en     km
en     km

បទវិភាគ ៖ មានបញ្ហាធំៗត្រូវដោះស្រាយបន្ទាប់ពីបេសសកម្មដកហូតដីព្រៃលិចទឹកពីជនខិលខូច

Share

ភ្នំពេញ៖ នាប៉ុន្មានថ្ងៃជាប់ៗគ្នានេះក្រុមការងារអន្តរក្រសួងបានចុះពិនិត្យ និងបង្រ្កាបលើការទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប ដោយបានដកហូតដីត្រឡប់មកវិញ ហើយជនដែលបានរំលោភបំពានច្បាប់ត្រូវបញ្ជូនទៅដោះស្រាយតាមផ្លូវច្បាប់។ ជាបេសសកម្មនេះកើតឡើង ក្រោយពេលមានការផ្លាស់ប្តូរតួនាទីអភិបាលខេត្តគ្នាពីខេត្តមួយទៅខេត្តមួយ ដែលជាការបើកផ្លូវឱ្យមានការបោសសំអាតជនខិលខូតដែលតែងប្រើខ្នងមន្រ្តីមកប្រព្រឹត្តិទង្វើខុសច្បាប់។ ការដកហូតដីលិចទឹកពីជនខិតខូតជាជំហានដំបូង តែនៅមានបញ្ហាជាច្រើនទៀតដែលរដ្ឋាភិបាលត្រូវប្រញាប់ដោះស្រាយបន្ទាប់ពីមានការផ្លាស់ប្តូរអភិបាលខេត្តនេះ។

ដើម្បីជ្រាបកាន់តែច្បាប់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទវិភាគដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បែងចែកភារកិច្ចការងារចុះពិនិត្យ និងស្រាវជ្រាវលើការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប។ បន្ទាប់ពីទទួលបានបទបញ្ជាដែលជាដាវអាជ្ញាសឹកពីប្រមុខរដ្ឋាភិបាល ក្រុមមន្រ្តីជំនាញដឹកនាំដោយរដ្ឋមន្រ្តីក្រសួងដែនដី រួមជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងមន្រ្តីរដ្ឋបាលខេត្តដែលពាក់ព័ន្ធក៏ចាប់ផ្តើមបេសសកម្មតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី។

បេសសកម្មនៃការចុះពិនិត្យ និងចាត់វិធានការបង្ក្រាបលើការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនេះ ក្រុមការងារបានចុះទៅដល់គោលដៅដែលមានការកាន់កាប់ ឈូសឆាយ ដីព្រៃលិចទឹកតែម្តង​ ក្នុងនោះមានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលជាខេត្តជាប់បឹងទន្លេសាប។

សកម្មភាពក្រុមការងារអន្តរក្រសួងចុះពិនិត្យដីព្រៃលិចទឹក។រូបភាពហ្វេសប៊ុកលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី។

 

រយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រុមការងារអន្តរក្រសួងបានពិនិត្យរកឃើញផ្ទៃដីដែលរងការទន្ទ្រានដោយជនខិលខូចនិងប្រជាពលរដ្ឋជាច្រើនកន្លែង។ សម្រាប់ខេត្តកំពង់ឆ្នាំងផ្ទៃដីព្រៃលិចទឹកចំនួនជាង ២ ពាន់ហិកតាត្រូវបានដកហូតជាសម្បត្តិរដ្ឋវិញ។ ក្នុងនោះខេត្តកំពង់ធំមានចំនួនជាង ៣ពាន់ ៥រយហិកតា ខេត្តបាត់ដំបងមានចំនួនជាងមួយម៉ឺនហិកតា ខេត្តពោធិ៍មានចំនួនជាង ៤ពាន់ហិកតា ខេត្តបន្ទាយមានជ័យមានចំនួនជាង ៥ពាន់ហិកតា និងខេត្តសៀមរាបមានចំនួនជាង ២ពាន់ហិកតា ដែលត្រូវបានរកឃើញរងការទន្ទ្រាន។

បន្ទាប់ពីបានកំណត់ផ្ទៃដីនិងដកហូតត្រឡប់មកវិញ គេក៏ឃើញរដ្ឋបាលខេត្តមានចំណាត់ការរដ្ឋបាលនិងផ្លូវច្បាប់មួយចំនួនលើដីដែលបានដកហូត និងលើបុគ្គលដែលបានបំពានលើផ្ទៃដីលិចទឹកនោះ។

