en     km
en     km

​លោក​ សុ​ន​ ឆ័​យ​៖​ អឺរ៉ុប​នឹង​រៀបចំ​វេទិកា​វាយតម្លៃ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​សម្រាប់​កម្ពុជា​

Share

ភ្នំពេញ៖ ​បើ​គិត​ពី​ឆ្នាំ​ ១៩៩១​ មក​ដល់​ឆ្នាំ​ ២០១៦​នេះ​ គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ស្ដី​ពី​ប្រទេស​កម្ពុជា​មាន​ អាយុ​ ២៥​ ឆ្នាំ​ហើយ​។​ កិច្ចព្រមព្រៀង​នេះ​គឺ​ជាស​ទ្ធិ​សញ្ញា​អន្តរជាតិ​មួយ​នៃ​ប្រទេស​កម្ពុជា​ ព្រោះ​សហគមន៍​អន្តរជាតិ​ជា​ច្រើន​បាន​ជួយ​ឱ្យ​មាន​សន្តិភាព​ និង​ បញ្ឈប់​ការ​ឈ្លានពាន​ពី​បរទេស​ ព្រមទាំង​ជួយ​កម្ពុជា​ជា​ប្រទេស​មានការ​គោរព​សិទ្ធិ​មនុស្ស​ប្រជាធិបតេយ្យ​ សេរីភាព​ពហុបក្ស​។​

លោក​ សុ​ន​ ឆ័​យ​ ប្រធាន​ក្រុម​អ្នកតំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​ អឺរ៉ុប​ និង​ ប្រទេស​បារាំង​ អាច​នឹង​ធ្វើ​ឱ្យ​មាន​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ភ្នំពេញ​ ដើម្បី​វាយតម្លៃ​អំពី​សមិទ្ធិ​ផល​កិច្ចព្រមព្រៀង​ ក្រុងប៉ារីស​ ថា​តើ​បាន​អនុវត្ត​កម្រិត​ណា​ហើយ​នោះ​។​

​តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ហាក់​មិន​បាន​ចាប់អារម្មណ៍​ច្រើន​ទេ​រឿង​នេះ​ ។​

 

son-chhay-thum
លោក សុន​ ឆ័យ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ គ្រាដែលលោកចុះទៅពិនិត្យព្រំដែនកម្ពុជា វៀតណាម។

​លោក​ សុ​ន​ ឆ័​យ​ បាន​ថ្លែង​ដូចនេះ​ កាលពី​ថ្ងៃ​ពុធ​ទី​ ២២​ មិថុនា​ នៅ​ក្នុង​កម្មវិធី​ស​ន្ទ​រក​ថា​ប្រចាំ​ថ្ងៃ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ស្នាក់​ការ​គណបក្ស​នេះ​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​  ដើម្បី​វាយតម្លៃ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ។​ លោក​ សុ​ន​ ឆ័​យ​ បាន​ថ្លែង​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាតិ​ សម្រាប់​កម្ពុជា​ផង​ និង​អន្តរជាតិ​ផង​ ។​

លោក​ថា​ ដោយសារ​កិច្ចព្រមព្រៀង​នេះ​ បាន​ធ្វើ​អ្នកនយោបាយ​ ខ្មែរ​ឈប់​ច្បាំង​គ្នា​ ហើយ​ចាប់​យក​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ដឹកនាំ​ប្រទេស​វិញ​។​ ប៉ុន្តែ​លោក​ចោទ​ជា​ សំនួ​រថា​ តើ​២៥​ ឆ្នាំ​មកនេះ​បក្ស​កាន់​អំណាច​បាន​ធ្វើ​ឱ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​ និង​ ប្រជាធិបតេយ្យ​ បាន​កម្រិត​ណា​។​លោក​ សុ​ន​ ឆ័​យ​៖«​អឺរ៉ុប​នឹង​រៀបចំ​ពិធី​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​កម្ពុជា​យើង​ រួម​ទាំង​ប្រារព្ធ​ពិធី​រំលឹក​ខួប​ទី​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​។​ ដូច្នេះ​យើង​សង្ឃឹមថា​ ប្រទេស​បារាំង​ ស្ថានទូត​បារាំង​អាច​នឹង​សម្រួល​ជាមួយនឹង​រាជរដ្ឋាភិបាល​ ដើម្បី​ប្រារព្ធ​ខួប​ទី​២៥​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​នេះ​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួន​ចូលរួម​ យើង​អាច​បង្កើត​វេទិកា​ដើម្បី​ជ​ជែង​គ្នា​មួយ​»​។​

​បើ​គេ​និយាយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ស្ដី​ពី​ប្រទេស​កម្ពុជា​ គឺ​គេ​ត្រូវ​នឹក​ទៅ​ដល់​ប្រទេស​បារាំង​ និង​ ឥណ្ឌូ​នេ​ស៊ី​ ដែល​ជា​សហ​ប្រធាន​នៃ​សន្និសីទ​នេះ​ ហើយ​មាន​អា​មេ​រិ​ក​ អង់គ្លេស​ ចិន​ រុ​ស្ស៊ី​ អង្គការសហប្រជាជាតិ​ និង​ប្រទេស​វៀតណាម​ ថៃ​ផង​ដែរ​ ជា​ហត្ថា​លេ​ខី​នៃ​សន្ធិសញ្ញា​អន្តរជាតិ​នេះ​ ។​ ​ប្រទេស​ទាំងនេះ​ហើយ​ សន្យា​និង​ជួយ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ មានការ​គោរព​សិទ្ធិ​មនុស្ស​ និង​ ប្រកាន់​គោលការណ៍​ដឹកនាំ​រដ្ឋ​បែប​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ។​

