រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន្តបន្ទាប់ ពីសហគមន៍អន្តរជាតិ មានដូចជា សហរដ្ឋអាមេរិក ស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និង អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស អំពីការបន្តចាប់ខ្លួន សកម្មជននៃអតីតគណបក្សប្រឆាំងនៅកម្ពុជា។
ប្រតិកម្ម ជាលើកទី២ គឺកាលពីថ្ងៃពុធម្សិលមិញនេះ ក្រសួងការបរទេសអាមេរិក បន្តជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែង សកម្មជន នៃអតីតបក្សសង្រ្គោះជាតិ ទាំងអស់ដែលបានចាប់ខ្លួន ។ សហរដ្ឋអាមេរិក ចាត់ទុកការចាប់ខ្លួន គឺជាការបំពានធ្ងនធ្ងរសេរីភាពនយោបាយ និងសិទិ្ធមនុស្ស។ យ៉ាងណា ទាំងក្រសួងការបរទេស និងអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានចាត់ទុកប្រតិកម្មពីសំណាក់អន្តរជាតិទាំងនេះ ថា ជាកាជ្រៀតជ្រែកលើដែនសមត្ថកិច្ចតុលាការកម្ពុជាដោយអះអាងថាកម្ពុជាគឺជារដ្ឋអធិបតេយ្យ មួយរបស់អង្គការសហប្រជាជាតិ។
ក្រសួងការបរទេសអាមេរិក តាមរយៈអ្នកនាំពាក្យ បានអំពាវនាវជាថ្មីទៀត ដល់រាជ រដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់។
អ្នកស្រី Morgan Ortagus អ្នកនាំពាក្យនៃក្រសួងការបរទេសអាមេរិក បានទទូចដូចនេះ ក្នុងសារជាវីដេអូដែលមានរយៈពេល៥៤វិនាទី តាមបណ្តាញ Twitter អ្នកស្រី កាលពីថ្ងៃពុធទី១៨កញ្ញាម្សិលមិញនេះហើយត្រូវបានមើលឃើញជាសាធារណៈនៅលើបណ្ដាញសង្គម ។
លោកស្រីបាន និយាយដូចនេះថា៖ «សហរដ្ឋអាមេរិកព្រួយបារម្ភអំពីស្ថានភាពគាបសង្កត់ខាងនយោបាយរបស់រដ្ឋាភិបាលម្ពុជាទៅលើអតីតសមាជិកគណបក្សសង្គ្រោះជាតិ។ ហើយយើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាលុបបំបាត់ការរឹតបន្តឹងខាងនយោបាយនានាលើបុគ្គលគ្រប់រូប រួមទាំងលោក កឹម សុខា និងដោះលែងសកម្មជននយោបាយដែលត្រូវបានចាប់ខ្លួនតាមទំនើងចិត្ត និងដោយខុសច្បាប់»។
សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអាមេរិក តាមរយៈអ្នកនាំពាក្យ អ្នកស្រី Morgan Ortagus បានបញ្ជាក់បន្ថែម ថា៖ «សហរដ្ឋអាមេរិកបានជំរុញម្តងហើយម្តងទៀតឲ្យរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពហុបក្សដ៏ពិតប្រាកដ និងការពារសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋាននៅកម្ពុជា»។
សេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសអាមេរិក លើកទី២នេះ គឺបន្ទាប់ពី បានជំរុញម្ដងហើយកាលពីថ្ងៃទី២កញ្ញា ចំខួបឃុំខ្លួន លោកកឹមសុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ រយៈពេល២ឆ្នាំ ដែល អាមេរិកបានទាមទារអោយកម្ពុជា ទំលាក់ចោលបទចោទប្រឆាំងអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ។
យ៉ាងណា សេចក្ដីថ្លែងការណ៍ក្រសួងការបរទេសអាមេរិក គឺក្រោយមួយថ្ងៃ ដែលសមាជិកសភាអាស៊ាន មួយចំនួន បានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ជាបន្ទាន់ រាល់ការចាប់ចងសកម្មជនបក្សប្រឆាំង។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា APHR កាលពីថ្ងៃទី១៧ ខែ កញ្ញានេះ ស្នើឱ្យអាជ្ញាធរខ្មែរ ឈប់ធ្វើទុក្ខបុកម្នេញ សកម្មជនបក្សប្រឆាំង និងទម្លាក់ចោលរាល់ការចោទប្រកាន់ដោយសារហេតុផលនយោបាយ។
ការចាប់ខ្លួនបន្ថែមច្រើននាក់ក្នុងពេលដ៏ខ្លីនេះ បានធ្វើឱ្យចំនួនសកម្មជនបក្សប្រឆាំង ដែលត្រូវបានចាប់ខ្លួនបន្ថែម និងកំពុងជាប់ឃុំកើនឡើងដល់ ២៦នាក់ គិតចាប់ពីដើមឆ្នាំ ២០១៩ មកត្រឹមពេលនេះ។
សមត្ថកិច្ចចោទប្រកាន់សកម្មជនទាំងនោះថាមានផែនការប្រឆាំងសាលដីកា និងផ្ដួលរំលំរាជរដ្ឋាភិបាលនៅពេលពួកគេ ត្រៀមរៀបចំកម្លាំងទៅ លោក សម រង្ស៊ី ដែលសន្យាវិលចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩នេះ។
ទាក់ទិន រឿងនេះ អតីតគណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ដោយ ចាត់ទុកថា ការចាប់ និងឃុំខ្លួនសកម្មជនរបស់ខ្លួន គឺជាទង្វើរំលោភបំពានយ៉ាងកំរោលលើច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញកម្ពុជា។ សេចក្ដីថ្លែងការណ៍បានប្រដូចសកម្មភាពនេះ ដូចជាសកម្មភាពក្នុងរបបខ្មែរក្រហម។
សេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងថា បើគិតអ្នកទាំង ៦នាក់ដែលចាប់ខ្លួនចុងក្រោយគឺ សរុបចំនួនមនុស្ស មានចំនួន ២៦នាក់ ហើយជាង ១៥០នាក់ទៀត ត្រូវបានកោះហៅទៅសាកសួរដោយសមត្ថកិច្ច។
លោកស្រី មិឆែល បាឆេឡេត ស្នងការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ ក៏បានសម្ដែងការព្រួយបារម្ភ ជាខ្លាំង អំពីស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពនយោបាយនៅកម្ពុជាកាន់តែធ្លាក់ចុះ។ លោកស្រីទទូចអោយកម្ពុជា ស្ដារស្ថានភាពបែបនេះឡើងវិញ។
យ៉ងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់ក្នុងបទសម្ភាសជាមួយ វិទ្យុក្នុងស្រុកមួយថា ករណីរបស់សកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ គឺ ជាការអនុវត្តច្បាប់ គឺអនុវត្តទៅលើអ្នកណាបំពានច្បាប់។ លោកថា ក្រុមនេះ មានផែនការបង្កអសន្តិសុខសង្គម។
ដោយឡែក ចំពោះ ជំហររបស់សហរដ្ឋអាមេរិក វិញ គឺក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ដោយប្រតិកម្មនឹងក្រសួងការបរទេសអាមេរិកម្ដងហើយ ការដែលលើកឡើងអំពីការឃុំខ្លួនលោកកឹមសុខា និងចោទថាកម្ពុជា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកជំហរសហរដ្ឋអាមេរិក ដូចនេះ គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ៕
អត្ថបទ៖ នួន បូរិន