en     km
en     km

ស្ត្រី​សហគមន៍​បឹង​កក់​ទទូច​ឲ្យ​សម្ដេច​ ហ៊ុន​ សែន​ ចុះ​មក​ស្វែងរក​ការ​ពិត​នៅ​តំបន់​បឹង​កក់​(មានសំឡេង)

Share

ភ្នំពេញ៖ ​ស្ត្រី​សហគមន៍​បឹង​កក់​ ទទូច​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចុះ​មក​ស្វែងរក​ ការ​ពិត​នៅ​តំបន់​បឹង​កក់​ ជា​ជាង​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​គេ​ថា​ គ្រាន់​ជា​ការ​រៀបចំ​ទុកជា​មុន​របស់​មន្ត្រី​ថ្នាក់​ក្រោម​ ដោយ​មិន​បាន​ដោះស្រាយ​ចំ​បញ្ហា​របស់​ប្រជាពលរដ្ឋ​។

សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ រូបភាពពី៖ Facebook សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា។ រូបភាពពី៖ Facebook សម្តេច ហ៊ុន សែន

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ប្រាប់​ឲ្យ​អ្នក​ បឹង​កក់​ ទៅ​សួរ​សាលា​រាជធានី​ភ្នំពេញ​ មុន​នឹង​មាន​សំណូមពរ​ឲ្យ​ចុះ​ទៅ​មើល​តំបន់​ពួក​គាត់​។​ លោក​ ធូ​ វិ​រៈ​ លម្អិត​ព័ត៌មាន​នេះ​៖

 

​ស្ត្រី​សហគមន៍​បឹង​កក់​ទទូច​ដូចនេះ​ ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​ក្នុង​សហគមន៍​បឹង​កក់​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​សីហា​ នេះ​ ក្នុង​យុទ្ធនាការ​ ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​នយោបាយ​ និង​ អ្នកតំណាង​រាស្ដ្រ​ដែល​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​

​ស្ត្រី​បឹង​កក់​ម្នាក់​គឺ​ អ្នក​ស្ត្រី​ ប៊ូ​វ​ សោភា​ បាន​អំពាវនាវ​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឲ្យ​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ នៅ​តំបន់​បឹង​កក់​នៅ​សេសសល់​ចំនួន​ ១៩​ គ្រួសារ​ ទៀត​ដែល​មិន​ទាន់​ទទួល​បាន​សំណង​ពីសា​លា​រាជធានី​ភ្នំពេញ​ ដោយ​ទទូច​ឲ្យ​ សម្តេច​ ហ៊ុន​ សែន​ ចុះ​មក​មើល​ផ្ទាល់​ពី​ស្ថានភាព​ពិតប្រាកដ​នៅ​តំបន់​របស់​ពួក​គេ​។​

​អ្នក​ស្ត្រី​ ប៊ូ​វ​ សោភា​៖«​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មិនបាច់​ចុះ​ ២៤​ ខេត្ត​ក្រុង​ មើល​តែ​ក្បែរ​ច្រមុះ​និង​សិន​ទៅ​ មិន​ចំណាយ​សាំង​ឡាន​ទៀត​ ដើរមក​ដល់​ថា​ឥឡូវ​ពួក​ខ្ញុំ​នៅ​ចង់បាន​អ្វី​ទៀត​ ដោះស្រាយ​ដី​ឲ្យ​ពួក​ខ្ញុំ​មក​ បើ​ពួក​ខ្ញុំ​បាន​ដី​ហើយ​ នៅ​តែ​ដើរ​ធ្វើ​បាតុកម្ម​ ទាមទារ​ តវ៉ា​អ​ញ្ចឹ​ង​ទៀត​ បាន​ន័យ​ថា​ ពួក​ខ្ញុំ​ខូច​ អ​ញ្ចឹ​ង​អ្វី​ដែល​ពួក​ខ្ញុំ​ទាមទារ​ចង់បាន​គឺ​ ១៩​គ្រួសារ​ឲ្យ​ពួក​គាត់​មាន​ដោះស្រាយ​ចប់​សប់​ គ្រប់​ មក​ហើយ​ទម្លាក់​ការ​ចោទប្រកាន់​តំណាង​សហគមន៍​បឹង​កក់​ទាំងអស់​ ហើយ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ នេះ​ជា​គោលបំណង​ដែល​ពួក​ខ្ញុំ​ធំ​បំផុត​»​។​

