en     km
en     km

លោក​ សម​ រ​ង្ស៊ី​ ថា​ ពាក្យ​ “​បដិវត្តន៍​ពណ៌​”​ គ្មាន​ទោស​ទេ​ ព្រោះ​វា​ជា​ទស្សនៈ​បុគ្គល​

Share

cover-SRS-color-revolution
​ជា​ថ្មី​ម្ដងទៀត​ លោក​ សម​ រ​ង្ស៊ី​ ដែល​ចាក​ចេញពី​ប្រទេស​ ករណី​បរិហារកេរ្តិ៍​លោក​ ហោ​ ណាំ​ហុង​ រដ្ឋ​ មន្ត្រី​ការ​បរទេស​ និង​ជាប់​បណ្ដឹង​ជា​ច្រើន​ នៅ​តុលាការ​ លោក​ផ្ញើ​សារ​នយោបាយ​មក​ថា​ បើ​គ្រាន់តែ​ បរិយាយ​នូវ​ពាក្យ​ថា​ បដិវត្តន៍​ពណ៌​ គឺ​មិន​មានទោស​ពៃ​អ្វី​ឡើយ​ ។​ លោក​ សម​ រ​ង្ស៊ី​ ចង់​និយាយ​ថា​ ពុំ​មានច្បាប់​ណា​ចែង​ពី​ពាក្យពេចន៍​នេះ​ទេ​។​ លោក​ជា​ទស្សនៈ​របស់​អ្នក​បញ្ចេញមតិ​ប៉ុណ្ណោះ​។​ ​តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​ម្នាក់​របស់​គណបក្ស​ កាន់​អំណាច​ មិន​យល់​ស្រប​នូវ​ការ​បកស្រាយ​នេះ​ឡើយ​ ។​

​សូម​ស្ដាប់​ សេចក្ដីរាយការណ៍​របស់​លោក​ កែវ​ សុខា​ ៖​

​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​នោះ​ បាន​បញ្ចេញ​សារ​តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់​លោក​ថា​ ការ​ប៉ុន​ធ្វើ​បដិវត្ត​ពណ៌​ណាមួយ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ គឺ​មិនមែន​ជា​កំហុស​ ហើយ​ក៏​មិន​ត្រូវ​មានទោស​អ្វី​ឡើយ​ដែរ​។​ លោក​ សម​ រ​ង្ស៊ី​ បាន​ផ្ដល់​ទស្សនៈ​បែប​នេះ​ តាម​រយៈ​សារ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ហើយ​ត្រូវ​បាន​មើលឃើញ​ជា​សាធារណៈ​ នៅ​ថ្ងៃនេះ​។​

​បើ​តាម​ប្រសាសន៍​របស់​លោក​ សម​ រ​ង្ស៊ី​ គឺ​មាន​ន័យ​ដូចនេះ​ ៖​ «​បដិវត្តន៍​ពណ៌​ណាមួយ​មិនមែន​ជា​កំហុស​អ្វី​ឡើយ​ ហើយ​ក៏​មិន​ត្រូវ​មានទោស​អ្វី​ឡើយ​ ពីព្រោះ​ “​បដិវត្តន៍​ពណ៌​”​ ទាំងឡាយ​ ដែល​បាន​កើត​មាន​ឡើង​ក្នុង​ពិភពលោក​ ក្នុង​រយៈពេល​ ៣០​ ឆ្នាំ​កន្លង​មកនេះ​ គឺ​សុទ្ធតែ​ជា​ការ​ផ្លាស់​ប្តូរ​នយោបាយ​ ដោយ​សន្តិវិធី​ គ្មាន​អំពើ​ហិង្សា​ ហើយ​ក៏​ដោយ​គ្មាន​ការ​ញុះញង់​ពី​នរណា​ឡើយ​»​។​

