គម្រោងដង្ហែញត្តិទៅកាន់ស្ថានទូតវៀតណាមប្រចាំកម្ពុជា របស់លេខាធិការដ្ឋាន នៃអង្គការខ្មែរកម្ពុជាក្រោម ដើម្បីឱ្យរដា្ឋភិបាលវៀតណាមដោះលែងព្រះសង្ឃនិងសកម្មជនខ្មែរក្រោម ត្រូវបានផ្លាស់ប្តូរ ដោយសារអាជ្ញាធរមិនអនុញ្ញាត។ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ បានណែនាំឱ្យ អង្គការខ្មែរកម្ពុជាក្រោម ចាត់តំណាង១០នាក់ ដាក់ញត្តិជូនក្រសួងការបរទេសជំនួស ឱ្យស្ថានទូតវៀតណាម។ លោក គីម ចាន់ចាវ រាយការណ៍
លេខាធិការដ្ឋាន នៃអង្គការខ្មែរកម្ពុជាក្រោម គ្រោងនឹងដង្ហែក្បួនពីវត្តសាមគ្គីរង្សី ឆ្ពោះទៅប្រមូលផ្ដុំគ្នានៅមុខស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និងដាក់ញត្តិជូនឯកអគ្គរដ្ឋទូត រៀតណាម នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ការដង្ហែ និងដាក់ញត្តិជូនស្ថានទូតវៀតណាមនេះ គឺធ្វើឡើងដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាម បញ្ឈប់រាល់ទង្វើរំលោភបំពានសិទ្ធិមនុស្សមកលើខ្មែរក្រោម ព្រមទាំងដោះលែងសកម្មជន និងព្រះសង្ឃខ្មែរក្រោមដែលកំពុងជាប់ឃុំដោយឥតលក្ខខណ្ឌ។
នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ លោក គឹម ចាន់សំណា តំណាងសហគមន៍ខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បានជួបពិភាក្សាជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលមានអាជ្ញាធរខណ្ឌដែលពាក់ព័ន្ធនានា ដឹកនាំដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ អំពីការដង្ហែក្បួន និងការប្រមូលផ្ដុំនៅមុខស្ថានទូតវៀតណាម ដើម្បីដាក់ញត្តិនេះ។
ក្នុងការពិភាក្សានេះ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការដង្ហែក្បួនតាមផ្លូវសាធារណៈ និងប្រមូលផ្ដុំនៅមុខស្ថានទូតវៀតណាមឡើយ ប៉ុន្តែយល់ព្រមឱ្យចាត់តំណាង១០នាក់ យកញត្តិដាក់នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជំនួសវិញ។ ជំនួសដែលការហាមឃាត់មិនឱ្យដង្ហែញត្តិរដ្ឋបាលរាជធានីភ្នំពញេ អនុញ្ញាតឱ្យជួបជុំគ្នានៅវត្តសាមគ្គីរង្សី នៅខណ្ឌមានជ័យ កំណត់ចំនួន១០០នាក់ ដោយត្រូវមានការឯកភាពពីព្រះចៅអធិការវត្ត។
លោក គឹម ចាន់សំណា បង្ហាញការសោកស្ដាយដែលផែនការរបស់សមាគមខ្មែរកម្ពុជាក្រោមត្រូវបានរារាំង ប៉ុន្តែលោកនៅតែទទួលយកលក្ខខណ្ឌដែលសាលារាជធានីផ្ដល់ឱ្យ។
«ពិតជាសោកស្ដាយហើយដែលផែនការរបស់យើងគ្រោងទុកយើងមិនបានអនុវត្តតាមផែនការ។ ការមិនបានហែក្បួនតាមសាធារណៈអីអញ្ចឹង ហើយនិងមិនបានសម្ដែងមតិនៅចំចំពោះមុខស្ថានទូតវៀតណាមអីអញ្ចឹង យើងក៏មានការសោកស្ដាយចំចំណុចហ្នឹងដែរ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏យើងទទួលយក ការណែនាំហើយនឹងការសម្រេចឯកភាពរបស់សាលារាជធានី(ភ្នំពេញ)។…»វិទ្យុស្ត្រីបានព្យាយាមទាក់ទងសុំការផ្ដល់ព័ត៌មានបន្ថែមពីលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ជុំវិញការមិនអនុញ្ញាតឱ្យសមាគមខ្មែរក្រោមដង្ហែញត្តិនេះ ប៉ុន្តែលោក បដិសេធផ្ដល់បទសម្ភាសដោយឱ្យទាក់ទងអ្នកនាំពាក្យជំនួសវិញ។ ចំណែកលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញទូរសព្ទខលចូលតែមិនមានអ្នកទទួល។
លោក គឹម ចាន់សំណា តំណាងសហគមន៍ខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍
កាលពីខែមីនា ឆ្នាំ២០២៤ ព្រះសង្ឃនៅកម្ពុជាក្រោម ត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹក និងចាប់ព្រះកាយ ហើយត្រូវបានតុលាការចោទប្រកាន់ពីទោសប្រហាក់ប្រហែលគ្នា គឺតាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ដោយចោទពីបទ «កេងផលប្រយោជន៍ពីសេរីភាព ប្រជាធិបតេយ្យ ដើម្បីរំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងបុគ្គល»។