​លោក​ សុ​ន​ ឆ័​យ​ ស​ង្ឃឺ​ម​ថា​ បក្ស​កាន់​អំណាច​នឹង​ជួយ​សម្របសម្រួល​ជា​ប្រទេស​បាំ​រាំង​ ឱ្យ​មាន​សន្និសីទ​អន្តរជាតិ​នេះ​ធ្វើ​នៅ​កម្ពុជា​។​

​តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ មិន​ជឿ​ថា​អន្តរជាតិ​គេ​រៀបចំ​ព្រឹត្តិការណ៍​ម្ដងទៀត​នោះ​ទេ​ ព្រោះ​កម្ពុជា​បច្ចុប្បន្ន​នេះ​គ្មាន​ការ​ឈ្លានពាន​ពី​បរទេស​ ហើយ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ក៏​មិន​គ្រោះថ្នាក់​ដែរ​។​ លោក​ សុខ​ ឥ​សាន្ត​៖«​យើង​ចាំ​មើល​ទាំងអស់​គ្នា​ ថា​តើ​ការ​រៀបចំ​ដែល​ឯកឧត្តម​ សុ​ន​ ឆ័​យ​ គាត់​លើ​ឡើង​នោះ​ តើ​វា​កើត​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​ឬ​យ៉ាងណា​។​ ព្រោះ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ហ្នឹង​គេ​និយាយ​ហើយ​ ពេល​ណា​ដែល​មានការ​ឈ្លានពាន​ពី​បរទេស​ មក​លើ​ឯករាជ្យ​ភាព​ បូរណភាព​ទឹកដី​ រំលោភ​អធិបតេយ្យភាព​កម្ពុជា​ធ្ងន់ធ្ងរ​ បាន​គេ​កោះ​ប្រជុំ​សហ​ប្រធាន​ដែល​មានបារាំង​និង​ឥណ្ឌូ​នេ​ស៊ី​»​។​

sok-eysan-WMC1
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សកាន់អំណាច។

​តើ​អ្នកវិភាគ​យល់​ឃើញ​ដូច​ម្ដេច​ដែរ​ ចំពោះ​តម្លៃ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ ២៣​ តុលា​ ១៩៩១​ សម្រាប់​ប្រទេស​កម្ពុជា​?​ ហើយ​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក​ សុ​ន​ ឆ័​យ​ ឬ​ក៏​ទទួលស្គាល់​ការ​បកស្រាយ​របស់​លោក​ សុខ​ ឥ​សាន្ត​ ឬ​យ៉ាងណា​?

លោក​បណ្ឌិត​ មាស​ នី​ ពិនិត្យ​ឃើញ​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​ និង​ សេរីភាព​សម្ដែង​មតិ​របស់​ប្រជាជន​និង​ ក្រុមប្រឆាំង​កំពុង​ជួប​គ្រោះថ្នាក់​។​ លោក​មិន​គាំទ្រ​មតិ​ណាមួយ​ដែល​អះអាង​ថា​ កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវត្រូវ​នោះ​ទេ​។​ លោក​បន្ត​ថា​ កិច្ចព្រមព្រៀង​ក្រុងប៉ារីស​មិន​ត្រូវ​បាន​អនុវត្ត​ល្អ​ប្រសើរ​នៅឡើយ​។​ លោក​ មាស​ នី​សាទរ​សន្និសីទ​អន្តរជាតិ​មួយ​ដែល​រំលឹក​អំពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ស្ដី​កម្ពុជា​ ។​ ​លោក​ មាស​ នី​៖«​ខ្ញុំ​គិត​ថា​ ការ​ធ្វើ​វេទិការ​នេះ​វា​ក៏​ជា​ចលនា​មួយ​ដែល​ ដើម្បី​ដាសសតិ​របស់​រដ្ឋាភិបាល​ខ្មែរ​ ក៏​ដូច​សាធារណជន​ខ្មែរ​យើង​ហ្នឹង​ នាំ​គ្នា​ពិនិត្យ​មើល​ដោយ​ខ្លួនឯង​ទៅ​លើ​កា​រវិ​វត្ត​នៃ​សិទ្ធិ​មនុស្ស​ ជាង​ជា​ទុក​ឱ្យ​តែ​រដ្ឋាភិបាល​ម្នាក់ឯង​ និយាយ​និង​បកស្រាយ​តាមតែ​អ្វី​ដែល​គេ​គិត​ថា​ត្រូវ​សម្រាប់​តែ​ខ្លួន​គេ​។​

​សូម​រំលឹក​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​ គឺជា​ស្មារតី​អន្តរជាតិ​មួយ​បាន​ជួយ​ បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ ដែល​កើតឡើង​ ២​ ទស​វត្ស​ ក្នុង​អំឡុង​ទស​វត្ស​ ១៩៧០​ និង​ ១៩៨០​ ។​ តាម​ធម្មនុញ្ញ​នៃ​កិច្ចព្រមព្រៀង​នេះ​ គឺ​តម្រូវ​ឱ្យ​ប្រទេស​ជិតខាង​ដែល​លុកលុយ​ ឬ​ឈ្លានពាន​កម្ពុជា​ ត្រូវ​បញ្ឈប់​សកម្មភាព​ ហើយ​ត្រូវ​ជួយ​កសាង​សន្តិភាព​ប្រទេស​កម្ពុជា​។​ ដោយឡែក​ សម្រាប់​ភាគី​ខ្មែរ​ និង​ខ្មែរ​មាន​ជំ​លោះ​នឹង​គ្នា​ត្រូវ​ផ្សះផ្សា​រួបរួម​ជាតិ​តាម​រយៈ​ ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​របប​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​៕​​

Share

Image
Image
Image