en     km
en     km

បទយកការណ៍៖ យុវតីពិការទុរគតដង្ហោយរកជំនួយបន្ទាប់ពីម្តាយស្លាប់ចោល

Share

ពាក្យចាស់ពោលថា មានមេឥតបា ជីវិតដូចជាបាត់ភាពកក់ក្ដៅពីក្រុមគ្រួសារទៅហើយ។  ចុះទម្រាំគ្មានទាំងមេ និងបា ហើយរស់នៅក្នុងភាពមានពិការភាពទៀត តើជីវិតយុវតីវ័យ២៣ឆ្នាំម្នាក់ នឹងទៅជាយ៉ាងណា? ខាងក្រោមនេះ លោក អ៊ុក ដែន នឹងរៀបរាប់ពីខ្សែជីវិតរបស់យុវតី កាន់ ស្រីលាវ ដែលកំពុងរស់នៅក្នុងភាពមានពិការភាព និងដង្ហើយរកជំនួយបន្ទាប់ពីធ្លាក់ខ្លួនជាកូនកំព្រាក្រោយម្ដាយស្លាប់ចោល៖

រស់នៅក្នុងរូបរាងកាយមានពិការភាពតាំងពីតូច យុវតី កាន់ ស្រីលាវ មានអាយុ ២៣ឆ្នាំ សព្វថ្ងៃកំពុងរស់នៅ ភូមិទួលត្បែង ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ជាមួយម្ដាយធំក្នុងជីវភាពកំបាករកព្រឹកខ្វះល្ងាច។ ជីវិតយុវតីរូបនេះ បានរសាត់មកនៅជាមួយម្ដាយធំ បន្ទាប់ពីម្ដាយបង្កើតរបស់នាងបានស្លាប់កាលពីជាង៣ខែមុន ដោយសារជំងឺជំងឺហើមជើង និងឡើងជាតិអាស៊ីត គ្មានលុយព្យាបាល។

ក្រោយម្ដាយស្លាប់ទៅបន្សល់ទុកកូន៣នាក់ក្នុងបន្ទុក ខណៈបងស្រីម្នាក់ត្រូវបានរៀបការ និងចេញទៅរស់នៅខាងប្ដីបាត់ ស្រីលាវ ត្រូវម្តាយធំទទួលយកមកចញ្ចឹម ថែទាំ។ ចំណែកប្អូនស្រីបន្ទាប់អាយុ១៥ឆ្នាំ ត្រូវទៅស៊ីឈ្នួលធ្វើការងារផ្ទះឱ្យគេ និងទទួលយកប្អូនស្រីពៅអាយុទើបតែ១០ឆ្នាំទៅនៅជាមួយផង។

ស្រីលាវ ជាជនមានពិការភាពស្វិតជើងទាំងសងខាង ហើយដៃរបស់នាងប្រើបានតែម្ខាងផងដែរ។ នាងមិនអាចដើរឬក្រោកឡើងជិះរទេះដោយខ្លួនឯងបានទេ។ បច្ចុប្បន្ន ស្រីលាវ រស់នៅជាមួយម្តាយធំដែលមានជីវភាពក្រីក្រលំបាកខ្លាំងរកព្រឹកខ្វះល្ងាច ហើយត្រូវទទួលបន្ទុកចញ្ចឹមមើលថែក្មួយពិការម្នាក់ទៀតដែលធ្វើឱ្យបន្ទុកជីវភាពកាន់តែធ្ងន់ គ្មានពេលវេលាគ្រប់គ្រាន់ ព្រោះត្រូវមើលថែទាំក្មួយស្រីពិការ។

លោកស្រី ឃឹម ធី អាយុ ៥៤ឆ្នាំ   ជាពលរដ្ឋរស់នៅ ភូមិទួលត្បែង ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ និងជាម្តាយធំ របស់ ស្រីលៀវបានប្រាប់វិទ្យុស្រ្តីថា លោកស្រីជាស្ត្រីមេម៉ាយជាង២០ឆ្នាំហើយ មានកូនប្រុសម្នាក់អាយុ២៥ឆ្នាំជាបង្គោលគ្រួសារតែបច្ចុប្បន្នមិនសូវមានការងារទេ ធ្វើជួនមានជួនអត់ ដែលធ្វើឱ្យជីវភាពលំបាកខ្លាំង។ អ្នកស្រីអំពាវនាវដល់សប្បុរសជនជួយដល់ក្មួយស្រីឱ្យមានខ្ទមកន្លែងជ្រកដេកសមរម្យ ។

«មិនដឹងជារកអី ខ្ញុំពិបាកណាស់ឥឡូវ រកកន្លែងវាមិនឃើញ អត់អីហូបតែប៉ុណ្ណឹង ម្សិលម្ង៉ៃ អត់អីខ្ញុំទៅលក់បាន១០០០០៛មក អូនឱ្យម៉ាលើសអង្ករគេដែរហ្នឹង បើទិញ២០០០០៛បាត់ហើយគេឱ្យលើសបស់វា ខ្ញុំមិនដឹងរកអី កូនវាអត់ដែរ អត់ចងបានអីទេ ចង់បានតែកូនរោងល្មម តូចល្មមឱ្យវាអ៊‌ីចឹងទៅ ម៉ាល្មមពីខាងជើងជាប់ខ្ញុំអ៊‌ីចឹងទៅណាលោកគ្រូ»។