color-revolution-in-Philippines-&-Georgia
​លោក​ សម​ រ​ង្ស៊ី​ ក៏​បាន​បង្ហើប​ទៀត​ថា​ រាល់​ព្រឹត្តិការណ៍​បដិវត្តន៍​ពណ៌​ទាំង​អស់នោះ​ គឺ​កើត​ចេញពី​ទឹកចិត្ត​ប្រជារាស្ត្រ​ដែល​ស្រឡាញ់​សេរីភាព​ យុត្តិធម៌​ និង​លទ្ធិប្រជាធិបតេយ្យ​។​ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ដដែល​នេះ​ លោក​ សម​ រ​ង្ស៊ី​ បាន​លើក​ករណី​ព​បដិវត្តន៍​ពណ៌​មួយ​ចំនួន​ផង​ដែរ​ ដូច​ជា​ “​បដិវត្តន៍​ពណ៌​លឿង​”​ នៅ​ប្រទេស​ហ្វី​លី​ពី​ន​ កាលពី​ឆ្នាំ​ ១៩៨៦​ “​បដិវត្តន៍​ពណ៌​ផ្កា​កុលាប​”​ នៅ​ប្រទេស​ហ្ស​ក​ហ្ស៊ី​ កាលពី​ឆ្នាំ​ ២០០៣​ “​បដិវត្តន៍​ពណ៌​ទឹកក្រូច​”​ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ កាលពី​ឆ្នាំ​ ២០០៤​ និង​ “​បដិវត្ដន៍​ពណ៌​រមៀត​”​ ដឹកនាំ​ដោយ​ព្រះសង្ឃ​ នៅ​ប្រទេស​ភូមា​ កាលពី​ឆ្នាំ​ ២០០៧​។​

color-revolution-in-Ukraine-&-Burma

ពាក់ព័ន្ធ​ការ​លើក​ឡើង​នេះ​ លោក​ ឈឹ​ម​ ផល​វរុណ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ ឆ្លើយ​តប​ថា​ អ្វី​ដែល​លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​គឺជា​ការ​ការពារ​បទល្មើស​ ព្រោះ​ប្រទេស​ដែល​អនុវត្ត​លទ្ធ​ប្រជាធិបតេយ្យ​គឺ​មិន​ត្រូវ​លើក​ឡើង​ពី​ការ​ធ្វើ​បដិវត្តន៍​អ្វី​ឡើយ​។​

លោក​ ឈឹ​ម​ ផល​វរុណ​
លោក​ ឈឹ​ម​ ផល​វរុណ​

អ្នកនាំពាក្យ​គណបក្ស​កំពុង​កាន់​អំណាច​រូប​នេះ​បន្ត​ថា​ ការ​ផ្លាស់​ប្តូរ​អំណាច​មាន​តែ​ផ្លូវ​មួយ​គត់​គឺ​ការ​បោះ​ឆ្នោត​។​ លោក​ ឈឹ​ម​ ផល​វរុណ​៖​ «​ចំពោះ​ប្រទេស​ដែល​ដូច​លោក​ សម​ រ​ង្ស៊ី​ លើក​ឡើង​ដែល​បាន​ធ្វើ​បដិវត្តន៍​គឺជា​រឿង​ផ្សេង​ ដោយឡែក​កម្ពុជា​ជា​ប្រទេស​មាន​សន្តិភាព​ និង​ ប្រជាធិបតេយ្យ​។​ អ​ញ្ចឹ​ង​! ​ជន​ណា​ក៏​ដោយ​ដែល​មាន​ចរិត​បង្កប់​លក្ខណៈ​ញុះញង់​ មិនមែន​ជា​ការ​បញ្ចេញមតិ​ទេ​ ដែល​ការ​លើក​ឡើង​នេះ​គឺ​មាន​ន័យ​ថា​ជា​ការ​ញុះញង់​ហើយ​។​ ដូច្នេះ​ប្រទេស​កាន់​លទ្ធ​ប្រជា​ធិ​តេ​យ្យ​មិន​ការពារ​សម្ដី​ញុះញង់​ទេ​ ព្រោះ​សម្ដី​ញុះញង់​មិនមែន​ជា​បដិវត្តន៍​ការ​បញ្ចេញមតិ​ក្នុង​ក្រម​ខ​ណ្ឌ​ប្រជា​ធិ​តេ​យ្យ​សេរី​»​។​

