en     km
en     km

សហគមន៍ជនជាតិដើមភាគតិចកួយស្នើរដ្ឋាភិបាលកាត់ឆ្វៀលដីពីក្រុមហ៊ុនដាំអំពៅឱ្យមកប្រជាពលរដ្ឋធ្វើស្រែចម្ការវិញ

Share

សហគមន៍ជនជាតិដើមភាគតិចគួយ ស្ថិតក្នុង ភូមិបុស្ស ភូមិប្រើសក្អក ភូមិក្រឡោត ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ អំពាវនាវដល់រដ្ឋាភិបាល ឱ្យកាត់ឆ្វៀលដីដែលពលរដ្ឋធ្លាប់អាស្រ័យផលពីក្រុមហ៊ុនដាំអំពៅ រួយ ហ្វេន(ខេមបូឌា)អ៊ិនធើណេសិនណល ខមភេនី លីមីធីត ឱ្យមកប្រជាពលរដ្ឋធ្វើស្រែចម្ការវិញ ដើម្បីទ្រទ្រង់គ្រួសារ ខណៈពេលនេះជីវភាពរបស់ពួកគេកំពុងខ្វះខាតខ្លាំង និងជំពាក់បំណុលធនាគារ។

(លោក អ៊ុក ដែន រាយការណ៍)

 

អ្នកស្រី ជុត យ៉ា អាយុ៣៤ ឆ្នាំជាជនជាតិដើមភាគតិចកួយរស់នៅភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ បានប្រាប់វិទ្យុស្ត្រីថា  ប្រជាពលរដ្ឋដែលអាស្រ័យផលលើដីក្រុមហ៊ុននេះ​ មានច្រើនគ្រួសារ ដែលរស់នៅ ភូមិប្រើសក្អក ភូមិបុស្ស  ភូមិកាឡោត   ឃុំ ម្លូរព្រៃពីរ  និងឃុំសង្កែពីរ។ មុនពេលដែលក្រុមហ៊ុនចូលមកឈូសឆាយក្នុងឆ្នាំ២០១២ ពលរដ្ឋធ្លាប់ធ្វើស្រែចម្ការអាស្រ័យផលលើដីនេះ បន្ទាប់មកក្រុមហ៊ុនបានឈូសឆាយយកអស់ ពលរដ្ឋលែងបានធ្វើស្រែចម្ការមួយរយៈ ។ លុះដល់ក្រុមហ៊ុនក្ស័យធននៅឆ្នាំ២០១៩ ទើបពលរដ្ឋចូលទៅដាំដុះអាស្រ័យផលម្តងទៀត។ អ្នកស្រីថា ទើបតែចុងខែធ្នូ​ ឆ្នាំ២០២៣ មានមនុស្សមួយក្រុមដែលអះអាងថា ជាតំណាងក្រុមហ៊ុនបានយកគ្រឿងចក្រជាច្រើនគ្រឿងមកភ្ជួរលើដំណាំរបស់ប្រជាពលរដ្ឋ ទើបពលរដ្ឋនាំគ្នាទៅរារាំងជាច្រើនលើកច្រើនសារហើយ គិតមកទល់នឹងពេលនេះ។​

«ថ្ងៃ២៨ ខែ១២ ចាស ថ្ងៃទី ៧ថ្ងៃទី៩   ៦ដងទាំងលើកនេះហើយ ដែលនាំគ្នាទៅទប់ស្កាត់ ចាស បីភូមិ ភូមិប្រើសក្អក ភូមិបុស្ស  ភូមិកាឡោត   ឃុំ ម្លូរព្រៃពីរ  និងឃុំសង្កែពីរ អ្នកខ្លះគេមិនហ៊ានចេញមកជួយទប់ស្កាត់ អ្នកខ្លះគេខ្លាចគុក បើម្នាក់ៗគេវ៉ៃតែខ្នោឮគំរាមប្រជាពលរដ្ឋហើយ វ៉ៃដាក់ខ្នោះៗ  អ៊ីចឹងអ្នកខ្លះគេខ្លាច គេមិនហ៊ានមកតវ៉ាទេ  គេសុខចិត្តចោល អស់ខ្ញុំស្មានតែខ្លាចឬអី គេដាក់ក៏ប៉ុណ្ណឹង គេមិនដាក់ក៏ប៉ុណ្ណឹងណា៎ គ្រាន់តែសុំធ្វើស្រែគេដាក់គុកដែរក្បាលវារឹង វាក្សត់លុយសងអង្គការទេខ្ញុំខ្វះខាត គ្រាន់តែសុំធ្វើស្រែ ក៏ធ្វើមិនបាន រកស៊ីអីទេធ្វើស្រែគេចាប់ដាក់គុក រកស៊ីអីគេដាក់គុក ពិបាកដល់ហើយ ប្រជាពលរដ្ឋ»។

