en     km
en     km

សហគមន៍​បឹង​កក់​ និង​បុ​រី​កីឡា​ ចាប់ផ្ដើម​ស្លៀកពាក់​ឈុត​ខ្មៅ​តវ៉ា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​

Share

ភ្នំពេញ៖ ​សហគមន៍​បឹង​កក់​ និង​សហគមន៍​បុរី​កីឡា​ នៅ​ថ្ងៃ​ ចន្ទ​ ទី​ ៣១​ តុលា​ នេះ​ប្រកាស​ប្រមូលផ្ដុំ​គ្នា​នៅ​សហគមន៍​បឹង​កក់​ ខាងជើង​វិហា​ចាម​ដើម្បី​សម្ដែង​ការ​ប្រឆាំង​នឹង​តុលាការ ​អាជ្ញាធរ ​ដែល​បាន​ចាប់ខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ ដែល​ការ​ប្រមូលផ្ដុំ​គ្នា​នេះ​គឺ​ពួក​គេ​ស្លៀកពាក់​ខ្មៅ​ ដូច​រាល់ថ្ងៃ​ ចន្ទ​ ស​ប្ដា​ហ៍​មុន​ដែរ​។​

សហគមន៍បឹងកក់បន្ដយុទ្ធនាការ ថ្ងៃចន្ទពណ៍ខ្មៅ នៅថ្ងៃចន្ទទី២៩សីហា ២០១៦
រូបភាពឯកសារ៖ សហគមន៍បឹងកក់បន្ដយុទ្ធនាការ ថ្ងៃចន្ទពណ៍ខ្មៅ នៅថ្ងៃចន្ទទី២៩សីហា ២០១៦

តាម​អ្នករាយការណ៍​ព័ត៌មាន​ ពួក​គេ​បាន​ចាប់ផ្ដើម​ប្រមូលផ្ដុំ​គ្នា​បណ្ដើរៗ​ហើយ​ ដោយនៅ​ទីនោះ​ពួក​គេ​មាន​កាន់​បដា​ព្រោងព្រាត​ មាន​រូបថត​អ្នកស្រី​ ទេព​ វ​ន្នី​ និង​បដា​ជា​ច្រើន​ទៀត​ទាមទារ​ឲ្យ​តុលាការ​ ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំខ្លួន​ ករណី​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ និង​ការ​ទាមទារ​រក​យុត្ដិធម៌​ជូន​លោក​ បណ្ឌិត​ កែម​ ឡី​ ។​

​ការ​តវ៉ា​ថ្ងៃ​ ចន្ទ​ ព​ណ៍​ខ្មៅ​បាន​ធ្វើ​ឡើង​តាំងពី​មានការ​ចាប់​ឃុំខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​ ២៥​ ឧសភា​ ប៉ុន្ដែ​ ការ​តវ៉ា​ច្រើន​តែ​បំបែក​ដោយ​កម្លាំង​សមត្ថកិច្ច​ មិនតែប៉ុណ្ណោះ​ អ្នក​តវ៉ា​មួយ​ចំនួន​ដែល​ភាគច្រើន​ជា​ស្ដ្រី​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ ហើយ​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​បែប​នេះ​។​ តែ​យ៉ាងនេះ​ក្ដី​សហគមន៍​បូ​រី​កីឡា​ និង​សហគមន៍​បឹង​កក់​ នៅ​តែ​នាំ​គ្នា​ធ្វើ​ពិធី​នេះ​រៀងរាល់ថ្ងៃ​ ចន្ទ​ នៃ​ស​ប្ដា​ហ៍​នីមួយៗ​។​ មិន​ត្រឹមតែ​ពួក​សហគមន៍​បឹង​កក់​ និង​បូ​រី​កីឡា​ ដែល​ប្រមូលផ្ដុំ​គ្នា​នោះ​ទេ​គឺ​ អ្នកលេង​បណ្ដាញ​សង្គម​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ការ​ស្លៀកពាក់​ឈុត​ខ្មៅ​របស់​ពួក​គេ​ ដើម្បី​ទាមទារ​រក​យុត្ដិធម៌​សម្រាប់​អ្នក​ដែល​ជាប់​ឃុំខ្លួន​ទាំង​អស់នោះ​ផង​ដែរ​។​

​រដ្ឋាភិបាល​បាន​ហៅ​អ្នក​ដែល​ស្លៀកពាក់​ឈុត​ព​ណ៍​ខ្មៅ​នៅ​ថ្ងៃ​ ចន្ទ​ ថា​គឺជា​ការ​ផ្ដើម​ឲ្យ​មាន​បដិវត្ដន៍​មួយ​នៅ​កម្ពុជា​ ប៉ុន្ដែ​អ្នក​សង្កេតការណ៍​ និង​អ្នកវិភាគ​ឯករាជ្យ​មួយ​ចំនួន​រិះគន់​ការ​បង្ក្រាប​ របស់​សមត្ថកិច្ច​ទៅ​លើ​អ្នក​ធ្វើ​ពិធី​ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​នេះ​ ដោយ​ពួក​គាត់​ចាត់​ទុក​ការ​បង្ក្រាប​នេះ​ជា​ការ​បំ​បិត​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​៕

Share

Image
Image
Image