en     km
en     km

វិភាគ​៖​ ការ​គប់​គ្រាប់បែក​បង្ហូរឈាម​នៅ​មុខ​រដ្ឋសភា​ឆ្នាំ​១៩៩៧​ អាច​មានការ​សងសឹក​ឬទេ​?

Share

​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៣០​ មិ​នា​ ឆ្នាំ​១៩៩៧​ មក​ដល់​ពេល​នេះ​ យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ នៅ​មិន​ទាន់​ទទួល​បាន​។​ បើ​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​នៅ​​មិនកើត​មាន​ តើ​អាច​កើត​មានការ​សងសឹក​ឬទេ​?

​ចំណុច​នេះ​អ្នកវិភាគ​ស្ថានការណ៍​សង្គម​ បាន​មើ​ញ​ឃើញ​ថា​ ពាក្យ​ថា​សងសឹក​គឺ​មិនមាន​ន័យ​ថា​ ចងកំហឹង​ដោយ​ហិង្សា​នោះ​ទេ​ គឺ​គេ​ត្រូវ​សងសឹក​តាម​រយៈ​រូបភាព​អហិង្សា​ គឺ​តាម​រយៈ​តុលាការ​ ឬ​តាម​រយៈ​យន្តការ​ពិសេស​ណាមួយ​។​ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​ព្រមាន​ពី​ការ​សងសឹក​។​ ចំណែក​ភាគី​រាជរដ្ឋាភិបាល​ទាមទារ​រក​ភស្តុ​តាង​ ដើម្បី​ដំណើរការ​រឿង​ក្ដី​នេះ​។​

​ជា​បន្ដ​ សូម​ស្ដាប់​បទ​វិភាគ​ដែល​រៀបចំ​ឡើង​ដោយ​កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​ចំនួន​៤​គ្រាប់​ លើ​ហ្វូង​បាតុករ​នៅ​មុខ​អតីត​រដ្ឋសភា​ ថ្ងៃ​ទី​៣០​ ខែ​ មីនា​ ឆ្នាំ​១៩៩៧​ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ១៥០​ នាក់​របួសធ្ងន់​ និង​ ១៦​ នាក់​បាន​ស្លាប់​នោះ​  ក្លាយជា​ការ​ចង​ចាំ​មួយ​ដ៏​ភ័យ​ខ្លាច​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​  និង​រឿង​ដ៏​រន្ធត់​បំផុត​ សម្រាប់​សាច់ញាតិ​ជន​រង​គ្រោះ​។​

​ការ​សោក​សង្វេគ​ដ៏​រន្ធត់​ចំពោះ​ការ​បាត់បង់​សាច់ញាតិ​មួយ​នេះ​ គួរ​មាន​អ្វី​មក​ជួល​ជុល​។​ ​សោកនាដកម្ម​នេះ​ប្រហែលជា​អស់លោក​អ្នក​នៅ​មាន​ច​ម្ង​ល់​ថា​តើ​អស់​រយៈកាល​ ១៩​ ឆ្នាំ​មកនេះ​ យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​  រួម​ទាំង​សាច់ញាតិ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​ ឆ្នាំ​១៩៩៧​ ពីមុខ​រដ្ឋសភា​មាន​ហើយ​ឬ​នៅ​? ​អ្នក​ឃ្លាំមើល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អា​ដ​ហុ​ក​គឺ​លោក​ នី​ សុខា​។​ លោក​បារម្ភ​ខ្លាច​ថា​ សង្គ្រាម​បង្ហូរឈាម​ នឹង​អាច​កើត​មាន​ខណៈ​ដែល​រឿង​អយុត្តិធម៌​នូវ​មិន​ទាន់​បាន​ដោះស្រាយ​។​

