ឃើញថា ដើមបណ្ដឹងទាំងអស់ពុំបំពេញលក្ខខណ្ឌមានទីលំនៅឬទីសម្នាក់ ក្នុងឃុំ សង្កាត់ ដែលសាម៉ីខ្លួនត្រូវបោះឆ្នោតទេ។
ពេលបើកសវនាការសាធារណៈនៅ ក.ប.ធ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើមបណ្ដឹងនិងមេធាវីដើមបណ្ដឹង មិនបានបង្ហាញវត្តមានទេ ខណៈតំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមកចូលរួមក្នុងសវនាការនេះ។ ទោះបីជាយ៉ាងនេះក្ដី សវនាការដែលធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃ ក.ប.ធ នៅតែអាចប្រព្រឹត្តទៅតាមការគ្រោងទុក។
ប៉ុន្តែ ក្រុមប្រឹក្សាជំនុំជម្រះនៃស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ បានសម្រេចច្រានចោលបណ្ដឹងរបស់លោក ដួង វិចិត្រ «ដោយដើមបណ្ដឹងអវត្តមាននាពេលសវនាការ ដោយគ្មានមូលហេតុ»។ ក្រុមប្រឹក្សាជំនុំជម្រះនេះយល់ឃើញថា អវត្តមានដោយគ្មានមូលហេតុរបស់ភាគីដើមបណ្ដឹង «ជាការបង្ហាញឆន្ទៈបោះបង់បណ្ដឹងចោល»។ នេះជាហេតុដែលក្រុមប្រឹក្សាជំនុំជម្រះ ក.ប.ធ មិនលើកបណ្ដឹងខាងលើមកពិនិត្យ។
ការសម្រេចរបស់ ក.ប.ធ ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា។ នេះមានន័យថា ការសម្រេចច្រានចោលបណ្ដឹងដោយ ក.ប.ធ ធ្វើឱ្យលោក ដួង វិចិត្រ ផ្ទាល់ និងមនុស្ស៤នាក់ទៀត ដែលមានរូបលោកជាតំណាង មិនអាចមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតឆ្នាំ២០២១ទេ៕