en     km
en     km

លោក​ សម​ រ​ង្ស៊ី​៖​រដ្ឋ​គ្មាន​គោលនយោបាយ​កសិកម្ម​ច្បាស់លាស់​ ទើប​បង្ក​ឲ្យ​ពលរដ្ឋ​ចំណាកស្រុក​?

Share

​ភ្នំពេញ​៖​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បន្ត​រិះគន់​រដ្ឋាភិបាល​ថា​ គ្មាន​គោលនយោ បាយ​គាំទ្រ​វិស័យ​កសិកម្ម​ច្បាស់លាស់​ ទើ​បណ្ដាល​ឲ្យ​កសិករ​ត្រូវ​ជំពាក់​បំណុល​ធនាគារ​ វ័ណ្ឌក​ ហើយ​ចំណាកស្រុក​។​ ចំណែក​អង្គការ​ធ្វើការ​លើ​កសិកម្ម​ យល់​ថា​ បញ្ហា​កសិកម្ម​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ចំណាកស្រុក​របស់​សិ​ករ​ផង​ដែរ​។​ តែម​ន្ដ្រី​បក្ស​កាន់​អំណាច​ចាត់​ទុក​ ការ​រិះគន់​របស់​លោក​ សម​ រ​ង្ស៊ី​ គឺជា​រឿង​ឥតប្រយោជន៍​ និង​ខុស​ពី​ការ​ពិត​។​

sam-rang-sy

​លោក​ សម​ រ​ង្ស៊ី​ ដែល​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីដើម​ខែកុម្ភៈ​ នៅ​ថ្ងៃ​ទី​២៣​ មីនា​ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​ ដោយ​រិះគន់​ទៅ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ​ថា​ គោលនយោបាយ​កសិកម្ម​ មិន​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់​ក្នុង​ការ​ជួយ​ដល់​កសិករ​ ដែល​លោក​ថា​ នយោបាយ​បែប​នេះ​បណ្ដាល​ឲ្យ​កសិករ​ជា​ច្រើន​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​។​

​លោក​ថា​ ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​សព្វថ្ងៃ​មិន​បាន​យកចិត្ដទុកដាក់​ពិតប្រាកដ​ ជួយ​កសិករ​ដែល​នាំ​ឲ្យ​ពួក​គេ​ជា​ច្រើន​រង​ការ​លំបាក​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ជីវៈភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ដែល​ចំណុច​នេះ​លោក​សង្កត់ធ្ងន់​ថា​ ពិតជា​ខុស​គ្នា​ឆ្ងាយ​ពី​រដ្ឋាភិបាល​របស់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​។

​លោក​ សម​ រ​ង្ស៊ី​៖«​ជា​ការ​សោកស្ដាយ​នៅ​ប្រទេស​កម្ពុជា​ នៅ​ប្រទេស​កម្ពុជា​ យើង​ឃើញ​ថា​ រដ្ឋាភិបាល​មិន​យកចិត្ដទុកដាក់​ចំពោះ​វិស័យ​កសិកម្ម​នេះ​ ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​ជា​ពិសេស​ បណ្ដោយ​ ឲ្យ​កសិករ​រស់នៅ​យ៉ាង​លំបាក​បំផុត​ក្នុង​ជីវភាព​រស់នៅ​របស់​លោក​។​»​

​ការ​រិះគន់​របស​លោក​ សម​ រ​ង្ស៊ី​ នៅ​ពេល​នេះ​ក៏​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ចេញ​នូវ​គោលការណ៍​កំណត់​ឲ្យ​គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ទាំងអស់​ត្រូវ​យកការប្រាក់​ ១.៨​ភាគរយ​ប៉ុណ្ណោះ​ ក្នុង​មួយ​ឆ្នាំ​ ដោយ​តម្រូវ​ឲ្យ​អនុវត្ដ​ចាប់ពី​ខែមេសា​តទៅ​។

sok-eysan

​តែ​ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់​លោក​ សម​ រ​ង្ស៊ី​ នេះ​ដែរ​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ លោក​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​រិះគន់​របស់​លោក​ សម​ រ​ង្ស៊ី​ នា​ពេល​នេះនោះ​ទេ​ ដោយ​លោក​បញ្ជាក់​ថា​ សម្ដី​របស់​លោក​ សម​ រ​ង្ស៊ី​ មិនមែន​ជា​ការ​ពិត​។​ ត្រង់​ចំណុច​នេះ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​អះអាង​ថា​ រាជរដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ជា​ច្រើន​ ដែល​បង្ហាញ​ពី​គោលនយោបាយ​សកម្មភាព​គាំទ្រ​វិស័យ​កសិកម្ម​ និង​ប្រជា​កសិករ​ខ្មែរ​ មាន​ជា​អាទិ៍​រចនាសម្ព័ន្ធ​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ ដូច​ជា​ប្រព័ន្ធ​ធារាសាស្ដ្រ​ជាដើម​។​ លោក​បន្ដ​ថា​ កន្លង​មក​ព្រោះតែ​កសិកម្ម​មានការ​រីក​ចម្រើន​ លើស​ពី​សេចក្ដី​ត្រូវការ​ ទើប​តម្លៃ​កសិផល​មានការ​ចុះថោក​។​ ជាង​នេះ​លោក​សង្កត់ធ្ងន់​ដែរ​ថា​ ការ​ចំណាកស្រុក​របស់​ពលរដ្ឋ​ គឺ​មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ​ ព្រោះ​ប្រទេស​ណា​ក៏​មាន​ពលរដ្ឋ​ចំណាកស្រុក​ដែរ​ ផ្ទុយ​ទៅ​វិញ​គួរតែ​លើក​សរសើរ​រាជរដ្ឋាភិបាល​ដែល​មាន​គោលនយោបាយ​ការ​បរទេស​ត្រឹមត្រូវ​ ដែល​អាច​រក​ទីផ្សារ​ការងារ​ឲ្យ​ពលរដ្ឋ​បាន​ទៅ​តាម​តម្រូវការ​។​