Mr-Ny-Sokha-(by-keosokha)លោក​ នី​ សុខា​ បាន​ពន្យល់​លើ​ករណី​នេះ​ថា​៖​ «​ពីព្រោះ​ជា​ធម្មតា​ កាលណា​អំពើ​អយុត្តិធម៌​ទុក​វា​យូរៗ​ទៅ​ ហើយ​យើង​អត់​ព្រម​ដោះស្រាយ​ អាហ្នឹង​វា​អាច​ដែរ​។​ សង្គម​យើង​វា​មាន​ប្រវត្តិ​ហ្នឹង​ ហើយ​ប្រវត្តិ​តាំងពី​ដើម​មក​ គឺថា​មាន​វប្បធម៌​រហូត​ដល់​គេ​ប្រើ​ពាក្យ​មួយ​ថា​ទឹក​ ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ខោ​ច​ស្រមោល​ស៊ី​ត្រី​ហ្នឹង​ ដោយសារ​អី​ ដោយសារ​តែ​អ្នកដឹកនាំ​ ប្រទេស​យើង​មួយ​ជំនាន់ៗ​ហ្នឹង​ មិនសូវ​បាន​យកចិត្តទុកដាក់​អំពី​ អំពើ​អយុត្តិធម៌​នោះ​ទេ​ មិន​ បាន​ផ្ដល់​យុត្តិធម៌​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​ដល់​អ្នក​ដែល​គាត់​រង​គ្រោះ​ គាត់​ដែល​ក្រីក្រ​ គាត់​ដែល​ មិន​មាន​អំណាច​ ស្អីៗ​ហ្នឹងហើយ​ ដែល​ធ្វើ​ឱ្យ​ការ​ឈឺចាប់​នៅ​ក្នុង​សង្គម​ វា​មាន​បញ្ហា​…»​។​

​ត្រង់​ចំណុច​នេះ​ លោក​ នី​ សុខា​ ក៏​បាន​លើក​ឡើង​ពី​ករណី​ធំ​មួយ​ចំនួន​ ដែល​បាន​កើតឡើង​ថា​ ព្រឹត្តិការណ៍​កន្លង​មក​មិនមែន​តែ​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​នេះ​ទេ​ ដែល​មិន​ទាន់​ទទួល​បាន​ យុត្តិធម៌​ តែ​មាន​ហេតុការណ៍​បាញ់​សម្លាប់​ លោក​ ជា​ វិជ្ជា​ និង​រឿង​សម្លាប់​តារាភាពយន្ដ​ មួយ​ចំនួន​ក៏​នៅ​មិន​ទាន់​ទទួល​បាន​យុ​ត្ថិ​ធម៌​ដូច​គ្នា​។​ លោក​ថា​ រឿង​នេះ​ រដ្ឋាភិបាល​កម្ពុជា​ គួរតែ​ខិតខំ​ជំរុញ​យ៉ាងណា​ គ្រប់​សមត្ថកិច្ច​ដែល​ពា​កក់​ព័ន្ធ​ធ្វើការ​ស៊ើបអង្កេត​ និង​ផ្ដល់​ យុ​ត្ថិ​ធម៌​ត្រឹមត្រូវ​ទៅ​ដល់​ជន​រង​គ្រោះ​។​

លោក​ សូ​ ច​ន្ថា
លោក​ សូ​ ច​ន្ថា

ប្រហាក់ប្រហែល​នេះ​ដែរ​ លោក​ សូ​ ច​ន្ថា​ អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម​ បាន​មើលឃើញ​ថា​ មាន​  រឿង​ជា​ច្រើន​ណាស់​ដែល​កើត​មាននៅ​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​រឿង​មិន​បាន​ផ្ដល់​យុត្តិធម៌​។​ លោក​ បន្ដ​ ថា​ ជាក់ស្ដែង​ដូច​ជា​រឿង​បំផ្ទុះ​គ្រាប់បែក​នៅ​ឆ្នាំ​១៩៩៧​ នេះ​។​ ប៉ុន្ដែ​ទោះជា​បែប​នេះ​ ក្ដី​ លោក​ថា​  ការ​សងសឹក​ដោយ​ការ​បង្ហូរឈាម​គ្នា​ ឬ​ការ​បង្កើត​ជា​គុំនុំសងសឹក​ គួរតែ​បំភ្លេច​ ចោល​។​

