en     km
en     km

ពលរដ្ឋស្រុកស្ទោងខេត្តកំពង់ធំស្នើរដ្ឋាភិបាលដោះស្រាយបញ្ហាដី១៨០ហិកតា ខណៈអាជ្ញាធរ​ស្រុកមិនទាន់មានដំណោះស្រាយមូល

Share

ប្រជាពលរដ្ឋមួយចំនួន នៅភូមិចក និងភូមិត្រាច  ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ បាននាំគ្នាស្នើសុំឱ្យរដ្ឋាភិបាលជួយផ្ដល់ដំណោះស្រាយបញ្ហាដីស្រែប្រមាណ១៨០ហិចតា ដែលត្រូវបានបុគ្គលឈ្មោះ ធួក ប៊ុ​នធន ខ្ចីហើយមិនប្រគល់ជូនវិញទៅតាមកិច្ចសន្យា។

(កញ្ញា ចាន់រ៉ាត់ សៀវមិញ រាយការណ៍)

ប្រជាពលរដ្ឋរស់នៅ ភូមិចក និងភូមិត្រាច  ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ស្នើសុំឱ្យរដ្ឋាភិបាលជួយផ្ដល់ដំណោះស្រាយបញ្ហាដីស្រែដែលបុគ្គលឈ្មោះ ធួក ប៊ុ​នធន ខ្ចីហើយមិនប្រគល់ជូនវិញទៅតាមកិច្ចសន្យា ខណៈអាជ្ញាធរមូលដ្ឋានមិនទាន់អាចដោះស្រាយបញ្ហាបាន។

ប្រភពពីប្រជាពលរដ្ឋ លោក យ៉ែម សំអាត បានប្រាប់វិទ្យុស្រ្តីថា នៅពេលដល់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៣ ដែលជាវេលាផុតកិច្ចសន្យាហើយ លោកធួក ប៊ុនធន មិនព្រមប្រគល់ដីឱ្យហើយថា បើចង់ដឹងរឿងទៅសួរក្រុង សួរខេត្ត។

«ថ្ងៃ៣១ ខែឧសភាឆ្នាំ២០២៣ ដល់ពេលវេលាកំណត់កិច្ចកុងត្រាគ្នា ចប់អាណត្តិ១៨ឆ្នាំហើយ គាត់អត់ឱ្យហើយថា បើចង់ដឹងរឿងទៅសួរស្រុកសួរខេត្តទៅដឹងហើយ។ មិនបាច់សួរពីគាត់ទេ»។ 

មូលហេតុដែលពលរដ្ឋឱ្យដីគេខ្ចីរយៈ១៨ឆ្នាំកន្លងមក ព្រោះកាលមុនធ្វើស្រូវឡើងទឹកមិនសូវទទួលបានផល ដោយខ្វះខាតទឹក ហើយប្រជាពលរដ្ឋពុំមានលទ្ធភាពធ្វើអាងខ្លួនឯង ក៏សម្រេចឱ្យគេខ្ចី ដើម្បីឱ្យគេជួយធ្វើអាងឱ្យ។

  «ដោយសារយើងឱ្យយល់ព្រមឱ្យគាត់ធ្វើ១៨ឆ្នាំកន្លងមក យើងធ្វើស្រូវឡើងទឹកកាលមុនវាមិនសូវទទួលបានផលឆ្នាំខ្លះបានឆ្នាំខ្លះអត់តាមធម្មជាតិគ្រោះរាំងស្ងួតខ្លះទៅ ទឹកជំនន់លិចខ្លះទៅ ក៏មានគេខ្ចីហើយធ្វើអាងតម្កល់ទឹកធ្វើស្រូវប្រាំងដោយសារខ្ញុំជាប្រជាពលរដ្ឋគ្មានលទ្ធភាពធ្វើអាងខ្លួនឯងបានទេ ដូច្នេះក៏សម្រេចឱ្យគេខ្ចីដើម្បីធ្វើ  »  ។

មូលហេតុដែលត្រូវទា​មទារមកវិញ គឺប្រជាសហគមន៍យកមកដាក់សមគមន៍រួមដើម្បីប្រើប្រាស់ផលប្រយោជន៍រួមក្នុងឃុំ ដើម្បីឱ្យប្រជាពលរដ្ឋធ្វើស្រែចម្ការយកផលចំណេញ។

«យកមកដាក់សមគមន៍រួមដើម្បីប្រើប្រាស់ផលប្រយោជន៍រួមក្នុងឃុំ ហើយគេសួរថា​ យ៉ាងមិច ទៀត ខ្ញុំថាដើម្បីឱ្យប្រជាពលរដ្ឋធ្វើ ឱ្យគាត់ធ្វើយកផលចំណេញ..»  ។   

លោកបន្តទៀតថា លោកបានទៅរកដំណោះស្រាយពីអាជ្ញាធរឃុំដែរតែឃុំថារឿងនេះលើសពីសមត្ថភាពរបស់ពួកគាត់។ ក្រោយមកក្រុមប្រជាពលរដ្ឋបានប្ដឹងសុំការអន្តរាគមន៍ដល់ អភិបាលស្រុកស្ទោងក៏មិនបានដំណោះជូនពួកគាត់  ។

លោកមេឃុំកំពង់ចិនជើង បានប្រាប់វិទ្យុស្រ្តីថា​ កាលដែលបុគ្គលខាងលើខ្ចីកាលពីឆ្នាំ២០០៤លោកក៏បានដឹងលឺរឿងហ្នឹងដែរ តែក្រោយពេលកើតរឿងរ៉ាវ មានចេញឯកសារឆ្នាំ២០០៨មកគ្រប់ដណ្ដប់លើឯកសារឆ្នាំ២០០៤  លោកមិនដឹងជាមានវិធីដោះស្រាយបែបម៉េច។

លោកយ៉ែម សំអាន បន្តថាចំពោះបញ្ហារឿងកិច្ចសន្យាខ្ចីដីឆ្នាំ២០០៨ប្រជាពលរដ្ឋ និងរដ្ឋបាលឃុំពុំដឹងរឿងនេះទេ ស្រាប់តែមានការតវ៉ាដោះស្រាយទើបឃើញឯកសារនោះចេញមក។

 «ខ្ញុំជាតំណាងក៏មិនបានដឹងរឿងដែល ទាល់តែមានការដោះស្រាយទើបឃើញមានឯកសារ សារជាថ្មីនឹងចេញមក លក្ខខណ្ឌដែលពីមុនមកគឺមិនដែលមានឱ្យប្រជាជនដឹង ចំពោះឯកសារឆ្នាំ២០០៨ដែលគ្របដណ្ដប់ឆ្នាំលើកឯកសារឆ្នាំ២០០៤ ដឹងនៅពេលដោះស្រាយនៅសាលាឃុំថ្នាក់ខេត្តគាត់ឱ្យមកថ្នាក់ស្រុកសម្របសម្រួលប្រជាពលរដ្ឋឱ្យបានដឹង ដោះស្រាយនៅថ្នាក់ឃុំ ពីដើមមកថ្នាក់ឃុំក៏ពុំបានដឹងដែរដល់ពេលហៅប្រជាពលរដ្ឋទៅសម្របសម្រួលទើបដឹងទាំងអស់គ្នា»

លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានប្រាប់មកវិទ្យុស្រ្តីថា  លោកទើបតែឡើងអភិបាលស្រុកបានពីរឆ្នាំ លោកពុំដឹងច្បាស់អំពីរឿងរ៉ាវនោះទេ តែលោកយោងទៅតាមឯកសារ ដីគេខ្ចីកាលពីឆ្នាំ២០០៤ពីរដ្ឋបាលឃុំ មានស្នាមមេដៃក្រុមប្រឹក្សាឃុំពីរនាក់ ដែលមានការដឹងលឺពីលោកមេឃុំ​ និង លោកអាំង គី អភិបាលស្រុកចាស់ ក្រោយមក ដល់ជំនាន់លោកហង្ស ស៊ីធីម ជាអភិបាលស្រុក មានការព្រមព្រៀងចុះហត្ថលេខា ខ្ចីដីរហូតដល់២៥ឆ្នាំ។ លោកបន្ថែមទៀត ឆន្ទានុសិទ្ធរបស់អភិបាលស្រុកមានសិទ្ធិត្រឹមតែសម្របសម្រួលទេ មិនអាចកាត់ទោសឱ្យបុគ្គលណាឈ្នះចាញ់បានទេ។

ជុំវិញករណីនេះ លោក យ៉ែម សំអាតបានស្នើសុំឱ្យ រដ្ឋាភិបាលជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដ្បិតលោកអះអាងថាពលរដ្ឋប្រជាសហគមន៍រងការគំរាមកំហែងជុំវិញវិវាទដីធ្លីនេះ។

«រដ្ឋាភិបាលមើលការខុសត្រូវប្រជាពលរដ្ឋអ្នកនូវខាងក្រោមនេះផង ពួកគាត់មានការលំបាកណាស់ដីស្រែខ្លួនឯងគេខ្ចីយកទៅធ្វើ១៨ឆ្នាំ ដល់អាណត្តិមិនប្រគល់មកឱ្យវិញហើយ មានការគំរាមកំហែងដល់ប្រជាពលរដ្ឋទៀត ខាងគេគំរាមមកនឹងអនុវត្តច្បាប់ដូចជាមានការចាប់ប្រជាពលរដ្ឋតែ ៣ ៤ នាក់រៀងហើយ សូមឱ្យថ្នាក់ដឹកនាំងខាងលើកជួយគិតគូរបញ្ហានេះផង។ ម្ចាស់ដីរាល់ថ្ងៃនាំគ្នាដើរឆ្លុះជន្លេនទេយប់ៗ អ្នកខ្លះទៅស៊ីឈ្នួលនៅថៃទៅ ដីខ្លួនឯងបើចង់ធ្វើត្រូវជួលពីឈ្មោះធួក ប៊ុនធួន១ហិច៣០០ដុល្លារទើបអាចធ្វើបាន»

ទោះយ៉ាងណា លោក យ៉ែម សំអាន អះអាងថា ក្រោយពីមានការផ្ទុះការតវ៉ាខ្លាំង លោក គង់ សំអាត អភិបាលរងស្រុកបានមកសម្របសម្រួលជាមួយប្រជាពលរដ្ឋដោយប្រាប់ឱ្យពលរដ្ឋបន្តឱ្យដីលោក ធួក ប៊ុនធន ខ្ចីបន្តទៀត ហើយខាងលោក ធួក ប៊ុនធនស្នើផ្ដល់លុយ៥០លានរៀលដើម្បីបញ្ចប់រឿងក្ដី តែពលរដ្ឋមិនព្រមទទួលឡើយ៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

Image
Image
Image