Tep-Vanny-0000ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មាន​ប្រសាសន៍​ថា​មុន​នឹង​សហគមន៍​បឹង​កក់​សំណូមពរ​ ឲ្យ​សម្តេច​ជួយ​អន្តរាគមន៍​ គួរ​ទៅ​សួរ​បញ្ហា​នេះ​ជាមួយ​សាលាក្រុង​ភ្នំពេញ​វិញ​ទៅ​។​

​លោក​ សុខ​ ឥ​សាន្ត​៖«​សំណូមពរ​ឲ្យ​សម្តេច​ចុះ​ទៅ​គួរ​សួរ​ទៅ​អាជ្ញាធរ​ក្រុង​ថា​ តើ​គេ​ដោះស្រាយ​បាន​កម្រិត​ណា​ហើយ​ ពីព្រោះ​នៅ​ក្នុង​ផែនការ​ គេ​ដោះ​បញ្ចប់​តាំងពី​ឆ្នាំទៅ​មក​ម្លេះ​ ដល់​ពេល​យើង​ដឹង​សភាព​ការ​និង​ហើយ​ ទើប​សំណូមពរ​វា​ត្រូវ​…..១៩​គ្រួសារ​សួរ​សាលាក្រុង​ថា​ ឥឡូវ​វា​ដល់​ណា​ហើយ​ ដោះស្រាយ​ជា​ជំហាន​ ព្រោះ​បងប្អូន​គេ​ទាមទារ​ឲ្យ​មាន​ឯកសារ​ច្បាស់លាស់​ បាន​គេ​កំណត់​ដោះស្រាយ​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​គេ​ »​។​

​នៅ​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​ ក្នុង​ស​ប្តា​ហ៍​ទី​១៧​ ក្រុម​ស្ត្រី​សហគមន៍​បឹង​កក់​បាន​ឈរ​លើក​ បដា​ និង​រូបថត​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ លោក​បណ្ឌិត​ កែម​ ឡី​ រួម​ទាំង​រូបថត​ អ្នកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ដែល​ធ្លាប់​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​ សហគមន៍​បឹង​កក់​កាលពី​ឆ្នាំ​ ២០១២​ និង​ក៏​បាន​ផ្តល់​ពាន់រង្វាន់​ជ័យ​លា​ភី​រង្វាន់​ស្ត្រី​ ជា​អ្នកដឹកនាំ​របស់​អង្គការ​ Vital​ Voices​ ដល់​អ្នកស្រី​ ទេព​ វ​ន្នី​។​

​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​ចំនួន​ ៦០​ បាន​ស្នើ​សុំ​ឲ្យ​ទម្លាក់​បទចោទប្រកាន់​ និង​ដោះ​លែង​សកម្មជន​សិទ្ធិ​ លំនៅ​ដ្ឋា​ន​តំបន់​បឹង​កក់​គឺ​លោកស្រី​ ទេព​ វ​ន្នី​ នៅ​ក្នុង​សំណុំរឿង​ការ​ធ្វើ​«​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​»​ ។​

​ជាមួយ​គ្នា​នេះ​ ក្រុម​ស្ត្រី​ទាំងនេះ​ ចង់​ឲ្យ​អ្នកស្រី​ ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ព្រោះ​ពួក​គាត់​សង្ឃឹមថា​ ស្ត្រី​ក្លាយជា​មេដឹកនាំ​និង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្ត្រី​ ពិសេស​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ និង​ការ​រំលោភ​បំពាន​កម្មសិទ្ធិ​ដីធ្លី​ នៅ​តំបន់​បឹង​កក់​៕

Share

Image
Image
Image