ចំណែកលោក សឿន ថា អាយុ៣០ឆ្នាំជាជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារដែរ បានប្រាប់វិទ្យុស្រីថា  បន្ទាប់ពីក្រុមហ៊ុនក្ស័យធន នៅឆ្នាំ២០១៩មក ពលរដ្ឋបានចុះទៅដាំដុះអាស្រ័យផល អ្នកខ្លះធ្វើស្រែ អ្នកខ្លះដាំដំឡូង។ រដូវនេះគេដាំដំឡូង អ្នកខ្លះក៏បានគាស់ខ្លះ អ្នកខ្លះក៏មិនទាន់បានគាស់ ស្រាប់តែមានមនុស្សមួយក្រុមយកគ្រឿងចក្រមកព្យួរដំឡូងចោល ធ្វើឱ្យពលរដ្ឋខឹងសម្បារនាំគ្នាតវ៉ារារាំង រហូតមកទល់នឹងពេលនេះ។ លោកបន្ថែមថា អ្នកដែលមកឈូសឆាយនោះមិនមានលិខិតបញ្ជាក់ អនុញ្ញាតឱ្យឈូសឆាយ ឬបញ្ជាក់ថាជាក្រុមហ៊ុនអ្វីដែរ។ លោកថា ប្រជាពលរដ្ឋគ្មានបំណងប្រឆាំងនឹងក្រុមហ៊ុនទេ  គ្រាន់តែសុំចរចារកដំណោះស្រាយប៉ុណ្ណោះ ព្រោះដីនេះពលរដ្ឋធ្លាប់អាស្រ័យផលយូរមកហើយ។

«ចាប់តាំងពីឆ្នាំ២០១៩មកពួកយើងក៏បានចូលទៅអាស្រ័យផល អ្នកខ្លះក៏ចូលទៅលើដីរបស់ខ្លួនវិញ អ្នកខ្លះក៏ចូលទៅលើដីក្រុមហ៊ុនដែលបានអាស្រ័យផលកន្លងមក តែផ្អាកដំណើរការហើយ យើងក៏ចូលទៅអាស្រ័យផលវិញ ពេលនោះហើយ ប្រជាពលរដ្ឋយើងក៏បានដាំ អ្នកខ្លះក៏ដាំដំឡូងអ្នកខ្លះក៏ដាំស្រូវកាលពីវស្សាម៉ិញតែនេះដាំដំឡូង អ្នកខ្លះក៏បានគាស់ខ្លះ អ្នកខ្លះក៏មិនទាន់បានគាស់ ខ្លះគាស់ហើយក៏បានដាំវិញ ។ តែដោយឡែកតែក្រុមមួយចំនួនគាត់មក គាត់ភ្ជួរចោលដំឡូងបងប្អូនដែលបានដាំ គាត់ថាស្រុកបានប្រគល់សិទ្ធិឱ្យគាត់មកកាន់កាប់កន្លែងនោះ ហើយឱ្យពួកយើងដែលធ្លាប់កាន់កាប់អាស្រ័យផលនៅកន្លែងនោះឱ្យពួកយើងចេញដើម្បីពួកគាត់ហ្នឹងធ្វើម្តង តែពួកយើងអត់ព្រម ដោយសារយើងខ្ញុំបានធ្វើពីរបីឆ្នាំមកហើយ គាត់បានឆ្លើយថាសូមបងប្អូនទាំងអស់គ្នាកុំរឹងទទឹង បើសិនណាជាពួកយើងរឹងទទឹងទេគេនិងចាប់ពួកយើងដាក់គុក »។  

