en     km
en     km

ជប៉ុនបន្តជួយលើកកម្ពស់សុវត្ថិភាពការងារលើវិស័យសំណង់រយៈពេល ២ឆ្នាំទៀត

Share

ភ្នំពេញ៖ សភាជប៉ុនទទួលបន្ទុកសកម្មភាពអង្គការអន្តរជាតិខាងការងារ វិស័យសុខាភិបាល និងសុវត្តិភាពការងារ បានឯកភាពជួយកម្ពុជាក្នុងការអនុវត្តគម្រោងលើកទី២​ ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាព និងសុវត្តិភាពការងារក្នុងវិស័យសំណង់ ២០១៨-២០២០។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

តាមរយៈការចុះផ្សាយនេះបង្ហាញថា ការបង្ហាញជំហរបែបនេះ ធ្វើឡើងក្នុងជំនួបរវាងលោក អ៊ិត ​សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ជាមួយលោក Jiro KAWASAKI សមាជិកសភា​ និងជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ​ និងសុខុមាលភាព​ជប៉ុន​ រួមទាំង គណ: ប្រតិភូ សភាជប៉ុន​ទទួលបន្ទុកលើសកម្មភាពអង្គការអន្តរជាតិខាងការងារ នាថ្ងៃទី​២៧​ កញ្ញានេះ នៅទីស្ដីការក្រសួងការងារ។

យ៉ាងណាមិញ ការបន្តជួយពីភាគីជប៉ុនមកលើកម្ពុជានោះ​ គឺស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ​ ច្បាប់​ និងបទដ្ឋាននានា​ ក្នុងគោលដៅពង្រឹងនូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ​ ឱ្យបានប្រសើរជាងមុន។

នាឱកាសនោះ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានថ្លែងថា ភាគីជប៉ុន​បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា​ និងក្រសួងការងារ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ​។ យ៉ាងណាមិញ ភាគីជប៉ុននៅតែបន្តគាំទ្រដល់ការអនុវត្តគម្រោងលើកទី២​នេះ​ដល់កម្ពុជាដើម្បីឱ្យសម្រេចបានជោគជ័យតាមការរំពឹងទុក។

គម្រោងទី ២នេះ មានទិសដៅ ៤សំខាន់ៗដូចជា៖

១៖ បន្តអនុវត្តគម្រោងលើកទី២ ស្ដីពីការលើកកម្ពស់ស្ដង់ដាសុខភាព និងសុវត្ថិភាពការងារនៅក្នុងវិស័យសំណង់ឆ្នាំ ២០១៨-២០២០ ដោយប្រើប្រាស់យន្តការក្រុមការងារពិគ្រោះយោបល់គម្រោង និងយន្តការដទៃទៀត ដើម្បីសម្រេចឱ្យបាននូវការរំពឹងទុករបស់គម្រោង។

២៖ ការរៀបចំក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តបន្ថែមទាក់ទងនឹងសុខភាព និងសុវត្ថិភាពការងារ ជាពិសេសវិស័យសំណង់។

៣៖ ការពង្រឹងការចុះធ្វើអធិការកិច្ចការងារ ក្នុងការកែលម្អលក្ខខណ្ឌការងារនៅតាមការដ្ឋានសំណង់។

៤៖ បន្ថែមការយល់ដឹងដល់កម្មករនិយោជិត និងនិយោជកតាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលផ្សេងៗ។

ប្រធាននាយកដ្ឋានពេទ្យការងារបន្ថែមថា នៅថ្ងៃទី ២៨ ស្អែកនេះ ភាគីទាំងពីរនឹងចុះទៅត្រួតពិនិត្យការដ្ឋានសំណង់ជាក់ស្ដែង ដើម្បីពិនិត្យមើលវឌ្ឍនភាពដែលបានអនុវត្ត នាពេលកន្លងមក៕

អត្ថបទ៖ លោក សោម លាភ

Share

Image
Image
Image