en     km
en     km

រដ្ឋាភិបាល​ និង​សង្គម​ស៊ី​វិល​ ពិគ្រោះ​យោបល់​ពី​វិធានការ​កាត់​បន្ថយ​ការ​ប្រើ​ថង់​ប្លា​ស្ទិ​ក​ឱ្យ​បាន​ ៥០%​ ត្រឹម​ឆ្នាំ​ ២០១៩

Share

ភ្នំពេញ៖ ​ក្រសួង​ពាក់ព័ន្ធ​ និង​អង្គការ​សង្គម​ស៊ី​វិល​ បាន​រួម​គ្នា​ធ្វើការ​ពិភាក្សា​ពិគ្រោះ​យោបល់​ទៅ​លើ​ សេចក្តី​ព្រាង​ប្រកាស​អន្តរក្រសួង​ ស្តី​ពី​វិធានការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ឱ្យ​បាន​ ៥០%​ គិត​ត្រឹម​ឆ្នាំ​ ២០១៩​ និង​ ៧០%​ ក្នុង​ឆ្នាំ​២០២៥​ ព្រមទាំង​លើកកម្ពស់​ការ​យល់​ដឹង​ពី​សាធារណជន​ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្ត​កម្មវិធី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ការពិគ្រោះ​យោបល់​នេះ​ ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ ព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​។

អានដោយ សាក់ សំណាង

sam-ram-01
ប្រជាជនកម្ពុជាត្រូវបានដឹងថា មានការប្រើប្រាស់ថង់ដាក់អីវ៉ាន់​ឬទំនិញច្រើនលើសលប់។

​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើន​ហួសហេតុ​ និង​ការ​ប្រើ​មិន​ចំ​គោលដៅ​ រួម​ទាំង​ការ​បោះចោល​ពាស​វាល​ពាស​កាល​ បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងច្រើន​ដល់​បរិស្ថាន​។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​លោក​ ម៉ក់​ ប៊ុ​ន​ធឿ​ន​ មន្ត្រី​គម្រោង​របស់​អង្គការ​ ACRA​ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ស្តី​ពី​វិធានការ​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ នៅ​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​។​
​លោក​បន្ត​ថា​ ផល​ប៉ះពាល់​នោះ​រួម​មាន​៖​ ធ្វើ​ឱ្យ​ខូចគុណភាព​ដី​ គុណ​ទឹក​ ធ្វើ​ឱ្យ​ត្រី​ងាប់​ មាន​បម្រែបម្រួល​អាកាសធាតុ​ និង​ប៉ះពាល់​ដល់​សុខភាព​។​ លើស​ពី​នេះ​ទៀត​ ថង់​ប្លា​ស្ទិ​ក​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ ស្ទះលូ​ជាដើម​។​ ក្រៅពី​នេះ​វា​ក៏​ប៉ះពាល់​ទេសចរណ៍​ផង​ដែរ​។​

​មន្ត្រី​គម្រោង​រូប​នេះ​ បានឱ្យ​ដឹង​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​មាន​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ និង​មាន​គ្រប់​ទំហំ​តាំងពី​កម្រិត​តូច​បំផុត​ រហូត​ដល់​ទំហំ​ ៣០​ គីឡូក្រាម​។​ បើ​តាម​ការ​ស្រាវជ្រាវ​របស់​លោក​ ទីផ្សារ​លក់​បន្លែ​ និង​ត្រី​ គឺ​ប្រើ ប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើន​ជាងគេ​ ដោយសារ​ពួក​គាត់​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ជា​មធ្យោបាយ​ដើម្បី​វេច​ខ្ចប់​។​ បើ​តាម​លោក​ ម៉ក់​ ប៊ុ​ន​ធឿ​ន​ ក្នុង​មួយ​ថ្ងៃ​ អ្នកលក់​ម្នាក់​ចំណាយ​ថង់​ប្លា​ស្ទិ​ក​អស់យ៉ាង​តិច​មួយ​គីឡូ​ ហើយ​ មនុស្ស​ម្នាក់​ដែល​រស់នៅ​ទីប្រជុំជន​ក្នុង​មួយ​ថ្ងៃ​ ប្រើ​ថង់​ប្លា​ស្ទិ​ក​យ៉ាងតិច​អស់​ ៦​គីឡូក្រាម​។​

wmc
​លោក​ ម៉ក់​ ប៊ុ​ន​ធឿ​ន​ មន្ត្រី​គម្រោង​របស់​អង្គការ​ ACRA​ ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ស្តី​ពី​វិធានការ​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។

