en     km
en     km

កូរ៉េ​ខាងត្បូង​ ៖​ ក្រុម​អ្នក​តវ៉ា​អំពាវនាវ​ឱ្យ​លោកស្រី​ប្រ​ធានា​ធិ​តី​ ប៉ាក់​ ចុះ​ចេញពី​តំណែង​

Share

ក្រុង​សេ​អ៊ូ​ល​ ៖​ ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ដោយ​បាន​អុជ​ទាន​បំភ្លឺ​ផង​ នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៩​ ខែតុលា​ នេះ​ ហើយ​ពួក​គេ​បាន​លើក​បដា​ និង​ស្រែក​អំពាវនាវ​ឱ្យ​លោកស្រី​ប្រធានាធិបតី​ ប៉ាក់​ គួ​ន​ហេ​(Park​ Geun-hye)​ ចុះ​ចេញពី​តំណែង​ ដោយ​ចោទ​ថា​ លោកស្រី​បាន​អនុញ្ញាត​ឱ្យ​មិត្តភក្តិ​ជិត​ស្និទ្ធ​ទៅ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​។​

ប្រជាជនកូរ៉េចុះផ្លូវតវ៉ាទម្លាក់ប្រធានាធិតីពីតំណែង។
ប្រជាជនកូរ៉េចុះផ្លូវតវ៉ាទម្លាក់ប្រធានាធិតីពីតំណែង។

​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ដែល​បាន​តវ៉ា​អំពាវនាវ​ដក​លោកស្រី​ ប៉ាក់​ ពី​តំណែង​ នៅ​តែ​ចុះ​ផ្លូវ​តវ៉ា​ បើ​ទោះបីជា​មានការ​សុំ​ទោស​ជា​សាធារណៈ​ពី​សំណាក់​លោកស្រី​ ប៉ាក់​ កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ដ៏​ដោយ​។​

​ក្រុម​ក្មេង​ជំទង់​ស្លៀក​ឯកសណ្ឋាន​ជា​សិស្សសាលា​ និស្សិត​មហាវិទ្យាល័យ​ សកម្មជន​ការងារ​ និង​គូ​ស្វាមីភរិយា​វ័យ​កណ្តាល​ ព្រមទាំង​យុវជន​នឹង​កុមារ​ផង​ បាន​ចូលរួម​ការ​ជួបជុំ​នេះ​ ហើយ​កាន់​បដា​ និង​បាន​ស្រែ​កថា​ «​ចុះ​ចេញពី​តំណែង​ទៅ​លោកស្រី​ Park​ Geun-Hye​ »​។​

​អ្នកស្រី​ លី​ ជី​ហ៊ូ​(Lee​ Ji-Hu)​ជា​ស្ត្រី​មេផ្ទះ​ វ័យ​៣៣​ ឆ្នាំ​ម្នាក់​មក​ពី​ខេត្ត​ Gimpo​ ភាគ​ពាយព្យ​ទីក្រុង​សេ​អ៊ូ​ ព្រម​ជាមួយ​ប្ដី​ និង​កូន​តូច​ពីរ​ម្នាក់​ផង​បាន​និយាយ​ថា​៖​ «​ខ្ញុំ​មក​ទី​នេះ​នៅ​ថ្ងៃនេះ​ ដើម្បី​បង្ហាញ​ពី​អារម្មណ៍​ខឹងសម្បា​ល​របស់ខ្ញុំ​»​។​

​អ្នកស្រី​ លី​ បន្ត​ថា៖​«​តើ​អ្នក​ដែល​មាន​ច​រិ​ក​បោក​បញ្ឆោត​ធ្វើ​ជា​មេដឹកនាំ​បាន​ដោយ​របៀប​ណា​ ហើយ​ថា​តើ​មាន​មេដឹកនាំ​ឯណា​ដែល​យក​អ្នកបួស​ធ្វើ​ជាទី​ប្រឹក្សា​សម្ងាត់​ និង​អនុញ្ញាត​ឱ្យ​ដោះស្រាយ​កិច្ចការរដ្ឋ​នោះ​តើ​វា​នឹង​ខ្ជះខ្ជាយ​ប្រាក់​បង់ពន្ធ​ដូច​ម្តេចទៅ​?»​ ។​

