en     km
en     km

បទយកការណ៍៖ កញ្ញា សេង ធារី គ្រងឈុតអ្នកទោសចូលតុលាការផ្ញើសាររួមសាមគ្គីជាមួយអ្នកទោសមនសិការផ្សេងៗ

Share

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ កញ្ញា សេង ធារី ជាអ្នកតស៊ូមតិផ្នែកច្បាប់ និងនយោបាយ បានស្លៀកពាក់សម្លៀកបំពាក់ជាអ្នកទោសពណ៌លឿនទុំ និងមានពាក់ខ្នោះជើងទាំងសងខាងផង ចូលរួមសាវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងសំណុំរឿងការរៀបចំគម្រោងទទួលដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីឆ្នាំ ២០១៩។  

កញ្ញា សេង ធារី បញ្ជាក់ថា ការគ្រងសម្លៀកបំពាក់អ្នកទោសទាំងមិនទាន់មានទោសបែបនេះ គឺដើម្បីបង្ហាញពីការសាមគ្គីភាពរបស់កញ្ញាជាមួយអ្នកទោសមនសិការផ្សេងៗទៀតដែលកំពុងជាប់ឃុំឃាំង និងចង់បង្ហាញថា ក្នុងសង្គមកម្ពុជាមានភាពអយុត្តិធម៌ច្រើន ពោលទីណាក៏ជាគុកសម្រាប់អ្នកហ៊ានតស៊ូមតិដែរ។

កញ្ញា សេង ធារី ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យមានភាពវឹកវកក្នុងសង្គម និងបទរួមគំនិតក្បត់ ក្នុងសំណុំរឿងលេខ ១០៤០ដែលមានជនជាប់ចោទជាង៤០នាក់។

ដើម្បីជ្រាបកាន់តែច្បាស់ តទៅនេះសូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទយកការណ៍ដែលលោក កែវ សុខា បានចុះទៅប្រមូលព័ត៌មាននៃទិដ្ឋភាពខ្លះៗនៅមុខសាលាដំបូងរាជធានីភ្នំពេញកាលព្រឹកមិញដូចតទៅ!

 

ប្លែកពីជនសង្ស័យផ្សេងៗដែលតុលាការតម្រូវឱ្យស្លៀកឈុតពណ៌ទឹកក្រូចចូលសាវនាការក្នុងដំណើរកាត់ទោស  ពួកគេប្រហែលគ្មាននរណាប្រាថ្នាចង់ពាក់សម្លៀកបំពាក់ពណ៌ទឹកក្រូចនោះទេ ព្រោះវាហាក់បង្ហាញថាខ្លួនមានទោសនិងត្រូវជាប់ពន្ធនាគារ។

ប៉ុន្តែផ្ទុយស្រឡះពីគេឯងសម្រាប់ កញ្ញា សេង ធារី នៅព្រឹកនេះបានស្លៀកពាក់ឈុតពណ៌ទឹកក្រូចជាអ្នកទោសតែម្តងចូលរួមសាវនាការ បើទោះបីជាកញ្ញាកំពុងស្ថិតក្នុងដំណាក់កាលដាក់ភស្តុតាងសួរដេញដោលទាំងមិនទាន់មានទោស និងទាំងមិនមានការតម្រូវពីតុលាការក្តី។

ក្រុមស្រ្តីថ្ងៃសុក្រនិងសកម្មជននានាមកគាំទ្រលើកទឹកចិត្តកញ្ញា សេង ធារី។

 

ដើរមកដល់មុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះកញ្ញា សេង ធារី បានធ្វើមានការភ្ញាស់ផ្អើលដល់អ្នកមកគាំទ្រ និងអ្នកសារព័ត៌មានព្រោះថ្ងៃនេះកញ្ញា គ្រងឈុតអ្នកទោសចូលសាវនាការបើទោះបីជាខ្លួនមិនដឹងថា នឹងអាចមានឱកាសចេញក្រៅឬត្រូវតុលាការសម្រេចចោទប្រកាន់ជាផ្លូវវាយខ្នោះបញ្ចូនទៅពន្ធនាគារយ៉ាងណានោះ។

