en     km
en     km

ក្រពើ​ភ្នំ​ ជាប់​មង​នៅ​ពោធិ៍សាត់​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ដ​ព្រ​លែង​ទៅ​ក្នុង​ស្ទឹង​វិញ​

Share

​ភ្នំពេញ​ ៖​ ក្រពើ​ភ្នំ​ មួយ​ក្បាល​ដែល​បាន​ជាប់​មង​ពលរដ្ឋ​នៅ​ខេត្ដពោធិ៍សាត់​ កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ដ​នេះ​ សម្រេច​យក​ទៅ​ព្រ​លែង​វិញ​នៅ​ថ្ងៃ​ទី​២៦​ កញ្ញា​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រជុំ​គ្នា​រួច​។​ ក្រពើ​នេះ​មាន​ទម្ងន់​រហូត​ដល់​ ១៧០​គីឡូ​ និង​មាន​ប្រវែង​ ២​ម៉ែត្រ​ ៩៣​សង់ទីម៉ែត្រ​ (២.៩៣​ម​)​។​

លោក លៀ ស៊ីណា រាយការណ៍ ៖

 

​លោក​ ឡាយ​ វិសិដ្ឋ​ ប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ខេត្ដពោធិ៍សាត់​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ថា​ ក្រពើ​ភ្នំ​ ដែល​ជាប់​មង​នោះ​ គឺជា​ប្រភេទ​សត្វ​កម្រ​ ហើ​សត្វ​ក្រពើ​នេះ​ គឺ​ប្រជាពលរដ្ឋ​តែង​ឃើញ​ជា​រឿយៗ​ ប៉ុន្ដែ​វា​មិន​ដែល​វាយប្រហារ​មនុស្ស​ឡើយ​។​ លោក​បន្ដ​ថា​ ក្រពើ​ភ្នំ​នេះ​ គឺជា​ក្រពើ​ ទី​៩២​ ដែល​ត្រូវ​បាន​គេ​ព្រ​លែង​នៅ​តំបន់​នេះ​ កាលពី​ឆ្នាំ​២០១១​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ បន្ដ​ថា​ ដំបូង​ឡើយ​អង្គការ​ វាយ​អេ​ត​ ស្នើ​យក​ទៅ​ដាក់​នៅ​ភ្នំ​តា​ម៉ៅ​ ក៏​ប៉ុន្ដែ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ខេត្ដ​នេះ​ យល់​ថា​ ក្រពើ​នេះ​ធ្លាប់​រស់នៅ​តំបន់​នេះ​យូរ​មក​ ទើប​សម្រេច​ព្រ​លែង​នៅ​កន្លែង​ដើម​វិញ​។​ ក្រពើ​ភ្នំ​ គឺជា​សត្វ​កម្រ​ លោក​ ឡាយ​ វិសិដ្ឋ​ អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​ អ្នកនេសាទ​ ឬ​ព្រានព្រៃ​ ចូលរួម​ក្នុង​ការ​ថែរក្សា​សត្វព្រៃ​កម្រ​ផ្សេងៗ​ ប្រសិនបើ​នេសាទ​ ឬ​បរបាញ់​បាន​ សត្វ​កម្រ​នៅ​មានជីវិត​ គួរតែ​ព្រ​លែង​ទៅ​វិញ​ ដើម្បី​រក្សា​ពួក​វា​ ៖«​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ដល់​អ្នកនេសាទ​ ក៏​ដូច​ជា​ព្រានព្រៃ​អីហ្នឹង​។​ បើ​ឃើញ​សត្វ​កម្រៗ​អស់ហ្នឹង​ គឺថា​ បើ​មាន​ចាប់​បាន​ហើយ​វា​មិន​ស្លាប់​ គួរតែ​លែង​វា​ទៅ​វិញ​ទៅ​ដើម្បី​អភិរក្ស​ ការ​រស់នៅ​លើ​ទឹកដី​យើង​វិញ​។​ នេះ​គឺជា​ការ​អំពាវនាវ​សំណូមពរ​ទូទៅ​ ទាំង​អ្នកនេសាទ​ ទាំង​ព្រាន​ ប្រមាញ់​ បើ​គិត​ថា​ ជា​របស់​កម្រ​បែប​នេះ​ គួរតែ​ឲ្យ​គ្នា​រស់​ផង​»​។​

​ជាមួយ​គ្នា​នេះ​ បុរស​អ្នកនេសាទ​ ដែល​បាន​រាយការណ៍​ពី​ករណី​ក្រពើ​នេះ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ដពោធិ៍សាត់​ ដែល​មាន​ដូច​ជា​ ខណ្ឌ​រដ្ឋបាល​ជលផល​ អភិបាលស្រុក​វាល​វែង​ មេបញ្ជាការ​វរ​សេនា​តូច​ ការពារ​ព្រំដែន​គោក​លេខ​ ៨២៥​ និង​ក្រុមហ៊ុន​ចិន​ ផ្ដល់​ប្រាក់​លើកទឹកចិត្ដ​ចំនួន​ ៦០០​ដុល្លារ​។​

​គួរ​រំ​ឮ​កថា​ កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ កន្លង​ទៅ​ ប្រជាពលរដ្ឋ​មួយ​រូប​ រស់នៅ​ក្នុងភូមិ​កណ្ដោល​ ឃុំ​ថ្មដា​ ស្រុក​វាល​វែង​ ខេត្ដពោធិ៍សាត់​ បាន​ជួប​ក្រពើ​មួយ​ក្បាល​ជាប់​មង​ ស្ថិត​នៅ​ស្ទឹង​មេទឹក​។​ ក្រោយ​ពី​ឃើញ​សត្វ​ក្រពើ​ជាប់​មង​ ពលរដ្ឋ​រូប​នោះ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ ដើម្បី​អន្ដរាគមន៍​យក​សត្វ​ក្រពើ​មួយ​ក្បាល​នោះ​។​ ក្រោយ​ទទួល​ការ​រាយការណ៍​ អាជ្ញាធរ​ បាន​រក្សា​ទុក​នៅ​ទីបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​លេខ​ ៨២៥​។​

