ក្រុងភ្នំពេញ៖ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០១៨នេះ ខេត្តដែលពេញនិយមនៅតំបន់ទេសចរណ៍មួយចំនួនបានដាក់ការរំពឹងទុកថា ខេត្តរបស់ខ្លួននឹងរកចំណូលសេដ្ឋកិច្ចខេត្ត បានតាមរយៈកំណើនទេសចរណ៍ក្នុងឱកាសពិធីបុណ្យជាតិមួយនេះ។
ស្តាប់សេចក្តីពិស្តារជំរាបជូនដោយ លោក សេរី វឌ្ឍនៈ៖
ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានត្រៀមកាយត្រៀមចិត្ត ជ្រះស្រឡះដើម្បីអបអរសាទរពិធីទទួលទេវតាឆ្នាំថ្មីឆ្នាំច ពុទ្ធសករាជ២៥៦២ ប្រព្រឹត្តទៅរយៈពេលបីថ្ងៃពីថ្ងៃទី១៤មេសាដល់ថ្ងៃទី១៦មេសា។
ជាមួយគ្នានេះ ខេត្តដែលមានតំបន់ទេសចរណ៍ពេញនិយម បានដាក់ការរំពឹងទុកថា ចំនួនភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិ នឹងកើនឡើងជាងឆ្នាំមុនៗ ដោយសារតែមានការរៀបចំជាពិសេសក្នុងការប្រារព្ធពិធីបុណ្យសង្រ្កាន្តដ៏ពេញនិយមនេះ។
ក្នុងនោះ ខេត្តសៀមរាបដែលជាខេត្តទទួលភ្ញៀវទេសចរណ៍ជាតិអន្តរជាតិច្រើនជាងគេកាលពីឆ្នាំមុនៗ បានដាក់ការរំពឹងថា ឆ្នាំនេះខ្លួននឹងទទួលភ្ញៀវទេសចរណ៍ច្រើនជាងឆ្នាំមុន។
លោក ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប បានប្រាប់ អ្នកសារព័ត៌មានវិទ្យុស្រ្តីថា ឆ្នាំនេះ អង្គរសង្ក្រាន្ត មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយមានការប្រគំតន្ត្រីខ្នាតធំ ហើយមានការចូលរួមពីសំណាក់សិល្បៈករល្បីៗជាច្រើន។
លោកបន្ថែមថា ក្នុងឆ្នាំថ្មីនេះ ខេត្តសៀមរាបរំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍ទាំងជាតិ និង អន្តរជាតិ ចំនួន ២ លាននាក់បន្ថែម ព្រោះថាកាលពីឆ្នាំ ២០១៧ ខេត្តដ៏មានសក្តានុពលទេសចរណ៍មួយនេះទទួលបាន ភ្ញៀវទេសចរណ៍ដល់ទៅ ១,៧ លាននាក់រួចទៅហើយ។
សំឡេង លោក ឃឹម ប៊ុន សុង៖
យ៉ាងណា តាមសម្តីប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលថា នឹងមានករណីភេរវកម្ម នឹងកើតឡើងនៅខេត្ត សៀមរាប លោកបានអះអាងធានាថា នឹងក្តាប់ស្ថានការណ៍ពុំឲ្យមានជនភេរវករ ណាមកប្រព្រឹត្តិករណីភេវកម្មបាននោះឡើយ។
សំឡេង លោក ឃឹម ប៊ុន សុង៖
ងាកមកចាប់អារម្មណ៍ជាមួយខេត្ត ដែលស្ថិតនៅភាគពាយ័ព្យប្រទេស គឺខេត្តបាត់ដំបងឯណេះវិញ ជាលើកទីមួយហើយដែលខេត្តបាត់ដំបងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដោយមានជាការប្រគុំតន្ត្រី ល្បែងកំសាន្ត នៅឯក្រុងបាត់ដំបងតែម្តង។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានដាក់ក្តីរំពឹងទុកថា ឆ្នាំនេះ ខេត្តដែលមានសក្តានុពលផ្នែកជង្រុកស្រូវនេះ នឹងទាក់ទាញយកភ្ញៀវទេសចរណ៍ មកកំសាន្តនៅក្នុងក្រុងបាត់ដំបង។
លោក បានបន្ថែមថា ឆ្នាំនេះខេត្តបាត់ដំបងសហការជាមួយនឹង សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីសង្ក្រាន្តបាត់ដំបងនៅក្នុងក្រុងបាត់ដំបងផ្ទាល់។
សំឡេង លោក ងួន រតនៈ៖
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលនៅខេត្តផ្សេងៗ ជាពិសេស ពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ឲ្យមកចូលរួមព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងនេះ ឲ្យបានកុះករព្រោះថា បាត់ដំបងក៏សំបូរទៅដោយរមណីយដ្ឋានធម្មជាតិ និង ប្រវត្តិសាស្រ្ត។
ឬឯខេត្តដែលនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា គឺខេត្តកំពង់ធំ ក៏មានការរៀបចំសង្ក្រាន្តឆ្នាំថ្មីផងដែរ។
ខុសប្លែកពីគេបន្តិច ខេត្តនេះគឺរៀបចំសង្ក្រាន្តលក្ខណៈជនជាតិកួយ ដែលបង្ហាញពីជិវិតរស់នៅរបស់ជនជាតិកួយ នៅឯរមណីយដ្ឋានសំបូរព្រៃគុក។
លោក សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ឆ្នាំនេះ គឺឆ្នាំទី៤ ហើយដែលខេត្តកំពង់រៀបចំពិធីសង្ក្រាន្តទទួលឆ្នាំថ្មី។ លោកបន្ថែមថា សង្ក្រាន្តឆ្នាំនេះគឺធ្វើនៅទីធ្លានៃក្រុមប្រាសាទសំបូរ ដែលមានការដាក់បង្ហាញពីជីវិតជនជាតិកួយ ល្បែង របាំ និង ការរាំកំសាន្តនានា។
សំឡេង លោក សុខ លូ៖
លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមកចូលរួមកម្មវិធីនេះ ព្រោះថា តំបន់សំបូរព្រៃគុកគឺជារាជធានីចាស់ មុននឹង ស្តេចខ្មែរ លើករាជធានីទៅតាំងនៅក្រុងអង្គរ។
គួរបញ្ជាក់ថា ឆ្នាំ២០១៨ នេះ ពុំមែនមានតែ ខេត្តសៀមរាបទេដែលរៀបចំព្រឹត្តការណ៍សង្ក្រាន្តឆ្នាំថ្មី ក្នុងនោះខេត្តមួយចំនួនក៏រៀបចំទទួលឆ្នាំថ្មីផងដែរ។ ខេត្តដែលរៀបចំមានដូចជា ខេត្តកំពង់ស្ពឹ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពត និង រាជធានីភ្នំពេញផងដែរ។
បណ្ដាខេត្តដែលរៀបចំបុណ្យសង្រ្កាន្តដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីនេះ សុទ្ធតែរំពឹងដូចៗគ្នាថា នឹងមានភ្វៀវទេសចរជាតិនិងអន្តរជាតិច្រើនមកកាន់ ខេត្តទាំងនោះ ដែលធ្វើអោយមានប្រាក់ចំណូលជួយជីវភាពពលរដ្ឋកាន់តែប្រសើរ ៕