en     km
en     km

រដ្ឋបាលខេត្តក្រចេះអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈស្ថានភាពទឹកជំនន់ដល់ចំណុចប្រកាសអាសន្ន

Share

ក្រុងភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវធ្វើការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈដែលស្ថានភាពជំនន់ទន្លេមេគង្គហក់ខ្ពស់នារយៈពេលចុងក្រោយនេះ។ រដ្ឋបាលខេត្តក្រចេះបានដាក់ពង្រាយកងកម្លាំង ៣ ប្រភេទត្រៀមប្រចាំការ ដើម្បីជួយជម្លៀសប្រជាពលរដ្ឋ និង សត្វពាហនៈឲ្យទៅរកទីទួលសុវត្ថិភាព។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីស្ថានភាពទន្លេមេគង្គក្រចេះបានហក់ឡើងដល់កម្ពស់ ២២ ម៉ែត្រ គឺជាចំណុចប្រុងប្រយ័ត្នខ្ពស់។

កម្រិតកម្ពស់ទឹកទន្លេមេគង្គ នៅស្ថានីយ៍ជលសាស្រ្ត និង ឧតុនិយមខេត្តក្រចេះ នាព្រឹកថ្ងៃទី ៣១ ខែ កក្កដា នេះ ទឹកទន្លេមានកម្ពស់ ២២.៥១ ម៉ែត្រ ប្រៀបធៀបទៅនឹងម្សិលមិញទឹកកើនឡើង ០.២០ ម៉ែត្រ។

តាមការគ្រោងទុក គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តនឹងមានការរៀបចំកិច្ចប្រជុំស្តីពីការត្រៀមបង្ការ និង ទប់ស្កាត់គ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលាក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តក្រចេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពស់ទឹកទន្លេមេគ្គក្រចេះ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ នឹងអាចកើនឡើងដល់កម្ពស់ ២២.១៥ម៉ែត្រ (កម្ពស់ប្រកាសអោយប្រុងប្រយ័ត្ន ២២ម៉ែត្រ)។

សូមជម្រាបថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងមួយបន្ថែមទៀត ស្ដីអំពីទឹកជំនន់ទន្លេមេគង្គលើ ដែលកំពុងហក់ឡើងខ្លាំង ដោយសារមានការធ្លាក់ភ្លៀង ជាបន្ដបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា បន្ដកើនឡើង-៣ ថ្ងៃបន្ថែមទៀត។

Share

ព័ត៌មានទាក់ទង

Image