en     km
en     km

​សម្តេច ​ហ៊ុន ​សែន​ ព្រមាន​ដក​តំណែង​អភិបាល​ខណ្ឌ​ដូន​ពេញ​

Share

ភ្នំពេញ៖សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន​ ប្រតិកម្ម​នឹង​ការ​គ្រប់​គ្រប់គ្រង​ស​ណ្ដា​ប់​ធ្នាប់​ចរាចរណ៍​មិនល្អ​នៅ​ខាង​មុខ​ផ្ទះ​សម្ដេច​នៅ​វិមាន​ឯករាជ្យ​ ដែល​ករណី​នេះ​ សម្ដេច​ខឹង​ដល់​លោក​អភិបាល​ខណ្ឌ​ដូនពេញ​ ហើយ​គំរាម​ដក​តំណែង​។​

 លោក សុខ ពេញវុធ ត្រួតពិនិត្យនៅរង្វង់មូលវិមានឯករាជ្យ(រូបកណ្តាល)។ប្រភពរូបភាព៖ facebook

​សម្តេច ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​ ព្រមាន​ដក​តំណែង​អភិបាល​ខណ្ឌ​ដូន​ពេញ​លោក​ សុខ​ ពេញ​វុ​ធ​ ដោយសារ​បញ្ហា​ចរាចរណ៍​គ្មាន​សណ្តាប់ធ្នាប់​នៅ​វិមាន​ឯករាជ្យ​ក្បែរ​ផ្ទះ​សម្តេច​។​

​បន្ទាប់​សម្តេច​បានឃើញ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​ផ្ទះ​សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​បញ្ហា​ចរាចរណ៍​នៅ​រង្វង់​មូល​វិមាន​ឯករាជ្យ​គ្មាន​សណ្តាប់ធ្នាប់​ដោយសារ​ការ​បើកបរ​មិន​គោរព​ច្បាប់​ មិន​ពាក់មួក​សុវត្ថិ​ភាព​ ជិះ​បញ្ច្រាសទិស​ជាដើម​។​

​ការ​ថ្លែង​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ កម្មករ​-​ក​ម្មា​ការិនី​រោងចក្រជាង​១​ម៉ឺន​នាក់​​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ មក​រា​ ២០១៨​នេះ​។​ សម្តេច​បន្ថែម​ថាបើ​មិន​អាច​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​​រង្វង់​មូល​វិ​មា​នឯ​ករា​ជ្យបាន​អ្នក​ដក​តំណែង​មុនគេ​គឺ​អភិបាល​ខណ្ឌ​ដូន​ពេញ​។

«​តើ​ភ្នែក​របស់​អស់លោក​ទៅ​ណា​អស់​បានជា​បង្កើត​ផ្លូវ​ថ្មី​ បាន​សេចក្តី​ថា​អា​ផ្លូវ​ហ្នឹង​ ផ្លូវ​វិមាន​ឯករាជ្យ​វា​មាន​ផ្លូវ​ពីរ​សុទ​តែ​ផ្លូវ​ទៅ​មក​។​ខាង​នោះ​ចំការមន​ផ្ទះ​របស់ខ្ញុំ​គឺ​មាន​ព្រំប្រទល់​អា​សួនច្បារ​ម្ខាង​ដូច​ពេញ​ម្ខាង​ទៀត​ចំការមន​។​បន្ទូល​អ្នក​អនុវត្តន៍​ច្បាប់​ហេតុ​អ្វី​ប៉ុណ្ណឹង​មិន​មើល​ចៅហ្វាយ​ក្រុង​ចូល​និវត្ត​ប​អស់​ប៉ុន្មាន​​ចៅហ្វាយខណ្ឌ​ដូច​ពេញ​អស់​ប៉ុន្មាន​ហើយ​។​បើ​មានរឿង​បែប​ហ្នឹង​កើតឡើង​បន្ត​ទៀត​អ្នក​ដែល​ត្រូវ​ដកហូត​តំណែង​មុនគេ​អភិបាល​ខណ្ឌ​ដូច​ពេញ​។​»

​ទាក់ទង​ការ​ព្រមាន​របស់​សម្តេច ​វិទ្យុ​ស្ត្រី​មិន​អាច​សុំ​កា​អធិប្បាយ​ពី​លោក​ សុខ​ ពេញ​វុ​ធ​ អភិបាល​ខណ្ឌ​ដូន​ពេញ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​។ ​ប៉ុន្តែ​លោក​ សុខ​ ពេញ​វុ​ធ​ ប្រាប់​គេហទំព័រ​សារព័ត៌មាន​មួយ​ថា​ អាជ្ញាធរ​ខណ្ឌ​បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ខណ្ឌ​ដូនពេញ​និង​ក្បែរ​ផ្ទះ​សម្តេច​ ហ៊ុន​ សែន​ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​

​លោក​ សុខ​ ពេញ​វុ​ធ​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខណ្ឌ​ដូន​ពេញ​ជំនួស​លោក​ គួ​ច​ ចំរើន​ កាលពី​អំឡុង​ខែធ្នូ​ ឆ្នាំ​២០១៦​។​

​ភ្លាម់ៗ​បន្ទាប់​ពី​នៅ​លើ​គេហទំព័រ​សាលា​រាជធានី​ភ្នំពេញ​បង្ហាញ​អំពី​សកម្មភាព​លាប​គំនូសចរាចរ​ណ៍លើមហាវិថី​ព្រះ​សុរា​ម្រិ​ត​ដោយ​ចាប់ពី​មហាវិថី​សុធារស​ដល់​វិមាន​ឯករាជ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ ខែមករា​នេះ​។​

​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង​ឆ្នាំ​២០១៧​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​បាន​កើតឡើង​ចំនួន​ជាង​៣​ពាន់​៥​រយ​ករណី​បណ្តាល​ឱ្យ​ស្លាប់​១៧៨០​នាក់​និង​រង​របួស​ជាង​៥​ពាន់​៥​រយ​នាក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​មាន​៣៧០០​ករណី​បណ្តាល​ឱ្យ​ស្លាប់​១៧១៧​នាក់​និង​រង​របួស​ជាង​៦​ពាន់​នាក់​៕

Share

Image
Image
Image