ខណៈពេលដែលការលែងប៉ាតម្សៅ និងបាញ់ទឹក មុនឱកាសបុណ្យចូលឆ្នាំថ្មី កំពុងក្លាយជាប្រធានបទ ជជែកវែកញែក និងរិះគន់មិនដាច់ស្រេច យើងងាកនៅកម្មវិធីសង្ក្រាន្តវិទ្យាល័យសុខអានត្រាំខ្នារ ក្នុងខេត្តតាកែវ អ្នករៀបចំ បានព្យាយាម បំបាត់ការលេងប៉ាតម្សៅ និងបាញ់ទឹក ដោយប្រើសិល្បៈប្រពៃណីខ្មែរជំនួសវិញ។ តើកម្មវីធីនោះ គេអាចបញ្ចៀសបញ្ហាអសកម្ម និងប្រើសិល្បៈវប្បធម៌ ប្រពៃខ្មែរមកជំនួស បែបណាខ្លះ? ដើម្បីលម្អិត សូមតាមដានបទយកការណ៍របស់ កញ្ញា សៃ ចន្ធី ដោយមេត្រី!
នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីសម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ នៅតាមបណ្ដាសាលារៀនជាច្រើនមានការរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី។ ក្នុងនោះផងដែរ ដោយឃើញថាតាមសាលាមួយចំនួនដែលបានរៀបចំកម្មវិធីរួចហើយ គឺឃើញមានអ្នកចូលរួមដែលសុទ្ធតែជាយុវជន យុវនារីវ័យក្មេងបានលេងប៉ាតម្សៅ និងប្រើកាំភ្លើងជ័របាញ់ទឹក បានក្លាយជារឿងមួយដែលកំពុងតែរសើុបបំផុតនៅក្នុងសង្គម។
នៅមុខឱកាសបុណ្យចូលឆ្នាំថ្មីមកដល់ នៅតាមសាលាមួយចំនួនដែលបានរៀបចំកម្មវិធី ប៉ុន្តែអ្វីដេលគេឃើញមាន គឺបញ្ហាអ្នកចូលរួមមួយចំនួនដែលសុទ្ធតែជាយុវជន យុវនារីវ័យក្មេងបានលេងប៉ាតម្សៅ និងប្រើកាំភ្លើងជ័របាញ់ទឹក បានក្លាយជារឿងមួយដែលកំពុងតែមានការលើកឡើងយកមកវែកញែកនៅក្នុងសង្គម។ ដោយឡែក កម្មវិធីសង្ក្រាននៅវិទ្យាលល័យមួយក្នុងខេត្តតាកែវ អ្នករៀបចំ បានព្យាយាមបញ្ចៀសបញ្ហាទាំងនេះ។
ដើម្បីត្រៀមអបអរសាទរឆ្នាំថ្មីប្រពៃណីខ្មែរ កម្មវិធីសង្ក្រាន្តឆ្នាំថ្មីដែលបានរៀបចំឡើងដោយមានការផ្ដួចផ្ដើមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យសុខអានត្រាំខ្នារ ខេត្តតាកែវ គឺមានការគិតគូរៀបចំតាំងពីខែកុម្ភៈមក ហើយការរៀបចំនេះផ្ដោតទៅសំខាន់បំផុតទៅលើការបង្ហាញពីប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ល្បែងប្រជាប្រិយខ្មែរ ដែលនឹងប្រារព្ធឡើងនៅថ្ងៃ៧ ខែមេសា ឆ្នាំ២០២៤។
