en     km
en     km

រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ អំពាវនាវ​ឲ្យ​អ្នកបើកបរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

Share

​ភ្នំពេញ​ ៖​ សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ចេញ​នូវ​សេចក្ដី​អំពាវនាវ​មួយ​កាលពី​ថ្ងៃ​ទី​២៦​ ខែកញ្ញា​ ម្សិលមិញ​ ស្ដី​ពី​ការ​បង្ការ​ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​

​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ បាន​បង្ហាញ​ក្ដី​រីករាយ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ ដែល​កន្លង​មក​បាន​ចូលរួម​ គោរព​ច្បាប់​ចរាចរណ៍​ ដើម្បី​ទប់ស្កាត់​ កាត់​បន្ថយ​ការ​បាត់​បង់ជីវិត​ និង​របួស​ ក៏​ដូច​ជា​ការ​ខូចខាត​ទ្រព្យសម្បត្ដិ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។​ តែ​យ៉ាងណា​សម្ដេច​ សង្កត់ធ្ងន់​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ​ និង​យូរអង្វែង​ ដែល​អាច​កើតឡើង​ភ្លាមៗ​ ក្នុង​ករណី​អ្នក​ប្រើប្រាស់​ផ្លូវ​មានការ​ធ្វេសប្រហែស​ ឬ​ ខ្ជីខ្ជា​មិន​គោរព​ច្បាប់​។​

​លើស​ពី​នេះ​សម្ដេច​ ស​ ខេ​ង​ បន្ដ​ថា​ ក្នុង​ឱកាស​ពី​ធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​ ចន្លោះ​ពី​ថ្ងៃ​ទី​០៨​ ដល់​ថ្ងៃ​ទី​១០​ កញ្ញា​ នឹង​មាន​កំណើន​យានយន្ដ​ធ្វើ​ចរាចរណ៍​ កើនឡើង​ខ្ពស់​ ដែល​អាច​នាំ​ឲ្យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​ ឬ​ការ​កកស្ទះ​ចរាចរណ៍​ ដូច​ក្នុង​ពិធីបុណ្យ​នានា​ពេល​កន្លង​ទៅ​ដែរ​។​ ដូច្នេះ​សម្ដេច​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ នូវ​ចំណុច​មួយ​ចំនួន​ ដែល​មាន​ដូច​ជា​ ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ដ​មុន​ពេល​ធ្វើ​ដំណើរ​។​ កុំ​ផ្ទុក​អ្នកដំណើរ​ ឬ​ទំនិញ​លើស​ចំណុះ​។​ ត្រូវ​ពាក់​មួ​យក​សុវត្ថិភាព​ជា​និច្ច​ ពេល​ធ្វើ​ដំណើរ​។​ ត្រូវ​គោរព​សិទ្ធិ​អាទិភាព​។​ មិន​ត្រូវ​បើក​លើស​ល្បឿន​កំណត់​។​ មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ឬ​ងងុយដេក​ ហើយ​ត្រូវ​បើកបរ​ដោយ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​។​

​សូម​ជម្រាប​ថា​ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​២០១៧​ មាន​ប្រជាពលរដ្ឋ​ចំនួន​ ២៦​នាក់​បាន​ស្លាប់​ និង​៩០​នាក់​ផ្សេង​ទៀត​ រង​របួសធ្ងន់​ និង​ស្រាល​។​ នេះ​បើ​យោង​តាម​ផ្សាយ​លើ​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​៕

Share

Image
Image
Image