លោក​ សូ​ ច​ន្ថា​ ថា​ ៖ «​ខ្ញុំ​គិត​ថា​  ដើម្បី​ឱ្យ​សង្គម​យើង​មានកា​រវិ​វ​ឌ្ឍ​ ហើយ​មាន​ឯកភាព​ គ្នា​រុងរឿង​ទៅ​មុខ​នោះ​ ខ្មែរ​គួរ​ប្រកាន់​នូវ​ទស្សនៈ​មួយ​ គឺ​ការ​រូប​រួម​គ្នា​ជំរុញ​ឱ្យ​មានការ​ចូលរួម​ និង​កិច្ច​អភិវឌ្ឍ​ជាតិ​ជា​ជាង​បង្កើត​ជា​គុំនុំសងសឹក​ ក៏​ប៉ុន្ដែ​មិនមែន​ថា​ ខ្មែរ​យើង​បំភ្លេច​ចោល​នូវ​នីតិរដ្ឋ​ ឬ​ការ​ផ្ដល់​យុ​ត្ថិ​ធម៌​នៅ​ក្នុង​សង្គម​នោះ​ទេ​»​។​

​ការ​ទាមទារ​រក​យុត្តិធម៌​មាន​រូបភាព​ច្រើន​ គឺ​រាប់​ទាំង​ការ​សងសឹក​មួយ​ដែរ​ ប៉ុន្តែ​គេ​ត្រូវ​គិត​ថា​ សងសឹក​ដោយ​ហិង្សា​ មិន​គួរ​មាន​ចំពោះ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ឡើយ​។​ លោក​ អូ​ វី​រៈ​ ប្រធាន​វេទិកា​អនាគត​ យល់​ស្រប​ការ​បកស្រាយ​របស់​លោក​ សូ​ ច​ន្ថា​។​

​លោក​ អូ​ វី​រៈ​ មាន​ប្រសាសន៍​ថា​ ការ​សងសឹក​ដោយ​ការ​បង្ហូរឈាម​នោះ​ គឺ​ពលរដ្ឋ​ខ្មែរ​មិន​ធ្វើ​នោះ​ទេ​។​ ប៉ុន្ដែ​បើ​ការ​ទាមទារ​រក​យុ​ត្ថិ​ធម៌​ពី​អ្នក​ធ្វើបាប​ គឺ​នឹង​កើត​មាន​។​

លោក អ៊ូ វីរៈ
លោក អ៊ូ វីរៈ

​លោក​ អូ​ វី​រៈ​ ថា​៖​ «​ការ​រក​យុ​ត្ថិ​ធម៌​មិន​មាន​ជា​ការ​សងសឹក​ទេ​ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ ជា​ជន​រង​គ្រោះ​  អ្នក​ដែល​រង​របួស​ និង​គ្រួសារ​អ្នក​ស្លាប់​ គាត់​ចង់​ដឹង​នូវ​ការ​ពិត​ គឺ​មិន​ទាក់ទង​ នឹង​ការ​សងសឹក​ទេ​ ហើយ​វា​ធ្វើ​ឱ្យ​ពួក​គាត់​ស្ងប់​នឹង​អារម្មណ៍​ផង​។​ ប៉ុន្ដែ​បើជា​សងសឹក​ គឺ​ខុស​គ្នា​។​ សងសឹក​បាន​ន័យ​ថា​ គាត់​តាម​ធ្វើបាប​អ្នក​ដែល​បាន​ប្រព្រឹត្ត​វិញ​ បែប​នេះ​គឺ​ គ្រោះថ្នាក់​មែនទែន​។​ វប្បធម៌​សងសឹក​ទោះបី​ ក្នុង​លក្ខខណ្ឌ​បែប​ណា​ក៏​ដោយ​ ក៏​គ្រោះថ្នាក់​ ដល់​ប្រទេស​ជាតិ​ដែរ​»​។​

​ខុស​ពី​ការ​លើក​ឡើង​របស់​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ មាន​ប្រសាសន៍​ថា​  យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​គឺ​មិន​ហួសពេល​ឡើយ​។​ តែ​លោក​ប្រតិកម្ម​ចំពោះ​អ្វី​ដែល​លោក​ថា​ គេ​ព្រមាន​ពី​ការ​សងសឹក​។​