លោក ពាន សុផាត អាយុ៣១ឆ្នាំ ជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រើសក្អក ឃុំស្រុកខាងលើដែរ និងជាតំណាងឱ្យសហគមន៍ជនជាតិដើមភាគតិចកួយបានប្រាប់វិទ្យុស្ត្រីថា  ដីដែលពលរដ្ឋនាំគ្នាតវ៉ានេះគឺជាដីដែលប្រជាពលរដ្ឋ ជនជាតិដើមភាគតិចគួយធ្លាប់អាស្រ័យផលធ្វើចម្ការវិលជុំ ខ្លះដាំតំឡូង ខ្លះដាំស្រូវ តាំងពីមុនក្រុមហ៊ុនចូល កន្លែងនោះ។ ក្រោយពីក្រុមហ៊ុនទទួលបានសិទ្ធិសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ក៏បានឈូសឆាយយកទាំងបង្ខំ  ដែលធ្វើឱ្យពលរដ្ឋលែងបានអាស្រ័យផលលើដីនេះទៀត។

«ដីនោះផងគឺមិនមែនដីព្រៃសហគមន៍រួមទេ គឺដីស្រែបងប្អូនប្រជាពលរដ្ឋអាស្រ័យផលឯកជននីមួយៗ ប្រជាពលរដ្ឋធ្លាប់អាស្រ័យមុនក្រុមហ៊ុនចូលមកកន្លែងនោះគឺតំបន់ជនជាតិដើមភាគតិចកួយធ្លាប់អាស្រ័យផលចម្ការវិលជុំ ខ្លះដាំដំឡូង ខ្លះដាំស្រូវ ដែលប៉ះពាល់ទៅលើក្រុមហ៊ុនកាលពីមុនក្រុមហ៊ុនមិនទាន់មកបងប្អូនប្រជាពលរដ្ឋបានអស្រ័យផលលើដីនោះជាធម្មតា ប៉ុន្តែដីមិនកើតប្លង់ ។ ពេលរដ្ឋាភិបាលផ្តល់ដីជូនក្រុមហ៊ុន គឺក្រុមហ៊ុនបានចុះមកវិនិយោគ​ គឺយកតាមអំពើចិត្ត ទោះឱ្យក៏គេយក ទោះមិនឱ្យក៏គេយក។

លោក សុ ផាត បន្ថែមថា  ចាប់ពីឆ្នាំ២០១៩មកពលរដ្ឋក៏បានចូលទៅអាស្រ័យផល លើដីរបស់ខ្លួនវិញ បន្ទាប់ពីក្រុមហ៊ុនក្ស័យធន។ លោកសំណូមពរដល់រាជរដ្ឋាភិបាលឱ្យកាត់ឆ្វៀលដីដែលពលរដ្ឋធ្លាប់អាស្រ័យផលពី ក្រុមហ៊ុនដាំអំពៅ   ប្រគល់ឱ្យមកពលរដ្ឋវិញ ដែលពលរដ្ឋពេលនេះកំពុងខ្វះដីបង្កបង្កើនផលដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគេ ដែលកំពុងលំបាក ហើយប្រឈមនឹងបំណុលធនាគារ។

