ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញលិខិតកែតម្រូវភ្លាមៗថា គ្មានករណីជំងឺហ្ស៊ីកានៅខេត្តកំពង់ចាមឡើយ។ ការប្រកាសកែតម្រូវនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលខ្លួនឯងបានចេញសេចក្តីប្រកាសព័ត៌មានថា ក្រសួងបានរកឃើញករណីជំងឺហ្ស៊ីកាដំបូងនៅកម្ពុជា កើតលើបុរសម្នាក់វ័យ ៤៤ ឆ្នាំ ស្ថិតនៅភូមិ តាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានសុំកែតម្រូវបានបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រពិនិត្យលើកទី ២ បានបង្ហាញថា ពុំឃើញវីរុសហ្ស៊ីកាវិជ្ជមាននៅលើបុរសវ័យ ៤៤ ឆ្នាំ ខាងលើនោះទេ។
សេចក្តីប្រកាសព័ត៌មានលើកដំបូងបានបញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា កាលពីថ្ងៃទី ១១ វិច្ឆិកា បានរកឃើញវីរុសហ្ស៊ីកាវិជ្ជមាន នៅក្នុងឈាមបុរសវ័យ ៤៤ ឆ្នាំនេះ នៅពេលបុរសរូបនេះ មកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម កាលពីថ្ងៃទី ១៨ ខែ តុលា ដោយគាត់មានអាការៈស្រដៀងជំងឺគ្រុនឈាម តែបុរសនោះបានជាសះស្បើយក្រោយសម្រាកពន្យាបាលចំនួន ៤ ថ្ងៃបន្ទាប់។
អង្គការសុខភាពពិភពលោករកឃើញថា មនុស្សជាង ១,៥ លាននាក់ក្នុងនោះមានទារកប្រមាណ ១៦០០នាក់ បានឆ្លងមេរោគ Zika នេះ ចាប់តាំង ពីការផ្ទុះឡើងនៃវីរុសនេះនៅពាក់កណ្តាលឆ្នាំ ២០១៥។
ក្រុមអ្នកស្រាវជ្រាវបានព្រមានកាលពីដើមឆ្នាំនេះថា យ៉ាងហោចណាស់មនុស្ស ២,៦ ពាន់លាននាក់ ក្នុងនោះមួយភាគបីនៃប្រជាជនទូទាំងពិភពលោក ដែលរស់នៅផ្នែកខ្លះនៃទ្វីបអាហ្វ្រិក តំបន់អាស៊ីនិងប៉ាស៊ីហ្វិកជាកន្លែងដែលមានមេរោគ Zika បានផ្ទុកមេរោកនេះ។
ជំងឺ ហ្ស៊ីកា ជាប្រភេទជំងឺឆ្លងម្យ៉ាងដែលបង្កដោយពពួកវីរុសហ្ស៊ីកា ហើយភ្នាក់ងារចម្លងជាប្រភេទសត្វមូសខ្លាដែលដូចគ្នាទៅនឹងជំងឺគ្រុនឈាមដែរ។ អ្នកជំងឺប្រមាណ៧០ ទៅ ៨០% ពុំមានលេចចេញជារោគសញ្ញាអ្វីនោះទេ តែអាការៈអាចកើតមានដូចជា ក្ដៅខ្លួន ឈឺសាច់ដុំ និងសន្លាក់ដៃជើង ស្នាមក្រហមអុចលើស្បែក ភ្នែកឡើងក្រហមជាដើម។
មេរោគ Zika នេះ គឺបណ្តាលអោយស្ត្រីមានផ្ទៃពោះអាចមានហានិភ័យខ្ពស់ក្នុងការផ្តល់កំណើតឱ្យទារកមានក្បាលតូច ខូចទ្រង់ទ្រាយដើម និងបង្កឱ្យខួរក្បាលរួមតូច ហើយប្រព័ន្ធប្រសាទក៏ខុសប្រក្រតីផងដែរ។
គួររម្លឹកថា ក្រសួងសុខាភិបាលធ្លាប់បានណែនាំឲ្យពលរដ្ឋបង្កើនការយកចិត្ដទុកដាក់ និងយល់ដឹងពីជំងឺហ្ស៊ីកានេះ។ ក្រសួងសុខាភិបាលបញ្ជាក់ថា ប្រសិនពលរដ្ឋមានរោគសញ្ញាសង្ស័យ សូមស្វែងរកភ្នាក់ងារសេវាសុខាភិបាលសាធារណៈដែលនៅក្បែរ ឬអាចទាក់ទងតាមទូរស័ព្ទលេខ ០១៥ ៨២៥ ៤២៤ ឬ០១២ ៨២៥ ៤២៤ ដើម្បីសួរនូវរាល់ចម្ងល់ដែលពាក់ព័ន្ធនឹងជំងឺហ្ស៊ីកានេះ និងសម្រាប់ព័ត៌មានបន្ថែមផ្សេងៗស្ដីពីជំងឺឆ្លង៕