«​មិនមែន​បាន​សេចក្ដី​ថា​ ដើមឈើ​មួយ​ដើម​គេ​កាប់​មាន​ន័យ​ថា​ ដី​នោះ​រលាយ​នោះ​ទេ​  មិនមែន​រឿង​ចឹ​ង​នោះ​ទេ​  ហើយ​សូម​ឱ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ តាំងចិត្ត​ឱ្យ​សុចរិត​  តែ​ប៉ុណ្ណឹង​ទេ​។​ យើង​ទាំងអស់​គ្នា​រួម​គ្នា​ ដើម្បី​កសាង​យុត្តិធម៌​ អត់​អាច​ដឹក​កប៉ាល់​ហោះ​ពី​ ស្រុក​អា​មេ​រិ​ក​យក​មក​ដាក់​នោះ​ទេ​។​

លោក ផៃ ស៊ីផាន
លោក ផៃ ស៊ីផាន

​បើ​តាម​លោក​ផៃ​ស៊ី​ផា​ន​ករណី​ដែល​ផ្ទុះ​គ្រាប់បែក​នៅ​មុខ​រដ្ឋសភា​ កាល​ពេល​រយៈ​កន្លង​មក​យូរ​ឆ្នាំ​មក​ហើយ​នោះ​ មានការ​ស្រាវជ្រាវ​រួច​ស្រេច​ទៅ​ហើយ​ ក៏​ប៉ុន្ដែ​ភស្ដុ​តាង​ទាំង​អស់នោះ​ វា​មិន​ជាក់ស្ដែង​ ហើយ​វា​មិន​ច្បាស់លាស់​ក្នុង​ការ​ដាក់បន្ទុក​ទៅ​លើ​ទោស​ អ្នក​ណា​នោះ​ទេ​គឺ​ គ្រាន់តែ​ជា​ការ​ចោទប្រកាន់​តែ​ប៉ុណ្ណោះ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ មាន​ប្រសាសន៍​ទៀត​ថា​៖​ «​អាស្រ័យ​ហេតុ​ដូចនេះ​ ខ្ញុំ​ជឿ​ថា​ គណបក្សប្រឆាំង​ ជា​មនុស្ស​ម្នាក់​ដែល​មានគុណ​ធម៌​ខ្លួនឯង​ដែរ​ គួរតែ​ពិ​ចារ​ណ​ឱ្យ​ឌិ​ត​ដល់​  ហើយ​ជា​ចំហ​ទៀត​ បើ​គណបក្សប្រឆាំង​គឺ​នរណា​មួយ​ដែល​យល់​ឃើញ​ថា​ អ្នក​ណា​ជា​អ្នក​ ប្រព្រឹត្ដ​ហ្នឹង​មាន​ភស្ដុ​តាង​សិន​ទៅ​ យក​ទៅ​ដាក់​នៅ​ក្នុង​តុលាការ​ ដោយ​គ្រាន់តែ​និយាយ​ឱ្យ​ខ្ចាយ​តាមបណ្ដាញ​សារព័ត៌មាន​ គឺ​មនុស្ស​កំសាក​បំផុត​»​។​

​នៅ​ក្នុង​ព្រឹត្តិការណ៍​ព្រឹក​មិ​ញ​នេះ​ ដែល​ជា​ការ​រំឭក​ខួប​ ១៩​ ឆ្នាំ​នេះ​ ព្រឹត្តិការណ៍​គប់​គ្រាប់បែក​ ខាង​មុខ​អតីត​រដ្ឋសភា​។​ ជន​រស់រាន​មានជីវិត​ និង​អ្នក​សង្កេតការណ៍​ ភាគច្រើន​មិន​សង្ឃឹមថា​ ពួក​គេ​នឹង​បានឃើញ​យុត្តិធម៌​សម្រាប់​អ្នក​ស្លាប់​បាត់បង់​ជីវិត​ និង​អ្នក​រង​របួស​ឡើយ​។​ពួក​គាត់​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា​ យុត្តិធម៌​កើត​មាន​លុះត្រាតែ​ប្រទេស​កម្ពុជា​ បញ្ចប់​វប្បធម៌​និទណ្ឌភាព​៕

Share

Image
Image
Image