វត្ថុបុរាណខ្មែរចំនួន២៨រូប នឹងត្រូវបញ្ជូនមកកម្ពុជាវិញ តាមរយៈអនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីរក្សាទុកជាប្រយោជន៍ដល់មនុស្សជាតិទូទៅ និងជាពិសេសសម្រាប់ទុកជាមរតកដល់កូនខ្មែរជំនាន់ក្រោយ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
សម្បត្តិបេតិកភណ្ឌវប្បធម៌ វត្ថុបុរាណខ្មែរចំនួន២៨រូប និង តំបន់អាស៊ីអាគ្នេយ៍ចំនួន៧រូប ដែលសរុបចំនួន ៣៥ នឹងត្រូវបញ្ជូនត្រលប់មកប្រទេសកំណើតវិញ។ នេះបើយោងទៅតាម ផេកហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ និងស្ថានទូតអាមេរិកប្រចាំកម្ពុជា។
ក្រសួងវប្បធម៌បានចេញសេចក្ដីជូនដំណឺងឱ្យដឹងថា ដោយអនុលោមទៅតាមអនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សមុច្ច័យដ៍មានតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ និងត្រូវបញ្ជូនមកកម្ពុជា។
វត្ថុបុរាណទាំងនោះ រួមមានរូបចម្លាក់ព្រះគណេស ដែលគេជឿជាក់ថា មានប្រភពមកពីប្រាសាទបាក់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ចម្លាក់ព្រះគណេស ត្រូវបានលួចចេញពីប្រាសាទអស់រយៈពេលប្រមាណពីរទស្សវត្សរ៍មកហើយ។ កាលពីឆ្នាំ២០២១ អង្គការសម្ព័ន្ធភាពវត្ថុបុរាណ បានចាត់ទុកបដិមាព្រះគណេសជារូមចម្លាក់ដ៏ប្រណិតមួយដែលពិភពលោកចង់បានបំផុតក្នុងចំណោមវត្ថុទាំង10 ដែលត្រូវបានលួច។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ មានប្រសាសន៍រូបចម្លាក់ព្រះគណេសគឺជាគំរូល្អឯកមួយទៀតរបស់បព្វបុរសខ្មែរយើង។ លោកជំទាវថា ការវិលមកមាតុប្រទេសវិញ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រមួយរបស់កម្ពុជា។ ក្រៅពីរូបព្រះគណេស មានវត្ថុបុរាណដទៃទៀតដូចជា ព្រះពុទ្ធបដិមាធ្វើពីថ្មភក់ សតវត្សរ៍ទី៧-៨ បដិមាព្រះវិស្ណុ ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ និងបដិមាព្រះនាងលក្ស្មីធ្វើពីសំរិទ្ធ សតវត្សរ៍ទី១០។
បើតាមឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ បានប្រាប់វិទ្យុស្ដ្រីថា វត្ថុបុរាណខ្មែរទាំងអស់ចំនួន២៨រូបនេះ កំពុងស្ថិតក្នុងដំណើរការនីតិវិធីតុលាការនៅទីក្រុងញូវយ៉ក។ ដូច្នេះរងចាំដំណើរការតុលាការបញ្ចប់សិន ទើបអាចរៀបចំពិធីប្រគល់-ទទួល និងចាត់ចែងដឹកជញ្ជូនពីទីក្រុងញូវយ៉ក មកកម្ពុជា។ ឯកឧត្តមដាក់ការសង្ឃឹមថា ប្រហែល៣ ឬ ៤ខែទៀត វត្ថុទាំងនេះនឹងមកដល់កម្ពុជា។ ហើយវត្ថុទាំងនេះនឹងរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីធ្វើការអភិរក្ស និងរៀបចំដាក់តាំងជូនសាធារណជនទស្សនា។
ក្នុងរឿងនេះដែរ លោកជំទាវ ភឿង សកុណា ក៏បានថ្លែងអំណរគុណដល់កិច្ចខិតចំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធនានា ក្នុងការនាំយកមកវិញនូវសមុច្ច័យដ៏មានតម្លៃទាំងនេះ ដូចជា រដ្ឋាភិបាលកម្ពុជា ការិយាល័យរដ្ឋអាជ្ញាធរអាមេរិក ការិយាល័យសន្ដិសុខមាតុភូមិសហរដ្ឋអាមេរិក និងអាជ្ញាធរពាក់ព័ន្ធនានាទាំងនៅក្នុង និងក្រៅប្រទេស ជាពិសេសស្ថានទូតអាមេរិកប្រចាំកម្ពុជា និងក្រុមការងារក្រសួង។
ចំណែកស្ថានទូតអាមេរិកបានដាក់ការប្ដេជ្ញាថា នឹងបញ្ចប់នូវការជួញដូរវត្ថុបូរាណខុសច្បាប់ ស្វែងរកវត្ថុមានតម្លៃទាំងនេះ ហើយបញ្ជូនទៅកាន់មាតុភូមិកំណើតវិញ៕
សំឡេង