​លោក​ សុខ​ ឥ​សាន្ដ​៖«​រឿង​ចំណាកស្រុក​វា​មិនមែន​ជា​រឿង​អាក្រក់​ទេវា​ជា​រឿង​ល្អ​ នេះ​ហើយ​ជាទី​ផ្សារ​អន្ដរជាតិ​ ដែល​ប្រទេស​ណា​ក៏​ដោយ​ដែល​នៅ​ក្នុង​តំបន់​ ក៏​ដូច​នៅ​លើ​ពិភពលោក​ហ្នឹង​ ក៏​វា​មាន​ចំណាកស្រុក​ដូច​គ្នា​ មើល​តែ​ប្រទេស​ហ្វី​លី​ពិន​មាន​ជន​ស្រុក​ទៅ​១០​លាន​នាក់​ទៅ​ហើយ​ យើង​ត្រឹម​១​លាន​នាក់​ហ្នឹង​យើង​ទៅ​ថ្នាំងថ្នាក់​អី​។​»

sam-vitou
លោក សម វិទូ ប្រភពរូបភាពពី VOA

​ចំណែក​នាយក​ប្រតិបត្ដិ​ មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​ CEDAC​ លោក​ សម​ វិទូ​ យល់​ឃើញ​ថា​ រដ្ឋ​គឺជា​ស្ថាប័ន​ទី​មួយ​ដែល​ត្រូវ​ធានា​នូវ​ទីផ្សារ​តម្លៃ​កសិកម្ម​របស់​កសិករ​ ផ្ដល់​ចំណេះ​ និង​ជំនាញ​ផ្សេងៗ​។​ លោក​បន្ដ​ថា​ បើ​មាន​ត្រឹមតែ​ប្រព័ន្ធ​ធារាសាស្ដ្រ​ ហើយ​គ្មាន​មន្ដ្រី​ជំនាញ​ផ្នែក​កសិកម្ម​ចុះ​ទៅ​ដល់​មូលដ្ឋាន​ ដើម្បី​ប្រឹក្សា​យោបល់​ជាមួយ​កសិករ​ពី​បញ្ហា​កសិកម្ម​របស់​ពួក​គាត់​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​។​ លោក​បន្ដ​ថា​ ដើម្បី​ឲ្យ​មាន​មន្ដ្រី​ជំនាញ​អាច​ចុះ​ទៅ​ជួប​ពលរដ្ឋ​ដល់​មូលដ្ឋាន​បាន​ រដ្ឋ​ត្រូវ​តែ​បន្ថែម​ថវិកាជាតិ​ទៅ​ក្រសួងកសិកម្ម​ ដែល​កន្លង​មក​លោក​មើលឃើញ​ថា​ រដ្ឋ​បាន​ផ្ដល់​ថវិកា​តិច​តូច​ប៉ុណ្ណោះ​ទៅ​ក្រសួង​នេះ​។​

​លោក​ សម​ វិទូ​៖«​រដ្ឋាភិបាល​គួរតែ​ជំរុញ​ឲ្យ​មានការ​ ផ្ដល់​សេវាកម្ម​ផ្ទាល់​ទៅ​ដល់​សហគមន៍​ ត្រូវ​មាន​បុគ្គលិក​ធ្វើការ​ផ្សព្វផ្សាយ​ផ្ទាល់​ដល់​សហគមន៍​ ប៉ុន្ដែ​មិនមែន​ចាំបាច់​តែ​បុគ្គលិករ​ប់ស​រដ្ឋ​ទេ​ គាំទ្រ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើការ​ តែ​ធ្វើ​យ៉ាងណា​ឲ្យ​ស្ថាប័ន​ទាំងនោះ​ធ្វើការ​ជាមួយ​គ្នា​ដោយ​ល្អ​ ផ្ដល់​សេវាកម្ម​ល្អ​ដល់​សហគមន៍។​»

​កាលពី​ចុងឆ្នាំ​២០១៦​ កសិករ​នៃ​ខេត្ដបាត់ដំបង​បាន​យក​ស្រូវ​ទាំង​តោនៗ​ មក​ចាក់​គរ​លើ​ផ្លូវ​ដោយ​ប្រាប់​ទៅ​រដ្ឋាភិបាល​ថា​ ស្រូវ​របស់​ពួក​គេ​មិន​មាន​ទីផ្សារ​ហើយ​ឈ្មួញ​បញ្ចុះតម្លៃ​យ៉ាង​ខ្លាំង​ បណ្ដាល​ឲ្យ​កសិករ​ទាំងនោះ​ត្អួ​ញ​ត្អែ​ថា​ ធ្លាក់ខ្លួន​ជំពាក់​បំណុល​ធនាគារ​ ហើយ​ឲ្យ​កូនចៅ​ចាប់ផ្ដើម​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ ដើម្បី​ជួយ​រក​ប្រាក់​ដោះបំណុល​៕

Share

Image
Image
Image