​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​លោក​ ម៉ក់​ ប៊ុ​ន​ធឿ​ន​ បាន​ផ្តល់​អនុសាសន៍​ថា​ គួរតែ​ហាម​លើ​ការ​លក់​ និង​ប្រើប្រាស់​ថង់​តូច​ ស្តើង​ និង​ថង់​ពណ៌​ យកពន្ធ​លើ​អ្នក​ប្រើប្រាស់​ដោយ​កំណត់​តម្លៃ​អប្បបរមា​ ចំពោះ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ បង្កើត​គោលការណ៍​បទដ្ឋាន​ និង​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ជម្រើស​ថ្មីៗ​ជំនួស​ថង់​ប្លា​ស្ទិ​ក​ និង​អនុវត្ត​តំបន់​គ្មាន​ថង់​ប្លា​ស្ទិ​ក​នៅ​តាម​សាលា​ សកល​វិទ្យាល័យ​ និង​តំបន់​ទេសចរណ៍​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​លោក​ ហេង​ ណា​រិ​ន​ អគ្គនាយក​នៃ​នាយកដ្ឋាន​គាំពារ​បរិស្ថាន​ បានឱ្យ​ដឹង​ថា​ ថង់​ប្លា​ស្ទិ​ក​គឺ​វត្ថុ​ធាតុ​ដែល​មិន​ងាយ​រលាយ​រហូត​ដល់​រាប់រយ​ឆ្នាំ​  ទោះបី​យក​ទៅ​កប់​ក្នុង​ដី​ក៏​ដោយ​។​ លោក​ថា​ ថង់​ប្លា​ស្ទីក​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងច្រើន​ដល់​ជីវិត​មនុស្ស​ និង​សត្វ​មិន​ថា​ ទៅ​បោះចោល​លើ​ដីគោក​ ក្នុង​ទឹក​ ឬ​យក​ទៅ​ដុត​ចោល​នោះ​ទេ​។​

​បើ​តាម​លោក​ ហេង​ ណា​រិ​ន​ ថ្វី​ត្បិត​តែ​ថង់​ប្លា​ស្ទិ​ក​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​សង្គម​ និង​បរិស្ថាន​យ៉ាងច្រើន​ក៏​ដោយ​  ប៉ុន្តែ​កម្ពុជា​មិន​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​ថង់​ប្លា​ស្ទិ​កមួយ​រយ​ភាគរយ​បាន​នោះ​ទេ​។​ ដោយសារ​ថង់​ប្លា​ស្ទិ​ក​នៅ​តែ​ជា​តម្រូវការ​ក្នុង​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ជា​ពិសេស​ក្នុង​វិស័យ​ផលិតកម្ម​ ដែល​ត្រូវការ​ប្លា​ស្ទិ​ក​ដើម្បី​វេច​ខ្ចប់​។​

wmc-l
លោក​ ហេង​ ណា​រិ​ន​ អគ្គនាយក​នៃ​នាយកដ្ឋាន​គាំពារ​បរិស្ថាន​។

​លោក​ជឿជាក់​ថា​ វិធានការ​ទី​៣​ ដែល​បាន​ដាក់​បញ្ចូល​ក្នុង​ប្រកាស​អន្តរក្រសួង​ដែល​បាន​ពិគ្រោះ​យោបល់​នៅ​ថ្ងៃនេះ​ នឹង​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កបាន​ ៥០%​ ក្នុង​ឆ្នាំ​ ២០១៩​។​ វិធានការ​ទាំង​បី​ រួម​មាន​ ទី​១.​ទប់ស្កាត់​ការ​នាំ​ចូល​ថង់​ ដែល​មាន​កម្រាស់​ក្រោម​ ៣០​ មី​ក្រុង​ម៉ែត្រ​ និង​មាន​រង្វាស់​ទទឹង​ថង់​ផ្នែក​បាត​ខាងក្រោម​ធំ​ជាង​៣០​ សង់ទីម៉ែត្រ​ ឬ​១១.៥​អ៊ី​ង​,​ ទី​២.​ការ​នាំ​ចូល​ថង់​គ្រប់​ប្រភេទ​ បើ​ទោះបីជា​ថង់​ត្រូវ​តាម​ខ្នាត​កំណត់​ក៏​ដោយ​  នឹង​ត្រូវ​បង់អាករ​បន្ថែម​១០%​ ,​ និង​ទី​៣.​ នៅ​តាម​ផ្សារ​ទំនើប​ និង​អាគារ​ពាណិជ្ជកម្ម​ធំៗ​ គឺ​ត្រូវ​ឱ្យ​អ្នកលក់​គិត​តម្លៃបន្ថែម​លើ​ថង់​មួយ​ ៥០០​រៀល​ ដល់​អ​តី​ថិ​ជន​។​

