en     km
en     km

របាយការណ៍ពីកំណើន​​សេដ្ឋកិច្ច អាចឱ្យស្ថានភាពការងារនៅកម្ពុជាល្អប្រសើរដែរទេ?

Share

របាយការណ៍ពីកំណើន​​សេដ្ឋកិច្ច ដែលចេញផ្សាយ ស្ថាប័នស្ថិតិមួយរបស់ឥណ្ឌូនេស៊ី កំពុងក្លាយជាមោទកភាពរបស់រដ្ឋាភិបាលកម្ពុជា ដោយសារតែរបាយការណ៍នេះ បានដាក់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ នៅតំបន់អាស៊ី ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០។ ក៏ប៉ុន្តែទន្ទឹមនេះ វាក៏បានចោទជាសំណួរដែរថា តើរបាយការណ៍ពីកំណើន​​សេដ្ឋកិច្ច អាចឱ្យស្ថានភាពការងារនៅកម្ពុជាល្អប្រសើរដែរឬទេ? លោក គីម ចាន់ចាវ រាយការណ៍

 

អ្នកជំនាញសេដ្ឋកិច្ច សហជីពដែលធ្វើការជាមួយកម្មករ និងអ្នកវិភាគ យល់ថារបាយការណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលកើនឡើងឈរនៅលំដាប់លេងរៀងទី៣នៅតំបន់អាស៊ី មិនអាចឆ្លុះបញ្ចំាង​ថា អាចរួមចំណែកកាត់បន្ថយភាពក្រីក្របានកម្រិតណាឡើយ ខណៈដែលបញ្ហាលើវិស័យការងារមួយចំនួន និងបញ្ហាជីភាពរបស់ពលរដ្ឋ កំពុងក្លាយជាវិបត្តិទាមទារឱ្យមានការដោះស្រាយ។

កម្ពុជាឈរលំដាប់ទី១ក្នុងតំបន់អាស៊ាន និងទី៣ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ក្នុងតំបន់អាស៊ី ជាមួយកំណើនសេដ្ឋកិច្ច ៦,១% ក្នុងឆ្នាំ២០២៤។ នេះគឺជាចំណាត់ថ្នាក់ស្តីពីកំណើនសេដ្ឋកិច្ចដែលចេញផ្សាយដោយស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia stats ដោយយោងលើមូលដ្ឋាននៃការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។ របាយការណ៍នេះ បានធ្វើឱ្យក្រសួង និងស្ថាប័នរដ្ឋាភិបាល​មួយចំនួនហាក់បង្ហាញមោទកភាព និងចូលរួមផ្សព្វផ្សាយពី ព័ត៌មានរបាយការណ៍កំណើនសេដកិច្ចកម្ពុជានេះ។

ប្រធានអ្នកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបានបង្ហាញមោទកភាពក្រៃលែងដ្បិតលោកយល់ថា លទ្ធផលបែបនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែ វាគឺជាផ្លែផ្កានៃការដាក់ចេញគោលនយោបាយ ការដឹកនាំនិងចាត់ចែងបានល្អរបស់រាជរដ្ឋាភិបាលដែលជាចន្ទល់នៃកំណើនសេដ្ឋកិច្ចដោយមិនអាចប្រកែកបាន ដោយលោកលើកពីគុណសម្បត្តិនៃប្រមុខរដ្ឋាភិបាល​ចាប់តាំងពីរដ្ឋបាលរបស់សម្តេចហ៊ុន សែន រហូតដល់កូនប្រុសគឺសម្តេច ហ៊ុន ម៉ាណែត។

លោក អាត់​ ធន់ ប្រធានសហភាពការងារកម្ពុជា យល់ថា នៅពេលដែលប្រទេសបង្ហាញកំណើនសេដ្ឋកិច្ចខ្ពស់ ប៉ុន្តែសម្រាប់ពលរដ្ឋដែលប្រាថ្នាការងារដែលមាននិរន្តរភាព និងប្រាក់ចំណូលល្អសមរម្យនៅមិនទាន់បានប្រសើរនៅឡើយ។

