en     km
en     km

សម្ដេច ​ហ៊ុន​ សែន​៖ ​ប្រសិន​មាន​សង្គ្រាម​ទៀត​ ប្រហែលជា​គ្មាន​ ហ៊ុន​ សែន​ ទៅ​បញ្ចប់សង្គ្រាម​នោះ​ទេ​(មានសំឡេង)

Share

ភ្នំពេញ​ ៖​ ប្រមុខ​រដ្ឋាភិបាល​នៅ​ថ្ងៃនេះ​ បាន​បន្ដ​ថ្លែង​សារ​នយោបាយ​ជា​ថ្មី​ទៀត​ ដោយ​រំលឹក​ពី​ហា​នី​ភ័យ​ ដែល​អាច​កើតសង្គ្រាម​ បើ​សម្ដេច​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​ ដែល​សម្ដេច​ថា​«​ ប្រសិនបើ​មាន​ សង្គ្រាម​ទៀត​ ប្រហែលជា​គ្មាន​ ហ៊ុន​ សែន​ ទៅ​បញ្ចប់សង្គ្រាម​ទៀត​នោះ​ទេ​»​។​
​យ៉ាងណា​អ្នកវិភាគ​ និង​សង្គម​ស៊ី​វិល​យល់​ថា​ សារ​ព្រមាន​នេះ​ ជា​យុទ្ធសាស្ត្រ​ឱ្យ​ពលរដ្ឋ​បន្ត​ទម្លាក់​សន្លឹក​ឆ្នោត​ ឱ្យ​លោក​ តែ​ថា​ទំនង​មិនសូវ​មាន​ប្រសិទ្ធិ​ភាព​ទេ​ ខណៈ​ពលរដ្ឋ​ជំនាន់​ថ្មី​ហាក់​ស្រែក​ឃ្លាត​ចង់បាន​ចរន្ត​លទ្ធិប្រជាធិបតេយ្យ​កាន់តែ​ខ្លាំង​។​

 

សម្ដេច ហ៊ុន​ សែនថ្លែងក្នុងពិធីសម្ពោធអាគារសិក្សាថ្មីនៃអនុវិទ្យាល័យ បឹងកុក កំពង់ចាម នៅថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០១៧ ។
នៅថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០១៧ ។

​នៅ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែង​សារ​ម្តង​ហើយ​ម្តងទៀត​លើក​ឡើង​ពី​សន្តិភាព​ ដែល​សម្តេច​ថា​ គឺ​មិន​ងាយ​នឹង​រកបាន​ងាយៗ​នោះ​ទេ​ ប្រ​សិន​គ្មាន​ការ​បង្រួបបង្រួម​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​។​

​នៅ​ថ្ងៃ​ទី​២៨​ កុម្ភៈ​ នេះ​ គឺ​នៅ​ក្នុង​ពិធី​ សម្ពោធ​ អនុ​វិទ្យាល័យ​ ហ៊ុន​ សែន​ បឹង​កុក​ ខេត្តកំពង់ចាម​ សម្តេច​ បាន​ព្រលយ​សារ​ថ្មី​មួយទៀត​ដោយ​ថ្លែង​ចំៗ​ថា​ ប្រសិនបើ​មានការ​ប៉ុនប៉ង​សម្លាប់​ ឬ​ចង់​ប្តូរ​សម្ដេច​ចេញពី​អំណាច​ នោះ​ហា​នី​ភ័យ​នៃ​សង្គ្រាមស៊ីវិល​ក្នុង​ប្រទេស​នឹង​កើត​មាន​ជា​ថ្មី​ទៀត​។