លោក ពិន ប៊ុនថង ជាគ្រូបង្រៀនម្នាក់ និងជាអ្នកដឺកនាំមួយរូបនៅក្នុងកម្មវិធីសង្ក្រាន្តវិទ្យាល័យសុខអានត្រាំខ្នារ ក៏បានលើកពីបញ្ហានៃការលេងប៉ាតម្សៅ និងការប្រើកាំភ្លើងជ័រថា៖
«ល្បែងបាញ់ទឹក និងប៉ាតម្សៅពីដូនតាគឺមានមែន ប៉ុន្តែគេមិនមែនលេងបែបនឹងទេ គេមានការសុំត្រឹមត្រូវ ហើយបាញ់ទឹកនឹងគេប្រស់គឺដូចជានៅថ្ងៃចុងបញ្ចប់នៃបុណន្យចូលឆ្នាំយើងគឺមានកម្មវិធីមួយគឺស្រង់ព្រះ ចឹងប្រជាពលរដ្ឋយើងពីជំនាន់ដើមគឺគាត់ស្រង់ព្រះគាត់ងូតទឹកឱ្យអ្នកមានគុណយើងដោយប្រស់ដោយអី។ ប៉ុន្តែក្មេងៗយុវវ័យជំនាន់ក្រោយនេះគាត់ភ្លេច គាត់យកវប្បធម៌ទំនើបមកធ្វើ ហើយវាប៉ះពាល់ដល់វប្បធម៌របស់យើង គាត់លែងស្គាល់វប្បធម៌ប្រពៃណីរបស់យើងអស់ហើយ ចឹងគាត់បែជាយកទៅបាញ់ទឹក ហើយវាអាចគ្រោះថ្នាក់តាមដងផ្លូវទៀត។»
លើសពីនេះលោកបានបន្ថែមថា ការលេងបាញ់ទឹក និងប៉ាតម្សៅនេះ អ្នកខ្លះគេមិនចង់លេងនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនគេ ប៉ុន្តែដោយសារតែការចង់សប្បាយអ្នកមួយចំនួន អាចបង្កឱ្យអ្នកដទៃមានបញ្ហា និងមានគ្រោះថ្នាក់ដោយការគេចពីការប៉ាតម្សៅ ឬរអិលនៅពេលជះទឹក ហើយបង្កឱ្យមានប្រឡាក់សម្លៀកបំពាក់ និងប៉ះពាល់ដល់វប្បធម៌ខ្មែរដ៏ផូរផង់ ផងដែរ។
លោក ពិន ប៊ុនថង បានបន្តថា៖« វាសម្ដែងចេញនូវអំពើមួយអសីលធម៌ ខោអាវគ្នាដ៏ស្អាត យើងបាញ់ឱ្យប្រឡាក់បាត់ ពេលខ្លះយើងឃើញនូវរូបភាពមិនល្អ។ ប៉ាតម្សៅក៏អ៊ីចឹងដែរ យើងយកទៅប៉ះពាល់គេ នារីគេមានតម្លៃណាស់ អ៊ីចឹងប្អូនៗយុវជនជាបុរស ជាពិសេសយុវតីតែម្ដង មិនគួរណាបណ្ដោយខ្លួន យុវជនយើងក៏អ៊ីចឹងដែរ យើងមិនត្រូវលែងបែបហ្នឹងទេ វាប៉ះពាល់សីលធម៌មែនទែន។»
ចំណែក កញ្ញា ជួន លីខេង ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសុខអានត្រាំខ្នារ និងជាអ្នកគ្រប់គ្រងខាងចំណូលចំណាយផ្សេងៗក្នុងការរៀបចំកម្មវិធីសង្ក្រាន្ត ហើយជាអ្នកដឹកនាំមើលការខុសត្រូវគ្រប់ផ្នែក មិនថាផ្នែករៀបចំ ផ្នែកសិល្បៈជាដើម។