«កំណើនសេដ្ឋកិច្ចខ្ពស់មិនមែនមានន័យថា វាល្អទេ! ដោយសារតែប្រទេសហ្នឹងធ្លាក់ក្នុងវិបត្តិ។ ឧទាហរណ៍ ថាដូចអ្នកក្រសោះ ហើយមានលុយតែតិច លើសពីក្រហ្នឹងទៀត គឺអឺ!! គាត់មើលទៅខ្ពស់ តែបើថា អ្នកមានហើយគេថែមលុយតែតិចទៀត នៅតែ វានៅតែមិនល្អ។ ប៉ុន្តែគេ គឺគេមានគ្រប់អស់ហើយ គឺមិនមានអី បញ្ហាអីទេ។ រឿងទី២ ស្ថានភាពរបស់យើងទោះបីជា ចំនួនកំណត់ខ្ពស់បន្តិចមែន ប៉ុន្តែសម្រាប់ការបង្កើតការងារ ហើយការងារដែលមានប្រាក់ចំណូល ការងារដែលមាននិរន្តរភាពហ្នឹងគឺអត់ទាន់បានល្អទេ មានបញ្ហាច្រើនដូចជា ការផ្តល់ប្រាក់ឈ្នួលទៀត ការមិនអនុវត្តតាមសិទ្ធិការងារដែលរដ្ឋ ឬក៏ច្បាប់មាន ហើយការដែលបង្ខំឱ្យធ្វើការដាក់កំណត់ច្រើននៅតែមាន ហើយការគេចមិនបង់ប.ស.ស ឬក៏មិនព្រមចុះកិច្ចសន្យាធ្វើការច្បាស់លាស់ បញ្ឃប់កម្មករដោយមិនបានទូរទាត់ត្រឹមត្រូវនៅតែមានទៀតបាទ!។»

លោក យ៉ង គឹមអេង ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លើកឡើងថា អ្វីដែលល្អប្រសើរនោះប្រជាពលរដ្ឋទទួលបានប្រាក់ចំណូលសមរម្យ លក្ខខណ្ឌរស់នៅថ្លៃថ្នូរ កាត់បន្ថយអត្រាក្រីក្រក្នុងប្រទេស និងការបង្កើតការងារជូនពលរដ្ឋ។ លោក មើលឃើញថា កំណើនសេដ្ឋកិច្ចដែលយើងបានឃើញនៅពេលនេះ មិនទាន់អាចជំរុញឱ្យពលរដ្ឋដែលកំពុងជួបការលំបាកមួយចំនួន ងើបចេញពីបញ្ហាជីវភាពភ្លាមៗឡើយ។

«កំណើនជាធម្មតា វាជារឿងដែលរីករាយ ប៉ុន្តែមិនមែនបានន័យថា ហឺ!! កំណើនហ្នឹង មានកំណើនអ៊ីចឹងហើយ ប្រហែលជា ខ្ញុំធ្លាប់ជាអ្នកជំពាក់ធនាគាររួចបំណុលគេ ឬក៏ខ្ញុំដែលអត់ការងារធ្វើ ច្បាស់ជាមានការងារធ្វើដែរអ៊ីចឹង វាមិនមែនៗដូច្នោះទេណា៎។ ព្រោះអាកំណើនហ្នឹងគេយកលុយសរុបរួមរបស់ជាតិទាំងមូលយកមកបូកចូលគ្នាបាទ!។ ចំពោះស្ថានភាពនៃការលំបាកជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួនហ្នឹង គឺពួកគាត់អាចនៅតែពិបាន។ ប៉ុន្តែអ្នកខ្លះទៀត ប្រហែលជាអាច គាត់ ហឺ!! មានភាពប្រសើរអ៊ីចឹងដែរបាទ!។ អ៊ីចឹងចំពោះបញ្ហាហ្នឹង គឺមិនអាចយកមកធ្វើការវាយតម្លៃជារួម ទាំងអស់ៗបានថា ប្រហែលជាប្រយោជន៍សម្រាប់មនុស្សគ្រប់រូប មិនអ៊ីចឹងទេបាទ! ហ្នឹងគឺជាកំណើនដែលគេគិតជារួមរបស់ជាតិ។»

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា តួលេខនៃកំណើនសេដ្ឋកិច្ចមិនបានន័យថា ពលរដ្ឋកម្ពុជាបានរួចផុតពីភាពក្រីក្រឡើយ ប៉ុន្តែវាជាជំហានដែលអាចបោះសន្ទុះសេដ្ឋកិច្ចទៅតាមវិស័យជាពិសេសវិស័យឧស្សាហកម្មនិងការនាំចេញ។

