en     km
en     km

អ្នកសារព័ត៌មានប្រាំរូប ឈ្នះពានរង្វាន់ស្ដីពីសុខភាព គ្រួសារ និងកីឡា ឆ្នាំ២០១៧

Share

ភ្នំពេញ ៖ លទ្ធផលនៃប្រកួតប្រជែងស្នាដៃអ្នកសារព័ត៌មានឆ្នើមឆ្នាំ២០១៧ អ្នកសារព័ត៌មាន ៥រូប បានប្រកួតឈ្នះពានរង្វាន់ ក្នុងនោះអ្នកសារព័ត៌មានមណ្ឌលព័ត៌មានស្ត្រីកម្ពុជាពីររូប បានជាប់ជ័យលាភីជាអ្នកសារព័ត៌មានឆ្នើមដាច់គេ។ ការប្រកួតប្រជែងស្នាដៃនិពន្ធអត្ថបទ ពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្ដីពីគ្រួសារ សុខភាព⁣ និងកីឡា រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ក្រោមការឧបត្ថម្ភ​ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា

ពានរង្វាន់សម្រាប់អ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំ២០១៧ បានប្រកាសកាលពីរសៀលថ្ងៃទី២៧⁣ ខែវិច្ឆិកាម្សិលមិញ ដោយក្លិបអ្នកកាសែតកម្ពុជា (..ក.)  នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។ ចូលរួមដោយ​លោក​ ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ក្រសួង​ព័ត៌មាន និង ​លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​ជា​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍​។​

អ្នកសារព័ត៌មានមណ្ឌលព័ត៌មានស្ត្រីកម្ពុជាពីររូប មានលោក រស់ គង់⁣ ទទួលជ័យលាភីលេខ១ និងលោក មិន ម៉ៅសំណាង ជ័យលាភីលេខ២ ក្នុងការប្រកួតអ្នកសារព័ត៌មានឆ្នើម⁣ ក្រោមប្រធានបទ ការរួមចំណែកលើកកម្ពស់សុខុមាលភាព គ្រួសារ ព្រមទាំងវិស័យកីឡានៅកម្ពុជា ។

ទន្ទឹមនឹងជ័យលាភីឆ្នើមទាំងពីរខាងលើ⁣ អ្នកសារព័ត៌មានឆ្នើមបីរូបទៀត ទទួលបានលេខបី លេខបួន និងលេខប្រាំ មកពីស្ថាប័នកាសែតខ្មែរថាម លោក ម៉ៃ គុណមករា,⁣ គេហទំព័រថ្មីៗ លោកសឿន វណ្ណឌេត, និងទូរទស្សន៍⁣ CNC⁣⁣ អ្នកស្រី⁣ ស៊ន សុខឃៀង⁣ នឹងធ្វើដំណើរទស្សនកិច្ចសិក្សាបីថ្ងៃ ដើម្បីចែករំលែកបទពិសោធន៍ជាមួយអ្នកសារព័ត៌ មានមកពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងចូលរួមកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នៅទឹកដីអង្គរខេត្តសៀមរាប។

ភ្ជាប់នឹងពានរង្វាន់សម្រាប់ជ័យលាភីអ្នកសារព័ត៌មានឆ្នើម ជ័យលាភីលេខ១ ទទួលបានទឹក ប្រាក់ ១ពាន់ដុល្លារអាម៉េរិក, លេខ២ ទទួលបានប្រាំពីររយដុល្លារ, លេខ៣ ទទួលបានប្រាំរយដុល្លារ លេខ៤ និងលេខ៥ ទទួលបានទឹកប្រាក់មួយរយដុល្លារអាម៉េរិក⁣ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា

សូមជម្រាបថា ក្នុងការប្រកួតប្រជែងអ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំ២០១៧ រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (..ក.) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា មាន បេក្ខភាពដាក់ស្នាដៃចូលរួមប្រកួតប្រជែងចំនួន ២០ រូបមកពីបណ្តាស្ថាប័នព័ត៌មានល្បីៗនៅកម្ពុជា⁣ ដោយជ្រើសរើសយកប្រាំរូបជាជ័យលាភីឆ្នើម។

សេចក្តីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែត បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងស្នាដៃឆ្នើមសម្រាប់ពានរង្វាន់នេះមានគោលបំណងជម្រុញ និងលើកទឹកចិត្តអ្នកសារព័ត៌មានកម្ពុជា ឲ្យចូលរួមសរសេរអត្ថបទព័ត៌មាន និងផលិតបទយកការណ៍ជាទម្រង់វីដេអូ ឬសំឡេង ដើម្បីជាការរួមចំណែកលើកកម្ពស់សុខុមាលភាព⁣⁣ គ្រួសារ ព្រមទាំងវិស័យកីឡានៅកម្ពុជា ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។

អ្នកសារព័ត៌មានដែលបានចូលរួមក្នុងការប្រកួតប្រជែងនេះ រួមមានអ្នកសារព័ត៌មានជនជាតិខ្មែរដែលមានស្ថាប័នពិតប្រាកដ ឬធ្វើការងារដោយឯករាជ្យ (Freelance Journalists) ទាំងនៅផ្នែកបោះពុម្ព (កាសែត និង⁣ ទស្សនាវដ្ដី)⁣ តាមរលកអាកាស (វិទ្យុនិង⁣ ទូរទស្សន៍) ព្រមទាំងអ្នកសារព័ត៌មានអនឡាញ ឬគេហទំព័រ (Online/Website) និងអ្នកសារព័ត៌មានបង្ហោះតាមបណ្ដាញសង្គមប្លុក (Blogger)

Share

Image
Image
Image