​យ៉ាងណា​ ជុំវិញ​រឿង​នេះ​លោក​មេឃុំ​ថ្មដា​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ដែរ​ថា​ គេ​តែងតែ​ឃើញ​ក្រពើ​នេះ​ជា​ញឹកញាប់​ ហើយ​នៅ​តំបន់​ស្ទឹង​មេទឹក​នោះ​ មិនមែន​មាន​តែ​ក្រពើ​ភ្នំ​មួយ​ក្បាល​នេះ​ទេ​។​ ជា​និច្ចកាល​គេ​តែង​ប្រទះ​ឃើញ​សត្វ​ក្រពើ​ភ្នំ​ បង្ហាញខ្លួន​ ក្នុង​អន្លង់​ជ្រៅៗ​ ចាប់ពី​១០​ម៉ែត្រ​ឡើង​ទៅ​។​ លោក​មេឃុំ​អះអាង​ថា​ រហូត​មក​ដល់​ពេល​នេះ​ គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ រង​គ្រោះ​ព្រោះ​ការ​វាយប្រហារ​ដោយ​ក្រពើ​ភ្នំ​នេះ​ទេ​។​ ​តែបើ​ទោះជា​ ក្រពើ​ភ្នំ​ជា​ពពួកសត្វ​ដែល​ស្លូត​ មិន​វាយប្រហារ​មនុស្ស​ក៏​ដោយ​ ក៏​លោក​មេឃុំ​ថ្មដា​ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចេញ​ទៅ​ដាក់​មង​ រក​ត្រី​នៅ​តំបន់​ស្ទឹង​មេទឹក​នេះ​ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​។​ គួរ​ទៅ​ដោយ​គ្នា​ចាប់ពីរ​នាក់​ឡើង​ទៅ​។​

​ក្រពើ​ភ្នំ​ ឬ​គេ​ហៅ​ម្យ៉ាងទៀត​បាន​ថា​ ក្រពើ​ត្រី​ សត្វ​ក្រពើ​ប្រភេទ​នេះ​ គឺជា​ពពួកសត្វ​ល្មួ​ន​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក​ ដែល​ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​។​ ចំនួន​របស់​ក្រពើ​ភ្នំ​ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា​ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។​ តាម​ឯកសារ​របស់​អង្គការ​ WCS​ បាន​បញ្ជាក់​ថា​ សត្វ​ក្រពើ​ភ្នំ​ ឬ​ក្រពើ​ត្រី​នេះ​ មាន​រស់នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា​ ឥណ្ឌូ​នេ​ស៊ី​ ថៃ​ និង​ប្រទេស​វៀតណាម​ តែ​ប៉ុណ្ណោះ​។​ បន្ថែម​ពី​នេះ​ចំនួន​របស់​ពួក​វា​ នៅ​លើ​សាកលលោក​ មាន​ប្រមាណ​ជា​ ៤១០​ក្បាល​ ហើយ​ចន្លោះ​ពី​ ១០០​ ទៅ​ ៣០០​ក្បាល​ កំពុង​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ នៃ​ប្រទេស​កម្ពុជា​។​ យ៉ាងណា​យោង​តាម​ វិ​ដេ​អូ​ ឯកសារ​ របស់​អង្គការ​ Fauna​ and​ Flora​ International​ បាន​និយាយ​ថា​ ក្នុង​ចំណោម​ព្រៃ​ធម្មជាតិ​ នៃ​ប្រទេស​កម្ពុជា​ ជូរ​ភ្នំ​ក្រ​វ៉ា​ញ​ ខេត្ដពោធិ៍សាត់​ មាន​វត្ដមាន​របស់​ក្រពើ​ភ្នំ​ ប្រមាណ​ជាង​ ៦០​ក្បាល​ កំពុង​រស់នៅ​ទីនោះ​។​

​ក្រពើ​ភ្នំ​ អាច​មាន​ទម្ងន់​រហូត​ដល់​ ៣៥០​ គីឡូក្រាម​ឡើង​ទៅ​ និង​មាន​បណ្ដោយ​ខ្លួន​ ៤​ម៉ែត្រ​។​ វា​អាច​សំងំ​នៅ​ក្នុង​ទឹក​ បានជា​ច្រើន​ម៉ោង​ ដើម្បី​រង់​ចាប់​ចំណី​របស់​វា​។​ ធ្មេញ​ក្រពើ​ នឹង​ដុះ​សារ​ជា​ថ្មី​រហូត​ដល់​ ៣០០០​ដង​ ដើម្បី​ជំនួស​ធ្មេញ​ដែល​ខូច​បាក់បែក​ ក្នុង​រយៈពេល​ ៧០​ឆ្នាំ​ នៃ​វដ្ដ​ជីវិត​របស់​វា​។​ ក្រពើ​ភ្នំ​ បច្ចុប្បន្ន​បាន​ស្ថិត​ក្នុង​ការ​គំរាមកំហែង​ ឈាន​ទៅ​រក​ការ​វិនាស​ផុត​ពូជ​ ព្រោះតែ​ការ​បរបាញ់​ ការ​បាត់បង់​ទីជម្រក​៕

Share

Image
Image
Image