«វិស័យមួយចំនួនទៀតនៅមិនទាន់មានសន្ទុះ ដូចអ្វីដែល អឺ!បានឃើញនោះទេ បាទ! ដោយសារតែវិស័យលក់រាយ វិស័យសេវាកម្ម នៅមានទាន់មានការងើបឡើងនៅឡើយទេបាទ។ វិស័យនេះ ដោយសារវិស័យ​នេះ ដើរយឺតជាងកំណើនផ្សេងៗ អ៊ីចឹងវិស័យឧស្សាហកម្មចេញដំណើរទៅមុន ធ្វើឱ្យប្រាក់ឈ្នួលពលកម្មមានការកើនឡើង ប្រជាពលរដ្ឋចាប់ផ្តើមមានចំណូលបន្តិចម្តងៗ និងជះឥទ្ធិពលទៅដល់វិស័យលក់រាយអាចនឹងមានកំណើននៅវង្វង់ចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥បាទ។ ពេលដែលវិស័យលក់រាយចាប់ផ្តើមមានសន្ទុះប្រសើរឡើងវិញបន្តិចម្តងៗ ទើបវិស័យអចលទ្រព្យមានសកម្មភាពឡើងវិញដែរបាទ! អ៊ីចឹងហឺ! យើងឃើញមានវិស័យពាក់ព័ន្ធគ្នាជាច្រើន ដែលមិនអាចស្ទុះងើបឡើងក្នុងពេលរួមគ្នាបានទេ។»

​លោក គឹម សុខ អ្នកវិភាគនយោបាយនៅក្រៅប្រទេស បានលើកឡើងថា ទោះកម្ពុជាកើនសេដ្ឋកិច្ច៣០% ព្រោះកំណើនចំនួនវិនិយោគដាច់គេ នៅក្នុងតំបន់អាស៊ាន និងអាស៊ី ក៏ដោយ ក៏ប្រជាពលរដ្ឋភាគច្រើនលើសលប់ នៅតែក្រីក្រវេទនាដដែល។ បើតាមអ្នកវិភាគនិរទេសខ្លួនរូបនេះ តាមរបៀបដឹកនាំសេដ្ឋកិច្ចដូចសព្វថ្ងៃ កុំថាឡើយ អួតត្រឹមកំណើនព្យាករណ៍ ៦,១% ឆ្នាំ២០២៤។ កំណើនសេដ្ឋកិច្ចការងារ និង កំណើនវត្តមានវិនិយោគ មិនដូចគ្នាទេ។

បើទោះបីជាកំណើរសេដ្ឋកិច្ចដែលត្រូវបានព្យាករណ៍កើនឡើងក្ដីប៉ុន្តែ លោក អាត់​ ធន់ ហាក់មិនរំពឹងកំណើនទីផ្សារការងារលើវិស័យវាយនភណ្ឌកាត់ដេរនោះទេ ខណៈដែលកម្ពុជាបានបាត់បង់លើប្រព័ន្ធអនុគ្រោះពន្ធដូចជា EBA និងGSP ជាដើម។

«ខ្ញុំដូចជាមិនរំពឹងថាវា កើនឡើងខ្ពស់ទេ ខ្ញុំគិតថាវាអាចនៅប្រហាក់ប្រហែល ដោយសារតែយើងក៏មិនទាន់បានកិច្ចព្រមព្រៀងភាគីគ្នាជាមួយសហរដ្ឋអាមេរិក GSP ហើយក៏មិនទាន់បានEBAមកវិញដែរ។ អ៊ីចឹងការនាំចេញរាល់ថ្ងៃនេះ គឺទៅតាមការកំណត់មួយដែលមានការបារម្ភជាច្រើនរបស់អ្នកទៅទិញ។ រឿងទី២ ចំពេលប្រទេសប្រកួតប្រជែងធំនៃការនាំអីវ៉ាន់ចេញនៅក្នុងតំបន់ហ្នឹង គឺថាប្រទេសវៀតណាមហ្នឹងជាប្រទេសដែលប្រកួតប្រជែងខ្ពស់ហើយគេបានប្រព័ន្ធអនុគ្រោះព័ន្ធទៀត គឺគេមានកិច្ចព្រមព្រៀងទ្វេភាគី…របស់គេហ្នឹងពី ចក្រភពអឺរ៉ុប និងពីសហរដ្ឋអាមេរិកទៀត អ៊ីចឹង យើងក៏អាចនឹងប្រឈមនៃការប្រកួតប្រជែងហ្នឹងខ្ពសដែរបាទ។»

សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២៤  បង្ហាញថា ពលរដ្ឋខ្មែរម្នាក់អាចរកចំណូលជាមធ្យមបានប្រមាណ២,០៧១ដុល្លារក្នុងមួយឆ្នាំ ឬជាង១៦៨ដុល្លារក្នុងមួយខែ។ ចំនួននេះ គឺកើនឡើង៨% បើធៀបនឹងឆ្នាំ២០២៣ដែលពលរដ្ឋម្នាក់អាចរកចំណូលបាន១,៩១៧ដុល្លារក្នុងមួយឆ្នាំ ឬ១៥៩,៧៥ដុល្លារក្នុងមួយខែ។ លោក យ៉ង់ គឹមអេង នៅតែចាត់ទុកថាព័ត៌មាននៃកំណើនសេដ្ឋកិច្ចគឺជារឿងល្អបើទោះបីជាលោកមើលឃើញថាវាសំដៅទៅលើប្រាក់របស់អ្នកវិនិយោគធំៗក្ដី ប៉ុន្តែលោកក៏បានរម្លឹកឱ្យពិចារណាលើបញ្ហាពលរដ្ឋដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចផងដែរ។

«ប៉ុន្តែរឿងដែលសំខាន់បំផុតគឺយើងត្រូវគិតថា តើតែជួយដល់អ្នកដែលជំពាក់បំពុលគេយ៉ាងម៉េច ត្រូវជួយយ៉ាងកុំឱ្យបាត់បង់ផ្ទះរបស់គាត់។ ជួយយ៉ាងម៉េចកុំឱ្យគេរើបអូសដីធ្លី ផ្ទះសម្បែងរបស់គាត់ អាហ្នឹងបានការណ៍មួយប្រសើបាទ! កំណើនហ្នឹងវាបានជាផលប្រយោជន៍សម្រាប់គាត់ដែរបាទ។ យើងមើលអ្នកដែលមិនមានលទ្ធភាពសងបំណុលគេហ្នឹងក៏មានច្រើនដែរអ៊ីចឹងហាស! អ៊ីចឹងបានន័យថាមិនមែនបានន័យថាឱ្យតែយើងកំណើនប៉ុណ្ណឹងមែន បានន័យថាមនុស្សដែលមានលទ្ធភាពសងគេហ្នឹងអាចមានលទ្ធភាពសល់ទេ មិនអាច។ មែនទែនទៅកំណើនហ្នឹងគឺវាពាក់ពាន់នឹងលុយរបស់គេអ្នកវិនិយោគធំៗអ្នកអីហ្នឹង ដែលភាគច្រើនហាបាទ!។»

ទោះយ៉ាងណាលោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា នៅពេលដែលមានកំណើនសេដ្ឋកិច្ចដែលលោកមើលឃើញរីកចម្រើនលើវិស័យឧស្សាហកម្មនាំចេញ នោះប្រាកដជាត្រូវការកម្លាំងកម្មករជំនាញ ដែលទាមទារឱ្យមានការបណ្ដុះបណ្ដាលដើម្បីឆ្លើយតបទីផ្សារការងារ។

«កាលណាមានការរីកចម្រើនលើវិស័យឧស្សាហកម្មនាំចេញ ត្រូវការកម្មករហើយ! នឹងកម្មករត្រូវបានបង្កើនឡើង មានន័យថាប្រាក់ឈ្នួលមិនមែនជាកត្តាមួយដែលធ្វើឱ្យកើនហេ! តែចំនួនមនុស្សដែលទទួលបានប្រាក់ឈ្នួលទើបបានកត្តាមួយជំរុញឱ្យមានកំណើន។ អ៊ីចឹងហើយទើបបានជាទាមទារឱ្យបងប្អូនកម្មករយើងហ្នឹងត្រូវការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម ដើម្បីត្រូវការកម្លាំងពលកម្មជំនាញ ព្រោះបើតាមការសិក្សារបស់ខ្ញុំយើងឃើញថាតាមរោងចក្រនីមួយៗតែងតែត្អូញត្អែរថាខ្វះពលកម្មជំនាញបាទ! ។»

លោក អាត់ ធន់ អំពាវនាវ ដល់រដ្ឋាភិបាលព្យាយាមរក្សាស្ថេរភាពនយោបាយ ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ដើម្បីអាចធ្វើការជាមួយបណ្ដាប្រទេសដៃគូ ដោយគ្មានសម្ពាធ ដើម្បីអាចស្រូបទាញវិនិយោគ និងអាចទទួលបានការអនុគ្រោះពន្ធនាំចូលបណ្ដាប្រទេសទាំងនោះ ដើម្បីបង្កើនផលិតផលនាំចេញរបស់កម្ពុជា ដែលជាជំហានរុញច្រានកំណើនសេដ្ឋកិច្ច៕

Share

ព័ត៌មានទាក់ទង

Image