សម្តេច​ក៏​បាន​លើក​ឡើង​ពី​ការ​ខ្ទេចខ្ទាំ​នៅ​តាម​បណ្តាល​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​មជ្ឈិមបូព៌ា​ ដែល​បង្ក​ឡើង​ពី​មហិច្ឆតា​ចង់​ផ្លាស់​ប្តូរ​មេដឹកនាំ​ ដែល​សម្តេច​ថា​ ចង់​ដើរ​តាម​របប​លទ្ធិប្រជាធិបតេយ្យ​ទាំង​ងងឹត​ងងុល​មិន​ស្គាល់​បរិបទ​ច្បាស់លាស់​គឺ​គ្រោះថ្នាក់​។​ ​សម្តេច​ ហ៊ុន​ សែន​៖«​ចង់​សម្លាប់​កា​ដា​ហ្វី​មួយ​ តើ​កើតកា​ដា​ហ្វី​ប៉ុន្មាន​ ហើយ​ស្លាប់​មនុស្ស​អស់​ប៉ុន្មាន​ ចង់​ផ្តួល​របប​អា​សាត​មួយ​ តើ​ឥឡូវ​ប្រជាជន​ស៊ី​រី​ស្លាប់​អស់​ប៉ុន្មាន​។​ ឥឡូវ​ចង់​ស្លាប់​ ហ៊ុន​ សែន​ មួយ​ចង់​ផ្តួល​ហ៊ុន​ សែន​ មួយ​តើ​នឹង​មាន​ស្អី​នៅ​ពេល​ខាង​មុខ​ នេះ​ជា​ចំនុច​ដាក់​ជា​សញ្ញា​សួរ​មួយ​ថា​ តើ​ខ្លួន​នៅ​មាន​ស្ថេ​រ​ភាព​អង្គុយ​របប​ហ្នឹង​ទេ​?»

​ក្នុង​ពេល​ជួយ​គ្នា​នេះ​ សម្តេច​ក៏​ បាន​រំលឹក​ថា​ ព្រោះតែ​ការ​ផ្លាស់​ប្តូរ​របប​ពី​សម័យ​សង្គមរាស្ត្រនិយម​របស់​សម្តេច​ នរោត្តម​ សីហ​នុ​ មក​របប​សាធារ ណរដ្ឋ​ របស់​លោក​ លន់​ ន​ល់​ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​កន្លះ​លាន​អ្នក​ស្លាប់​ និង​របប​ ប៉ុ​ល​ពត​ ប្រមាណ​៣​លាន​នាក់​ស្លាប់​។​ សម្តេច​នាយក​រដ្ឋមន្ត្រី​ព្រមាន​ថា​ បើ​អត់​សម្ដេច​ ថា​តើ​នរណា​ពន្លត់​សង្គ្រាម​ បើ​ សង្គ្រាម​កើតឡើង​។​ ​សម្តេច​ ហ៊ុន​ សែន​៖«​ប្តូរ​ពី​សម្តេច​ នរោត្តម​ សី​ហុ​ន​ ព្រះ​បរម​រតន​កោដ្ឋ​ ទៅ​កាន់​ លន់​ ន​ល់​ សង្គ្រាម​ផ្ទុះ​ផឹង​ ស្លាប់​អស់​មនុស្ស​ប៉ុន្មាន​ ពី​មុន​មាន​ ហ៊ុន​ សែន​ សម្រាប់​បញ្ចប់​ តែ​ឥឡូវ​អត់​មាន​ ហ៊ុន​ សែន​ សម្រាប់​បញ្ចប់​ទេ​ ព្រោះ​ចាស់​ដែល​ហើយ​ មាន​កម្លាំង​ឯណា​ទៅ​ធ្វើ​ទៀត​ និយាយ​មិន​ចេះ​ស្តាប់​ ឱ្យ​សាកល្បង​រសជាតិ​ហ្នឹង​ទៀត​ទៅ​។​»