​លោក​ ហេង​ ណា​រិ​ន​ បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​ជម្រុញ​យ៉ាងណា​ ដើម្បី​ឱ្យ​ប្រកាស​អន្តរក្រសួង​ស្តី​ពី​វិធានការ​ កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​នេះ​ចេញ​ក្នុង​ឆ្នាំ​ ២០១៦​នេះ​។​

som-ram
រូបសម្រាមមួយកន្លែងនៅកម្ពុជា។ប្រភពពីFacebook

​ប្រការ​ ៧​ នៃ​ប្រកាស​អន្តរក្រសួង​ដែល​កំពុងធ្វើការ​ពិគ្រោះ​យោបល់​នេះ​ បាន​បញ្ជាក់​ថា​ ការ​ចែកចាយ​ថង់​ប្លា​ស្ទិ​ក​ដល់​អតិថិជន​ ត្រូវ​បាន​គិត​កម្រៃ​បន្ថែមចំនួន​ ៥០០​ រៀល​ សម្រាប់​ថង់​ប្លា​ស្ទិ​កមួយ​។​ ប្រាក់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​យក​កម្រៃ​បន្ថែម​ពី​អតិថិជន​ ក្នុង​នោះ​ ៤០%​ត្រូវ​បង់​ចូល​ក្នុង​មូលនិធិ​ទាយ​ជ្ជ​ទាន​បរិស្ថាន​។​ ជំហាន​ដំបូង​នៃ​វិធានការ​នឹង​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​នៅ​តាម​ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។​

​លោក​ ស៊ូ​ សូ​វុ​ធ​ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ សង្ឃឹមថា​ ប្រកាស​អន្តរក្រសួង​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​យល់​ដឹង​ និង​ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។​លោក​ ស៊ូ​ សូ​វុ​ធ​៖«​បើ​ថង់​មួយ​ប្រាំ​រយ​ អ​ញ្ចឹ​ង​បើ​ថង់​ប្រាំមួយ​គាត់​ត្រូវ​បង់​បី​ពាន់​  អ​ញ្ចឹ​ង​បើ​បី​ពាន់​គាត់​គិត​ថា​ច្រើន​ដែរ​ អ​ញ្ចឹ​ង​គិត​ថា​យក​តែ​ពីរ​បាន​ហើយ​ដាក់​បាន​ប្រើ​បាន​។​ អ​ញ្ចឹ​ង​ជា​ទម្លាប់​ ពី​មុន​ប្រជាជន​យើង​ប្រជាជន​យើង​ចង់បាន​ថង់​ហ្នឹង​យក​ទៅ​ប្រើ​ទៀត​ មែន​ចង់បាន​ទទេ​ទេ​ ទៅ​ផ្ទះ​គាត់​ទុក​ប្រើ​ទៀត​ ប៉ុន្តែ​បើ​តម្លៃ​មួយ​ប្រាំ​រយ​ គាត់​ថា​ចំណាយ​លុយ​ឥតប្រយោជន៍​ អ​ញ្ចឹ​ង​គាត់​ត្រូវ​កាត់​បន្ថយ​ កាត់​បន្ថយ​តាម​ការ​ជាក់ស្តែង​ កាត់​បន្ថយ​ដោយ​ឱ្យ​ផ្សារ​ទំនើប​ទាំង​អស់នោះ​ជួយ​យើង​ក្នុង​ការ​អនុវត្ត​គោលការណ៍​ហ្នឹង​»​។​
​តាម​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ ACRA​  បាន​ធ្វើការ​ប៉ាន់​ប្រមាណ​ថា​ ជា​មធ្យម​អ្នក​រស់នៅ​ទីប្រជុំជន​ម្នាក់​ ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើន​ជាង​ ២០០០​ ថង់​ក្នុង​មួយ​ឆ្នាំ​ ដែល​បរិមាណ​នេះ​ គឺ​ច្រើន​ជាង​១០​ដង​ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អ៊ឺ​រ៉ុ​ប​ និង​ប្រទេស​ចិន​៕

Share

Image
Image
Image