en     km
en     km

អ្នកជំនាញសិទ្ធិមនុស្សUNមើលឃើញការធ្លាក់ចុះលំហសិទ្ធិពលរដ្ឋនិងនយោបាយកម្ពុជា

Share

ភ្នំពេញ៖ ក្រុមអ្នកជំនាញឯករាជ្យផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានរិះគន់ចំពោះការចាប់ខ្លួននិងកាត់ទោសសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ និងសកម្មជនបរិស្ថានថា កំពុងធ្វើឱ្យលំហសិទ្ធិពលរដ្ឋ និងនយោបាយធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។ តែយ៉ាងណា មន្រ្តីផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលគូសបញ្ជាក់ថាការផ្តន្ទាទោសលើសកម្មជនទាំងនោះជាការអនុវត្តច្បាប់ស្របតាមការបទល្មើសជាក់ស្តែង។ មន្រ្តីកម្ពុជាសម្តែងការសោកស្តាយលើក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនេះ ដែលពួកគេមិនបានបែងចែកឱ្យច្បាស់ពីកិច្ចការសិទ្ធិមនុស្សនិងការអនុវត្តច្បាប់​។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាន

 

“ការធ្លាក់ចុះនៃលំហពលរដ្ឋ និងនយោបាយនៅកម្ពុជា មានការរៀបចំច្បាស់លាស់និងមានលក្ខណៈជាប្រព័ន្ធ” ត្រូវបានឆ្លុះបញ្ចាំងជាថ្មីតាមរយៈការផ្តន្ទាទោសលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជនផ្សេងទៀតសរុប ១៥​​ នៅក្នុងសំណុំរឿងផ្សេងៗគ្នា។ នេះជាសម្រង់ដើមរ​បស់អ្នកជំនាញឯករាជ្យនៃអង្គការសហប្រជាជាតិ(United Nations) លើទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសស្តីពីកម្ពុជា(Special Rapporteur Cambodia)កាលពីថ្ងៃ​ទី០២ ខែវិច្ឆិកាឆ្នាំ២០២១ម្សិលមិញ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃនេះក្រុមអ្នកជំនាញ មានការភ្ញាក់ផ្អើលដែលតុលាការត្រូវបានប្រើប្រាស់ជាមធ្យោបាយក្នុងការបំបិទសំឡេងរិះគន់រដ្ឋាភិបាល រួមទាំងការបង្ក្រាបលើសកម្មភាពប្រមូលផ្តុំដោយអហិង្សាដែលត្រូវការពារដោយសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។

អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានរិះគន់ចំពោះការផ្តន្ទាទោសលើអ្នកការពារសិទ្ធិមនុស្សជាបន្តបន្ទាប់ដែលនាំឱ្យតួលេខអ្នកកំពុងជាប់ពន្ធនាគារកើនដល់ ២៥ នាក់ ដែលនេះជាចំនួនច្រើនបំផុតក្នុងររយៈពីរឆ្នាំចុងក្រោយនេះ។

​បើតាមអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់ UN ក្នុងចំណោមអ្នកជាប់ពន្ធធនាគារទាំងនោះ មានអ្នកការពារសិទ្ធិមនុស្សចំនួន ៧ នាក់ត្រូវជាប់ពន្ធធនាគារចំនួន ២០ ខែនិងពិន័យជាប្រាក់ ២ លានរៀលពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬបង្កភាពវឹកវរក្នុងសង្គម កាលពីថ្ងៃទី ២៦ ខែតុលា។ ដោយឡែកសមាជិកអតីតគណបក្សប្រឆាំងចំនួន ៧ នាក់ផ្សេងទៀតត្រូវបានផ្តន្ទាទោសហើយក្នុងនោះមាន ៤នាក់ត្រូវបានកាត់ទោសកំបាំងមុខ។ ស្របពេលគ្នានេះដែរ​ តុលាការក៏បានផ្តន្ទាទោសលើកុមារ កាក់​ សុវណ្ណច្ឆ័យ ចំនួន ៨ ខែ ពីបទចោទញុះញង់កាលពីថ្ងៃទី១ ខែវិច្ឆិកា។​

យុវជនខ្មែរថាវរៈដែលត្រូវបានតុលាការប្រកាសសាលក្រមកាលពីពេលកន្លងទៅ។រូបភាពអង្គការលីកាដូ។

 

