en     km
en     km

តុលាការខេត្តកំពង់ស្ពឺផ្តើមចោទប្រកាន់លោក ជួន គន្ធា អ្នកប្រកាសចែកដី៦០០០ឡូតិ៍ និងបក្ខពួកជាច្រើនបទល្មើស

Share

តំណាងអយ្យការខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ចោទប្រកាន់ទៅលើឈ្មោះ ជួន គន្ធា និងបក្ខពួក នូវបទល្មើសមួយចំនួន បន្ទាប់ពីបុគ្គលខាងលើនិងបក្ខពួកបានធ្វើសកម្មភាពប្រកាសចែកដីឡូតិ៍ជូនពលរដ្ឋចំនួន ៦០០០ឡូតិ៍ លើផ្ទៃដីសរុបទំហំ ៤២០ហិកតាដែលជាដីរបស់រដ្ឋ។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

តំណាងអយ្យការខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់ទៅលើឈ្មោះ ជួន គន្ធា និងឈ្មោះ មិន ផាន្នី ហៅ ម៉ៅ និងបក្ខពួក ពីបទ«ប៉ុនប៉ងឆបោក, ញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចភូមិ រោងម៉ាស៊ីន និងភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ជនត្រូវចោទប្រកាន់ខាងលើត្រូវរកឃើញថាបានរៀបចំរចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ និងសកម្មភាព ក្លែងឯកសារផ្សេងៗទៀត ដើម្បីឈានទៅទន្ទ្រានរុករានដីរដ្ឋ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ក្រុមខ្លួន។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ការឈានដល់ការចោទប្រកាន់និងចាប់ខ្លួនលោក ជួន គន្ធា និងបក្ខពួកបន្ទាប់ពីពួកគេ បានផ្សព្វផ្សាយចែកដី ជូនពលរដ្ឋក្រីក្រ បន្ទាប់ពីលោក ជួន គន្ធា ភេទប្រុស អាយុ៣៥ឆ្នាំ អះអាងថា ខ្លួនជា ឯកឧត្តម បានធ្វើការផ្សព្វផ្សាយចែកដីកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជូនពលរដ្ឋក្រីក្រ ក្នុងមួយគ្រួសារទទួលទំហំដី ១០ម៉ែត្រ x ៣០ម៉ែត្រ ក្នុងមួយឡូតិ៍ ដោយតម្រូវចេញថ្លៃសេវារដ្ឋបាល៤៥០ (បួនរយហាសិប)ដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ការរត់ការឯកសារ ឈូសឆាយដី និងពង្រាបដីជាអាទិ៍។ ចំណែកការប្រកាសចែកដីនេះមានទំហំចំនួន ៦០០០ឡូតិ៍ លើផ្ទៃដីសរុបទំហំ ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំ តាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានខាងលើ ផ្ទៃដីខាងលើស្ថិតក្នុងចំណុចនិយាមកា ជាដីរបស់រដ្ឋ ស្ថិតក្នុងដែនជម្រកសត្វព្រៃរបស់ក្រសួងបរិស្ថាន។ជាងនេះអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺបានច្រានចោលការអះអាងរបស់ឈ្មោះ ជួន គន្ធា ដែលថាខ្លួនជាម្ចាស់ដីស្របច្បាប់គឺជាការមិនពិត ព្រោះពុំមានឯកសារបទដ្ឋានគតិយុត្តិ ឬ ឯកសារបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរណាមួយឡើយ។

តាមរយៈករណីនេះអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ មុនការចុះផ្សាយព័ត៌មាន គប្បីសាកសួរអ្នកនាំពាក្យ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន ជៀសវាងការផ្សាយព័ត៌មានមិនពិត មិនច្បាស់លាស់ ខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងប៉ះពាល់ដល់ការសម្ងាត់នៃការស៊ើបអង្កេតរបស់តុលាការផងដែរ។

ទាក់ទងនិងមន្រ្តីអាជ្ញាធរពាក់ព័ន្ធវិញ អ្នកនាំពាក្យតុលាការខេត្តកំពង់ស្ពឺស្នើបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ កុំឱ្យមានការទន្ទ្រានកាន់កាប់ដីដែលជាទ្រព្យសម្បត្តិសាធារណៈ និងបន្តស្វែងរកជនល្មើសមកអនុវត្តតាមផ្លូវច្បាប់៕

Share

ព័ត៌មានទាក់ទង

Image