​និស្សិត​ គង់​ រ៉ៃ​យ៉ា​ អាយុ​ ២៥​ ឆ្នាំ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ រយៈពេល​ ៦​មក​ហើយ​ ខែ​ ពី​បទ​ញុះញង់​ ក្រោយ​ពី​យុវជន​នេះ​ បាន​បញ្ចេញមតិ​ តាម​ហ្វេ​ស​ប៊ុ​ក​ ពី​លទ្ធភាព​បដិវត្តន៍​ពណ៌​នៅ​ប្រទេស​កម្ពុជា​។​យុវជន​រូប​នេះ​នឹង​ត្រូវ​គេ​កាត់ទោស​ នៅ​ថ្ងៃ​ ១៥​ មិ​នា​ ២០១៦​ ខាង​មុខ​។​

លោក​ អំ​ សំអាត​ ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​ និង​ជា​មន្ត្រី​ផ្នែក​ច្បាប់​របស់​អង្គការ​លី​កាដូ​និយាយ​ថា​ ការ​បញ្ចេញមតិ​របស់​យុវជន​ គង់​ រ៉ៃ​យ៉ា​ គឺជា​ការ​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ ដោយ​មិន​មាន​ចរិត​បំផុសបំផុល​ឬ​ ញុះញង់​ឱ្យ​អ្វី​ឱ្យ​មាន​បដិវត្តន៍​ពណ៌​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ទេ​។​ លោក​ អំ​ សំអាត​ បន្ត​ថា​  ការ​ចាប់ខ្លួន​យុវជន​ គង់​ រ៉ៃ​យ៉ា​ នេះ​គឺ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​ សិទ្ធិ​សេរីភាព​ក្នុង​សម្តែង​មតិ​របស់​ប្រជាជន​កម្ពុជា​កំពុង​តែ​ត្រូវ​បាន​រឹត​ត្បឹ​ត​ ដោយសារ​អ្នកមាន​អំណាច​នា​ពេល​បច្ចុប្បន្ន​នេះ​។​

លោក​ អំ​ សំអាត
លោក​ អំ​ សំអាត

​លោក​ អំ​ សំអាត​៖​ «​យើង​ត្រូវ​ចែក​ឱ្យ​ដាច់​អំពី​បទ​ញុះញង់​ បទ​ញុះញង់​បាន​ន័យ​ថា​ ទី​១​ វា​មាន​ព្យសនកម្ម​កើតឡើង​នៃ​អំពើ​ដែល​ញុះញង់​ហ្នឹង​ ទី​២​ មាន​ន័យ​ថា​ វា​មិនកើត​ទេ​តែ​វា​បម្រុង​នឹង​កើត​ ដែល​មើលទៅ​វា​អាច​នឹង​កើតឡើង​។​ ដូច្នេះ​ចំពោះ​ការ​បញ្ចេញមតិ​ និង​ទស្សន​របស់​យុវជន​ គង់​ រ៉ៃ​យ៉ា​ តាំងពី​ពេល​ហ្នឹង​មក​ដល់​ឥឡូវ​វា​គ្មាន​ព្យសនកម្ម​ណា​កើតឡើង​នោះ​ទេ​»​។​

​ទាក់ទង​នឹង​ការ​លើក​ឡើង​ពី​ការ​ធ្វើ​បដិវត្ត​ពណ៌​របស់​យុវជន​ គង់​ រ៉ៃ​យ៉ា​ នេះ​តើ​ជា​សិទ្ធិ​ក្នុង​ការ​សម្តែង​មតិ​ឬ​ ជា​ការ​ញុះញង់​នោះ​? អ្នកជំនាញ​ផ្នែក​ប្រជា​ធិ​តេ​យ្យ​ និង​អភិបាលកិច្ច​ លោក​បណ្ឌិត​ ចាន់​ វិបុល​ លើក​ឡើង​ថា​ គឺ​អាស្រ័យ​លើក​ការ​បកស្រាយ​ផ្នែក​ច្បាប់​។​ តែ​យ៉ាងណា​លោក​  បញ្ជាក់​ថា​ ការ​បកស្រាយ​បដិវត្តន៍​ពណ៌​ពី​សំណាក់​អ្នកនយោបាយ​នា​ពេល​កន្លង​មក​ជុំវិញ​យុវជន​ គង់​ រ៉ៃ​យ៉ា​ នេះ​គឺ​គ្រាន់តែ​ជា​រឿង​នយោបាយ​តែ​ប៉ុណ្ណោះ​។​