​អ្នកស្រី​បាន​បន្ថែម​ថា​៖​ «​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្មាស់​អៀន​ណាស់​ …​ ខ្ញុំ​មិន​អាច​អនុញ្ញាត​ឱ្យ​ប្រទេស​របស់​យើង​កូនៗ​របស់ខ្ញុំ​រស់នៅ​ក្នុង​ភាព​ពុក​រលួយ​បែប​នេះ​ទេ​»​។​

​ប៉ូ​លី​សបាន​ដាក់​កម្លាំង​ ៨​ ពាន់​នាក់​ព័ន្ធ​ជុំវិញ​ហ្វូង​មនុស្ស​ ខណៈ​ដែល​អ្នក​រៀបចំ​បាន​និយាយ​ថា​ មនុស្ស​ចូលរួម​ការ​តវ៉ា​នេះ​មាន​ប្រមាណ​ ២​ម៉ឺន​នាក់​កំពុង​ទម្លាយ​ចេញ​។​

មានការ​តវ៉ា​ស្រ​ដៀង​គ្នា​នេះ​ផង​ដែរ​ បាន​កើតឡើង​នៅ​ក្នុង​ទីក្រុង​ និង​ខេត្ត​នានា​ រួម​ទាំង​ទីក្រុង​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​នេះ​ គឺ​ទីក្រុង​ប៊ូ​សាន​។​
​រឿងអាស្រូវ​ធំ​បំផុត​ទាក់ទង​ដៃជើង​របស់​ប្រ​ធានា​ធិ​តី​ បាន​រីក​រាលដាល​ធំ​ឡើង​ជំរុញ​ឱ្យ​ប្រជាប្រិយភាព​របស់​លោកស្រី​ Park​ ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​កំណត់​ត្រា​ជា​មេដឹកនាំ​។​

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គួនហេ។រូបភាពពីReuters
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គួនហេ។រូបភាពពីReuters

​រឿងអាស្រូវ​នោះ​គឺថា​ មនុស្ស​ស្រី​ជំនិត​ម្នាក់​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និត​ជាមួយ​លោកស្រី​ ប៉ាក់​ គឺ​អ្នកស្រី​ Choi​ Soon-Sil​ ដែល​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ជា​ផ្លូវការ​ចំពោះ​ការ​ប្រើប្រាស់​ទំនាក់ទំនង​របស់​នាង​ជាមួយ​លោកស្រី​ ប៉ាក់​ បាន​ទៅ​បង្ខិតបង្ខំ​ឱ្យ​ក្រុមហ៊ុន​ Samsung​ បង្កើត​ជា​មូលនិធិ​ដ៏​ធំ​មួយ​ក្នុង​ទិស​ដៅ​មិន​រក​ប្រាក់​ចំណេញ​ ប៉ុន្តែ​នាង​ត្រូវ​បាន​ចោទប្រកាន់​ថា​ បាន​ធ្វើ​ឡើង​សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​របស់​នាង​តែ​ប៉ុណ្ណោះ​។​

​ទីភ្នាក់ងារ​យ៉ុ​ន​ហាប់​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថ្មីៗ​នេះ​ថា​ ព្រះរាជអាជ្ញា​បាន​ឆ្មក់​ចូល​ផ្ទះ​ និង​ការិយាល័យ​របស់​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​លោកស្រី​ប្រធានាធិបតី​ ប៉ាក់​។​ ពួក​គេ​បាន​រឹបអូស​យក​កុំព្យូទ័រ​ និង​ឯកសារ​ពី​ផ្ទះ​របស់​ទីប្រឹក្សា​កំពូល​ប្រធានាធិបតី​ និង​ភាគី​ចំនួន​ពីរ​ផ្សេង​ទៀត​ផង​ដែរ​ មាន​ដូច​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​។​

​យ៉ាងណាមិញ​ ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា​ ខ្លួន​នឹង​សហការ​ក្នុង​ការ​ស៊ើបអង្កេត​របស់​ព្រះរាជអាជ្ញា​ទៅ​លើ​មនុស្ស​ជំនិត​របស់​លោកស្រី​ប្រ​ធានា​ធិ​តី​ ប៉ាក់​ គួ​ន​ហេ​នេះ​៕​ប្រភព​៖CNA

Share

Image
Image
Image