en     km
en     km

ខុមហ្វ្រែល ៖ ចំនួនអ្នកបោះឆ្នោតជិត ៥៦ភាគរយមិនដឹងថ្ងៃបោះឆ្នោត(មានសំឡេង)

Share

ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល រកឃើញថា ចំនួនអ្នកបោះឆ្នោតប្រមាណ ៥៦ភាគរយ នៅមិនទាន់ដឹងកាលបរិច្ឆេទនៃថ្ងៃបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់ ឆ្នំា២០១៧ នៅឡើយនោះទេ។

មន្ត្រីគណបក្សប្រឆាំងរំពឹងថាពលរដ្ឋអាចនឹងដឹងច្រើនពីការបោះឆ្នោតនេះមុនការបោះឆ្នោតមកដល់។

អ្នកដែលបានចុះឈ្មោះបោះឆ្នោត ទៅពិនិត្យបញ្ជីឈ្មោះ។
អ្នកដែលបានចុះឈ្មោះបោះឆ្នោត ទៅពិនិត្យបញ្ជីឈ្មោះ។

នៅសល់មិនដល់ពីរខែទៀតទេថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជានឹងមកដល់។ ប៉ុន្តែប្រជាពលរដ្ឋច្រើន លើសលប់មិនទាន់បានដឹងថាតើការបោះឆ្នោតជ្រើសតាំងរដ្ឋបាលមូលដ្ឋាននេះនឹងប្រព្រឹត្តិនៅថ្ងៃណាពិតប្រាកដនោះទេ។

តាមរបាយការណ៍សវនកម្មលើបញ្ជីបោះឆ្នោតរបស់អង្គការខុមហ្វ្រែលដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃទី ៥ ខែ មេសា ឆ្នំា២០១៧នេះ តាមរយៈការស្ទាបស្ទង់មតិក្នុងចំណោមប្រជាពលរដ្ឋចំនួន ២០០០នាក់មានប្រជាពលរដ្ឋរហូតដល់៥៦ ភាគរយដែលមិនដឹងថា តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងធ្វើឡើងនៅថ្ងៃណានោះទេ។

ទោះបីយ៉ាងនេះក្តីរបាយការណ៍នេះ មិនបានបញ្ជាក់ពីមូលហេតុដែលប្រជាពលរដ្ឋទាំងនេះមិនដឹងថ្ងៃបោះឆ្នោតនោះឡើយ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៤ខែ មិថុនា។ មានគណបក្សចំនួន ១២ ចូលរួមប្រកួត ប្រជែងដើម្បីដណ្តើមយកអសនៈក្នុងឃុំសង្កាត់ចំនួន ១៦៤៦ នៅទូទាំង ២៥ ខេត្តនិងរាជធានី។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប មានប្រសាសន៍ថា គ.ជ.ប មិនទាន់អាចជឿ ជាក់លើរបាយការណ៍នេះដោយហេតុថា គ.ជ.ប បានធ្វើយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីការបោះឆ្នោតដល់ ប្រជាពលរដ្ឋ ច្រើនដែរហើយកន្លងមក។

«គ.ជ.ប នឹងធ្វើការផ្សព្វផ្សាយបន្តដើម្បីឱ្យប្រជាពលរដ្ឋលោកមានការយល់ដឹងកាន់តែច្រើន ព្រោះយើងនៅមានពេលវេលា ទៀតដែរ ហើយសង្ឃឹមថា នឹងមានការចូលរួមបោះឆ្នោតកាន់តែច្រើនដែលបាទ»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប

មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ ដែលបានដាក់បេក្ខជនខ្លួនចូលប្រកួតប្រជែង តំណែងក្រុមប្រឹក្សានៅទូទាំងប្រទេស។

ឆ្លើយតបនឹងសំណួររបស់វិទ្យុស្រ្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត ជឿថាប្រជាពលរដ្ឋកម្ពុជាអាច ដឹងពីកាលបរិច្ឆេទនៃថ្ងៃបោះឆ្នោតច្រើនជាងរបាយការណ៍ដែលរកឃើញដោយខុមហ្វ្រែល។

«ចំពោះក្រុមការងារគណបក្សប្រជាជនចុះទៅ ក្រុមការងារគណបក្សប្រឆាំងនឹងចុះទៅគ្រប់កន្លែង ហើយយើងឃើញការដាក់ បេក្ខភាពនៅទូទាំងប្រទេស ១៦៤៦ ឃុំ/សង្កាត់ រឿងអីដែលសូវេ[ស្ទាប់ស្ទង់]ឃើញថា ប្រជាជនពាក់កណ្តាលអត់ដឹងកាល បរិច្ឆេទបោះឆ្នោត វាមិនដែលមាន»។

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា

ចំណែក លោក ឃី វណ្ណដេត តំណាងរាស្រ្តមណ្ឌលតាកែវ នៃគណបក្សសង្គ្រោះជាតិ មិនបានធ្វើការអត្ថាធិប្បាបាយលើរបាយ ការណ៍នេះទេ ដោយលោករំពឹងថា ពលរដ្ឋនឹងបានដឹងច្បាស់លាស់ពីកាលបរិច្ឆេទ និងទីតាំងបោះឆ្នោតបានច្រើនជាងនេះ បន្ទាប់ពី គ.ជ.ប បើកយុទ្ធនាការផ្សព្វផ្សាយជូនពលរដ្ឋមួយខែមុនការបោះឆ្នោតមកដល់។

«គ.ជ.ប មានកម្មវិធីចែកប័ណ្ណព័ត៌មានដល់ម្ចាស់ឆ្នោត ហើយប័ណ្ណព័ត៌មាននេះបញ្ជាក់អំពី ទីតាំងបោះឆ្នោត ការិយាល័យ បោះឆ្នោតគ្រប់គ្រាន់ ដូច្នេះយើងមិនបារម្ភអីខ្លាំងពេកទេបាទ»។

យ៉ាងណាក៏ដោយរបាយការណ៍របស់អង្គការខុមហ្វ្រែលបន្ថែមថា ៩២ ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍សុទ្ធតែដឹងពី ឯកសារផ្លូវចាំបាច់សំរាប់កាន់ជាប់នឹងខ្លួនទៅកាន់មណ្ឌលបោះឆ្នោត។

មានពលរដ្ឋខ្មែរជិត ៨ លាននាក់បានចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ អង្គការខុមហ្វ្រែលអះអាងថាអ្នកបោះឆ្នោតប្រមាណ២លាននាក់រស់នៅឬធ្វើការនៅក្រៅប្រទេស៕

Share

Image
Image
Image