​លោក​ ចាន់​ វិបុល​៖​ «​ទាក់ទង​នឹង​ការ​មក​ស្រាយ​របស់​អ្នកនយោបាយ​និ​មួយៗ​ជា​បុព្វ​នៃ​រឿង​នយោបាយ​។​ អ​ញ្ចឹ​ង​!​ ដើម្បី​ឆ្លើយ​ថា​តើ​រឿង​នេះ​ជា​ការ​ញុះញង់​ ឬ​មិនមែន​ជា​ការ​ញុះញង់​នោះ​ វា​ត្រូវ​ស្ថិត​ក្នុង​ការ​វិភាគ​តាម​ផ្លូវច្បាប់​ តើ​ថា​សំដី​ដែល​យុវជន​នោះ​បាន​និយាយ​នោះ​ហ្នឹង​ វា​ប្រាសចាក់​ទៅ​ហ្នឹង​គោលការណ៍​ច្បាប់​ដែល​ឈាម​ដល់​សេចក្តីសន្និដ្ឋាន​មួយ​ថា​ជា​ការ​ញុះញង់​ ឬ​គ្រាន់តែ​ជា​សិទ្ធិ​បញ្ចេញមតិ​។​

​សូម​រំឭក​ថា​ យុវជន​ គង់​ រ៉ៃ​យ៉ា​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០​ សីហា​ នៅ​សាកលវិទ្យាល័យ​ខេមរៈ​ ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ក្រោយ​ពី​យុវជន​រូប​នេះ​ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​។​ សារ​នោះ​សរសេរ​ថា​៖​ «​តើ​មាន​បងប្អូន​ណា​ ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ​?​ ថ្ងៃ​ណាមួយ​នៅ​ពេល​ខាង​មុខ​នេះ​ ខ្ញុំ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ ដើម្បី​ផ្លាស់​ប្ដូរ​របប​ដ៏​ថោកទាប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ​ ទោះបីជា​ត្រូវ​ជាប់គុក​ ឬ​ស្លាប់​ក៏​ដោយ​ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ​»​។​

​ហើយ​នៅ​ថ្ងៃ​ទី​២២​ សីហា​ យុវជន​ គង់​ រ៉ៃ​យ៉ា​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន​ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​ ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ ៦​ខែ​ដល់​ ២​ឆ្នាំ​ បើ​តុលាការ​រក​ឃើញ​ថា​មានទោស​មែន​នោះ​។​

​បន្ទាប់​ចប់​ការ​ជំនុំ​ជម្រះក្ដី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៦​ កុម្ភៈ​ថ្មីៗ​ យុវជន​ គង់​ រ៉ៃ​យ៉ា​ ក៏​បាន​ស្រែក​សំណូមពរ​ឱ្យ​តុលាការ​មេត្តា​លើក​ការ​ចោទប្រកាន់​ និង​ដោះ​លែងខ្លួន​ឱ្យ​មាន​សេរីភាព​ដើម្បី​បាន​បន្ត​ការ​សិក្សា​វិញ​។​ តែ​យ៉ាងនេះ​ ចំណែក​លោក​សមរ​ង្ស៊ី​វិញ​ក៏​រង​ដីការ​ចាប់ខ្លួន​ដែរ​ ករណី​បរិហារកេរ្តិ៍​ លោក​ ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​ជាប់​បណ្ដឹង​ ២​ ករណី​ទៀត​៕​

Share

Image
Image
Image