កញ្ញា ជួន លីខេង បាននិយាយថា៖«សម្រាប់ល្បែងប្រជាប្រិយគ្រឿងប៉ាតម្សៅហ្នឹងគឺអត់មាននៅក្នុងប្រជាប្រិយខ្មែរទេ អ៊ីចឹងទៅបើមើលទៅសង្គមខាងក្រៅគាត់លេង តែវាក៏ជាចំណុចអាក្រក់មួយ ដោយសារប្រពៃណីយើងអត់មានអាហ្នឹងទេ ហើយបើមានក៏មានការសុំពីតួអង្គនីមួយៗដែលខាងប្រុសគាត់ចង់ប៉ាតខាងស្រីអ៊ីចឹង គាត់ត្រូវសុំការអនុញ្ញាតពីខាងស្រី បើខាងស្រីយល់ព្រមហើយ អាហ្នឹងយើងអាចប៉ះពាល់គាត់បាន តែយ៉ាងណាអត់គួរណាទៅប៉ះពាល់គាត់ដោយឯងៗ ដោយមិនទាន់បានសុំ ដោយមិនទាន់បានអឺអើពីម្នាក់ម្ខាងទៀត និងចំណុចមួយទៀតសម្លៀកបំពាក់ដែលយើងស្លៀកពាក់មកសម្រាប់ដើរលេង មិនសម្រាប់ឱ្យពួកគាត់ញីញក់ទេ។»
កញ្ញា ជួន លីខេង ក៏បានបន្ថែមសម្រាប់ចំណុចប៉ះពាល់ដល់សង្គមចំពោះការលេងប៉ាតម្សៅនេះថា៖
«និយាយទៅចំណុចប៉ះពាល់សង្គមគឺខ្លាំងមែនទែនចំពោះរឿងអ៊ីចឹងៗ ចំពោះស្រីៗខ្លះដែលគាត់ពេញចិត្ត និងឱ្យប៉ះគឺអត់អីទេ តែសម្រាប់ស្រីៗខ្លះទៀតដែលគាត់មិនចង់ គាត់មិនចូលចិត្តរឿងហ្នឹងគឺអាចប៉ះពាល់ដល់គាត់ កិត្តិយសគាត់ ម៉ាក់ប៉ាគាត់ និយាយទៅសឹងតែប៉ះពាល់ទាំងអស់នៃរាងកាយគាត់ ខ្លួនគាត់ និងមនុស្សជុំវិញខ្លួនហ្មង។»
មិនមានការលេងជះទឹក ឬប៉ាតម្សៅដែលបង្កឱ្យមានភាពអនាធិបតេយ្យ ប៉ុន្តែកម្មវិធីសង្ក្រាន្តវិទ្យាល័យសុខអានត្រាំខ្នារ បានប្រើប្រាស់សិល្បៈប្រពៃណីខ្មែរជំនួសវិញ។
កញ្ញា ស៊ន វ៉ាន់ឌី ជាសិស្សថ្នាក់ទី១១ ហើយជាអ្នកគ្រប់គ្រងផ្នែកសិល្បៈ និងជាអ្នករាំរបាំជូនពរនៅក្នុងកម្មវិធីសង្ក្រាន្តប្រចាំសាលាផង បានខិតខំយកចិត្តទុក្ខដាក់យ៉ាងខ្លាំងចំពោះការបង្ហាត់ និងហាត់រាំខ្លួនឯងផ្ទាល់ដោយកើតចេញពីក្ដីស្រលាញ់ និងថែរក្សាវប្បធម៌។ ក្នុងនាមកញ្ញា វ៉ាន់ ឌី ជាអ្នកដឹកនាំផ្នែករបាំប្រចាំសាលារយះពេលបីឆ្នាំមកហើយ បានលើកឡើងពីបញ្ហាប៉ះពាល់សង្គម និងវប្បធម៌ដោយការលេងប៉ាតម្សៅផងដែរថា៖
«ចំពោះការលេងប៉ាតម្សៅនឹង យើងទាំងអស់គ្នាមើលទៅឃើញថាអត់សមមេន ដូចខ្ញុំអ៊ីចឹងក៏ជាស្រីដែរខ្ញុំមើលទៅអត់សមទេ ហើយណាមួយយើងបន្ទោសតែមួយចំហៀងក៏អត់សមដែរ ដោយសារតែខាងស្រីគាត់ចង់លេងដែរ ហើយខាងប្រុសគាត់ឃើញខាងស្រីលេងដែរហើយគាត់ក៏មកលេងជាមួយទៅកុំឱ្យថាខាងស្រីលេងតែឯង។ និយាយទៅមកពីយើងទាំងសងខាងទេ បើយើងកាត់បន្ថយបានម្នាក់តិចៗ មកដូចជាការលេងល្បែងប្រជាប្រិយវិញអាហ្នឹងប្រហែលជាល្អ។»