គិតត្រឹម ខែមេសា ឆ្នាំ២០២៤ រដ្ឋាភិបាលវៀតណាមបានចាប់ខ្លួន និងចោទប្រកាន់ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ១៣អង្គ/នាក់ ហើយពួកគាត់ប្រឈមនឹងកាត់ទោសចន្លោះ ពី ២ ដល់ ៤ឆ្នាំ។
ព្រះតេជព្រះគុណ គឹម សារឿង ព្រះតេជព្រះគុណ ថាច់ វីល័យ ព្រះតេជព្រះគុណ ថាច់ ចប់ ព្រះតេជព្រះគុណ យឿង ខាយ ដែលអាជ្ញាធរវៀតណាម ខេត្តលង់ហោរ ចាប់ឃុំព្រះកាយ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ ប្រភព៖ Courtesy of Congan.vinhlong.gov.vn
គម្រោងដង្ហែ និងដាក់ញត្តិជូនស្ថានទូតវៀតណាមនេះ គឺក្រុមអង្គការខ្មែរកម្ពុជាក្រោមទាមទារឱ្យដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមចំនួន១៣អង្គ/នាក់ដែលត្រូវបានចាប់ខ្លួន។ សាងសាង់សាលាឆទានឡើវិញនៅខេត្តលង់ហោរ ដែលអាជ្ញាធរវៀតណាមបានវាយកម្ទេចរាបដល់ដីកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ ទទួលស្គាល់ និងអនុញ្ញាតឱ្យព្រះតេជគុណ គឹម សំរិន្ទ បានចូលមកក្នុងជំនុំព្រះសង្ឃ និងគង់ក្នុងវត្តឡើងវិញ។ បញ្ឈប់រាល់ការគំរាមកំហែងគ្រប់រូបភាពមកលើពលរដ្ឋខ្មែរក្រោម។
លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍ ចាត់ទុកករណី ដែលអាជ្ញាធរវៀតណាមផ្សឹក និងចាប់ព្រះសង្ឃនៅក្នុងវត្តម្ដងហើយម្ដងទៀត បង្ហាញថាអាជ្ញាធរវៀតណាមបង្កើនការរំលោភសិទ្ធិជនជាតិដើម ជាបន្តបន្ទាប់ និងឥតឈប់ឈរ។ លោកជុំជួន អះអាងថាលោកនឹងលើកពីករណីរំលោភសិទ្ធិទាំងនេះដាក់ជូនទៅអង្គការសិទ្ធិមនុស្សអន្តរជាតិ អន្តរាគមន៍ទៅកាន់អាជ្ញាធរវៀតណាមឱ្យដោះលែង និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម។
លោក គឹម ចាន់សំណា អំពាវនាវឱ្យប្រជាពលរដ្ឋរួមទាំងព្រះសង្ឃចូលរួមក្នុងការទាមទារ ដែលធ្វើឡើងនៅវត្តសាមគ្គីរង្សី នៅថ្ងៃទី២៤ ខែមេសាខាងមុខ ដើម្បីឱ្យអាជ្ញាធរវៀតណាមដោះលែងសកម្មជនសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោម ឱ្យមានសេរីភាពឡើងវិញ។
«ករណីអាជ្ញាធរវៀតណាមចាប់ផ្សឹកព្រះសង្ឃហើយនិងចាប់ប្រជាពលរដ្ឋខ្មែរ នៅកម្ពុជាក្រោមហ្នឹងដាក់ពន្ធនាគាររហូតដល់១៣អង្គ និងរូប នៅក្នុងហ្នឹងក៏មានព្រះសង្ឃមួយអង្គទៀតត្រូវបានបណ្ដេញចេញពីវត្តអារាម មិនអនុញ្ញាតឱ្យចូលទៅគង់នៅក្នុងជំនុំសង្ឃ។ ចឹងរឿងនេះខ្ញុំឃើញថាមានការឈឺឆ្អាល មានការឈឺចាប់ពីបណ្ដាសាធារណៈជនដែលគាត់បញ្ចេញមតិតាមបណ្ដាញសង្គម នៅក្នុងឱកាសនេះថ្ងៃទី២៤ ខែមេសា វេលាម៉ោង៨ព្រឹក ដល់ម៉ោង១១កន្លះថ្ងៃត្រង់ សូមបងប្អូនរួមទាំងព្រះសង្ឃនិមន្ត និងអញ្ជើញចូលរួមនៅក្នុងអង្គពិធីនេះ ដើម្បីសម្តែងមតិ សម្ដែងឆន្ទះ ផ្ដាំផ្ញើទៅដល់អាជ្ញាធរវៀតណាម ឱ្យពិចារណាហើយនិងដោះលែងព្រសង្ឃហើយនិងពលរដ្ឋខ្មែរក្រោម។»
ដោយឡែក សហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទ្វីបអឺរ៉ុប (KKF) គ្រោងនឹងធ្វើបាតុកម្មនៅមុខអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស នៅថ្ងៃទី០៧ ខែឧសភា ខាងមុខ ដើម្បីទាមទារឱ្យមានការដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរ ក្រោម ដែលត្រូវអាជ្ញាធររដ្ឋាភិបាលប្រទេសវៀតណាមចាប់ដាក់ពន្ធនាគារនាពេលថ្មីៗ នេះ។ ផែនការបាតុកម្មនេះ នឹងធ្វើឡើងចំពេលដែលតំណាងប្រទេសវៀតណាមធ្វើដំណើរមកចូលរួមប្រជុំនៅក្នុងអង្គការសហប្រជាជាតិ ស្ដីពី ការពិនិត្យឡើងវិញរបាយការណ៍តាមកាលកំណត់ (Universal Periodic Review) ឆ្នាំទី៤ ដើម្បីឆ្លើយបំភ្លឺចំពោះអង្គការសហប្រជាជាតិ (UN) នូវកិច្ចអនុវត្តលើកិច្ចព្រមព្រៀងនានា ដែលវៀតណាមបានចុះសន្ធិសញ្ញា៕