សម្ដេច ហ៊ុន​ សែន ក្នុង ពិធីសម្ពោធអាគារសិក្សាថ្មីនៃអនុវិទ្យាល័យ បឹង កុក កំពង់ចាមនៅថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០១៧ ។ រូបភាពពីហ្វេសប៊ុក ហ៊ុន សែន
សម្ដេច ហ៊ុន​ សែន ក្នុង ពិធីសម្ពោធអាគារសិក្សាថ្មីនៃអនុវិទ្យាល័យ បឹង កុក កំពង់ចាមនៅថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០១៧ ។ រូបភាពពីហ្វេសប៊ុក ហ៊ុន សែន
​ជុំវិញ​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​នេះ​ លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និយាយ​ថា​ ការ​លើក​ឡើង​របស់​ប្រមុខ​ដឹកនាំ​នេះ​ គឺជា​ផ្នែក​មួយ​គាងគរ​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​ ដែល​លោក​ សុ​វ​ណ្ណា​រ៉ា​ ថា​ទំនង​មិនសូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ព្រោះ​ស្រទាប់​ពលរដ្ឋ​ជំនាន់​ថ្មី​ ហាក់​មាន​សន្ទុះ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រា​ដក​ និង​យល់​ច្បាស់​ពី​ស្ថេ​រ​ភាព​ក្នុង​ប្រទេស​។​

លោក​បន្ថែម​ថា​ ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​តាម​រយៈ​សន្លឹក​ឆ្នោត​ ដោយ​អហិង្សា​ គឺ​មិន​ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​សន្តិភាព​នោះ​ទេ​ ប្រសិនបើ​មេដឹកនាំ​ចាញ់ ឆ្នោត​ព្រម​ទទួលយក​លទ្ធភាព​ដោយ​សន្តិវិធី​។​ ​លោក​ ឯម​ សុ​វ​ណ្ណា​រ៉ា​៖«​ប្រសិនបើ​ការ​ផ្លាស់​ប្តូរ​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​មិន​ប្រើ ប្រាស់កម្លាំង​ ខ្ញុំ​គិត​ថា​សង្គ្រាម​ឬ​បញ្ហា​ហា​នី​ភ័យ​ផ្សេងៗ​ដែល​កើតឡើង​នៅ​ថ្ងៃ​អនាគត​ វា​ហ្នឹង​មិនកើត​ឡើង​ទេ​ ហើយ​អ្នកដឹកនាំ​ឱ្យ​តែ​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​វា​មិន​មាន​បញ្ហា​ទេ​។​»

កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៧​ នេះ​ និង​ឈាន​ទៅ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​ ២០១៨​។​ នៅ​ដំណាក់ កាល​ចុង​ក្រោយ​នេះ​ ដំណើរការ​ប្រកួតប្រជែង​រក​សំឡេង​គាំទ្រ​របស់​គណបក្ស​នយោបាយ​ហាក់​មាន​បញ្ហា​កើតឡើង​ ក៏​ព្រោះតែ​ គណបក្សប្រឆាំង​នៅ​ពេល​នេះ​ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​មើលឃើញ​ថា​ កំពុង​ត្រូវ​បាន​គណបក្សកាន់អំណាច​តាម​រុក​គួ​ន​។

​លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្វ្រែល​ មាន​ប្រសា សន៍​ថា​ សារ​នយោបាយ​របស់​នាយក​រដ្ឋមន្ត្រី​នេះ​ គឺជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​ ដែល​ធ្លាប់​រង​ទុក្ខ​លំបាក​ដោយ​បញ្ហា​សង្គ្រាម​កន្លង​មក​។​ យ៉ាងណា​លោក​ថា​ ការ​ប្រកួតប្រជែង​រក​សំឡេង​ឆ្នោត​ដែល​ឈរ​លើ​គោលការណ៍​ស្មើភាព​ សុច្ចរិត​ ត្រឹមត្រូវ​ ទៅ​បាន​លុះ​ណា​មានការ​ចូលរួម​មតិ​ពី​គណបក្សប្រឆាំង​។​

នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ។
លោក​ គល់​ បញ្ញា​ ថា​អ្នកនយោបាយ​គ​ម្បី​គោរព​តាម​គោលការណ៍​លទ្ធ​ប្រជា​ធិ​ន​តេ​យ្យ​ឱ្យ​បាន​ភ្ជាប់​លាប់​ ទើប​អាច​ធានា​ស្ថេ​រ​ភាព​ និង​សន្តិភាព​ក្នុង​ប្រទេស​បាន​។​​លោក​ គល់​ បញ្ញា​៖«​កម្ពុជា​ត្រូវ​តែ​តាម​គោលការណ៍​ប្រជា​ធិ​តេ​យ្យ​សេរី​ពហុបក្ស​ មាន​តែ​គោលការណ៍​ធំៗ​នេះ​ទេ​ ដែល​អាច​ធានា​ឱ្យ​មាន​ស្ថេ​រ​ភាព​ និង​សន្តិភាព​ បាន​យូរអង្វែង​ គេ​មិន​អាច​បាន​សន្តិភាព​ និង​ស្ថេ​រ​ភាព​តាម​រយៈ​ការ​ប្រើ​កម្លាំង​នោះ​ទេ​។​»

យ៉ាងណាមិញ​លោក​បណ្ឌិត​ សុខ​ ទូច​ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ​ មាន​ប្រសាសន៍​ថា​ ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​គឺ​ត្រូវការ​ពេលវេលា​មួយ​សម​ស្រប​ និង​ត្រឹមត្រូវ​តាម​បរិបទ​សង្គម​ក្នុង​ប្រទេស​នោះ​។​ លោក​ថា​ មហិច្ឆតា​ចង់​ផ្លាស់​ប្តូរ​លទ្ធិប្រជាធិបតេយ្យ​ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ គឺ​អាច​បង្ក​ហា​នី​ភ័យ​នៃ​ការ​កើត​មាន​សង្គ្រាម​ ព្រោះ​ជម្លោះ​កម្ពុជា​ភាគច្រើន​មានការ​លុក​ដៃ​ពី​បរទេស​ ដែល​លោក​ថា​ ចុងបញ្ចប់​ជម្លោះ​រវាង​ខ្មែរ​នឹង​ខ្មែរ​គឺ​ចំណេញ​បរទេស​។​  លោក​បណ្ឌិត​ សុខ​ ទូច​៖«​បើសិន​គ្មាន​ការ​ទប់ទល់​ឱ្យ​ទាន់សភាពការណ៍​នោះ​ទេ​ កម្ពុជា​នឹង​វិល​ត្រលប់​តៅ​កាន់​សង្គ្រាម ស៊ីវិល​វិញ​ ពីព្រោះ​អ្នក​សប្បាយ​ គឺ​អ្នក​ជិតខាង​យើង​គឺ​វៀតណាម​ និង​ថៃ​ គេ​ចាំតែ​ឆ្មក់​បញ្ចូល​ស្អី​ដែល​យើង​ចង់បាន​ម្ខាងៗ​ ពីព្រោះ​កាលណា​ខ្មែរ​មាន​សង្គ្រាម​ កាលពី​ឆ្នាំ​១៩៧០​ អ្នក​ណា​ដែល​បាន​ទទួល​ផង​ គឺ​ថៃ​ និង​វៀតណាម​។​»

ការ​ថ្លែង​សារ​របស់​ ប្រមុខ​រដ្ឋាភិបាល​ ជា​ញឹកញាប់​មកនេះ​ ត្រូវ​បាន​ អ្នកវិភាគ​ថា​ ជា​ដាស់​ អារម្មណ៍​ពលរដ្ឋ​ ឱ្យ​ចង​ចាំ​ ស្នាដៃ​របស់​បក្ស​ប្រជាជន​ដែល​រំដោះ​ពលរដ្ឋ​ចេញ​ ពី​របប​ ប្រល័យពូជសាសន៍​រប​ស់ប៉ុល​ពត​ និង​ការ​កសាង​សន្តិភាព​ ជាមួយនឹង​ការ​ រស់នៅ​សុខដុមរមនា​៕​

Share

Image
Image
Image