ទោះបីជាមិនដឹងពីលទ្ធផលចុងក្រោយទៅជាយ៉ាងណា តែសម្រាប់កញ្ញា សេង ធារី ការស្លៀកពាក់ឈុតពណ៌ទឹកក្រូចជាអ្នកទោសនេះ ព្រោះកញ្ញាយល់ ថានៅទីណាក៏ជាគុកសម្រាប់កញ្ញាដែលជាអ្នកតស៊ូមតិហ៊ានរិះគន់ពីបញ្ហានយោបាយ និងបញ្ហាសង្គមនានា។ មួយវិញទៀត ការស្លៀកពាក់បែបនេះ កញ្ញាចូលឧទ្ទិលចូលរួមសាមគ្គីភាពជាមួយអ្នកទោសមនសិការផ្សេងៗទៀតដែលកំពុងជាប់ឃុំទាំងអយុត្តិធម៌។

កញ្ញា សេង ធារី ផ្តល់កិច្ចសម្ភាសន៍ក្រោយចេញពីសាវនាការ។

 

នៅពីមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះ គេយើងសង្កេតឃើញមានក្រុមស្រ្តីថ្ងៃសុក្រនិងសកម្មជននិងមន្រ្តីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គមមួយចំនួនបានមកឃ្លាំមើលនិងចូលរួមលើកទឹកចិត្តកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងបីរូបផ្សេងទៀតដែលត្រូវតុលាការនាំមកសួរដេញដោលបន្ត។

កញ្ញា ហេង បុរី សមាជិកក្រុមគ្រួសារក្រុមស្រ្តីថ្ងៃសុក្រនៅតែបន្តការទាមទារឱ្យមានការដោះលែងឱពុករបស់ខ្លួនដែលកំពុងមានជំងឺជាប់ខ្លួន និងសកម្មជនដទៃទៀតឱ្យមានសេរីភាពឡើងវិញនៅឆ្នាំថ្មីនេះ។

ចំណែកអ្នកស្រី​ សាត ខា សកម្មជនដីធ្លីដែលធ្លាប់ជាប់ពន្ធនាគារថ្ងៃនេះអ្នកស្រីក៏បានស្លៀកឈុតអ្នកទោសមកគាំទ្រកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងដទៃទៀតផងដែរ។ អ្នកស្រីបញ្ជាក់ថា ការស្លៀកពាក់ដូចនេះ គឺដើម្បីបង្ហាញការឈឺចាប់របស់អ្នកស្រីដែលត្រូវបានតុលាការចោទប្រកាន់នឹងឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំដោយអយុត្តិធម៌។

អ្នកស្រី សាត ខា មកគាំទ្រកញ្ញា សេង ធារី។

 

​នៅថ្ងៃនេះកញ្ញា សេង ធាវី ត្រូវបានតុលាការលើកពេលសាវនាការនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីទុកពេលឱ្យកញ្ញា​និងមេធាវីដាក់ភស្តុតាងបន្ថែមក្នុងការការពារខ្លួន។

សម្រាប់លោក ជួង ជូងី រឿងក្តីរបស់កញ្ញា សេង ធារី លោកទើបតែទទួលបានឯកសារតិចតួចដូច្នេះត្រូវការជជែកជាមួយកូនក្តីបន្ថែម ដូច្នេះលោកមិនអាចព្យាករណ៍ពីលទ្ធផលជោគជ័យឬបរាជ័យនោះទេ។ តែយ៉ាងណាសម្រាប់បទពិសោធន៍កាន់ដោះស្រាយសំណុំរឿងទាក់ទងនឹងរឿងក្តីពាក់ព័ន្ធនយោបាយបែបនេះ ដំណោះស្រាយល្អគឺដោះស្រាយតាមបែបនយោបាយទើបរឿងក្តីក្តាំងឆាប់ត្រូវបានបញ្ចប់។

លោកមេធាវី ជួង ជូងី ត្រូវបានកញ្ញា សេង ធារី អញ្ជើញមកការពារក្តីជូន។

 

ស្រ្តីអ្នកតស៊ូមតិកញ្ញា សេង ធារី ជាអ្នកមានចំណេះផ្នែកច្បាប់ និងវិទ្យាសាស្រ្តនយោបាយផងបានបង្ហាញនូវរូបភាពប្លែកៗនៅរយៈពេលចុងក្រោយនេះ ដូចជា កញ្ញាបានកោរសក់ ពាក់ឈុតទេពអប្សារា និងឈុតនារីបញ្ចឹមប្រទេសចូលរួមសាវនាការ។ ទោះបីជាសម្តែងជាអ្វីក៏ដោយចុះ តែសម្រាប់កញ្ញាចង់ទាញអាម្មរណ៍មជ្ឈដ្ឋានទូទៅឱ្យចាប់អារម្មណ៍លើការដឹកនាំថាតើកំពុងមកដល់ជ្រោះនៃលទ្ធិប្រជាធិបតេយ្យឬយ៉ាងណា៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង