en     km
en     km

នាទីសុខភាព៖មូលហេតុបណ្តាលឱ្យកើតជំងឺខ្សោយបេះដូង

Share

ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមិនមានន័យថា បេះដូងរបស់យើងឈប់ដើរនោះទេ។ ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺជាការចុះខ្សោយនូវសមត្ថភាពរបស់បេះដូងក្នុងការច្របាច់បញ្ជូនឈាមឱ្យបានគ្រប់គ្រាន់ដល់សរីរាង្គផ្សេងៗក្នុងខ្លួនយើង។ ជំងឺនេះអាចកើតមានលើមនុស្សគ្រប់អាយុ គ្រប់វ័យ ប៉ុន្តែជាទូទៅជំងឺនេះច្រើនកើតលើមនុស្សដែលមានវ័យចំណាស់។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។

ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ មានរោគសញ្ញាចម្បងៗមួយចំនួនដូចជា  ហត់ដង្ហក់ ពិបាកដកដង្ហើមពេលធ្វើចលនាពេលនៅស្ងៀមឬពេលគេងផ្ងារ​  អស់កំលាំងល្ហិតល្ហៃជារឿយៗ  ហើមជើងទាំងសងខាង   ញ័រទ្រូង ឬចង្វាក់បេះដូងលោតញាប់ជាងធម្មតា  ក្អកជាប្រចាំ ឬដកដង្ហើមឮសូរងឺៗ ហើយមានកំហាកពណ៌ស ឬពណ៌ផ្កាឈូក លាយឈាម ។ រោគសញ្ញាទាំងនេះអាចកើតមានភ្លាមៗយ៉ាងស្រួចស្រាវ ឬកើតមានបន្តិចម្តងៗ អាស្រ័យទៅតាមមូលហេតុ និងស្ថានភាពនៃជំងឺ។

រូបភាពពីហ្វេសប៊ុកមន្ទីរកាល់ម៉ែត

មូលហេតុដែលបណ្តាលឱ្យកើតជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា  ជំងឺស្ទះសរសៃឈាមបេះដូង និងស្លោកសាច់បេះដូង  ជំងឺលើសឈាម ឬលើសសម្ពាធឈាម  ជំងឺខូចប្រើសបេះដូង  ជំងឺវិបត្តិសាច់ដុំបេះដូង  រលាកសាច់ដុំបេះដូង ជំងឺវិបត្តិចង្វាក់បេះដូង ដូចជាបេះដូងដើរលឿនខុសចង្វាក់ ជំងឺបេះដូងពីកំណើត ដូចជា ជំងឺបេះដូងចំហរថតខាងលើ និង ជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺអេដស៍ ជំងឺពកកជាដើម។

សម្រាប់ វិធានការសំខាន់ៗក្នុងការបង្ការកុំឱ្យកើតមាន ជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហានិភ័យផ្សេងៗដែលនាំឱ្យកើតមានជំងឺនេះ។ ការកាត់បន្ថយហានិភ័យទាំងនេះតម្រូវឱ្យយើងមានទម្លាប់រស់នៅ ដែលនាំឱ្យមានសុខភាពល្អ និងការព្យាបាលបង្ការជំងឺដែលជាដើមហេតុនៃជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ។

មួយវិញទៀត ទម្លាប់រស់នៅ ដែលនាំឱ្យមានសុខភាពល្អដើម្បីបង្ការជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយមានដូចជា  កុំជក់បារី និងពិសារគ្រឿងស្រវឹង  និងព្យាលបាលជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬលើស សម្ពាធឈាមឱ្យបានត្រឹមត្រូវ  ធ្វើលំហាត់ប្រាណឱ្យបានខ្ជាប់ខ្ជួន  បរិភោគអាហារដែលនាំឱ្យមានសុខភាពល្អ ដូចជា បន្លែ និងត្រី   រក្សាទម្ងន់ឱ្យសមស្រប និង កាត់បន្ថយភាពស្ត្រេស តានតឹងអារម្មណ៍ ។

ម៉្យាងវិញទៀត អ្នកជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ ត្រូវលេបថ្នាំឱ្យបានទៀងទាត់ និងត្រឹមត្រូវតាមវេជ្ជបញ្ជា  ត្រូវរក្សាទំងន់ឱ្យបានសមស្រប   ត្រូវកាត់បន្ថយការបរិភោគអំបិល ជាតិប្រៃ និងបន្ថយការហូបជាតិទឹក  ត្រូវស្វែងរកណាត់ជួបគ្រូពេទ្យ បើមានជារោគសញ្ញាមិនធម្មតា ឬធ្ងន់ធ្ងរកើតមានឡើង។ហើយអ្នកជំងឺខ្សោយបេះដូង ឬជំងឺបេះដូងខ្សោយ  ក៏មិនត្រូវភ្លេចលេបថ្នាំឡើយ  មិនត្រូវជក់បារី និងសេពគ្រឿងស្រវឹងឡើយ និង មិនត្រូវលេបថ្នាំតាមចិត្តខ្លួនឯងឡើយ។

ទន្ទឹមនេះ មន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា បើលោកអ្នកមានរោគសញ្ញាណាមួយដូចដែលបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិភាក្សាជាមួយគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការពិគ្រោះជំងឺ និងការព្យាបាលបានល្អប្រសើរ និងប្រកបដោយគុណភាព៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

ព័ត៌មានទាក់ទង

Image