វិធានការដែលដាក់ចេញដោយរដ្ឋបាលខេត្តនីមួយៗមានដូចជា ដកហូតរាល់ការកាន់កាប់ដីក្នុងតំបន់បីពីអ្នកមានអំណាច​និងប្រជាពលរដ្ឋដែលបានទន្ទ្រាន បញ្ឈប់ការចេញលិខិតបញ្ជាក់ បដិសេធចោលរាល់ការចេញលិខិតបញ្ជាក់កាលពីពេលមុនលើការកាន់កាប់ដីព្រៃលិចទឹក។ ទុកឱកាសជូនប្រជាពលរដ្ឋឲ្យធ្វើការប្រមូលផលស្រូវរួចរាល់។ ជូនព្រះរាជអាជ្ញាដោះស្រាយពាក្យបណ្តឹងដែលមន្រ្តីនគរបាលបានកសាងនិងដាក់សំណុំរឿងរួចរាល់។ បន្តចុះស្រាវជ្រាវមុខសញ្ញាជនដែលចូលទន្ទ្រានខុសច្បាប់ និងចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ជាពិសេសដើមឫស្សី។

ទាក់ទងចំណាត់ការផ្លូវច្បាប់លើអ្នកទន្ទ្រានដីព្រៃលិចទឹកនេះ គេពុំទាន់ទទួលបានព័ត៌មានផ្លូវការពីចំនួនជនដែលត្រូវបញ្ជូនទៅតុលាការនោះទេ គឺឃើញតែលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងម្នាក់ប៉ុណ្ណោះដែលរដ្ឋាភិបាលបានដកហូតដីព្រៃលិចទឹកជាង ២ ពាន់ហិកតាមកវិញ ហើយប្រគល់តួនាទីដល់អង្គភាពប្រឆាំងអំពើពុករលួយចាត់ការតាមផ្លូវច្បាប់។

ផ្ទៃដីព្រៃលិចទឹកដែលត្រូវបានឈូសឆាយយកមកធ្វើស្រែប្រាំង។រូបភាពពីហ្វេសប៊ុករដ្ឋមន្រ្តីក្រសូងដែនដី។

 

យើងពិតជាមានក្តីត្រេកអរដែលរដ្ឋាភិបាលបានបោសសំអាតជនខិលខូចទាំងនោះ តែអ្វីជាការសោកស្តាយក្នុងរឿងនេះ នឹងលើរឿងផ្សេងៗទៀតផងដែរ គឺការឆកល្វែងនិងភាពកម្សោយរបស់រដ្ឋាភិបាល ដែលបានបណ្តែតបណ្តោយឱ្យមន្រ្តីថ្នាក់ក្រោមមួយចំនួនអាចធ្វើតាមតែទំនើងចិត្ត កាប់បំផ្លាញព្រៃលិចទឹក ដែលជាសម្បត្តិធម្មជាតិ ជាជម្រុកជីវចម្រុះក្នុងបឹងទន្លេសាប។

ក្នុងសារសំឡេងជាង ២០នាទីកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានទទួលស្គាល់ភាពអសកម្មនិងការប្រព្រឹត្តិមិនប្រក្រតីរបស់មន្រ្តីថ្នាក់ក្រោមដែលបំពានច្បាប់។ សម្តេចនាយករដ្ឋមន្រ្តីព្រមានថា សម្តេចលែងអត់អោនចំពោះមន្រ្តីរូបណាដែលប្រព្រឹត្តិខុសទៀតហើយ ហើយសម្តេចក៏ថា អស់ពេលហើយដែលមកត្រូវអប់រំកែប្រែមន្រ្តីធ្វើខុសដដែលជាដដែលទាំងនោះ។

បើយើងក្រឡេកមកមើលព្រឹត្តិការណ៍ដែលបានកើតមានឡើងមុនយុទ្ធនាការចុះដកហូតដីព្រៃលិចទឹកពីជនខិលខូចនេះ គេសង្កេតឃើញមានការផ្លាស់ប្តូរភារកិច្ចការងារនៃអភិបាលខេត្តមួយទៅខេត្តមួយទៀត។