អ្នករាយការណ៍ពិសេសស្តីពីកម្ពុជា(Special Rapporteur Cambodia)លោក វិទិត្យ មុនតាផន(Vitit Muntarbhorn) លោកស្រី ម៉ារី ឡឡូ(Mary Lawlor) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកអ្នកការពារសិទ្ធិមនុស្ស(UN Special Rapporteur for human rights defenders) និងអ្នករាយការណ៍ពិសេសអំពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស លោកស្រី អ៊ែរ៉ុន ខេន(Irene Khan) យល់ឃើញថា ការផ្តន្ទាទោស និងលក្ខខណ្ឌបន្ថែមដែលតុលាការដាក់ឱ្យអនុវត្តលើក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ គឺជាការប៉ុនប៉ងយ៉ាងជាក់លាក់ដើម្បីរារាំងម្តាយរបស់កុមារនេះ កុំឲ្យប្រមូលផ្តុំតវ៉ាទាមទារឲ្យមានការដោះលែងស្វាមីរបស់ខ្លួននិងសកម្មជនបក្សប្រឆាំងដដៃទៀតដែលកំពុងជាប់ឃុំ។

ទាក់ទងរឿងនេះ ​លោក កត្តា អ៊​ន ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជាប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា លោកមានការសោកស្តាយចំពោះការលើកឡើងរបស់ក្រុមអ្នកជំនាញខាងលើដែលមិនបានឆ្លុះបញ្ចាំងទិដ្ឋភាពពិតរបស់កម្ពុជា។ មិនឆ្លុះបញ្ចាំង ព្រោះក្រុមអ្នកជំនាញមិនបានបែងចែងឱ្យច្បាស់ពីអ្វីជាកិច្ចការសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ដែលការចាប់ខ្លួនសកម្មជនផ្សេងៗកន្លងមកកម្ពុជាអនុវត្តផ្អែកលើច្បាប់ដែលមានជាធរមាន។ លោកចាត់ទុកសកម្មភាពរបស់ក្រុមអ្នករាយការណ៍សិទ្ធិមនុស្សទាំងនេះថាបានប្រព្រឹត្តិប្រាសចាកតួនាទីនិងឯករាជ្យភាពរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។

លោក កត្តា អ៊​ន៖«អ្នករាយការណ៍ទាំងអស់នោះបានធ្វើប្រាសចាកអំពីតួនាទីរបស់ខ្លួនក្លាយជាអ្នកនាំពាក្យរបស់ក្រុមបក្សប្រឆាំង របស់សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាននានាដែលមាននិន្នាការប្រឆាំងមកលើរដ្ឋាភិបាលកម្ពុជាដូច្នេះហើយវាប្រាសចាកពីកន្លងឯករាជ្យភាព និងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សនៅក្នុងការការពារលើកកម្ពស់សិទ្ធិមនុស្សរវាងក្របខ័ណ្ឌអ្នករាយការណ៍ពិសេសនិងរដ្ឋាភិបាល»។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ ក្រុមយុវជនសកម្មជនសិទ្ធិមនុស្ស យុវជនបរិស្ថាន ត្រូវបានចាប់ខ្លួននិងផ្តន្ទាទោសជាបន្តបន្ទាប់ ក្នុងសកម្មភាពតវ៉ាទាមទារសិទ្ធិគ្រូបង្រៀន សិទិ្ធកម្មករ បញ្ហាបាត់ដីតាមព្រំដែនកម្ពុជា-វៀតណាម។ ដោយឡែកក្រុមយុវជនដែលទាមទារដោយសន្តិវិធីឱ្យមានការដោះលែងលោក រ៉ុង ឈុន និងយុវជនរិះគន់លើបញ្ហាបរិស្ថានការបូមខ្សាច់ និងបង្ហូរកាកសំណល់ចូលសមុទ្រនិងទន្លេ ក៏ត្រូវបានផ្តន្ទាទោសផងដែរ។

ជុំវិញរឿងនេះ បណ្តាស្ថានទូតប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនបានថ្លែងរិះគន់ពីចំណាត់ការរបស់អាជ្ញាធរមកលើសកម្មជនទាំងនោះ។ ស្ថាប័នដែលធ្វើការលើបញ្ហាសិទ្ធិមនុស្សទាំងនោះបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងត្រូវដោះលែងសកម្មជនទាំងនោះឱ្យមានសេរីភាពឡើងវិញ៕

 

Share

ព័ត៌មានទាក់ទង

Image