en     km
en     km

ក្នុង​​​ដំណើរ​ថយ​ក្រោយ​សម្រាប់​លោក Erdogan ក្រុម​ប្រឆាំង​តួកគី​ឈ្នះ​ក្នុង​ការបោះឆ្នោត​មូលដ្ឋាន

Share

គណបក្ស​ប្រឆាំង​ធំជាង​គេ​នៅប្រទេសតួកគី​បាន​រក្សា​ការ​គ្រប់គ្រង​របស់​ខ្លួន​ក្នុង​ក្រុង​សំខាន់ៗហើយបាន​ឈ្នះ​ឆ្នោត​ច្រើន​នៅកន្លែងឯ​ទៀតៗ​ក្នុង​ការ​បោះឆ្នោតក្នុង​មូលដ្ឋាន​កាល​ពី​ថ្ងៃ​អាទិត្យ​ទី៣១ ខែ​មីនា នៅ​ក្នុង​ដំណើរថយ​ក្រោយធំ​មួយ​សម្រាប់​លោក​ប្រធានាធិបតី Recep Tayyip Erdogan​ ដែល​បាន​កំណត់​គោលដៅរបស់​លោកដើម្បី​គ្រប់គ្រង​ជា​ថ្មីតំបន់​ក្រុង​ទាំង​នោះ។ កញ្ញា កែវ សុជាតា រាយការណ៍

 

បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Anadolu​ របស់​រដ្ឋ​ថា ដោយ​មានសន្លឹកឆ្នោត​ជាង​៩០%​ត្រូវ​បានរាប់​ហើយ​ លោក Ekrem Imamoglu អភិបាល​ក្រុង Istanbul កំពុង​កាន់​តំណែង​មក​ពីគណបក្សប្រជាជនសាធារណរដ្ឋ​ ហៅ​កាត់​ថា CHP បាននាំ​មុខខ្លាំង​ក្នុង​ក្រុង​នេះដែល​ជា​ក្រុង​ធំ​បំផុត​និង​ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់​ប្រទេស​តួកគី។

លទ្ធផល​បាន​បញ្ជាក់​ថា​ លោក Mansur Yavas អភិបាល​រដ្ឋធានីអង់ការ៉ាបានរក្សាអាសនៈ​របស់​លោកដោយបាន​ឈ្នះ​ឆ្នោត​២៥%​លើស​គូ​ប្រជែង​លោក។

បើ​តាម​ Anadolu ថា ​ជា​សរុប​គណបក្ស CHP បាន​ឈ្នះការ​បោះឆ្នោត​ក្នុង​ក្រុង​ចំនួន៣៦នៃបណ្តាខេត្ត​សរុប​៨១​នៃ​ប្រទេស​តួកគី ដោយ​ទទួល​អាសនៈ​ក្នុងតំបន់​គាំទ្រ​រឹងមាំជាច្រើន​របស់​គណបក្ស​លោក Erdogan។ គណបក្ស CHP មានសន្លឹក​ឆ្នោត​គាំទ្រ​៣៧%នៅទូទាំង​ប្រទេស ប្រៀបធៀប​នឹង៣៦%​សម្រាប់​បក្ស​របស់​ប្រធានាធិបតី ដែល​ជាជ័យជម្នះ​ធំ​បំផុត​របស់​គណបក្ស CHP តាំងពី​លោក Erdogan បានកាន់អំណាច​ពីរ​ទសវត្សរ៍មក​ហើយ​នោះ។

លោក​ Erdogan បានទទួល​ស្គាល់​ការ​ចាញ់​ឆ្នោត​នេះ​ក្នុង​សុន្ទរកថាមួយ​ដែល​លោក​បាន​ថ្លែង​ពី​យ៉​វិមាន​ប្រធានាធិបតី ដោយ​និយាយ​ថា ​គណបក្ស​លោក​បាន​«ចាញ់​ខ្លាំង»​នៅ​ទូទាំង​ប្រទេស​តួកគី។ លោក​បានថ្លែង​ថា ​ប្រជាពលរដ្ឋ​បាន​ផ្ញើ​«សារ»​មួយ ហើយ​ថា​ គណបក្ស​លោក​នឹង​«ធ្វើ​វិភាគ»​ដោយ​ធ្វើ​ស្វ័យ​ទិតៀន«យ៉ាង​ក្លាហាន»។

លោក Erdogan បាន​បន្ថែម​ថា៖ «ជា​អកុសល​ ៩ខែក្រោយ​ជ័យជម្នះយើង​កាល​ពី​ថ្ងៃ​ទី២៨ ខែ​ឧសភា​ យើង​មិន​អាច​ទទួល​លទ្ធផល​ដែលយើង​ចង់​បាន​ក្នុង​ការ​បោះឆ្នោត​ក្នុង​មូលដ្ឋាន​ទេ។ យើង​នឹង​កែ​កំហុសរបស់​យើង​និង​ដោះស្រាយគុណវិបត្តិ​យើង»។

លោក​បាន​សន្យាថា​នឹង​ជំរុញ​ទៅមុខ​កម្មវិធី​សេដ្ឋកិច្ចមួយ​ត្រូវ​បានដាក់​ឱ្យ​ប្រើ​កាលពី​ឆ្នាំទៅ​សម្រាប់​ប្រយុទ្ធនឹង​អតិផរណា។

គេ​យល់​ឃើញថា ​ការបោះឆ្នោតនេះ​ជា​ការ​វាស់វែងប្រជាប្រិយភាពរបស់​លោក Erdogan​ នៅ​ពេល​លោក​ប្រឹងប្រែង​ឱ្យ​គណបក្ស​លោក​គ្រប់គ្រង​ជា​ថ្មី​លើតំបន់​ក្រុង​ទាំងឡាយ​ដែល​លោក​បាន​ចាញ់​ក្រុម​ប្រឆាំង​ក្នុងការ​បោះឆ្នោត​កាល​ពី​៥​ឆ្នាំ​មុន។ ជ័យជម្នះ​របស់​គណបក្ស CHP នៅ​ក្រុងអង់ការ៉ា​និង​ក្រុង Istanbul កាលពី​ឆ្នាំ២០១៩​បាន​ធ្វើ​ឱ្យ​ប្រេះឆា​គំនិត​នៃ​ភាព​មិនចាញ់បាន​របស់​លោក Erdogan។

កន្លែង​តតាំង​គ្នាធំ​បំផុតសម្រាប់​ប្រធានាធិបតីតួកគី​អាយុ៧០​ឆ្នាំ​រូប​នេះគឺ​ក្រុង Istanbul ដែល​មានប្រជាជន​១៦លាននាក់​ ​ជា​ទី​ដែល​លោក​បាន​កើត​និង​ធំធាត់។ លោកក៏បានចាប់​ផ្តើម​អាជីពនយោបាយរបស់​លោក​ជាអភិបាល​ក្រុង​នេះកាល​ពី​ឆ្នាំ១៩៩៤ដែរ។

លទ្ធផលនៃការ​បោះឆ្នោត​នេះជា​ការ​លើក​ទឹក​ចិត្តមួយ​ដល់​ពួក​ប្រឆាំង​ដែល​បែកបាក់គ្នានឹង​អស់​ទឹកចិត្ត​ក្រោយ​ចាញ់​ឆ្នោតលោក Erdogan និង​គណបក្ស​យុត្តិធម៌​និង​ការអភិវឌ្ឍន៍ដែល​ជា​បក្ស​គ្រប់គ្រងប្រទេសរបស់​លោក​លម្អៀង​ទៅ​ខាង​សាសនា​អ៊ិស្លាម​ហៅ​កាត់​ថា AKP នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​និង​ការបោះឆ្នោត​សភាកាល​ពី​ឆ្នាំទៅ។

លោក Ozgur Ozel មេដឹកនាំគណបក្ស CHP បាន​និយាយ​ប្រាប់​ក្រុម​អ្នកគាំទ្រ​ថា៖ «អ្នក​បោះឆ្នោតបានសម្រេច​ចិត្ត​បង្កើត​ប្រព័ន្ធនយោបាយ​ថ្មី​មួយ​នៅតួកគី។ នៅ​ថ្ងៃ​នេះ ក្រុម​អ្នក​បោះឆ្នោត​បានសម្រេច​ចិត្តកែប្រែរូបភាព​២២​ឆ្នាំ​មក​ហើយ​នៃ​ប្រទេស​តួកគី​និង​បើក​ឱ្យ​មាន​ប្រព័ន្ធនយោបាយ​ថ្មី​មួយ​ក្នុងប្រទេស​យើង»។ នៅពេល​ជាមួយ​គ្នា​នោះ​មនុស្ស​មួយ​ចំនួន​ធំបាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅសាលាក្រុងអង់ការ៉ាដើម្បី​អបអរសាទរ​ជ័យជម្នះ​របស់​អភិបាល​រដ្ឋធានីអង់ការ៉ាលោក Yavas។ ពួក អ្នក​គាំទ្របាន​ស្រែក​បន្ទរ​ថា៖ «ក្រុង​អង់ការ៉ា​មាន​មោទនភាព​ចំពោះ​លោក!»។

លោក Sinan Ulgen ជា​នាយកអង្គការ​ស្រាវជ្រាវ Edam នៅក្រុង Istanbul។ លោក​បាន​និយាយថា៖ «លទ្ធផល​នាំ​ឱ្យ​ភ្ញាក់ផ្អើល​នេះ»​បណ្តាល​មក​ពី​ក្រុម​អ្នកបោះឆ្នោត​ចង់ដាក់ទណ្ឌកម្ម​គណបក្ស​គ្រប់គ្រង​ប្រទេស​អំពី​«បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ»។ អតិផរណា​កប់​ពពក​បាន​នាំ​ឱ្យ​គ្រួសារតួកគី​ជា​ច្រើន​មិន​មានប្រាក់កាស​គ្រប់គ្រាន់សម្រាប់​ទិញ​ទំនិញចាំ​បាច់​ទេ។

លោក Ulgen បានថ្លែង​ថា​ ពួក​អ្នកគាំទ្រគណបក្ស AKP មិន​បាន​ទៅ​បោះឆ្នោតទេ​ ឬ​មួយបោះឆ្នោតឱ្យ​បក្ស​ឯ​ទៀតៗ​វិញ។

លោកបាន​ពោល​ថា៖ «មនុស្សទៅ​បោះឆ្នោត​មាន​តិច បើ​ប្រៀបធៀប​នឹង​ការ​បោះឆ្នោត​មុនៗ។ មាន​ការប្តូរ​គំនិត​បោះឆ្នោត​ឱ្យ​បក្សឯ​ទៀត​វិញ ដែលមិន​មាន​បែប​នេះ​ទេ​ក្នុងការ​បោះឆ្នោត​ជាតិដោយសារ​មាន​ការ​ភ្ជាប់​ខ្លាំងជាង​មុន​ជាមួយមនោគមវិជ្ជា។ នៅ​លើក​នេះ​បញ្ហា​សេដ្ឋកិច្ច​ឈ្នះបញ្ហា​អត្តសញ្ញាណ»។

ពលរដ្ឋប្រមាណ៦១លាន​នាក់ រួមមានទាំង​មនុស្ស​ជាង​មួយ​លាន​នាក់​ផងជាអ្នកបោះឆ្នោត​លើក​ដំបូង​ដែល​មាន​សិទ្ធិ​បោះឆ្នោត ​ជ្រើសរើសអភិបាល​ក្រុង​និងចៅ​សង្កាត់ព្រមទាំង​ក្រុម​ប្រឹក្សា​ក្រុង​និង​សង្កាត់​ផងដែរ។

បើ​តាមទីភ្នាក់ងារ​សារព័ត៌មាន Anadolu​ របស់​រដ្ឋ​ថា​ មនុស្សទៅ​បោះឆ្នោត​មាន​៧៦% ប្រៀប​ធៀប​នឹង៨៧%​កាល​ពី​ឆ្នាំ​ទៅ​មិញ។​

ក្នុង​តំបន់អាគ្នេយ៍​នៃ​ប្រទេស​តួកគីដែលមាន​ពលរដ្ឋ​ភាគច្រើន​ជាក្រុម​ជនអំបូរ Kurd គណបក្ស​ DEM ​បានឈ្នះឆ្នោតក្នុង​ក្រុង​ជា​ច្រើន តែគេ​ដឹង​មិន​ច្បាស់លាស់​ទេ​ថា ​តើបក្ស​នេះនឹង​ត្រូវ​អនុញ្ញាត​ឱ្យ​កាន់​តំណែង​ទាំង​នេះ​ឬ​បែប​ណា​ទេ។ កាលពីឆ្នាំ​មុនៗ រដ្ឋាភិបាល​លោក Erdogan បានដក​អភិបាល​ក្រុង​លម្អៀង​ទៅ​ខាង Kurd ​ពី​តំណែងដោយថា ​មាន​ការ​ទាក់ទងជាមួយ​ក្រុម​ជន​សកម្មប្រយុទ្ធ Kurd ហើយបានដាក់​ក្រុម​មន្ត្រីដែលរដ្ឋាភិបាល​បាន​តែងតាំង​ឱ្យ​ជំនួស​ពួក​គេ​វិញ។

ពួកអ្នកវិភាគ​បាន​និយាយថា បើ​គណបក្ស​របស់ Erdogan បាន​ទទួល​ជ័យជម្នះ​ទៅ​វិញ វា​ទំនង​អាចពង្រឹង​ការ​តាំងចិត្តរបស់​លោកដើម្បីជំរុញ​ឱ្យ​មាន​រដ្ឋធម្មនុញ្ញថ្មី​មួយ​ដែល​អាចឆ្លុះបញ្ចាំង​គុណតម្លៃ​អភិរក្សនិយម​របស់​លោកនិង​អនុញ្ញាត​ឱ្យ​លោក​គ្រប់គ្រង​ប្រទេសហួសពី​ឆ្នាំ២០២៨នៅ​ពេល​អាណត្តិ​លោក​ចប់។

លោក Erdogan ដែល​បានគ្រប់គ្រង​ប្រទេសតួកគី​ជាងពីរ​ទសវត្សរ៍​មក​ហើយ – ជានាយករដ្ឋមន្ត្រីតាំង​ពី​ឆ្នាំ​២០០៣ ហើយ​ជា​ប្រធានាធិបតី​តាំង​ពី​ឆ្នាំ​២០១៤ -​ បាន​ប្រឹងប្រែង​ឱ្យ​មាន​រដ្ឋធម្មនុញ្ញថ្មី​មួយដែល​លើក​តម្កើង​គុណតម្លៃគ្រួសារមុន​អ្វីៗ​ទាំងអស់៕

អត្ថបទដោយ៖ VOA

 

Share

Image
Image
Image