ការផ្លាស់អភិបាលខេត្តគ្នាបែបនេះ មិនត្រឹមតែអាចកែលម្អប្រសិទ្ធភាពការងារក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ស្រុក នោះទេ តែវាក៏ជាផ្នែកមួយធ្វើឱ្យបុគ្គលមួយចំនួនលែងហ៊ានអាងខ្នងមន្រ្តីខេត្តឬស្រុកមកធ្វើអ្វីតាមតែអំពើចិត្តតទៅទៀត។

ជាក់ស្តែងឈ្មួញដីព្រៃលិចទឹកមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង បានប្រគល់ដីដែលខ្លួនធ្លាប់ទន្ទ្រានឱ្យអាជ្ញាធរវិញ ដែលនេះជាលទ្ធផលផ្លែផ្កាពីបេសសកម្មចុះបង្ក្រាបលើអ្នកបំពាន បន្ទាប់ពីពួកមេឈ្មួញទាំងនោះអស់ខ្នងដែលធ្លាប់កាងពួកគេ។ កន្លងមកពួកមេឈ្មួញដីព្រៃលិចទឹកទាំងនោះ តែងអាងខ្នងអ្នកអំណាចកាងរំលោភយកដីព្រៃលិចទឹកជាផលប្រយោជន៍ផ្ទាល់ខ្លួន។

ការប្តូរអភិបាលខេត្តគ្នានេះ ក៏ជាយុទ្ធសាស្រ្តមួយបើកផ្លូវកាប់ឆ្ការពួកមន្រ្តីឬបក្ខពួកខិលខូចទាំងនោះ ដែលតែងប្រើឋានៈតួនាទីបើកដៃឱ្យក្រុមឈ្មួញធំៗប្រព្រឹត្តិទង្វើខុសច្បាប់ និងបំផ្លិចបំផ្លាញធនធានធម្មជាតិជាច្រើន។

ក្រៅពីរឿងឈូសឆាយដីព្រៃលិចទឹក បឹងទន្លេសាបនៅមានបញ្ហាធំៗមួយចំនួនទៀត ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់ផងដែរ តួយ៉ាងបទល្មើសនេសាទជាដើម។ បទល្មើសនេសាទដូចជាការដាក់ស្បៃឬឧបករណ៍នេសាទខុសច្បាប់បែរកំប៉េកកំប៉ុករបស់ប្រជានេសាទវាជារឿងមួយទៅហើយ។ ប៉ុន្តែបទល្មើសនេសាទខ្នាតធំៗដូចជាឡូនេសាទខុសច្បាប់ កំពុងបំផ្លាញមច្ឆាជាតិនិងជីវចម្រុះយ៉ាងសម្បើមក្នុងបឹងទន្លេសាបឯណ្ណោះទេទើបជាបញ្ហាធំត្រូវដោះស្រាយ។ មកដល់ត្រង់នេះ ចម្ងល់មួយបានកើតឡើង នោះថាតើ ឡូនេសាទខុសច្បាប់ធំៗអាចប្រព្រឹត្តិទៅបានដោយសារអ្វី?

នោះមិនមែនដោយសារតែការសហការគ្នាបែងចែកផលប្រយោជន៍រវាងឈ្មួញឡូនេសាទនឹងមន្រ្តីមួយចំនួនទេឬ? ហើយសួរតើ ប្រជានេសាទតូចតាចគ្មានខ្នង គ្មានខ្សែ ឯណាទៅហ៊ានធ្វើឡូនេសាទខ្នាតធំៗដូច្នោះ!។

ជាចុងបញ្ចប់ ក្រៅពីរឿងកាន់កាប់ដីព្រៃលិចទឹក រឿងបទល្មើសនេសាទខុសច្បាប់ នៅមានករណីជាច្រើនទៀត ដូចជា ការបើកដៃឱ្យទំនិញខុសច្បាប់នាំចូលមកកម្ពុជា ការបើកដៃឱ្យរថយន្តដឹកល្មើសទម្ងន់អាចចរាចរបាន ការបណ្តោយឱ្យមានល្បែងស៊ីសងខុសច្បាប់តាមភូមិឋាន គឺជាបញ្ហាដែលរដ្ឋាភិបាលត្រូវដោះស្រាយបន្ត បន្ទាប់ពីការផ្លាស់ប្តូរអភិបាលខេត្ត៕

 

 

 

 

 

Share

Image
Image
Image