ជាចុងក្រោយកញ្ញា ស៊ន វ៉ាន់ឌី បានផ្ញើសារមួយចំនួនទៅកាន់យុវជនយុវតីថា៖
«ហើយខ្ញុំក៏មានសារចុងក្រោយដែរដើម្បីផ្ដាំដល់យុវជនយុវនារីទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីនេះ ចង់ឱ្យពួកគាត់ទាំងអស់គ្នាចូលរួមលេងល្បែងកំសាន្តប្រជាប្រិយទាំងអស់គ្នា ហើយដូចជារក្សាវប្បធម៌ ដូចជារាំវង់ប្រពៃណីអីផ្សេងៗយើងចូលរួមឱ្យបានទាំងអស់គ្នា ជៀសវាងការលេងបាញ់ទឹកប៉ាតម្សៅ តាមពិតអាហ្នឹថយើងអត់ហាមទេ តែយើងលេងដោយមានសីលធម៌ យើងគោរពគ្នាទៅវិញទៅមក លេងកុំឱ្យវាលើសលប់ខ្លាំងពេក»។
ជាងនេះ លោក ពិន ប៊ុនថង បានប្រាប់វិទ្យុស្ត្រីថា ក្រុមរៀបចំសង្ក្រាន្តបានផ្សព្វផ្សាយពីវិធានការ និងបំរាមមិនឱ្យមានការលេងប៉ាតម្សៅ និងប្រើកាំភ្លើងបាញ់ទឹកតូចនៅលើបណ្ដាញសង្គម ហើយបានរៀបចំប្រព័ន្ធការពារ និងមានមន្ត្រីប៉ូលិស សន្ដិសុខ នៅប្រចាំការ និងមើលការខុសត្រូវនៅក្នុងកម្មវិធីទាំងមូលផងដែរ។
ដោយឡែក លោក ម៉ៅ មាន ជាគ្រូបង្រៀនមួយរូប ហើយក៏បានចូលរួមជួយក្រុមសិស្សានុសិស្សដើម្បីរៀបចំកម្មវិធីសង្ក្រាន្តបាននិយាយថា៖ «តាមពិតទៅសង្ក្រាន្តឆ្នាំថ្មីយើងធ្វើដើម្បីបានសុខសប្បាយ ហើយដល់យើង បើមានប៉ាតម្សៅវាអាចប៉ះពាល់ដល់យុវជន ពិសេសក្មេងស្រី ហើយអ៊ិចឹងបើយើងបន្តប្រពៃណីប៉ាតម្សៅតទៅទៀត ខ្ញុំថាអត់កើត អ៊ីចឹងសាលាយើងបានដាក់បំរាមហាមប៉ាតម្សៅ បាញ់ទឹក ហើយហ្នឹងបំរាមមួយទៀតគឺគ្រឿងស្រវឹងហាមចូលសាលានៅពេលយើងធ្វើកម្មវិធីហ្នឹង។»
សូមជម្រាបថា ការរៀបចំកម្មវិធីសង្ក្រាន្តវិទ្យាល័យសុខអានត្រាំខ្នារដែលរៀបចំដោយលោកគ្រូ អ្នកគ្រូនិងក្រុមយុវជនទាំងអស់គឺធ្វើឡើងដោយមានឆន្ទៈយ៉ាងម៉ុតមាំក្នុងការចូលរួមលើកដំកើនវប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ ហើយនិងមានការរៀបចំទប់ស្កាត់ចំពោះការលេងប៉ាតម្សៅ និងគ្រឿងស្រវឹងយ៉ាងតឹងរឹងផងដែរ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាម BBC