កាលពីមុនលោកស្រី ឃឹម ធី អាចធ្វើ នំចំណីដើម្បីលក់ដូរ ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ តែឥឡូវអ្នកស្រីត្រូវនៅមើលថែក្មួយពិការ មិនសូវមានពេលដើម្បីប្រកបរបរ ដែលធ្វើឱ្យបន្ទុកធ្លាក់ទៅលើកូនប្រុសរ៉ាប់រងតែម្នាក់ឯង ដែលធ្វើឱ្យជីវភាពមិនបានគ្រប់គ្រាន់។ ទោះបីជាពិការភាព និងសតិបញ្ញាមិនសូវគ្រប់គ្រាន់ យុវតី ស្រីលាវ ចង់បានរទេះពិការដើរដោយម៉ាស៊ីនដើម្បីជួយសម្រួលដល់ការធ្វើដំណើរដែលអាចជួយសម្រាលបន្ទុកអ៊ំស្រី។

អនុប្រធានផ្នែកសិទ្ធិមនុស្ស និងជាអ្នកនាំពាក្យ នៃសមាគម អាដហុក លោក សឹង សែនករុណា មានប្រសាសន៍ថា បើយោងតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលថា មិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់បាយទេ  ហើយបើស្ថិតក្នុងស្ថានភាពពិការទុរគតទៀត អាជ្ញារធរមូលដ្ឋានគួរតែចុះសិក្សាពីជីវភាពរបស់គាត់ឱ្យបានច្បាស់ថា តើជាលទ្ធភាពអាចជួយពួកគាត់បានកម្រិតណា ដើម្បីជួយសម្រួលឱ្យគាត់អាចរស់បាន ក្នុងភាពមិនអស់សង្ឃឹម។ លោកក៏ទទូចឱ្យអាជ្ញារធរបន្ថែមការយកចិត្តទុកដាក់ឱ្យបានខ្លាំងលើកិច្ចគាំពារ និងលើកកម្ពស់ជីវភាពជនពិការ ឱ្យស្របតាមគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។

​«បាទបើយើងពិនិត្យមើលទៅលើកាប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកន្លងមក តែងតែថ្លែងថា មិនទុកឱ្យពលរដ្ឋរូបណាបាត់បង់ជីវិតដោយអត់អាហារឬក៏អត់បាយនោះទេ។ ហើយករណីពិសេសពាក់ព័ន្ធនិងជនពិការទៅទៀត គឺជាជនដែលត្រូវយកចិត្តទុកដាក់ជាអាទិភាព ចំណុចនេះខ្ញុំក៏ទទូចដូចគ្នា ចង់ឱ្យថ្នាក់ដឹកនាំក្តី អាជ្ញារធរពីមូលដ្ឋានក្តីដែលពាក់ព័ន្ធហ្នឹង គួរតែចុះពិនិត្យមើលសិក្សាពីជីវភាពឬក៏លទ្ធភាពអាចជួយគាត់ក្នុងកម្រិតណា ដើម្បីឱ្យគាត់បន្តការរស់រានមានជីវិតរបស់ខ្លួនបន្តទៀតនៅក្នុងន័យមិនអស់សង្ឃឹមក្នុងការបន្តរស់រានមានជីវិតណាបាទ»។

ជំពូកទី ៣ ជីវភាពរស់នៅ មាត្រា ១០.-នៃ ច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ បានចែងថា  រដ្ឋត្រូវយកចិត្តទុកដាក់ ជួយលើកតម្កើងជីវភាពរស់នៅរបស់ជនពិការឱ្យ បានសមរម្យ ស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ។  មាត្រា ១១ចែងថារដ្ឋត្រូវមានវិធានការចាំបាច់នានា ដើម្បីបំផុសលើកទឹកចិត្តពលរដ្ឋ សប្បុរសជនផ្នែក ឯកជន និងអង្គការសង្គម ឱ្យចូលរួមជួយឧបត្ថម្ភដល់ជនពិការ ។

ឯមាត្រា ១២នៃច្បាប់នេះក៏បានចែងបន្ថែមទៀតថា រដ្ឋត្រូវរៀបចំគោលនយោបាយផ្គត់ផ្គង់ និងមានថវិកាប្រចាំឆ្នាំ ដើម្បីជួយឧបត្ថម្ភដល់ ជនពិការ ដែលមានកម្រិតពិការភាពធ្ងន់ធ្ងរ និងក្រីក្របំផុត និងគ្មានទីពឹង ឬ ចាស់ជរា និងក្រីក្របំផុត និងគ្មានទីពឹង ឬមានគ្រោះថ្នាក់ធ្ងន់ធ្ងរ និងក្រីក្របំផុត និងគ្មានទីពឹង ។រដ្ឋត្រូវមានថវិកាប្រចាំឆ្នាំ ដើម្បីធ្វើសមាហរណកម្មជនពិការនៅក្នុងស្វាគមន៍ ៕

អត្ថបទ៖ អ៊ុក ដែន 

Share

Image
Image
Image