« រហូតដល់ឆ្នាំ២០១៩ ក្រុមហ៊ុនបានក្ស័យធន បងប្អូនប្រជាពលរដ្ឋបានចូលទៅអាស្រ័យផល តែអាស្រ័យផលដោយគ្មានបណ្ណកម្មសិទ្ធិកាន់ ដោយសារអាជ្ញាធរមិនវាស់វែង មិនគិតគូរឱ្យប្រជាពលរដ្ឋ ព្រោះអីអាជ្ញាធរមិនដែលបានយកចិត្តទុកដាក់ទៅលើពួកខ្ញុំទេ ច្រើនតែចោទពួកខ្ញុំ បក្សប្រឆាំង  ខ្ញុំស្នើឱ្យគេកាត់ចោល ឬកែគេមិនយល់ព្រមតាមពួកខ្ញុំ ។ ខ្ញុំចង់សំណូមពរដល់រាជរដ្ឋាភិបាល ឱ្យកាត់ឆ្វៀលដីជូនដល់ប្រជាពលរដ្ឋឱ្យមានបណ្ណកម្មសិទ្ធិកាន់គ្រប់គ្រាន់ បងប្អូនប្រជាពលរដ្ឋអាចមានរំពឹងថានឹងអាស្រ័យចញ្ចឹមជីវិត គ្រួសារ»។

ចំពោះរឿងនេះលោក កាន់ សុវណ្ណគា មេឃុំ ម្លូព្រៃពីរ បានប្រាប់វិទ្យុស្ត្រីថា  ថ្នាក់ឃុំគ្មានសិទ្ធិអារកាត់អ្វីទេ បានត្រឹមដឹងឮ ប្រកាស និងជូនដំណឹងប៉ុណ្ណោះ។កាលរដ្ឋបាលស្រុកឆែបចេញសេចក្តីប្រកាស ឃុំក៏បានប្រកាសប្រាប់ពលរដ្ឋហើយ ដល់ពលរដ្ឋតវ៉ាឃុំក៏បានធ្វើសំណើរដាក់ទៅស្រុករួចហើយដែរ តែមិនទាន់ទទួលបានការឆ្លើយតប។ ចំពោះរឿងដែលថា ក្រុមហ៊ុនធ្វើប៉ះពារដីប្រជាពលរដ្ឋកាលពីឆ្នាំ២០១២ លោកថា អត់មានទេ កាលណោះបានដោះស្រាយចប់សព្វគ្រប់អស់ហើយ។

«ដោយសារគាត់ទៅអាស្រ័យផលលើដីក្រុមហ៊ុនទេ ទាំងអស់ទេ តែដោយសារគាត់និយាយថាគាត់ធ្វើហើយគាត់ចង់សុំបន្តតែប៉ុណ្ណោះទេ តែដែលគាត់ថា ប៉ះពាល់លើដីរបស់គាត់អី គឺអត់មានទេ។ ហើយបងប្អូន តវ៉ា ខ្ញុំក៏បានដាក់សំណើមករដ្ឋបាលស្រុកដូចគ្នា គ្មានអីទេ ថ្នាក់ឃុំមានតែការផ្សព្វផ្សាយ ហើយនិងការជូនដំណឹងប៉ុណ្ណឹងទេ បង»។ ​

វិទ្យុស្ត្រីមិនទានអាចសុំការបំភ្លឺពីរដ្ឋបាលស្រុកឆែបបានទេ គិតមកទល់នឹងពេលនេះ ដោយសារមិនមានប្រព័ន្ធទូរសព្ទដែលអាចទាក់ទងបាន។

កាលពីថ្ងៃទី២៥ ខែធ្នូរឆ្នាំ២០២៣ រដ្ឋបាលស្រុកឆែបបានចេញសេចក្តីប្រកាសជូនដំណឹងស្តីពីការ ហាមចូលឈូសឆាយ និងភ្ជួរដីតាមការដ្ឋាននៃក្រុមហ៊ុនចម្ការអំពៅចិន ទាំង១៧ភូមិ និងឃុំទាំង៦ ក្នុងភូមិសាស្ត្រស្រុកឆែប ដោយយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ប្រជាពលរដ្ឋ ឬជនណាដែលឈូសឆាយទន្ទ្រានកាន់កាប់លើដីវិនិយោគ ត្រូវបញ្ឈប់ជាបន្ទាន់។ បើជនណានៅតែបន្តល្មើសកាន់កាប់ រដ្ឋបាលស្រុកនឹងចាត់ការតាមនីតិវិធីច្បាប់។

ជុំវិញរឿងនេះលោក ប៉ែន ប៊ុណ្ណា អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក​ ប្រចាំខេត្តព្រះវិហារយល់ថា ចំពោះក្រុមហ៊ុនបើទោះជាគាត់មានច្បាប់អនុញ្ញាតលើគម្រោងអភិវឌ្ឍន៍លើដីនេះក៏ដោយ ក៏គាត់គ្មានសិទ្ធិភ្ជួររាស់បំផ្លាញដំណាំរបស់ពលរដ្ឋឡើយបើគ្មានដីកា ពីតុលាការ។ ហើយរដ្ឋាភិបាលក៏គួរតែកាត់ដីដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផល ប្រគល់ឱ្យពលរដ្ឋ ស្របពេលដែលពលរដ្ឋកំពុងខ្វះដីដាំដុះបង្កបង្កើនផល ដើម្បីទ្រទ្រង់ជីវភាព ។

«សហគមន៍ បើសិនជាលោកខ្វះខាត ទាំងរដ្ឋាភិបាលចាស់ ទាំងរដ្ឋាភិបាលថ្មីហ្នឹង ក៏លោកត្រូវតែផ្ដល់ដីឱ្យទៅប្រជាពលរដ្ឋបង្កបង្កើនផលឱ្យបានគ្រប់គ្រាន់។ ហើយលោកក៏ធ្លាប់បានដកដីសម្បទានសេដ្ឋកិច្ចកាត់ឆ្វៀលទៅឱ្យប្រជាពលរដ្ឋអស់ច្រើនហើយ។ អ៊ីចឹងបើសិនជាបងប្អូនយើងសហគមន៍ខាងឆែបលោកខ្វះខាតដីសម្រាប់បង្កបង្កើនផល លោកត្រូវដាក់សំណើទៅរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្ត​ ដើម្បីបញ្ជាក់ថាលោកត្រូវការដីដើម្បីជីវភាពរស់នៅ  បើទោះបីជាដីហ្នឹងជាដីក្រុមហ៊ុនអីក៏ដោយ។ ប្រជាពលរដ្ឋដែលនៅទីហ្នឹងគឺគាត់មានអាទិភាពក្នុងការទទួលបានដីដែលខ្លួនធ្លាប់ការពារ ធ្លាប់អាស្រ័យផលពីមុនមក»។

មាត្រា២៥  នៃច្បាប់ស្តីពីអចលនវត្ថុរបស់សហគមន៍ជនជាតិដើមភាគតិច បានចែងថា«ដីសហគមន៍ជនជាតិដើមភាគតិ គឺជាដីទាំងអស់ដែលសហគមន៍ បានរៀបចំនិវេសនដ្ឋាន និងប្រកបរបរ កសិកម្មប្រពៃណី។ ដីសហគមន៍ជនជាតិដើមភាគតិច មិនមែនមានតែដីដែលដាំដុះ ជាក់ស្តែងនោះទេ ប៉ុន្តែមានដីបម្រុងចាំបាច់ក្នុងការដូរវេណដំណាំថែមទៀត ដែលតម្រូវទៅតាមរបៀបទាញយកផល ដែលធ្លាប់ធ្វើកន្លងមកហើយ ត្រូវបានទទួលស្គាល់ដោយអាជ្ញាធររដ្ឋបាល។  ការវាស់វែង ការកំណត់ព្រំប្រទល់អចលនវត្ថុរបស់សហគមន៍ទាំងនោះ  ត្រូវកំណត់ទៅតាមស្ថានភាពជាក់ស្តែងដូចដែលបានអះអាងដោយសហគមន៍ ដោយមានការព្រមព្រៀងពីអ្នកជិតខាង និងដែលបានកំណត់តាមនីតិវិធីក្នុងមាតិកាទី ៦ នៃច្បាប់នេះ និងអនុក្រឹត្យពាក់ព័ន្ធ»៕

អត្ថបទ៖ អ៊ុក ដែន 

Share

Image
Image
Image