ខេត្តបាត់ដំបង៖ អាជ្ញាធរនៅឃុំតាលាស់អំពាវនាវសុំជំនួយជួយដល់អ្នកភូមិជិត៤០គ្រួសាររងផលប៉ះពាល់ផ្ទះដោយសារខ្យល់កន្ត្រាក់កាលពីចុងខែ មេសា ឆ្នំា ២០១៩។
លោក ណាន បូរា សមាជិកក្រុមប្រឹក្សាឃុំតាលាស់មួយរូបអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភថវិការឬសម្ភារសម្រាប់ជួយអ្នករងផលប៉ះពាល់ដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ នៅឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង កាលពីសប្តាហ៍មុន។
លោកថា កាលពីថ្ងៃទី ២៥ មេសា ឆ្នាំ ២០១៩ ផ្ទះប្រជាពលរដ្ឋប្រមាណ ៣៩ ខ្នងរងផលប៉ះពាល់ខ្យល់កន្ត្រាក់ប៉ើកតំបូលផ្ទះ និងរលំ។ ប៉ុន្តែពុំមានគ្រោះដល់មនុស្សនោះទេ។
លោក បូរា បន្ថែមថា ដោយសារខ្វះខាត វិភាគទានរបស់ឃុំបានជួយឧបត្ថម្ភស័ង្កសីចំនួន ៥ សន្លឹកប៉ុណ្ណោះ ដល់អ្នករងគ្រោះដោយខ្យល់កន្ត្រាក់ដែលប៉ះពាល់ផ្ទះធ្ងន់ធ្ងរចំនួន ២៩ គ្រួសារ។ អត្ថបទ៖ យឹម កញ្ញា